ពាក្យ​ថា​ «​ស្ត្រី​វិល​ជើងក្រាន​មិនជុំ​» អាច​នឹងត្រូវ​បញ្ចប់​នាពេល​អនាគត​ដ៏ខ្លី​ខាងមុខ នៅពេល​ដែល​ផ្នត់គំនិត​យេនឌ័រ​នៅក្នុង​សង្គម​កំពុង​ត្រូវបាន​ផ្លាស់ប្តូរ​ទៅតាម​ស្ថានភាព​ និង​បរិបទ​របស់​ប្រទេស ឬក៏​ស្ថាប័ន​នានា​ ឬ​ក៏​វិស័យ​ឯកជន​ផងដែរ​។

ខណៈ​វិស័យ​បាល់ទាត់​នៅ​ប្រទេស​កម្ពុជា​កំពុង​មាន​ការរីកចម្រើន​បណ្តើរៗ ជាមួយ​នឹង​ការឆ្លើយតប​ឱ្យ​ត្រូវ​ទៅ​នឹង​ក្បួនច្បាប់​របស់​សហព័ន្ធ​បាល់ទាត់​ប្រចាំ​អាស៊ី​ (AFC) ដែល​ជា​ភ្នែក​ជា​ច្រមុះ​របស់​សមាគម​នៃ​សហព័ន្ធ​បាល់ទាត់​ពិភពលោក​ (FIFA) ដែល​តម្រូវឱ្យ​ក្លិប​ដែល​លេង​នៅក្នុង​លីគ​កំពូល​នីមួយៗ​ត្រូវមាន​ថ្នាល​បណ្តុះ​យុវជន និង​ស្ត្រី​ផងដែរ​។

បើ​ទោះបី​ជា AFC មិន​តម្រូវឱ្យ​មាន​ស្ត្រី​ភាព​ជា​អ្នកដឹកនាំ​ក្នុង​វិស័យ​បាល់ទាត់​ក៏ដោយ ក៏​បច្ចុប្បន្ន​នេះ​មាន​ស្ត្រី​ ២ ​រូប​ដែល​កំពុង​ដឹកនាំ​ក្លិប​បាល់ទាត់​ ២ ​ធំៗ​នៅក្នុង​ក្របខ័ណ្ឌ​លីគ​កំពូល​ដែលមាន​ចំនួន​ ១៣ ​ក្លិប​នោះ​គឺ​មាន​លោកស្រី ពុត ធីតា ប្រធាន​ក្លិប​បាល់ទាត់​បឹងកេត​ដែល​មាន​ពហុកីឡដ្ឋាន Cambodia Airway ផ្ទាល់ខ្លួន​ផ្ទុក​ទស្សនិកជន​បាន​ ២ ៥០០ ​នាក់​ និង​លោកស្រី កែ សួនសុភី ប្រធាន​ក្លិប​បាល់ទាត់​វិសាខា ដែល​មាន​ពហុកីឡដ្ឋាន Prince ផ្ទាល់ខ្លួន​ផ្ទុក​ទស្សនិកជន​បាន​ ១ ​ម៉ឺន​នាក់​ដែល​ទើប​តែ​សាងសង់​បន្ថែម​ថ្មី​ទៀត​។

ស្ត្រី​ទាំង​ ២ ​រូបនេះ​ទើប​តែ​បាន​ចាប់ផ្តើម​ដឹកនាំ​ ២ ​រដូវកាល​ពេញ​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០១៩ និង​ឆ្នាំ​ ២០២០ ​ក្នុងការ​ប្រជែង​យក​ពានរង្វាន់​ ២ ​ផ្សេង​គ្នា​គឺ​ពាន​លំដាប់​ទី​ ១ ​មិត្ត​ហ្វូនខេមបូឌាន​លីគ​ (MCL) និង​ពាន​លំដាប់​ទី​ ២ ​ពាន​សម្តេច​ ហ៊ុន សែន​។ សមិទ្ធផល​នៅ​ឆ្នាំ​ទី​ ១ ​គឺ​ក្លិប​វិសាខា ក្រោម​ការដឹកនាំ​ដោយ​លោកស្រី កែ សួនសុភី បាន​ចំណាត់ថ្នាក់​លេខ​ ២ ​ជើងឯករង​ក្នុង​លីគ​កំពូល​នេះ រីឯ​ក្លិប​បឹងកេត​ក្រោម​ការដឹកនាំ​ដោយ​លោកស្រី ពុត ធីតា បាន​ទម្លាក់​ក្លិប​វិសាខា​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ហើយ​ឈាន​ទៅ​យក​ពានរង្វាន់​សម្តេច​ ហ៊ុន សែន ​ឆ្នាំ​ ២០១៩​។

