ការបៀតបៀន​ផ្លូវភេទ ឬ​កេរភេទ​គឺជា​អំពើ​ ១ ​នៅ​តែ​ជា​ស្រមោល​អន្ទោល​តាមប្រាណ​ទាំង​នៅ​ទីសារធារណៈ​ និង​នៅ​កន្លែង​ធ្វើការ ជាពិសេស​ស្ត្រីភេទ​ជា​ជនរងគ្រោះ ហើយ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បៀតបៀន​កេរភេទ​គឺជា​បុរស​អ្នក​មាន​អំណាច ឬ​ក៏​មាន​ឥទ្ធិពល​មកលើ​ស្ត្រី​។ តែ​ប្រសិន​បើ​ស្ត្រី​ជា​អ្នកដឹកនាំ​ស្ថាប័ន​វិញ គឺ​បុរស​មិន​សូវ​ហ៊ាន លែបខាយ​ផ្លូវភេទ​ដាក់​នោះទេ​ព្រោះ​មេដឹកនាំ​ស្ថាប័ន​ស្ត្រី​បច្ចុប្បន្ន អាច​មាន​លទ្ធភាព​ឆ្លើយតប​នឹង​ឥរិយាបថ​បៀតបៀន​កេរ​ភេទ តាមរយៈ​ការយក​គោលនយោបាយ​របស់​ស្ថាប័ន​មក​បកស្រាយ និង​ច្បាប់​។

កន្លងមក​អង្គការ CARE បាន​ផ្សព្វផ្សាយ​អំពី​និយមន័យ និង​សកម្មភាព​នៃ​ការបៀតបៀន​កេរ​ភេទ​តាមរយៈ​ការផ្សព្វផ្សាយ​តាម​សហគមន៍ និង​តាម​វេបសាយ​របស់​ខ្លួន​មាន​ន័យ​ថា​៖ «​ការបៀតបៀន​ផ្លូវភេទ គឺ​មិនមែន​ជា​ឥរិយាបថ​ទាំងឡាយ​ណា​ដែល​មាន​ការទាក់ទង​គ្នា ទៅវិញ​ទៅមក​ជា​លក្ខណៈ​មិត្តភាព ឬ​ការគោរព​នោះ​ឡើយ​។ ការបៀតបៀន​ផ្លូវភេទ​កើតឡើង នៅពេល​មាន​ការបៀតបៀន​ក្នុង​ទម្រង់​ផ្លូវភេទ ឬ​ទាក់ទង​នឹង​ភេទ ឬ​រឿង​ភេទ​របស់​បុគ្គល​ម្នាក់​»​។

ម្យ៉ាងទៀត​ការបៀតបៀន​ផ្លូវភេទ គឺ​និយាយ​ពី​អំណាច និង​ការគ្រប់គ្រង វា​មិនមែន​មកពី​ការស្លៀកពាក់​របស់​មនុស្ស​ម្នាក់ មិនមែន​មកពី​ការងារ​ដែល​ពួកគេ​ធ្វើ​ ឬ​មិនមែន​មកពី​មិត្តភក្តិ ដែល​គេ​ដើរ​ជាមួយ​នោះឡើយ​។ កាលពី​ឆ្នាំ​ ២០១៩ អង្គការ CARE បាន​ចេញ​លទ្ធផល​នៃ​សិក្សា​ស្រាវជ្រាវ​ប៉ាន់ប្រមាណ​ការបៀតបៀន​ផ្លូវភេទ​នៅ​កន្លែង​ធ្វើការ​អាច​ប៉ះពាល់​ដល់​ការចំណាយ​ដោយ​ប្រយោល​ដល់​ឧស្សាហកម្ម​កាត់ដេរ​រហូត​ដល់ ៨៩ លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​។

