The Phnom Penh Post Search

Search form

ស្រមោល​សាសនា​ នៅក្នុង​ដំណើរ​ការកសាង​សន្តិភាព

Content image - Phnom Penh Post
អ្នកស្រី អ៊ឹម ចែម នៅ​ក្នុង​ផ្ទះ​របស់​អ្នកស្រី​ក្នុង​ខេត្ត​ឧត្តរមានជ័យ​កាលពី​ឆ្នាំ​ ២០១៤​។ រូបថត Charlotte Pert

ស្រមោល​សាសនា​ នៅក្នុង​ដំណើរ​ការកសាង​សន្តិភាព

ខ្ញុំ​សូម​ចែករំលែក​មតិយោបល់​របស់​ខ្ញុំ​ចំពោះ​ការផ្លាស់​ទៅ​ជឿ​សាសនា​គ្រិស្ត​របស់​អ្នកស្រី​ អឹម ចែម កាលពី​ពេល​ថ្មីៗ​នេះ​ និង​តួនាទី​របស់​សាសនា​នៅក្នុង​ដំណើរការ​កសាង​សន្តិភាព​ដែល​កំពុង​បន្ត​នៅ​កម្ពុជា​។

អន្លង់វែង គឺជា​កន្លែង​ដែល​អតីត​កម្មាភិបាល​ខ្មែរក្រហម​ជាច្រើន​នាក់​បាន​រស់នៅ​ទីនោះ​ហើយ​សាសនា​ក៏​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ដំណើរការ​កសាង​សន្តិភាព​ផង​ដែរ​។ ជាទូទៅ​សម្រាប់​ប្រជាជន​កម្ពុជា​ភាគច្រើន​សាសនា​ផ្តល់​ឲ្យ​បុគ្គល​ម្នាក់ៗ​នូវ​សន្តិភាព​ផ្លូវចិត្ត និង​អាច​ជួយ​ពួកគេ​ឱ្យ​ចេះ​អត់ឱន​ចំពោះ​អតីត​សត្រូវ​របស់​ខ្លួន និង​ចេះ​ផ្សះផ្សា​ជាមួយ​នឹង​រឿងរ៉ាវ​ដែល​កើតឡើង​ពី​អតីតកាល​ផង​ដែរ​។

ពុទ្ធសាសនា​និកាយថេរវាទ​ (Theravada Buddhism) គឺជា​សាសនា​លេចធ្លោ​ជាង​គេ​របស់​កម្ពុជា​។ ប៉ុន្តែ​ទោះបី​ជា​យ៉ាងណា​ក៏ដោយ​សម្រាប់​មនុស្ស​មួយ​ចំនួន ព្រះពុទ្ធសាសនា​ហិនយាន មិនទាន់​គ្រប់គ្រាន់​ក្នុង​ការ​ផ្តល់​សន្តិភាព​ផ្លូវចិត្ត​ឲ្យ​ពួកគេ​នៅ​ឡើយ​ទេ​។ ដូច្នេះ​ហើយ​មនុស្ស​ទាំង​នោះ​មាន​ទំនោរ​ស្វែងរក​ប្រភព​នៃ​ការតម្រង់ទិស​ពី​សាសនា​ផ្សេងៗ​ទៀត​ដូចជា​គ្រិស្តសាសនា​ជាដើម​។ ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើន​បាន​ផ្លាស់ប្តូរ​ជំនឿ​សាសនា​ទៅ​ជឿ​គ្រិស្តសាសនា​ជំនួស​វិញ​រួម​ទាំង​បុគ្គល​ឃោរឃៅ​មួយ​ចំនួន​ផង​ដែរ​ដូចជា​លោក​ កាំងហ្គេកអ៊ាវ ហៅ​ ឌុច និង​អ្នកស្រី​ អ៊ឹមចែម ដែល​ជា​អតីត​គណៈ​ស្រុក​ព្រះនេត្រព្រះ​នឹង​ត្រូវ​ជា​ជនសង្ស័យ​ក្នុង​សំណុំ​រឿង ០០៤ នៅ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​។