តែ​មកដល់​ឆ្នាំ​ទី​ ២ ​នេះ​វិញ ក្លិប​បឹងកេត​របស់​លោកស្រី ធីតា ​បាន​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់​លំដាប់​ទី​ ១ ​មិត្ត​ហ្វូនខេមបូឌាន​លីគ​ (MCL) ​នៅ​កម្ពុជា​ឆ្នាំ​ ២០២០ ​ដែល​ទើប​ទទួលបាន​កាលពី​ ២ ​សប្តាហ៍​កន្លងទៅ​។ រីឯ​ក្លិប​វិសាខា​របស់​លោកស្រី សុភី ក៏បាន​ទទួល​ជយលាភី​ពានរង្វាន់​សម្តេច​ ហ៊ុន សែន ​លំដាប់​ទី​ ២ ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយ​ក្លិប​ណាហ្គា​កាលពី​ថ្ងៃទី​ ៧ ​ខែវិច្ឆិកា បន្ទាប់ពី​ទម្លាក់​ក្លិប​បឹងកេត​សងសឹក​វិញ​នៅ​វគ្គ​ជម្រុះ​ឡើង​ ១/៤​។

បើទោះបី​ជា​ការវិនិយោគ​លើ​វិស័យ​បាល់ទាត់​រាប់លាន​ដុល្លារ​នេះ​ជួប​ការលំបាក​ក្នុង​ការស្វែងរក​ប្រាក់​ចំណូល​ដែល​បាន​មកពី​ការឧបត្ថម្ភ​ពី​បណ្តា​ក្រុមហ៊ុន​ផ្សេងៗ ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ធ្វើឱ្យ​អ្នកមានៗ​ឧកញ៉ាៗ​ភាគច្រើន​មិនសូវ​ជា​ចាប់អារម្មណ៍​ក្នុង​ការវិនិយោគ​ជាមួយ​នឹង​វិស័យ​បាល់ទាត់​នេះ​ក៏​លោកស្រី​ទាំង​ ២ ​រូប​នៅតែ​ព្យាយាម​បន្ត​ប្រឹងប្រែង​អភិវឌ្ឍ​លើកស្ទួយ​វិស័យ​កីឡា​បាល់ទាត់​នេះ ដើម្បី​លើកមុខ​មាត់​ប្រទេស​ជាតិ​តាមរយៈ​ការជ្រើសរើស​កីឡាករ​ជម្រើសជាតិ និង​ការចូលរួម​ប្រកួត AFC Cup នៅ​តំបន់​អាស៊ី​ជាដើម​។

ដូច​ក្លិប​បឹងកេត​ដែល​ទើបតែ​លើក​ពាន​បាល់ទាត់​លីគ​កំពូល​កាលពី​ ២ ​សប្តាហ៍​មុន​គឺ​បាន​ ១ ​កន្លែង​ចូល​លេង AFC cup រួចហើយ ចំណែកឯ​ក្លិប​វិសាខា​របស់​លោកស្រី កែ សួនសុភី ​វិញ​ទើបតែ​ឈ្នះ​ពានរង្វាន់​សម្តេច​ ហ៊ុន សែន កាលពី​ថ្ងៃ​អាទិត្យ​កន្លងទៅ​គឺ​ក្លិប​វិសាខា​បាន​ ១ ​កន្លែង​ដែរ តែ​តម្រូវ​ឱ្យ​ចូលរួម​ជម្រុះ​វគ្គ Play-off នៃ​ពានរង្វាន់ AFC cup សិន មុន​ចូល​លេង​ពេញសិទ្ធិ​ដូច​ក្លិប​បឹងកេត​ដែរ​។

លោកស្រី ពុត ធីតា និងស្វាមី លើក​ពាន​​មិត្តហ្វូនខេម បូឌាលីគ ឆ្នាំ ២០២០។ ហ្វេសប៊ុក

ក្នុង​ការប្រកួត​ឆ្លង​ផុត​ ១ ​វគ្គៗ​ក្នុង​ ១ ​រដូវកាលៗ​មាន​ការតានតឹង​ខ្លាំងណាស់ ទាំង​នៅក្នុង​ក្របខ័ណ្ឌ​លីគ​កំពូល​ទាំង​ពាន​សម្តេច ហ៊ុន សែន ជាពិសេស​នៅពេល​ដែល​ជំងឺ​កូវីដ​១៩​ចូលមក​ធ្វើ​ឱ្យ​ក្លិប​បាល់ទាត់​ទាំងអស់​ជួប​ការលំបាក​កាន់តែខ្លាំង​។ សម្រាប់​ក្លិប​ដែល​មាន​ទ្រព្យធន​ច្រើន មិន​សូវ​ប៉ះពាល់​ទេ ដូច​ក្លិប​វិសាខា​របស់​លោកស្រី សុភី តែ​សម្រាប់​ក្លិប​បឹងកេត​របស់​លោកស្រី ធីតា ប៉ះពាល់​សេដ្ឋកិច្ច​របស់​ក្លិប​ខ្លាំង​មែនទែន​។