ដោយសារ​តែ​សកម្មភាព​បៀតបៀន​ផ្លូវភេទ​នេះ​វា​ធ្វើឲ្យ​ស្ត្រី​ដែល​ជា​កម្មការិនី​រោងចក្រ​មិនមាន​អារម្មណ៍​សុវត្ថិភាព​នៅក្នុង​ការងារ​របស់​ពួកគេ និង​អាច​ធ្វើឱ្យ​ពួកគេ​ឈឺចាប់ ឬ​លាឈប់​ពី​ការងារ​ដែល​នាំឲ្យ​ប៉ះពាល់​ការងារ​ផលិតកម្ម កាត់បន្ថយ​ការពេញ​ចិត្តនឹង​ការងារ និង​បង្កើន​អវត្តមាន​របស់​ពួកគេ​ច្រើន​ជា​សរុប​គឺ​កាត់បន្ថយ​ផលិតភាព​របស់​រោងចក្រ​កាត់ដេរ​។

ចំពោះ​លទ្ធផល​នៃ​ការសិក្សា​បៀតបៀន​ផ្លូវភេទ​នៅ​រោងចក្រ​កាត់ដេរ​នេះ ប្រសិន​បើ​ធ្វើការ​ប៉ាន់ប្រមាណ​នៅ​កន្លែង​ធ្វើការ​ងារ​រដ្ឋ​រាជការ ស្ថាប័ន​កងកម្លាំង​ប្រដាប់អាវុធ​នៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ស្ថាប័ន​សហគ្រាស​ឯកជន​ក៏​រកឃើញ​ដែរ​។

បើ​នៅ​ស្ថាប័ន​រដ្ឋ និង​កងកម្លាំង​មាន​ការិយាល័យ​ខ្លះ សម្បូរ​ការងារ​ធ្វើ​ច្រើន មន្ត្រី​រវល់​តែ​បង្ហើយ​ការងារ តែ​ការិយាល័យ​ខ្លះ អង្គុយ​លេង​តែ​ហ្វេសប៊ុក​និយាយ​ចំអន់​គ្នា​លេង ក៏​បោះពាក្យ​សម្តី​បៀតបៀន​កេរភេទ​ហើយ​ជាពិសេស​គឺ​ផ្តើមចេញ​មន្ត្រី​បុរស​តែម្តង ប្រសិន​បើ​ប្រធាន​ស្ថាប័ន​រៀង​តឹងរ៉ឹង​ហ្មត់ចត់​ទៅ​មិនសូវ​កើតមាន​បញ្ហា​នេះ​ទេ​។

បញ្ហា​ហ្នឹង​មួយចំនួន​គឺ​កើត​ពី​មេ​ស្ថាប័ន​តែម្តង អាង​ខ្លួន​ជា​ប្រធាន ឬក៏​នាយក​មាន​អំណាច មាន​ឥទ្ធិពល​នៅក្នុង​ស្ថាប័ន​ចេះតែ​និយាយ​លេង​បន្លំ​មែន ដៀមដាម​ភេទ​តាមរយៈ​ការស្នើ​ដាក់​លក្ខខណ្ឌ​ដោះដូរ​ដើម្បី​បំពេញ​ចំណង់​ផ្លូវភេទ​ផ្ទាល់ខ្លួន ដូចជា ការផ្ទេរ ការដំឡើងឋានៈ ប្រាក់ខែ ឬ​បន្ដការងារ ឬ​ក៏​ការបៀតបៀន​ផ្លូវភេទ​ដោយ​កាយវិការ ដូចជា ការសម្លក់សម្លឹង ឬ​សញ្ញា​កាយវិការ ដែល​ទាក់ទង​នឹង​ផ្លូវភេទ​ការប៉ះ ការថើប ការ​ឱបក្រសោប ការធ្វើ​សរសៃ ឬ​ការអង្អែល​លើ​រាងកាយ​ដែល​មិន​អនុញ្ញាត​។

