The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ស្វែងយល់​ពី​សេចក្តី​ព្រាងច្បាប់​ស្តីពី​ការវិនិយោគ​ថ្មី




ស្វែងយល់​ពី​សេចក្តី​ព្រាងច្បាប់​ស្តីពី​ការវិនិយោគ​ថ្មី

Content image - Phnom Penh Post
ស្ត្រី​ម្នាក់ ជិះ​កង់​ឆ្លងកាត់​មុខ​អគារ​ក្រុមប្រក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពី​ឆ្នាំមុន​។ ហុង មិនា

ស្វែងយល់​ពី​សេចក្តី​ព្រាងច្បាប់​ស្តីពី​ការវិនិយោគ​ថ្មី

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានបញ្ចប់​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការវិនិយោគ ដែល​ត្រូវបាន​គេ​ទន្ទឹង​រង់ចាំ​ជា​យូរ​មកហើយ​។ សេចក្តីព្រាង​នេះ​នឹងត្រូវ​បញ្ជូន​ទៅ​គណៈកម្មាធិការ​គោលនយោបាយ សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​មុននឹង​ដាក់ជូន​ទីស្តីការ​គណៈរដ្ឋមន្ត្រី និង​អង្គនីតិបញ្ញត្តិ​ពិនិត្យ​ពិភាក្សា​។ គេ​រំពឹងថា ច្បាប់​នេះ​អាច​នឹង​ចូល​ជា​ធរមាន​នៅ​ដំណាច់​ឆមាស​ទី​១ នៃ​ឆ្នាំ ២០២១ នេះ ប្រសិន​បើ​អ្វីៗ​ដំណើរការ​ទៅ​ដោយ​រលូន​។

សេចក្តី​ព្រាង​ច្បាប់​នេះ ត្រូវបាន​គេ​រំពឹងថា នឹង​ជួយ​បង្កើន​ភាព​អាច​ព្យាករ​បាន និង​ជំរុញ​យន្តការ​លើកទឹកចិត្ត ដែល​មាន​លក្ខណៈ​កាន់តែ​អំណោយផល បន្ថែម​លើ​អ្វី​ដែល​មាន​ស្រាប់​នៅក្នុង​ច្បាប់​បច្ចុប្បន្ន​។

ការលើក​ទឹកចិត្ត​ថ្មី​ត្រូវបាន​បង្កើតឡើង​ដោយ​ផ្អែកលើ​ការពិគ្រោះ​យោបល់​រយៈពេល​វែង​ជាមួយ​វិស័យ​ឯកជន​ និង​ការពិភាក្សា​ផ្ទៃក្នុង​ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ​របស់​រាជរដ្ឋាភិបាល​។ ជា​យន្តការ​ផ្ទៃក្នុង​រាល់​ការបញ្ចូល​ការលើកទឹកចិត្ត​ថ្មី​ណាមួយ​គឺជា​ការតតាំង​ឥតឈប់ឈរ​រវាង​កាតព្វកិច្ច​ទ្វេ និង​ការអល់អែក​នៃ​ជម្រើស​រវាង​តម្រូវការ​នៃ​ការរក្សា និង​បង្កើន​ការប្រមូល​ចំណូល​ជាតិ និង​តម្រូវការ​នៃ​ការចិញ្ចឹម​បីបាច់​អាជីវកម្ម​រយៈពេល​វែង និង​ការទាក់ទាញ​វិនិយោគ​ថ្មីៗ​។ វា​ប្រៀប​ដូចជា​ការពិភាក្សា​អំពី "​មាន់ និង​ស៊ុត​" ថា តើ​មួយណា​កើតមុន ទន្ទឹម​គ្នា​នឹង​ការព្យាយាម​មិន​ធ្វើឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កម្រិត​ចំណូល​ជាតិ​បច្ចុប្បន្ន​។

ដើម្បី​ស្វែងយល់​ពី​ច្បាប់​នេះ ទិដ្ឋភាព​រួម​នៃ​កិច្ចប្រជុំ​លើក​ទី​២១ ​នៃ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា-ជប៉ុន ដែល​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​ ១១ ខែ កុម្ភៈ ឆ្នាំ​ ២០២១ អាច​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការប្រើប្រាស់​ក្របខ័ណ្ឌ​ច្បាប់ ដើម្បី​ដោះស្រាយ​នូវ​សេចក្តី​កង្វល់​នានា​របស់​វិនិយោគិន​។

វេទិកា​នេះ គឺជា​ការសន្ទនា​រវាង​វិស័យ​សាធារណៈ និង​ឯកជន​ស្តីពី​លក្ខខណ្ឌ​សម្រាប់​ការវិនិយោគ ហើយ​ពេលខ្លះ​ក៏​សឹងតែ​អាច​ក្លាយ​ជា​ការពិភាក្សា​ដេញដោល​អន្តរភាគី​រវាង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​របស់​រាជរដ្ឋាភិបាល​ផងដែរ​។ វេទិកា​នេះ គឺ​ផ្តោត​សំខាន់​ទៅលើ​វិនិយោគិន​ជប៉ុន ហើយ​ការពិភាក្សា​គឺមាន​កម្រិត​បច្ចេកទេស​ខ្ពស់ ហើយ​លម្អិត​ខ្លាំង​ដែល​បង្ហាញ​ពី​ទិដ្ឋភាព​ជាក់ស្តែង​នៃ​ការធ្វើ​អាជីវកម្ម និង​ការអនុវត្ត​ក្របខ័ណ្ឌ​ការពារ និង​ថែរក្សា​វិនិយោគ​។