លោកស្រី​ ធីតា ​បានប្រកាស​ជា​សាធារណៈ​សម្រេច​កាត់​ប្រាក់ខែ​កីឡាករ​ទាំងអស់​ ៥០ ​ភាគរយ​ក្នុង​អំឡុងពេល​ផ្អាក​ការប្រកួត​ដោយសារ​តែ​ជំងឺ​កូវីដ​ ១៩ តែ​ប្រាក់ខែ​នោះបាន​វិល​ត្រឡប់​មក​ពេញលេញ​ ១០០ ​ភាគរយ​វិញ នៅពេល​ក្រសួង​សុខាភិបាល​បាន​អនុញ្ញាត​ឱ្យ​បើក​ការប្រកួត​ឡើងវិញ​។

យ៉ាងណាមិញ​លោកស្រី​ ធីតា ​ធ្លាប់​បាន​ប្រាប់​សារព័ត៌មាន​ ភ្នំពេញ​ ប៉ុស្តិ៍​ ថា អ្វី​ដែល​កាន់តែ​រង​សម្ពាធ​ខ្លាំង​មួយ​ទៀត​នោះ នៅពេល​ដែល​កីឡាករ​ឆ្នើម ចាន់ វឌ្ឍនាកា របស់​ក្លិប​បឹងកេត​បាន​លាឈប់​លេង​ពាក់កណ្តាល​ទី បន្ទាប់ពី​ក្រសួង​បាន​អនុញ្ញាត​ឱ្យចូល​លេង​ឡើងវិញ​បាន​មួយ​ប្រកួត​ដំបូង​។ ខណៈ​ពេល​នោះ​អ្នកគាំទ្រ​បឹងកេត និង​អ្នកគាំទ្រ​កីឡាករ​ ចាន់ វឌ្ឍនាកា បាន​រិះគន់​យ៉ាងខ្លាំង​មកលើ​លោកស្រី​ ធីតា តាមរយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ចំពោះ​ការសម្រេចចិត្ត​ចាកចេញ​របស់​កីឡាករ​វឌ្ឍនាកា​នោះ​។

លោកស្រី ពុត ធីតា កន្លងមក​ធ្លាប់​បង្ហើប​ឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​ថា​៖ «​វិបត្តិ​សេដ្ឋកិច្ច ដោយសារ​ជំងឺ​កូវីដ​១៩ ដូចជា ការបិទ​ក្បាលម៉ាស៊ីន​អ៊ីចឹង​គឺ​វា​សាហាវ​មែនទែន ព្រោះ​យើង​មិន​បាន​ត្រៀមខ្លួន​ក្រុមហ៊ុន​យើង ក៏​មិន​បាន​ត្រៀម ម្ល៉ោះ​ហើយ​យើង​បាន​ស៊ូ ដោយ​យើង​បាន​ប្រមែប្រមូល​អស់​ហើយ​នូវ​ធនធាន​ដែល​កីឡាករ​ក៏បាន​យល់​ចិត្ត​យើង​ដែរ ទោះបី​យើង​មិន​បាន​ផ្តល់ឱ្យ​ពួកគាត់​ពេញលេញ​»​។

លោកស្រី កែ សួនសុភី និងស្វាមី លើក​ពាន​សម្តេច ហ៊ុន សែន​ឆ្នាំ ២០២០។ ហ្វេសប៊ុក

ជា​សមិទ្ធផល​ក្លិប​បឹងកេត​ក្រោម​ការដឹកនាំ​របស់​លោកស្រី ពុត ធីតា ២ ​រដូវកាល​នេះ​គឺ​ឆ្នាំ​ទី​ ១ ​ទទួល​បាន​ពាន​សម្តេច​ ហ៊ុន សែន នៅ​ឆ្នាំ​ទី​ ២ ក្លាយ​ជា​ម្ចាស់​ជើងឯក​លីគ​កំពូល​កម្ពុជា និង​ចូលរួម​ប្រកួត​ពានរង្វាន់​ថ្នាក់​តំបន់​ AFC cup​។ រីឯ​លោកស្រី កែ សួនសុភី គឺ​ឆ្នាំ​ទី​ ១ ​ទទួល​បាន​ជើងឯក​រង​ពាន​លីគ​កំពូល​កម្ពុជា​នៅ​ឆ្នាំ​ទី​ ២ ​បាន​ជយលាភី​ពានរង្វាន់​សម្តេច ហ៊ុន សែន នៅ​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ជា​រួម​រដូវកាល​នេះ​លោកស្រី​ទាំង​ ២ ​រូប​ឈ្នះ​ពានរង្វាន់​ម្នាក់​ ១​។

