បន្ទាប់ពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយមក ម្នាក់ៗរវល់តែផ្តោតទៅលើសភាពការណ៍នយោបាយដែលបត់បែនយ៉ាងលឿនរហ័ស មុនការបោះឆ្នោតនៅខែកក្កដា ខាងមុខនេះ ដែលធ្វើឲ្យជនឱកាសនិយមឆ្លៀតប្រព្រឹត្តបទល្មើសគ្រប់ប្រភេទគួរឲ្យភ្ញាក់ផ្អើល ជាពិសេស គឺអំពើហិង្សាប្រឆាំងស្ត្រី និងកុមារី រួមមានការចាប់រំលោភសេពសន្ថវៈ ការរំលោភហើយសម្លាប់ ការធ្វើឃាតកម្ម និងការប្រើអំពើហិង្សាក្នុងគ្រួសារជាដើម។
សកម្មភាពអំពើហិង្សាប្រឆាំងស្ត្រី និងកុមារីដែលប្រព្រឹត្តដោយបុរសនោះ មានតាំងពីមន្ត្រីជាន់ខ្ពស់រហូតដល់ពលរដ្ឋសាមញ្ញរស់នៅតំបន់ជនបទសូម្បីតែជនជាតិដើមភាគតិចក៏មានដែរ ដែលភាសាសាមញ្ញថា ចេះគ្រប់គ្នាតែម្តងខាងអំពើអាក្រក់។ ករណីខ្លះការប្រព្រឹត្តអំពើហិង្សាដូចគ្នា តែមានចំណាត់ការ តែករណីខ្លះគឺគ្មានស្រមោលក្នុងចំណាត់ការ ឬ ក៏អូសបន្លាយ ឬ ក៏សមត្ថកិច្ចធ្វើមិនដឹងមិនឮទៅ។
កាលពីសប្តាហ៍មុននេះ សារព័ត៌មានក្នុងស្រុកចេញផ្សាយពីសមត្ថកិច្ចទើបតែចាប់បានជនសង្ស័យយុវជន អាយុ ១៨ ឆ្នាំម្នាក់ ដែលបានលួងលោមជនរងគ្រោះជាកុមារី អាយុ ១២ ឆ្នាំ ពីសាលារៀនយកស្កុតបិទមាត់ និងច្រមុះថប់ដង្ហើមរហូតដល់ស្លាប់នៅក្រុង ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។ ករណីមួយទៀត គឺកើតឡើងនៅខេត្ត ត្បូងឃុំ ឃាតករបានចូលអារកស្ត្រី និងកូនៗក្នុងផ្ទះតែម្តង ដែលករណីនេះសមត្ថកិច្ចកំពុងស៊ើបអង្កេតតាមចាប់ខ្លួនជនល្មើស។
អ្វីដែលគួរឲ្យស្រណោះចំពោះការរីករាលដាលនៃអំពើហិង្សាលើស្ត្រី និងកុមារីនេះគឺមាន ៤ ករណីផ្សេងៗគ្នាកើតឡើងនាពេលថ្មីៗនេះនៅតំបន់ក្រុមជនជាតិដើមភាគតិចនៃខេត្ត រតនគិរី គឺសុទ្ធតែសម្លាប់កុមារីដែលជាជនជាតិដើមភាគតិចក្នុងនោះមានសេចក្តីរាយការណ៍ពីករណីរំលោភសេពសន្ថវៈរួចហើយសម្លាប់ផងដែរ។
មានតែជនសង្ស័យម្នាក់ទេក្នុងចំណោម ៤ ករណីដែលបានកើតឡើង ត្រូវបានឃាត់ខ្លួនដោយសមត្ថកិច្ច។ ចុះហេតុអ្វីបានជាខេត្តដែលរស់នៅតំបន់ដាច់ស្រយាល និងការរស់នៅភាគច្រើនជាជនជាតិដើមភាគតិចដែលកម្រមានករណីរំលោភ និងការសម្លាប់ស្ត្រីក៏ដូច កុមារីបែបនេះ បែរជាកើតឡើងផ្ទួនគ្នាបែបនេះទៅវិញ?