ជា​អតីត​បន្ទាយ​ដ៏រឹងមាំ​របស់​ចលនា​ខ្មែរក្រហម ប្រជាពលរដ្ឋ​ដែល​រស់នៅ​អន្លង់វែង​ជាច្រើន​បាន​ធ្វើការ​សម្រេចចិត្ត​មួយ​ដ៏សំខាន់​សម្រាប់​សន្តិភាព​ផ្លូវចិត្ត​ចាប់​តាំងពី​ការ​ធ្វើ​សមាហរណកម្ម​ចុងក្រោយ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​កាល​ពី​ ២០ ​ឆ្នាំ​មុន​។ ប្រហែល ១០ ឆ្នាំ​មុន​អន្លង់វែង​ប្រឈម​នឹង​ចំណុច​របត់​មួយ​ជាមួយ​នឹង​ការបង្ហាញ​ឡើង​វិញ​នៃ​ព្រះពុទ្ធសាសនា​។

ចំណុច​នេះ​គឺ​ផ្ទុយស្រឡះ​ពី​គោលនយោបាយ​របស់​ខ្មែរក្រហម​នៅ​ក្នុង​អំឡុង​ពេល​កាន់​អំណាច​ (១៩៧៥-១៩៧៩) ដែល​បាន​ហាម​ឃាត់​មិន​ឲ្យ​មាន​សាសនា​ហើយ​ឥស្សរជន​សាសនា គឺជា​មនុស្ស​ដំបូង​ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​មនុស្ស​ដែល​ត្រូវ​សម្លាប់​ជា​ប្រព័ន្ធ​នៅពេល​ដែល​របប​នេះ​ឡើង​កាន់​អំណាច​។ កម្ពុជា​ប្រជាធិបតេយ្យ (DK) ជា​ឈ្មោះ​ផ្លូវការ​នៃ​ចលនា​ខ្មែរក្រហម​បាន​អង្កេត​មើល​ចិត្ត​គំនិត​របស់​ប្រជាជន​ខ្មែរ​អំពី​សាសនា និង​ជំនឿ​របស់​ពួកគេ ជាពិសេស​ព្រះពុទ្ធ​សាសនា​។

របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ព្យាយាម​កម្ទេច​សាសនា​ចេញពី​បដិវត្តន៍​ «​សុខក្សេមក្សាន្ត​» ​របស់​ខ្លួន​។ របប​នោះ​បាន​រឹតត្បិត​យ៉ាង​តឹងរ៉ឹង​បំផុត​ចំពោះ​ប្រជាជន​ខ្មែរ​មិន​ឱ្យ​អនុវត្ត​ ឬ​គោរព​ប្រតិបត្តិ​សាសនា​ណា​មួយ​ឡើយ​។

ព្រះសង្ឃ​ត្រូវ​បង្ខំ​ឲ្យ​ដោះ​ស្បង់​ចីពរ​ចេញ​ហើយ​វត្តអារាម​ត្រូវ​បាន​ផ្លាស់​ប្តូរ​ទៅ​ជា​ពន្ធនាគារ​ និង​កន្លែង​ធ្វើ​ទារុណកម្ម​ដ៏យង់ឃ្នង និង​សើច​ចំអក​ពី​ជំនឿ​សាសនា​ជំនួស​វិញ​។ រដ្ឋធម្មនុញ្ញ​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ចែង​ថា​៖ «​ការប្រតិបត្តិ​សាសនា​ដែល​ធ្វើឱ្យ​ខូច​ដល់​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​ប្រជាជន​កម្ពុជា​ត្រូវ​បាន​ហាមឃាត់​ជា​ដាច់ខាត​»​។

