The Phnom Penh Post Search

Search form

ស្ថាប័ន​សារព័ត៌មាន​​ ៤ ​ត្រូវ​គេ​រើសអើង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន

Content image - Phnom Penh Post
ក្រុម​អ្នក​កាសែត​ក្នុង​នោះ​ក៏​មាន​អ្នក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ផង​ដែរ​រង់ចាំ​យក​ព័ត៌មាន​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​កាលពី​ពេល​កន្លង​មក​​​។ រូបថត ហ្វេសប៊ុក

ស្ថាប័ន​សារព័ត៌មាន​​ ៤ ​ត្រូវ​គេ​រើសអើង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន

ជារឿយៗ​​មាន​ការ​ត្អូញត្អែរ​ពី​អ្នក​ថតរូប​វិជ្ជាជីវៈ និង​អ្នក​យក​ព័ត៌មាន​​ពី​​បួន​ស្ថាប័ន​គឺ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ កាសែត​​ឌឺខាំបូឌាដេលី វិទ្យុ ​វីអូអេ និង​វិទ្យុ​ អាស៊ីសេរី ​ត្រូវ​បាន​​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​មិន​​អនុញ្ញាត​ឲ្យ​ចូល​ ឬ​ក៏​បិទ​ប្រកាស​​នៅ​ខាង​ច្រក​ទ្វារ​ចូល ឬ​ក៏​ដេញ​​ចេញ​មិន​ឲ្យ​​សម្ភាស​ ឬ​យក​ព័ត៌មាន​​តែ​ម្តង​។

ថ្មីៗ​នេះ​ ស្ថាប័ន​​ទាំង​ ៤ ​នេះ​ត្រូវ​បាន​​ហាម​ចូល​ថត​យក​រូបភាព​នៅ​អំឡុង​ពេល​ចុះ​ហត្ថលេខា​អនុស្សរណៈ​យោគយល់​ (MoU) រវាង​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ហ្វីលីពីន​នៅឯ​វិមាន​សន្តិភាព​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក រ៉ូ ឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ប្រធានាធិបតី​ហ្វីលីពីន​កាលពី​ថ្ងៃ​ទី​ ១៣-១៤ ខែ​ធ្នូ​កន្លង​ទៅ​ខណៈ​ស្ថាប័ន​សារព័ត៌មាន​ផ្សេង​​ទៀត​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ថត និង​យក​ព័ត៌មាន។

បើ​ទោះបី​ជា ​ស្ថាប័ន​ឯករាជ្យ​​ទាំង​​ ៤ ​នេះ​ម្តងម្កាល​ត្រូវ​បាន​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រិះគន់​ក៏ដោយ​ តែ​មិន​ប្រាកដ​​ថា​ លោក​នាយក​រដ្ឋមន្ត្រី​ហាម​​ចូល​​ថត​យក​រូបភាព​​សកម្មភាព​​របស់​​រាជរដ្ឋាភិបាល​នោះ​ទេ? ឬ​ក៏​មន្ត្រី​ខុទ្ទកាល័យ​​​របស់​លោក​ជា​អ្នក​​អនុវត្ត​​លើស​ពី​អ្វី​ដែល​​លោក​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍? ហេតុ​អ្វី​បាន​ស្ថាប័ន​សារព័ត៌មាន​​ផ្សេង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​​​ចូល​ថត និង​យក​ព័ត៌មាន​បាន​?

រាជរដ្ឋាភិបាល​មិន​ពេញ​ចិត្ត​ទេ​នៅ​ពេល​ដែល​​គេ​រិះគន់​ថា​បាន​​អនុវត្ត​ស្តង់ដារ​ពីរ (Double Standards) តែ​ជាក់ស្តែង​​សិទ្ធិ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​បែងចែក​ចេញ​ជា​ពីរ ស្ថាប័ន​សារព័ត៌មាន​ដែល​មាន​និន្នាការ​លម្អៀង​​ទៅ​ខាង​រដ្ឋាភិបាល​គឺ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​យក​ព័ត៌មាន និង​ថត​យក​រូបភាព​បាន​តែ​​សម្រាប់​សារព័ត៌មាន​ឯករាជ្យ​បែរ​ជា​មិន​អនុញ្ញាត​ឲ្យ​ចូល​។

តើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជ្រាប​​ពី​បញ្ហា​នេះ​ដែរ​ឬ​ទេ? តើ​មាន​​អ្វី​ខុស​បើ​​គ្រាន់​តែ​ទៅ​យក​ព័ត៌មាន​ និង​ថត​យក​ទិដ្ឋភាព​សកម្មភាព​ និង​​សមិទ្ធផល​របស់​រាជរដ្ឋាភិបាល​សោះ​​នោះ​? ឬ​មួយ​ក៏​ចាំ​រហូត​ដល់​​តែ​អនុម័ត​ច្បាប់​សិទ្ធិ​ទទួល​​បាន​ព័ត៌មាន​ដ៏ចម្រូង​ចម្រាស​ទើប​បាន​​នាំ​គ្នា​អនុញ្ញាត​ឲ្យ​​ទទួល​​ព័ត៌មាន​ស្មើៗ​គ្នា?

បើ​ទោះបី​ជា​លោក​​នាយករដ្ឋមន្ត្រី​បាន​លើក​ទឹកចិត្ត​ដល់​មន្ត្រី​រាជការ​ក្នុង​ការ​តាមដាន និង​ទទួល​យក​ព័ត៌មាន​​​តាមរយៈ​ស្មាតហ្វូន​កាលពី​សប្តាហ៍​មុន​នេះ​រហូត​ដល់​ដាក់​កម្រិត​មន្ត្រី​ណា​មិន​ទាន់​ចេះ​ប្រើ​ស្មាត​ហ្វូន​មិន​ត្រូវ​បាន​​តែងតាំង​ដំឡើង​​តួនាទី​ហើយ​រាជរដ្ឋាភិបាល​ក៏​បាន​​បង្កើត​ឲ្យ​មាន​គ្រប់​ស្ថាប័ន​ឲ្យ​មាន​មន្ត្រី​នាំ​​ពាក្យ​រួច​ហើយ​ផង​ដែរ​សម្រាប់​ឆ្លើយតប​ជាមួយ​អ្នក​សារព័ត៌មាន​។

ផលវិបាក​នៃ​ការ​ដែល​មិន​អនុញ្ញាត​​ឲ្យ​ផ្តិត​យក​រូបភាព​ពី​សកម្មភាព​របស់​រាជរដ្ឋាភិបាល​ហើយ​​ស្ថាប័ន​នោះ​យក​រូបភាព​ពី​គេ​តាមរយៈ​ហ្វេសប៊ុក ឬ​ក៏​ទិញ​ពី​គេ​មើល​​ពី​សម្បក​ក្រៅ​ទៅ​​​ហាក់បី​ដូចជា​ស្ថាប័ន​មួយ​នោះ​មិន​មាន​វិជ្ជាជីវៈ​ទាល់​តែ​សោះ។

បើ​គ្រាន់​តែ ​កាសែត ​ភ្នំពេញ ​ប៉ុស្តិ៍ ​មាន​​អ្នក​ថតរូប​វិជ្ជាជីវៈ​ដល់​ទៅ​ ៥ ​នាក់​ហើយ​អ្នក​ថត​វីដេអូ ១ ​រូប​តែ​វា​គួរ​​ឲ្យ​ខ្មាសអៀន​ណាស់​​នៅ​ពេល​​ដែល​អ្នក​ទាំង​នោះ​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​​​ឲ្យ​ចូល​ថត​រូបភាព​សកម្មភាព និង​ ស្នាដៃ​ របស់​រាជរដ្ឋាភិបាល​សោះ​នោះ​ ហើយ​​ដើរ​រក​រូប​ដែល​​គេ​ផ្សាយ​​ហើយ​ ឬ​ក៏​ដើរ​ទិញ​ពី​គេ​នោះ ​បើ​ទោះបី​ជា ​ស្ថាប័ន​ឯកជន​​ឯករាជ្យ​មួយ​នេះ​បាន​ចុះ​បញ្ជិកា និង​បង់​ប៉ាតង់ និង​ពន្ធ​លើ​​ប្រាក់​ចំណូល និង​ ពន្ធ​លើ​ប្រាក់​ខែ​ លើ​បុគ្គលិក​ជូន​រដ្ឋ​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់​ជាពិសេស​គឺ​បុគ្គលិក​អ្នក​សារព័ត៌មាន​អង្គភាព​​នេះ​បាន​ធ្វើ​បច្ចុប្បន្នភាព​នូវ​ប័ណ្ណ​សម្គាល់​ខ្លួន​ជា​អ្នក​សារព័ត៌មាន​​អាជីព​រៀងរាល់​ ៣ ​ខែ​ម្តង​នៅ​​ក្រសួង​ព័ត៌មាន​ទៀត​​ផង​ដើម្បី​​ចៀសវាង​ភាព​មិន​ប្រក្រតី​ខុស​ច្បាប់​កើតឡើង​ដូចជា​ការ​​គោះ​​គេ​យក​លុយ ឬ​ក៏​ដាក់​កុង​ត្រូល​ជជុះ​ជំរិត​ទារ​ប្រាក់​ពី​គេ​ខុស​ច្បាប់​។

