បន្ទាប់ពីធនធានធម្មជាតិដូចជាព្រៃឈើសត្វព្រៃប្រព័ន្ធស្តុកទឹក និងរ៉ែជាដើមត្រូវបានបំផ្លិចបំផ្លាញយ៉ាងអនាធិបតេយ្យមកឥឡូវដល់វេនធម្មជាតិបំផ្លាញវិញម្តងដូចជារបបទឹកមានការប្រែប្រួលខ្លាំងត្រូវទឹកជន់ត្រូវគ្រោះរាំងស្ងួតត្រូវខ្យល់ព្យុះកួចយកផ្ទះតែម្តង ត្រូវរន្ទះបាញ់ ភ្លើងឆេះព្រៃ សត្វព្រៃសត្វស្រុកត្រូវស្លាប់រដូករណែល ត្រីត្រូវស្លាប់អស់ ៦៨ តោនថ្មីៗនេះជាដើមហើយនាំគ្នាទម្លាក់កំហុសទៅលើការប្រែប្រួលអាកាសធាតុទៅចប់ហើយ។
ចាប់តាំងពីចុងខែមេសាកន្លងមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសអាសន្នពីការកើនឡើងកម្ដៅ និងទៅលើការខ្វះខាតទឹកហើយបានយកអំណោយទឹកជូនប្រជាពលរដ្ឋបានមួយផ្នែកតូចដែរតែលោកមិនទម្លាក់កំហុសទៅស្ថាប័នណាមួយនោះទេគ្រាន់តែដៀមដាមដាក់ឲ្យគណបក្សដទៃទៀតចូលដោះស្រាយបញ្ហាគ្រោះរាំងស្ងួតខ្វះខាតទឹកនេះផង។
ជាទូទៅលោកនាយករដ្ឋមន្ត្រីតែងតែមានប្រសាសន៍ថាឲ្យតែឆ្នាំរោងទឹកធំលិចរាល់តែដងអ៊ីចឹងតែនៅពេលដែលមានគ្រោះរាំងស្ងួតឆ្នាំនេះលោកមិនបានទម្លាក់កំហុសថាមកពីឆ្នាំវករាំងស្ងួតខ្វះទឹកនោះទេបើទោះបីជាលោកលើកទឹកចិត្តឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិជួយជីកស្រះ ជីកអណ្តូងក្ដីក៏តំបន់ខ្លះនៅតែមិនមានទឹកដដែល។
បើយើងមើលស្ថាប័នរបស់រាជរដ្ឋាភិបាលដែលធ្វើការជាមួយនឹងទឹកទាំងទីក្រុង និងទាំងជនបទវិញគឺមានច្រើនដូចជា ក្រសួងធនធានទឹក ក្រសួងកសិកម្ម ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងបរិស្ថានក្រសួងឧស្សាហកម្ម ក្រសួងរៀបចំដែនដី ក្រសួងសាធារណការ និងក្រសួងសុខាភិបាលបើនិយាយពីការបង្កើតគណៈកម្មការរឿងទឹកស្អាតហ្នឹងក៏សម្បូរណាស់ដែរហើយមានតាំងពីកំណែទម្រង់ដោះដូររដ្ឋមន្ត្រីដើម្បីឲ្យប្រសើរឡើងទៀតតែហេតុអ្វីបានទឹកនៅតែខ្វះខាត និងមានគ្រោះរាំងស្ងួត? តើនេះវាជាកំហុសអ្នកណា?