ជំនួស​ឱ្យ​ការបកស្រាយ​ច្បាស់លាស់​អំពី​អត្ថន័យ​នៃ​ការ​ប្រតិបត្តិ​សាសនា គណបក្ស​ និង​មន្ដ្រី​រដ្ឋាភិបាល​បាន​បកស្រាយ​តាម​ដែល​ពួកគេ​យល់​ថា​សម​។ ប៉ុន្តែ​បរាជ័យ​របស់របប​កម្ពុជា​ប្រជាធិបតេយ្យ​ក្នុង​ការ​ព្យាយាម​លុប​បំបាត់​សាសនា​ពី​សង្គម​កម្ពុជា​បាន​បង្ហាញ​ថា​សាសនា​គឺ​មិន​អាច​កាត់ផ្តាច់​ចេញ​ពី​សង្គម​នេះ​បាន​ដោយ​ងាយៗ​នោះ​ទេ​។ បើ​គ្រាន់​តែ​រដ្ឋាភិបាល​ឡើង​កាន់​អំណាច​ហើយ​ហាមឃាត់​ការគោរព​ប្រតិបត្តិ​សាសនា​គឺ​មិនមែន​មាន​ន័យ​ថា​សាសនា​នោះ​ត្រូវ​បាន​បំផ្លាញ​នោះ​ទេ​។ វា​មិន​អាច​បញ្ឈប់​បាន​ឡើយ​។

របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​កំណត់​មិន​ត្រឹម​តែ​ហាមឃាត់​សាសនា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែមទាំង​បំផ្លាញ និង​ជីកឫសគល់​ប្រព័ន្ធ​ព្រះពុទ្ធសាសនា​ថែម​ទៀត​ផង​ (​ក៏ដូចជា​អ៊ិស្លាម​សាសនា និង​គ្រិស្តសាសនា​) ជាដើម​ក្នុង​អំឡុង​ពេល​ពួកគេ​គ្រប់គ្រង​។ គិត​មើល​ថា​តើ​របប​កុម្មុយនិស្ត​យល់​ថា សាសនា​គឺជា​ទម្រង់​នៃ​ការគាបសង្កត់​ពី​ចក្រពត្តិនិយម​បែប​ណា ហើយ​អតីត​សមាជិក​របប​ខ្មែរក្រហម​មួយ​ចំនួន​ហាក់​ដូចជា​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មួយ​ដ៏លំបាក​ក្នុង​ការ​រៀបចំ​ខ្លួន​ឡើង​វិញ​ជាមួយ​ប្រព័ន្ធ​ព្រះពុទ្ធសាសនា​។ ដូច្នេះ​ហើយ​ទើប​ធ្វើឲ្យ​មាន​ការស្វែងរក​សាសនា​ថ្មី​មួយ​ផ្សេង​ដែល​មាន​ទាំង​ភាព​ចាំបាច់ និង​ប្រសិទ្ធភាព​។

បើ​ទោះបី​ជា​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​បង្ក្រាប​សាសនា​យេស៊ូគ្រិស្ត​ក៏ដោយ ក៏​វា​មាន​អ្នក​កាន់​សាសនា​យេស៊ូគ្រិស្ត​តិចតួច​ និង​រចនាសម្ព័ន្ធ​រូបវន្ត​តិចតួច​នៅ​មាន ដូច្នេះ​សាសនា​យេស៊ូគ្រិស្ត​មិនមែន​ជា​គោលដៅ​ដូច​សាសនា​ព្រះពុទ្ធ​ទេ​ ដោយសារ​មិន​មាន​សហគមន៍​ព្រះពុទ្ធសាសនា​ចាប់​តាំងពី​ពេល​នោះ​មក​។ ជាង​នេះ​ទៀត​អតីត​កម្មាភិបាល​ខ្មែរក្រហម​អាច​មាន​អារម្មណ៍​ថា សាសនា​យេស៊ូគ្រិស្ត​មាន​ភាព​សុខស្រួល​ជាង​សាសនា​ព្រះពុទ្ធ ដោយសារ​សាសនា​ព្រះពុទ្ធ​និយាយ​ថា​៖ «​ធ្វើ​ល្អ​ទទួល​បាន​ល្អ ធ្វើ​អាក្រក់​ទទួល​បាន​អាក្រក់​»​។