ភាពអស្ចារ្យ​នៃ​ការដឹកនាំ​ដោយ​ស្ត្រី​ ២ ​រូបនេះ​ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​ទូទៅ​កោតសរសើរ​ដែល​ជា​ស្ត្រី​គំរូ​ដំបូង​ដឹកនាំ​ក្លិប​បាល់ទាត់​លីគ​កំពូល​នៅ​កម្ពុជា ដែល​ពី​មុន​សង្គម​គិតថា រឿង​កីឡា​បាល់ទាត់​នេះ​ជា​រឿង​របស់​បុរសៗ​ទេ តែ​ឥឡូវ​ផ្នត់​គំនិត​របស់​សង្គម​ចាប់ផ្តើម​មាន​ការផ្លាស់ប្តូរ​តាមរយៈ​តម្រូវ​ឱ្យ​មាន​កីឡាករ​ស្ត្រី​ចូលរួម​ចំណែក​ក្នុង​វិស័យ​កីឡាបាល់ទាត់​ដូច​បុរស​ដែរ​។ ការផ្តល់​ឱកាស​ឱ្យ​ស្ត្រី​ដឹកនាំ​ដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យ​កីឡា​បាល់ទាត់​នេះ​ក៏​ជា​សញ្ញា​មួយ​នៃ​ការវិវត្ត​ផ្នែក​យេនឌ័រ​នៅ​ប្រទេស​កម្ពុជា​ក៏​មាន​ការប្រែប្រួល​ជា​វិជ្ជមាន​ពី​ការរើសអើង​ស្ត្រី​មក​ជា​ការឱ្យ​តម្លៃ​ស្ត្រី​ក្នុង​ភាព​ជា​អ្នកដឹកនាំ​ផងដែរ​។

ជាងនេះ​ទៅ​ទៀត​វា​ក៏​ជា​បទពិសោធ និង​ជា​មេរៀន​ដ៏ល្អ​សម្រាប់​បច្ចុប្បន្ន​ផង និង​សម្រាប់​អនាគត​របស់​យុវវ័យ​ជំនាន់​ក្រោយ​ថា ទស្សន​រើសអើង​ចំពោះ​ស្ត្រី​ដែលថា «​ស្ត្រី​ជា​មនុស្ស​វិល​ជើងក្រាន​មិន​ជុំ​» ឬក៏​ «​នោម​មិន​ផុត​កែង​» ​ហ្នឹង​ត្រូវ​បានបញ្ចប់​ក្នុង​រជ្ជកាល​នេះ​ផងដែរ​។

ហេតុ​ដូច្នេះ​ហើយ​ក្រសួង​កិច្ចការនារី ដែល​ជា​ស្ថាប័ន​ដឹកនាំ​ការលើក​កម្ពស់​ផ្នែក​យេនឌ័រ​ដែល​មាន​ស្ត្រី​ចូលរួម ក្នុង​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ដូច​បុរស​ដែរ និង​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​ (CWEA) គួរតែ​ដាក់បញ្ចូល និង​លើកកម្ពស់​ស្ត្រី​ភាព​ជា​អ្នកដឹកនាំ​នៅក្នុង​ការវិនិយោគ​ឧស្សាហកម្ម​គ្មាន​ផ្សែង និង​អភិវឌ្ឍ​លើ​វិស័យ​កីឡាបាល់ទាត់ ដែល​មាន​លោកស្រី ពុត ធីតា ​ប្រធាន​ក្លិប​បឹងកេត និង​លោកស្រី កែ សួនសុភី ប្រធាន​ក្លិប​វិសាខា​ទាំង​ ២ ​រូបនេះ​ជា​គំរូ និង​ភាពជា​អ្នកដឹកនាំ​ដោយ​ជោគជ័យ​។ ជាពិសេស​បុរសៗ​ជា​ស្វាមី គួរតែ​បើក​ចិត្ត​ឱ្យ​ទូលាយ​ដូច​ស្វាមី​លោកស្រី​ទាំងនេះ​ក្នុង​ការចូលរួម​អភិវឌ្ឍ និង​ភាពជា​អ្នកដឹកនាំ​ដូច​បុរស​ផងដែរ​៕

ចូលរួម​ផ្តល់យោបល់​តាមរយៈ soprach.tong@phnompenhpost.com