ជាក់ស្តែងស្រុកខ្មែរបើផ្អែកទៅតាមទីតាំងភូមិសាស្ត្រ និងប្រព័ន្ធស្រោចស្រពទឹកមិនគួរណាខ្វះទេយើងមានទឹកទន្លេមេគង្គមានអាងស្តុកទឹកទន្លេសាបមានទឹកស្ទឹងហូរមកពីភ្នំខ្វាត់ខ្វែងហើយមានតាំងពីទំនប់ទឹកធ្វើជាបឹងសល់ពីជំនាន់ប៉ុលពតផងតែទំនប់ទឹក និងបឹងទាំងនោះខ្លះត្រូវបានគេលុបចោលដោយសារដីឡើងថ្លៃ ឬក៏កាត់ចូលក្នុងដីសម្បទានសេដ្ឋកិច្ច ឬក៏ទុកចោលមិនអើពើទាល់តែខូចខាតទាំងស្រុងដូចជាបឹងកក់ បឹងទំពុន បឹងជើងឯក បឹងត្របែកជាដើម។
បើសូម្បីតែនៅតាមវត្តអារាម សាលារៀន សុទ្ធតែរៀបចំទឹកស្រះ និងទឹកអណ្តូងដែរគឺអនុវត្តទៅតាមវិស្វករដូនតាដែលសាងសង់អង្គរវត្តក៏បានរៀបចំប្រព័ន្ធទឹកជុំវិញប្រាសាទ និងនៅក្បែរដូចអាងបារាយណ៍ទឹកថ្លា និងស្រះស្រង់ជាដើម។
បញ្ហានេះគ្រាន់តែស្ថាប័នពាក់ព័ន្ធនាំធ្វើប្រឡាយស្រោចស្រពពីប្រភពទឹកទាំងនោះដាក់ចូលអាងស្តុកទឹកគ្រាន់តែការពារសម្រាប់ខែប្រាំងក៏មិនបានផងគឺឃើញមានតែតិចតួចប៉ុណ្ណោះគឺប្រឡាយពីខេត្តក្រចេះទៅខេត្តស្ទឹងត្រែងតែនៅពេលជួបគ្រោះរាំងស្ងួតនៅទីនោះក៏ស្ងួតចែសតែម្តងដោយរដ្ឋាភិបាលបានត្រឹមតែចែកអំណោយយកប្រជាប្រិយភាពដដែលៗពោលគឺការខ្វះខាតទឹកនេះប្រៀបដូចជាគ្នាច្រើនស្ងោរអន្សមខ្លោចអ៊ីចឹង។
បើប្រៀបធៀបជាមួយប្រទេសសិង្ហបុរីឥឡូវនេះគឺគេបានរៀបចំអាងស្តុកទឹកស្អាតរបស់គេប្រើខ្លួនឯងហើយគេព្យាយាមឈប់ទិញទឹកពីខេត្តចូហ័រនៃប្រទេសម៉ាឡេស៊ីបើទោះបីជាកិច្ចសន្យាលើកទី ២ ផ្តល់ទឹករហូតដល់ឆ្នាំ ២០៦១ ក៏ដោយ (http://www.pub.gov.sg)។
បើរដ្ឋាភិបាលមិនបានរៀបចំប្រព័ន្ធស្តុកទឹកគ្រប់គ្រាន់នោះទេនោះគឺការប្រើទឹករំពឹងផ្អែកទាំងស្រុងទៅលើប្រទេសចិនដែលមានទំនប់វារីអគ្គិសនីដ៏ធំនៅពីលើក្បាលទឹកពីហូរពីប្រភពទីបេ។
នៅពេលដែលមានការខ្វះខាត ឬក៏ជួបគ្រោះរាំងស្ងួតដូចសព្វថ្ងៃនេះគឺប្រជាពលរដ្ឋធ្វើស្រែមិនបានរកតែទឹកប្រើប្រាស់មិនគ្រប់គ្រាន់ខ្វះអនាម័យគឺមានតែធ្វើចំណាកស្រុកទៅក្រៅប្រទេសដើម្បីរកការងារធ្វើ និងប្រឈមទៅនឹងការជួញដូរ និងទាសករសម័យទំនើប។ ខណៈដែលនៅជនបទកំពុងជួបគ្រោះមហន្តរាយរាំងស្ងួតស្ទើរតែគ្រប់កន្លែងបែបនេះបែរជាអ្នកនៅរាជធានីភ្នំពេញមួយចំនួនធំមិនត្រឹមតែយកទឹកស្អាតមកហូប និងប្រើប្រាស់ប៉ុណ្ណោះទេគឺថែមទាំងទៅបាញ់ទឹកស្រោចដើមឈើ និងសួនផ្កាក្នុងផ្ទះវីឡា និងជុំវិញផ្ទះហូរហៀររាប់សិបម៉ែត្រគុបទៅវិញដោយមិនបានសន្សំសំចៃទឹកនោះទេ។