ចំពោះ​មនុស្ស​មួយ​ចំនួន​ដូចជា​លោក ឌុច ភាព​ទាក់ទាញ​របស់​សាសនា​យេស៊ូគ្រិស្ត​ចំពោះ​ ឌុច គឺ​ការ​បង្រៀន​ថា អំពើ​បាប​នឹង​លុបលាង​តាមរយៈ​ការបង្ហាញ​អំពី​អំពើ​បាប​របស់​ខ្លួន​ទៅ​ព្រះ​។ ប្រព័ន្ធ​នេះ​បាន​ធ្វើឲ្យ​មាន​ការ​គេច​ចេញ​ពី​ការបង្រៀន​របស់​ព្រះពុទ្ធសាសនា​។

ភាព​លើសលប់​នៃ​សាសនា​មួយ​នៅ​ក្នុង​សង្គម​ជាធម្មតា​បាន​ធ្វើឲ្យ​ក្មេង​ដិត​ជាប់​នៅ​ក្នុង​ចិត្ត​តាំងពី​កំណើត​។ ទោះ​យ៉ាង​ណា​ក្តី​មិន​មាន​មនុស្ស​រាល់​គ្នា​ជឿ​សាសនា​ដូច​គ្នា​ទេ​នៅក្នុង​រយៈពេល​ពេញ​មួយ​ជីវិត​របស់​ពួកគេ​។ ចំពោះ​អ្នក​ខ្លះ ជម្រើស​អាច​ផ្លាស់ប្តូរ ដើម្បី​ភាព​សុខស្រួល​ និង​គេច​ចេញ​ពី​អំពើ​បាប​ ឬ​អារម្មណ៍​គិត​ថា​ខ្លួន​មាន​អំពើ​បាប​ពី​មុន​។

អ្នកស្រី អ៊ឹម ចែម កើត​នៅ​ក្នុង​សង្គម​សាសនា​ព្រះពុទ្ធ ប៉ុន្តែ​បាន​ផ្លាស់ប្តូរ​ទៅ​ជឿ​សាសនា​យេស៊ូគ្រិស្ត​វិញ​នៅ​ថ្ងៃ​ទី​ ៦ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៧​។ នេះ​បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​។

ពី​មុន​ពេល​ផ្លាស់ប្តូរ​សាសនា អ្នកស្រី​ អ៊ឹម ចែម បាន​សាងសង់​សាល​ព្រះពុទ្ធ​សាសនា​មួយ​នៅ​ឆ្នាំ​ ២០០២ ហើយ​វត្ត​មួយ​នៅ​ភូមិ​អូរអង្រែ ត្រូវ​បាន​បង្កើតឡើង​នាពេល​បន្តបន្ទាប់​។ ក្នុង​ឋានៈ​ជា​អតីត​មេ​ខ្មែរក្រហម​នៃ​ឃុំ​ត្រពាំង​តាវ អ្នកស្រី​ អ៊ឹម ចែម បាន​ប្រមូល​មនុស្ស​ជាច្រើន​ឲ្យ​ចូលរួម​ជាមួយ​អ្នកស្រី ហើយ​វត្ត​ដំណើរការ​បាន​និង​បាន​ផ្តល់​ឱកាស​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការធ្វើ​បុណ្យ​ឧទ្ទិស​ទៅ​ដល់​ដូនតា​របស់​ខ្លួន​ទៅតាម​សាសនាព្រះពុទ្ធ​។

ប្រសិន​បើ​ការ​ផ្លាស់ប្តូរ​សាសនា​ដូចជា​ការប្តូរ​របស់​អ្នកស្រី អ៊ឹម ចែម ជោគជ័យ វា​លើក​ឡើង​នូវ​សំណួរ​ដែល​មាន​ឥទ្ធិពល​អំពី​តួនាទី​របស់​ប្រព័ន្ធ​សាសនា​ព្រះពុទ្ធ​នៅក្នុង​ការ​ជួយ​គាំទ្រ​ផ្នែក​ផ្លូវចិត្ត អារម្មណ៍​ និង​សម្ភារ​។