ការបៀតបៀន​ផ្លូវភេទ​នៅ​កន្លែង​ធ្វើការ ស្ថាប័នរដ្ឋ​ដោយ​ប្រធាន​ជា​បុរស​ភេទ ពេល​ខ្លះ​ប្រៀបធៀប​វាយតម្លៃ​កូនចៅ​របស់​ខ្លួន​ជា​ស្ត្រី​ទៅ​នឹង​ស្ត្រី​សេវា​កម្សាន្ត​ខ្លះ​ឬ​ក៏​ស្រីស្នេហ៍​របស់​ខ្លួន​ដែល​គាត់​ចង់​ថា ឬ​ក៏​ធ្វើ​ម៉េច​ក៏បាន​ឲ្យ​តែ​ឲ្យ​លុយ​ទៅនោះ​ទេ ដូច​ដែល​ពួកគេ​ធ្លាប់​ប្រព្រឹត្ត​កន្លងមក​នោះ​។

បើជា​មេ​ប៉ូលិស​វិញ គាត់​យល់ច្រឡំ​ពី​ប៉ូលិស​ជា​ស្ត្រី​ជា​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន មិនមែន​ស្រី​របស់​ប៉ូលិស​ទេ​។ ដូច​ករណី​បៀតបៀន​កេរភេទ​ថ្មីៗ​នេះ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​នោះ គឺ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ​បាន​បញ្ជា​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ​ និង​ក្រុមការងារ​ពាក់ព័ន្ធ​ឲ្យ​ចុះ​ស៊ើបអង្កេត​ជាបន្ទាន់ បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​ពី​ជនរងគ្រោះ​ដែលជា​មន្ត្រីនគរបាល​នារី​ ៤ ​រូប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ ដែល​ប្តឹង​ចោទ​លោក អ៊ុក កុសល ស្នងការ​ខេត្តកំពង់ធំ​នេះ​ពី​ការបៀតបៀន​កេរភេទ និង​បំពាន​លើ​ពួកគេ​។

ករណីនេះ​កន្លងមក​លោក ស ខេង ធ្លាប់បាន​ធ្វើ​លិខិត​ព្រមាន​ម្តង​រួចហើយ​ហើយ​លោក​ក៏​ធ្លាប់បាន​សន្យាថា ក្រោយពី​ការព្រមាន​ហើយ​បើ​មិន​មាន​ការកែប្រែ​នោះ​លោក​នឹង​មាន​វិធានការ​មួយ​ជំហាន​ទៀត គឺ​ការដកចេញ ឬ​ចាត់​វិធានការ​រដ្ឋបាល​ធ្ងន់ធ្ងរ​ណាមួយ​ទៅ​លើ​មន្ត្រី​នគរបាល​ទាំងនោះ​។

ប្រសិន​បើ​លោកស្នងការ​ខេត្តកំពង់ធំ​រូបនេះ​ត្រូវបាន​រកឃើញ​ថា មាន​កំហុស​ដូច​ការចោទប្រកាន់​ទៅតាម​ពាក្យបណ្តឹង​មែន​នោះ គឺ​មិន​ត្រឹមតែ​ដកចេញ​ពី​តំណែង​ទេ គឺ​ថែមទាំង​ត្រូវ​ផ្តន្ទាទោស​ទៀត​។ នេះ​បើ​ផ្អែក​ទៅនឹង​ក្រម​ព្រហ្មទណ្ឌ​នៅ​ជំពូក​ទី ៣ ផ្នែក​ទី​ ២ ការបំពាន​ខាង​ផ្លូវភេទ​ដទៃ​ទៀត​ក្នុង​មាត្រា​២៥០៖ «​អំពើ​រុកកួន​ខាង​ភេទ គឺជា​អំពើ​ដែល​បុគ្គល​ម្នាក់​រំលោភ​អំណាច​ដែល​មុខងារ​របស់ខ្លួន​ប្រគល់​ឲ្យ​ធ្វើការ​គាបសង្កត់​ម្ដង​ហើយ​ម្ដងទៀត​ទៅលើ​អ្នកដទៃ​ក្នុង​គោលបំណង​ទទួល​ការអនុគ្រោះ​ខាង​ផ្លូវភេទ​។ អំពើ​រុកកួន​ខាង​ផ្លូវភេទ​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦ (​ប្រាំមួយ​) ថ្ងៃ​ទៅ ៣ (​បី​) ​ខែ និង​ពិន័យ​ជា​ប្រាក់​ពី ១០ ​ម៉ឺន​រៀល​ដល់ ៥០ ​ម៉ឺន​រៀល​»​។