កន្លងមក ករណីរំលោភហើយសម្លាប់នេះ គេឃើញកើតមានច្រើនតែនៅទីក្រុងទេ ដូចក្នុងរបាយការណ៍របស់ក្រសួងមហាផ្ទៃនៅឆ្នាំ ២០១៦ គ្រាន់តែនៅរាជធានីភ្នំពេញ មានករណីរំលោភសេពសន្ថវៈដល់ទៅ ២៣ ករណីដែលសមត្ថកិច្ចបានរាយការណ៍។
ក្នុងករណីរំលោភនោះ ក៏មានសម្លាប់ស្ត្រី និងកុមារីផងដែរ។
សម្រាប់របាយការណ៍របស់ក្រសួងឆ្នាំ ២០១៧ មិនបានបង្ហាញពីតួលេខករណីរំលោភនិងករណីរំលោភហើយសម្លាប់នោះទេ ហេតុអ្វីបានជានគរបាលជាតិមិនបានរាយការណ៍អំពីករណីនេះជូនទៅក្រសួង មហាផ្ទៃ? តើឲ្យក្រសួងដាក់ផែនការរបៀបដូចម្តេចចំពោះវិធានការអន្តរាគមន៍ និងវាស់វែងពីទំហំនៃករណីរំលោភសេពសន្ថវៈនេះ? ឬ ក៏ស្ថាប័នអង្គការក្រៅរដ្ឋាភិបាលចូលរួមជួយសហការចំពោះកិច្ចប្រឹងប្រែងករណីរំលោភនេះយ៉ាងដូចម្តេច? ទោះបីជាយ៉ាងណាក្ដីក៏មានរបាយការណ៍អង្គការសិទ្ធិមនុស្ស អាដហុក ដែលបានចូលរួមអន្តរាគមន៍ចំពោះករណីរំលោភសេពសន្ថវៈនេះដែរ គឺអង្គការនេះបានរាយការណ៍ពីករណីរំលោភនៅឆ្នាំ ២០១៧ មាន ១៣១ ករណី បើប្រៀបធៀបជាមួយឆ្នាំ ២០១៦ មានប្រហាក់ប្រហែលគ្នាគឺ ១៣៣ ករណី។
ប៉ុន្តែ នៅក្នុងនោះ បែរជាករណីរំលោភហើយសម្លាប់ គឺមានការកើនឡើងទៅវិញគឺឆ្នាំ ២០១៦ កើតឡើងតែ ៥ ករណីទេ ប៉ុន្តែនៅឆ្នាំ ២០១៧ មានដល់ទៅ ៩ ករណី។ តើត្រូវរកវិធានការណាទៀត ដើម្បីបង្ការមុនកុំឲ្យមានករណីរំលោភហើយសម្លាប់កើតឡើងទៀត?
ករណីរំលោភនេះ គឺវាហាក់ដូចជា ជំងឺឆ្លងទៅហើយ ខណៈដែលមធ្យោបាយធ្វើដំណើរកាន់តែស្រួលក្នុងការធ្វើចំណាកស្រុកពីស្រុកក្រោមទៅប្រកបរបរនៅស្រុកលើ ពីស្រុកលើមកស្រុកក្រោមដែលវាជាចរន្តនៃរបត់ថ្មីនៃការរស់នៅ។
ទន្ទឹមនឹងនេះ អ្វីដែលអាចជាផលប៉ះពាល់នោះ គឺគំនិតដែលផុសចេញជាការចាប់រំលោភនិងសម្លាប់នេះ គឺជាហេតុផលមួយដែលទាក់ទងនឹងការធ្វើចំណាកស្រុក ព្រោះពីមុន ស្រុកលើគេកម្រឃើញកើតមានករណីនេះណាស់។
ជាមួយគ្នានេះដែរ គឺការងាយរកបាននូវគ្រឿងញៀនដែលឈ្មួញតែងតែជ្រៀតនាំចូលស្ទើរគ្រប់កន្លែង សូម្បីតែចុងកាត់មាត់ញកណាក៏មានដែរ ខណៈព័ត៌មានតាមរយៈទូរស័ព្ទស្មាតហ្វូនដែលចំណាយលុយតិចក៏អាចបើកមើលរឿងអាសអាភាស និងរូបភាពអាក្រាតស្រើបស្រាលបានយ៉ាងស្រួលជាមួយនឹងរូបភាពហិង្សាលើស្ត្រីត្រូវបានបង្ហាញឲ្យច្រងាងៗតាម YouTube ស្របគ្នានឹងនៅតាម Facebook ក៏រឹតតែសម្បូរដែលជាបច្ច័យមួយអាចឲ្យជនល្មើសស្រើបស្រាល និងយកតម្រាប់តាមរូបភាពអាសអាភាសទាំងនោះ។