ជា​ឧទាហរណ៍ កូនប្រុស​របស់​អ្នកស្រី អ៊ឹម ចែម ឈឺធ្ងន់ធ្ងរ​ដែល​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​បាត់ដំបង​។ គ្មាន​នរណា​ម្នាក់​អាច​ជួយ​បាន​ក្រៅ​ពី​អង្គការ​យេស៊ូគ្រិស្ត ដែល​បាន​ចេញ​លើ​រាល់​ការចំណាយ​ព្យាបាល​ទាំងអស់​។ តើ​មាន​អង្គការ​ដទៃ​ណា​អាច​ជួយ​អ្នកជំងឺ​ធ្ងន់ធ្ងរ​បាន​? គួរតែ​មាន​ឬ​? តើ​មាន​វិធី​ណាមួយ​ដើម្បី​បង្កើត​អង្គការ​បែប​នេះ​? ទាំង​នេះ​គឺជា​សំណួរ​សំខាន់​ដែល​ត្រូវ​ពិនិត្យ​។ នេះ​ហាក់បី​ដូចជា​ដាក់​ព្រះពុទ្ធសាសនា​នៅ​ក្នុង​ទីតាំង​មួយ​ដែល​ត្រូវ​ពិនិត្យ​ថា តើ​ព្រះសង្ឃ និង​ប្រព័ន្ធ​ព្រះពុទ្ធសាសនា​បាន​ធ្វើ​អ្វី​ខ្លះ និង​ត្រូវការ​ធ្វើ​អ្វី​ ឬ​គួរ​ធ្វើ​អ្វី​? យោង​តាម​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា ព្រះពុទ្ធសាសនា​គឺជា​សាសនា​របស់​រដ្ឋ​។

ប៉ុន្តែ​ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិសេរីភាព​ពេញលេញ​ចំពោះ​ជំនឿ​សាសនា​របស់​ខ្លួន​មាន​ «​សេរីភាព​ក្នុង​ការជឿ​សាសនា​ និង​គោរព​សាសនា​ត្រូវ​បាន​ធានា​ដោយ​រដ្ឋ ឲ្យ​តែ​សេរីភាព​នេះ​មិន​ប៉ះពាល់​ដល់​ជំនឿ​សាសនា​អ្នក​ដទៃ​ ឬ​បំពាន​លើ​សណ្តាប់ធ្នាប់​សាធារណៈ​ និង​សន្តិសុខ​»​។

ពិតណាស់ ពុទ្ធសាសនា​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការជួយ​អ្នក​រស់រាន​ពី​របប​ខ្មែរក្រហម​ក្នុង​ការ​ព្យាបាល​បញ្ហា​ផ្លូវចិត្ត​របស់​ពួកគេ​ដែល​កើត​មាន​កាលពី​អតីតកាល​។ ទោះ​យ៉ាង​ណា​ក្តី​ព្រះពុទ្ធសាសនា​មាន​លក្ខណៈ​សន្តិភាព​ និង​សន្តិសុខ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​មាន​លក្ខណៈ​អហិង្សា​។

នាពេល​ថ្មីៗ​នេះ​ការ​រស់​ឡើង​វិញ​នៃ​ព្រះពុទ្ធសាសនា​នៅ​អន្លង់វែង​បាន​បង្ហាញ​ភាព​ចាំបាច់​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​ប្រជាជន​នៅ​អន្លង់វែង​។ រហូត​មក​ដល់​ពេល​នេះ​សាសនា​យេស៊ូគ្រិស្ត​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ជាច្រើន​ទាំង​នៅ​តាម​ជនបទ និង​ទីក្រុង​ផ្លាស់ប្តូរ​ពី​ការ​កាន់​សាសនា​ព្រះពុទ្ធ​ទៅជា​ការ​កាន់​សាសានា​យេស៊ូគ្រិស្ត​។