តែ​​យើង​មិន​តូច​ចិត្ត​ទេ​ប្រសិន​បើ​ស្ថាប័ន​សារព័ត៌មាន​ទាំងអស់​​គ្នា​មិន​អនុញ្ញាត​​ឲ្យ​ចូល​យក​ព័ត៌មាន​ដូច​គ្នា​ដូច​ក្នុង​ករណី​​កិច្ចប្រជុំ​សម្ងាត់​បិទ​ទ្វារ​ជិត ឬ​ក៏​កិច្ចព្រមព្រៀង​សម្ងាត់​ដែល​អាច​ប៉ះពាល់​ដល់​បញ្ហា​សន្តិសុខ​ជាតិ​ក៏​យើង​គោរព​ទៅ​​តាម​បម្រាម​នេះ​ព្រោះ​ករណី​នេះ​នៅ​ប្រទេស​ជឿន​លឿន​ផ្នែក​ខាង​សារព័ត៌មាន​ក៏​រដ្ឋាភិបាល​គេ​មិន​អនុញ្ញាត​ឲ្យ​ដូច​គ្នា​ដែរ។

តែ​បើ​ការ​ប្រជុំ ឬ​ក៏​កិច្ចព្រមព្រៀង​បើក​ទ្វារ​ចំហ​​ឲ្យ​សារព័ត៌មាន​គេ​ចូល​​យក​បាន​តែ​​ស្ថាប័ន​ ៤ ​នេះ​ត្រូវ​គេ​ហាមឃាត់​​នោះ​គឺ​មាន​លក្ខណៈ​រើសអើង ឬ​ក៏លម្អៀង​ក្នុង​សិទ្ធិ​ ទទួល​បាន​ព័ត៌មាន​ហើយ​បើ​ទោះបី​ជា​​រាជរដ្ឋាភិបាល​ខំ​បង្ហាញ​ពី​តម្លាភាព​នៃ​ការ​ទទួល​បាន​នូវ​សារព័ត៌​មាន​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​ក៏ដោយ​។

ចំណុច​នេះ​ក៏​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សូចនាករ​របស់​សេរីភាព​សារព័ត៌មាន​នៅ​លើ​ពិភពលោក​ផង​ដែរ ដែល​កម្ពុជា​ នៅ​មាន​ចំណាត់ថ្នាក់​ទាប​​ដដែល​គឺ​ ១២៨ ក្នុង​ចំណោម​ ១៨០ ​ប្រទេស (Reporters Without Borders, 2016)។

ការ​ប្រឈម​ក្នុង​​ការ​ទទួល​បាន​ព័ត៌មាន​ដើម្បី​ឲ្យ​មាន​តុល្យភាព​គ្នា​នៅ​ក្នុង​អត្ថបទ​នីមួយៗ​មិនមែន​តែ​ស្ថាប័ន​រាជរដ្ឋាភិបាល​នោះ​ទេ​តែ​គណបក្ស​ប្រឆាំង​​ (CNRP) ក៏​មាន​ការ​លំបាក​រក​មន្ត្រី​ឆ្លើយឆ្លង​ជាមួយ​អ្នក​សារព័ត៌មាន​ដែល​ទទួល​យក​បាន​ជា​ផ្លូវការ​នោះ​ដែរ​។