តាមរយៈរបាយការណ៍កម្មវិធីពិនិត្យតាមដាន JMP ឆ្នាំ ២០១៤ ចំពោះការប្រើប្រាស់ទឹកស្អាតបានបង្ហាញថាប្រជាពលរដ្ឋកម្ពុជាប្រមាណ ៤,៣ លាននាក់នៅតែគ្មានទឹកស្អាតប្រើប្រាស់។
ប្រសិនបើនៅតែខ្វះខាតស្អាត និងជួបប្រទះគ្រោះរាំងស្ងួតដូចនេះគឺកម្ពុជាមិនសម្រេចគោលដៅការប្រើប្រាស់ទឹកស្អាតនៅជនបទទាំងអស់គ្នាឆ្នាំ ២០២៥ ដូចនៅក្នុងផែនការអភិវឌ្ឍន៍ជាយុទ្ធសាស្ត្រជាតិឆ្នាំ ២០១៤-២០១៨ របស់ខ្លួន និងសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជាសកល (SDGs) ទី ៦ ដែលធានាការទទួលបាន និងការគ្រប់គ្រងទឹកស្អាត និងភាពអនាម័យឲ្យមាននិរន្តរភាពទាំងអស់គ្នានោះទេ។
នេះគឺជាផលវិបាកជាក់ស្តែងមកពីការបំផ្លាញធនធានធម្មជាតិជាពិសេសព្រៃឈើដែលកាប់ក្នុងស្រុកខ្លួនឯងមិនអស់ចិត្តនាំគ្នាទៅកាប់ព្រៃឈើនៅស្រុកគេជិតខាងទៀតដូចកាលពីសប្តាហ៍ត្រូវតម្រួតថៃចាប់បានពលរដ្ឋខ្មែរ ២៩ នាក់ដែលឆ្លងដែនខុសច្បាប់ទៅកាប់ព្រៃនៅប្រទេសថៃនោះ។ នេះក៏មកពីជួបគ្រោះមហន្តរាយរាំងស្ងួតរកស៊ីមិនបាននៅស្រុកខ្លួនឯងហើយបានជាធ្លាក់ខ្លួនចាញ់បោកមេខ្យល់គេឲ្យកាប់បំផ្លាញព្រៃឈើនៅប្រទេសគេដែលប្រឈមទៅនឹងគ្រោះថ្នាក់ខ្ពស់។
សម្រាប់អ្នកនយោបាយគណបក្សណាក៏ដូចជាគណបក្សណាដែរនៅពេលឃោសនារកសំឡេងឆ្នោតតែងលើកឡើងពីការអភិវឌ្ឍវិស័យកសិកម្ម និងកែទម្រង់ប្រព័ន្ធធារាសាស្ត្រជូនប្រជាពលរដ្ឋតែឥឡូវបក្សកាន់អំណាចឈ្នះឆ្នោតមិនទាន់ធ្វើអ្វីដែលស្របទៅគោលនយោបាយរបស់ខ្លួននៅឡើយទេ។
តើគួរកាត់បន្ថយក្រសួងដែលធ្វើការជាមួយទឹកឬ? ដើម្បីការរៀបចំប្រព័ន្ធទឹកស្អាតជូនប្រជាពលរដ្ឋនោះបើក្រសួងច្រើនហើយ និងមានជំនួយពីអន្តរជាតិផងធ្វើការទឹកស្អាតនេះនៅតែជួបខ្វះខាតទឹកដូចនេះទៀត។
តើការខ្វះខាតទឹកនេះមកពីអ្នកនយោបាយមិនទទួលការផ្តល់យោបល់ពីអ្នកបច្ចេកទេសបានជាចេះតែដុនដាបទៅ? រីឯអ្នកនៅភ្នំពេញដែលសម្បូរលុយបង់ទឹកក៏គួរតែកាត់បន្ថយការប្រើប្រាស់ទឹកស្អាតណាដែលមិនចាំបាច់ផងព្រោះអ្នករងគ្រោះពិតប្រាកដពីគ្រោះធម្មជាតិនោះគឺប្រជាពលរដ្ឋក្រីក្រ និងអ្នករស់នៅជនបទនោះដដែល៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com