ការអនុវត្ត​ច្បាប់​ចំពោះ​បុគ្គល​សាធារណៈ​បែប​នេះ ជា​គំរូ​ដល់​ប្រធាន​ស្ថាប័ន​មួយ​មិន​ថា ស្ថាប័នរដ្ឋ ស្ថាប័ន​កងកម្លាំង​សមត្ថកិច្ច​ប្រដាប់​អាវុធ ស្ថាប័ន​សហគ្រាស​ឯកជន និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​គឺ​ត្រូវមាន​ទោសទណ្ឌ​ស្មើគ្នា​ចំពោះ​មុខ​ច្បាប់ ហើយ​ក៏​ជា​សារ​ព្រមាន​ដល់​សាធារណជន​ឲ្យ​បានដឹងថា ការបៀតបៀន​កេរភេទ ឬក៏​ផ្លូវភេទ​ក៏មាន​ទោស​ដែរ​។

សរុប​មកវិញ​សម្រាប់​ស្ថាប័ន​កងកម្លាំង​សមត្ថកិច្ច​ប្រដាប់​អាវុធមិន​ថា នគរបាល​មិន​ថា​យោធា ឬក៏​កងរាជ​អាវុធហត្ថ​ដែល​កាលពី​មុន​ជា​ស្ថាប័ន​ខ្សត់​មន្ត្រី​ជា​ស្ត្រី​ធ្វើការ​ណាស់​។ តែ​នៅពេល​ដែល​រាជរដ្ឋាភិបាល​កែទម្រង់​ក៏មាន​ការជ្រើសរើស​ស្ត្រី​ជាច្រើន​ចូល​ធ្វើការ ហើយ​ស្ត្រី​អាច​ធ្វើការ​បាន​ដូច​បុរស​ដែរ នៅក្នុង​ស្ថាប័ន​កងកម្លាំង​ប្រដាប់​អាវុធ​។

តែ​ផ្ទុយទៅវិញ​បែរជា​ប្រធាន​ស្ថាប័ន​សមត្ថកិច្ច​ខ្លះ មិន​បាន​ជួយ​ជ្រោមជ្រែង​លើក​ទឹកចិត្ត​ឲ្យ​ស្ត្រី​ប្រឹងប្រែង​ធ្វើការ​តែ​បែរ​ទៅ​ជា​កេងប្រវ័ញ្ច​ពី​ការចូលរួម​របស់​ស្ត្រី​ដោយ​បៀតបៀន​កេរភេទ​ទៅវិញ​។ បើ​ប្រធាន​ស្ថាប័ន​ម៉ាកៗ​លោក​ស្នងការ​ខេត្ត​កំពង់ធំ គិតតែ​រុកកួន​ខាង​ភេទ​ទៅលើ​ស្ត្រី​ដែលជា​កូនចៅ​ខ្លួនឯង​អ៊ីចឹង​តើ​មាន​ស្ត្រី​ណា​ចង់​ចូលរួម​ធ្វើ​ការងារ​ជាមួយ​កងកម្លាំង​សមត្ថកិច្ច​នគរបាល យោធា ឬក៏ កងរាជ​អាវុធហត្ថ​?

ចូលរួម​ផ្តល់​យោបល់​តាមរយៈ sopra ch.tong@phnompenhpost.com