ពេល​ខ្លះ​អ្នក​សារព័ត៌មាន​​ទៅ​រក​សម្ភាស​មន្ត្រី​អ្នក​នាំ​ពាក្យ​មិន​បាន ឬ​ក៏​មិន​ផ្តល់​យោបល់ អ្នក​សារព័ត៌មាន​ក៏​ស្វែងរក​មន្ត្រី​ជាន់ខ្ពស់​ផ្តល់​ព័ត៌មាន​ជំនួស​ខណៈ​បក្ស​កំពុង​រកាំរកូស​នឹង​គ្នា​របស់​ដៃគូ​ក្នុង​បក្ស​​បង្រួបបង្រួម​គ្នា ឬ​ក៏​លក្ខខណ្ឌ​កំពុង​​ចរចា​គ្នា​ស្វែងរក​ដំណោះស្រាយ​ជាមួយ​គណបក្ស​កាន់​អំណាច​នោះ។ តែ​ជួន​កាល​យោបល់​របស់​​មន្ត្រី​នោះ​យក​ជា​ការណ៍​មិន​បាន​ព្រោះ​ត្រូវ​បាន​មន្ត្រី​នាំ​ពាក្យ​ឆ្លើយ​​មក​វិញ​ថា​នេះ​គ្រាន់​តែ​ជា​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​គាត់​ទេ​មិន​តំណាង​គោល​ជំហរ​របស់​គណបក្ស​នោះ​ទេ។

ជាមួយ​គ្នា​នេះ​ដែរ​ការ​ហាមប្រាម​មិន​ឲ្យ​ស្ថាប័ន​ឯករាជ្យ​បួន​នេះ​ចូលរួម​ទទួល​យក​ព័ត៌មាន​នៅ​វិមាន​សន្តិភាព​របស់​ថ្នាក់​ដឹកនាំ​ហើយ​គឺ​អាច​ជា​ជំងឺ​រីករាលដាល​ទៅ​ស្ថាប័ន​រដ្ឋ​ដទៃ​ទៀត​ក្នុង​ពេល​ឆាប់ៗ​នេះ​។

ឧទាហរណ៍​ កាលពី​ឆ្នាំ​ទៅ​តំណាងរាស្ត្រ និង​ជា​អ្នក​នាំពាក្យ​​រដ្ឋសភា​លោក ឈាង វុន មកពី​គណបក្ស​ប្រជាជន​បាន​ដេញ​អ្នក​សារព័ត៌មាន​​នៅ​ពេល​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​កំពុង​ផ្តល់​បទសម្ភាស​ហើយ​​បាន​គំរាម​ទះ​កំផ្លៀង​អ្នក​តំណាងរាស្ត្រ​ណា​ដែល​ផ្តល់​បទសម្ភាស​ជាមួយ​អ្នក​សារព័ត៌មាន​នៅ​ក្នុង​បរិវេណ​រដ្ឋសភា​​​ទៀត​ផង​។

ហេតុ​ដូច​នេះ​ហើយ​រាជរដ្ឋាភិបាល​គួរ​តែ​ធ្វើ​អន្តរាគមន៍​លើ​​បញ្ហា​សមភាព​សិទ្ធិ​ទទួល​បាន​នូវ​ព័ត៌មាន និង​ជំរុញ​ឲ្យ​មាន​ការ​អនុម័ត​ច្បាប់​នេះ​ឲ្យ​បាន​កាន់​តែ​ឆាប់​កាន់​តែ​ល្អ​ដើម្បី​ចៀសវាង​ការ​បែងចែក​អ្នក​សារព័ត៌មាន​ឯករាជ្យ​ និង​អ្នក​កាសែត​គេ​នោះ។

ជាង​នេះ​ទៅ​ទៀត ​អ្នក​នាំ​ពាក្យ​ទាំង​ស្ថាប័ន​រដ្ឋាភិបាល និង​គណបក្ស​ប្រឆាំង​ដែល​បាន​តែងតាំង​រួច​ហើយ​គួរ​​តែ​ផ្តល់​ឱកាស​ស្មើៗ​​គ្នា​ក្នុង​ការ​ទទួល​ព័ត៌មាន​តែ​ប្រសិន​បើ​មន្ត្រី​អ្នក​នាំ​ពាក្យ​នោះ​អវត្តមាន​គឺ​ត្រូវ​រក​អ្នក​មក​ជំនួស​ដើម្បី​ផ្តល់​ព័ត៌មាន​ទៅ​អ្នក​សារព័ត៌មាន​ជា​​ជាង​ឆ្លើយ​ដាក់​គ្នា​យក​រួច​ខ្លួន​នោះ​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com