នៅពេល​សួរ​អំពី​សាសនា​ទាំង​ ២ រវាង​សាសនា​យេស៊ូគ្រិស្ត និង​សាសនា​ព្រះពុទ្ធ អ្នកស្រី អ៊ឹម ចែម បាន​ថ្លែង​យ៉ាង​មុតមាំ​ថា​៖ «​នៅក្នុង​ជីវិត​ទាំង​មូល​របស់​ខ្ញុំ ខ្ញុំ​បាន​យក​ផ្លូវ​កណ្តាល​សម្រាប់​ការងារ​ដែល​ខ្ញុំ​បាន​ធ្វើ​។ ឥឡូវ​នេះ​ខ្ញុំ​ជឿ​សាសនា​ទាំង​ ២»​។ អ្នកស្រី​ក៏​បាន​ថ្លែង​ផង​ដែរ​ថា អ្នកស្រី​នឹង​ចង់​រៀន​អំពី​សាសនា​ទាំង​ ២​។ អ្នកស្រី​សង្កត់​ធ្ងន់ធ្ងរ​ថា សាសនា​ទាំង​ ២ «​មិនមាន​អ្វី​ខុស​គ្នា​» ប៉ុន្តែ​សាសនា​យេស៊ូគ្រឹះ​បើក​ចំហ​ជាង​»​។

ឥឡូវ​នេះ​អ្នកស្រី ឈប់​អុជ​ធូប អុជ​ទៀន បើ​ទោះបី​ជា​អ្នកស្រី​នៅ​បន្ត​ទៅ​វត្ត​។ ចំពោះ​អ្នក​ខ្លះ សាសនា​យេស៊ូគ្រិស្ត​អាច​ជា​ប្រភេទ​នៃ​ការ​ព្យាបាល​ដោយសារ​សាសនា​នេះ​មាន​លក្ខណៈ​ទូលំទូលាយ​ជាង ហើយ​អ្នកស្រី អ៊ឹម ចែម ក៏​ថ្លែង​ដូច្នេះ​ដែរ​។

សាសនា​យេស៊ូគ្រិស្ត​អនុញ្ញាត​ឲ្យ​បុគ្គល​នីមួយៗ​និយាយ​អំពី​អ្វី​ដែល​ពួកគេ​ធ្វើ​ខុស អំពើ​អសីលធម៌​ហើយ​នឹង​ត្រូវ​បាន​លើកលែង​ទោស​។ អ្នក​ដទៃៗ​ទៀត​អាច​មើល​ឃើញ​សាសនា​យេស៊ូគ្រិស្ត​ថា ជា​មធ្យោបាយ​នៃ​ការរស់រាន​ដោយ​ការ​ផ្តល់​នូវ​ការព្យាបាល​ផ្លូវចិត្ត​ និង​ស្មារតី​។ ជាង​នេះ​ទៀត​នៅ​ក្នុង​ស្ថានភាព​បន្ទាន់​ដូចជា​ករណី​ការឈឺ​របស់​កូនប្រុស​អ្នកស្រី អ៊ឹម ចែម អង្គការ​យេស៊ូគ្រិស្ត ផ្តល់​នូវ​ជំនួយ​ និង​ការជួយ​ទាន់​ពេលវេលា​។ តើ​អ្នក​ដទៃ​ទៀត​នៅ​កន្លែង​ណា​? វា​ពិតជា​មាន​តម្លៃ​ដែល​ពិចារណា​ថា​តើ​អ្នកស្រី អ៊ឹម ចែម ផ្លាស់ប្តូរ​ទៅ​កាន់​សាសនា​យេស៊ូគ្រិស្ត ដើម្បី​ព្រះ​ ឬ​ជា​ការ​ឆ្លើយតប​នឹង​តម្រូវការ​សង្គម​៕ NS/PS

ដោយ លី សុខឃាង នាយក​នៃ​មជ្ឈមណ្ឌល​សន្តិភាព អន្លង់វែង ដែល​ត្រូវ​បាន​បង្កើតឡើង​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដោយ​សហការ​ជាមួយ​ក្រសួង​ទេសចរណ៍​។

អត្ថបទគួរចាប់អារម្មណ៍