ឥឡូវនេះ ចូលដល់រឿងក្តៅៗមួយថ្មីទៀតដែលសមត្ថកិច្ចកំពុងសាកសួរអតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ដែលជាជនសង្ស័យទាក់ទិននឹងករណីឃាតកម្មលើស្រ្តី មេម៉ាយ ជាកំណាន់ខ្លួនដែលធ្លាប់បម្រើការនៅរដ្ឋសភាជាតិ បន្ទាប់ពីរដ្ឋាភិបាលដកចេញពីតំណែងជាអភិបាលខេត្ត តាកែវ និងពីប្រធានគណបក្សប្រជាជនប្រចាំខេត្តនេះ កាលពីសប្តាហ៍មុន។
ទាំងនេះ អាចថា មកពីអំណាចសែស្រឡាយលោក ឡាយ វណ្ណៈ ចុះខ្សោយក៏ថាបាន ប៉ុន្តែវាក៏អាចជាការសម្រេចចិត្តកាត់សាច់ស្អុយ ដើម្បីស្ដារមុខមាត់សង្គមឡើងវិញក៏ថាបាន។
ប៉ុន្តែទោះជាយ៉ាងណា មានអំពើហិង្សាចំពោះស្ត្រីក្នុងកម្រិតស្រាលខ្លះ មិនត្រូវបានសមត្ថកិច្ចណាអើពើឡើយ ដោយសារតែអ្នកប្រព្រឹត្តនោះ ជាអ្នកធំ ដូចជា ករណីបង្កអំពើហិង្សាលើស្ត្រីកំណាន់បែបខាំឬក្ដិចខ្ញាំជាដើម ថ្វីបើមានការស្នើឲ្យឆ្លើយតបជាសាធារណៈក៏ដោយ។
ទាក់ទងនឹងករណីនេះដែរ គេនៅចាំបានថា នៅក្នុងឱកាសជួបជាមួយនឹងអ្នកកាសែតប្រចាំឆ្នាំនាពេលកន្លងទៅនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់បានប្រកាសសួរក្មួយៗដែលជាតារាៗឲ្យប្រាប់ឈ្មោះតាតា ឬ អ្នកធំៗណាដែលស្រឡាញ់ខ្លួនឲ្យច្បាស់ផងដែរ ដើម្បីកុំឲ្យខូចឈ្មោះអ្នកធំៗទូទៅ តែគ្មានតារារូបណាម្នាក់ហ៊ានចេញមុខប្រាប់ពីឈ្មោះអ្នកធំដែលលួចលាក់បីបាច់រក្សានិងទំនុកបម្រុងខ្លួនជាថ្នូរនឹងស្នេហាខុសវ័យនោះទេ។
សរុបមកវិញ អំពើហិង្សាប្រឆាំងនឹងស្ត្រី និងកុមារីនេះ មិនគួរអនុវត្តបែបលម្អៀងឬក៏ករណីខ្លះធ្វើមិនដឹងមិនឮនោះទេ ប្រសិនបើរកទៅឃើញមានកំហុសគឺត្រូវបើកឲ្យមានការស៊ើបអង្កេតដូចគ្នា និងសុំកុំឲ្យករណីនេះពាក់ព័ន្ធនឹងរឿងនយោបាយ និងបក្ខពួកសែស្រឡាយអ្នកធំៗ បើមិនដូច្នេះទេ កម្ពុជាមិនអាចឆ្លើយតបទៅនឹងគោលដៅទី ៥ ទាក់ទងនឹងសមភាពយេនឌ័រនៃគោលដៅអភិវឌ្ឍន៍ដោយចីរភាពបាននោះទេ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com