អត្ថបទគួរចាប់អារម្មណ៍

  • គម្រោង​ធំៗ​ជាច្រើន​អាច​នឹង​លេច​ឡើង​នៅ​តាម​មាត់ទន្លេ

    ក្រុមហ៊ុន​អភិវឌ្ឍន៍​ដ៏ធំ​មួយ​របស់​ចិន​មាន​ប្លង់​រចនា​ក្នុង​ការ​អភិវឌ្ឍ​នៅ​តាម​បណ្តោយ​ឆ្នេរ​ទន្លេ​ដែល​គម្រោង​នោះ​រួម​មាន​ខុនដូ​ប្រណីត អគារ​ការិយាល័យ ខណៈ​បច្ចុប្បន្ន​ទីតាំង​នោះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​កំពង់ផែ​ស្វយ័ត​រាជធានី​ភ្នំពេញ​។

  • ស្ថាបត្យកម្ម និង​វិចិត្រសិល្បៈ គឺ​មិន​អាច​ញែក​ដាច់​ពី​គ្នា​បាន​ឡើយ

    នៅក្នុង​បន្ទប់​សិក្សា​ក្នុង​ផ្ទះ​ធំ​មួយ​នៅ​តាម​មាត់ទន្លេ​ក្នុង​រាជធានី​ភ្នំពេញ លោក ថាង សុធា វ័យ​ ៣៥ ​ឆ្នាំ​កំពុង​ពិនិត្យ​មើល​ប្លង់​រចនា 3D របស់​បន្ទប់​គេង​នៃ​អាផាតមិន​មួយ​ដែល​ជា​ផ្នែក​នៃ​គម្រោង​កែលម្អ​ចុងក្រោយ​បំផុត​ដែល​លោក​បាន​ចូលរួម​ធ្វើ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន នៅ​លើ MacBook ដើម្បី​បំផុស​គំនិត​សម្រាប់​ការងារ​នាពេល​អនាគត​។

  • ត្រី​ចិញ្ចឹម​ប្រមាណ​ ១២ ​តោន​ងាប់​ដោយ​កម្ដៅ​ពេល​ទឹក​ស្រក

    កំពង់ឆ្នាំងៈ យ៉ាង​ហោចណាស់​ត្រី​ចិញ្ចឹម​តាម​ដង​ទន្លេ​ស្ថិត​ក្នុង​សង្កាត់​ខ្សាម និង​ផ្សារឆ្នាំង ខេត្ត​កំពង់ឆ្នាំង​ប្រមាណ​ជា​ ១២ ​ពាន់​គីឡួ​បាន​ងាប់​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ ព្រោះ​តែ​ទឹក​បាន​ស្រក​ចុះ​ជា​គំហុក និង​ក្ដៅ​ខ្លាំង​។ នេះ​បើ​យោង​តាម​ការរៀបរាប់​របស់​ប្រជានេសាទ​ក្នុង​តំបន់​នោះ​ដែល​មាន​ប្រមាណ​ជា​ ៧០ ​គ្រួសារ​។

  • ព្រះរាជអាជ្ញា​ភ្ជាប់​រឿង​ហិង្សា​នៅ​ស្ពាន​នាគ​ជា​ចលនា​បដិវត្តន៍​ពណ៌

    ភ្នំពេញៈ សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​បញ្ចប់​សវនការ​ជំនុំជម្រះ​សំណុំ​រឿង​ហិង្សា​នៅ​ស្ពាន​នាគ​កាលពី​ខែ​កក្កដា ឆ្នាំ ២០១៤ ដោយ​ព្រះរាជអាជ្ញា និង​មេធាវី​ការពារ​ដើមបណ្ដឹង​សម្រេច​ភា្ជប់​ករណី​ហិង្សា​នោះ​ទៅ​នឹង​បដិវត្តន៍​ពណ៌ បន្ទាប់ពី​សវនការ​រយៈពេល​ ៣ ​ថ្ងៃ​ជាប់ៗ​គ្នា​។ ទោះ​ជា​យ៉ាងណា​ក៏ដោយ​ភាគី​ជនរងគ្រោះ​ថា​គ្មាន​អំពើ​កុបកម្ម​កើតឡើង​ទេ​ និង​ស្នើ​ដល់​តុលាការ​ឲ្យ​ដោះលែង​ពួកគេ​។