ភាគី​ជប៉ុន​ត្រូវបាន​តំណាង​ជា​ចម្បង​ដោយ​សមាគម​ធុរកិច្ច​ជប៉ុន​នៅ​កម្ពុជា​ (JBAC) ដែល​បច្ចុប្បន្ន​មាន​សមាជិក​ជា​ក្រុមហ៊ុន​ជប៉ុន​ចំនួន​ ២៧០ ដែល​ធ្វើអាជីវកម្ម​លើ​វិស័យ​ជាច្រើន ដូចជា​ឧស្សាហកម្ម​កម្មន្តសាល សំណង់​អចលនទ្រព្យ ពាណិជ្ជកម្ម​ដឹកជញ្ជូន ហិរញ្ញវត្ថុ​ធានារ៉ាប់រង និង​សេវាកម្ម​។

ក្រុមហ៊ុន​ទាំងនេះ​សុទ្ធតែជា​ក្រុមហ៊ុន​ដែល​មាន​ស្តង់ដា​អនុលោមភាព​ខ្ពស់​ជាមួយនឹង​ច្បាប់​របស់​កម្ពុជា ហើយ​គោរព​ខ្ជាប់ខ្ជួន​តាម​បទប្បញ្ញត្តិ​ថ្មីៗ វិធាន​នៅក្នុង​សង្គម​ខ្មែរ និង​គោរព​លក្ខខណ្ឌ​ការងារ​។ ដូច្នេះ​សេចក្តី​កង្វល់​ទាំងឡាយ​របស់​ពួកគេ​តែងតែ​ទទួល​បាន​ការយក​ចិត្តទុកដាក់​យ៉ាងខ្លាំង​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា​។

ពិតណាស់ថា វេទិកា​បែប​នេះ​មាន​ប្រយោជន៍​មិន​ត្រឹមតែ​សម្រាប់​វិនិយោគិន​ជប៉ុន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ផ្តល់​សារៈសំខាន់​ជារួម​សម្រាប់​ការកែលម្អ​បរិយាកាស និង​ទំនុកចិត្ត​នៃ​ការវិនិយោគ​នៅ​កម្ពុជា​ផងដែរ​។

ក្រៅពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ដែល​មាន​តួនាទី​ជា​អ្នកសម្របសម្រួល​អ្នកពាក់ព័ន្ធ​សំខាន់ៗ​របស់​កម្ពុជា​រួមមាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន​ពន្ធដារ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ក្រសួង​ពាណិជ្ជកម្ម ក្រសួង​រ៉ែ និង​ថាមពល អគ្គិសនី​កម្ពុជា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រសួងបរិស្ថាន និង​ក្រសួង​ស្ថាប័ន​ផ្សេងទៀត ដែល​អាច​ប្រែប្រួល​ទៅតាម​បញ្ហា​ប្រឈម​ដែល​លើកឡើង​ដោយ​ភាគី​ជប៉ុន​។

ការពិភាក្សា​បាន​ផ្តោតលើ​បញ្ហា​ដែលមាន​កម្រិត​បច្ចេកទេស​ខ្លាំង​ដូចជា​ (១) ​ការទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ (២) ​សំណើ​អនុវត្ត​ប្រព្រឹត្តិកម្ម​គណនេយ្យ​សម្រាប់​វិស័យ​កាត់ដេរ​ជាមួយ​នឹង​វិស័យ​កម្មន្តសាល​ទាំងមូល​ (៣) ​ការអនុវត្ត​នីតិវិធី​នាំចូល​រថយន្ត និង​ការប្រកួតប្រជែង​មិន​ស្មើភាព (៤) ​តារាង​តម្លៃ​អគ្គិសនី​ថ្មី (៥) ​បញ្ហា​ “​មូលនិធិ​ទេយ្យទាន​បរិស្ថាន​” ដែលជា​យន្តការ​ស្ម័គ្រចិត្ត និង​ “​មូលនិធិ​បរិស្ថាន និង​សង្គម​” ដែលជា​យន្ត​ការជាប់​កាតព្វកិច្ច (៦) ​ការពន្លឿន​ការបើក​ឱ្យ​ដំណើរការ​ច្រកព្រំដែន​អន្តរជាតិ​ស្ទឹង​បត់ និង (៧) ​ការអភិវឌ្ឍ​ធនធាន​មនុស្ស​បច្ចេកទេស​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ជប៉ុន​។

ការពិភាក្សា​ទល់មុខ​គ្នា​បាន​ជួយ​ឱ្យ​ភាគី​ទាំងសងខាង​ស្រាយ​បំភ្លឺ​អំពី​គម្លាត​នៃ​ការបកស្រាយ និង​ការអនុវត្ត​បទប្បញ្ញត្តិ​ថ្មីៗ​បង្ហាញ​ពី​សេចក្តី​កង្វល់​ទៅវិញទៅមក និង​ធ្វើ​បច្ចុប្បន្នភាព​លើ​បញ្ហា​គោលនយោបាយ​សំខាន់ៗ​។

សេចក្តី​កង្វល់​សំខាន់ៗ​មួយចំនួន​សម្រាប់​ក្រុមហ៊ុន​ជប៉ុន​គឺជា​បញ្ហា​ប្រឈម​ជា​លក្ខណៈ​រចនាសម្ព័ន្ធ​របស់​កម្ពុជា ដូចជា​ថ្លៃ​អគ្គិសនី​នៅ​ថ្លៃ​នៅឡើយ ការលំបាក​ក្នុង​ការបណ្តុះបណ្តាល និង​ស្វែងរក​ធនធាន​មនុស្ស​ថ្នាក់​គ្រប់គ្រង គុណភាព និង​ផលិតភាព​បុគ្គលិក ការដំឡើង​ប្រាក់​ឈ្នួល​របស់​កម្មករ ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ដែល​នៅ​មាន​កម្រិត​ទាប និង​ការលំបាក​ក្នុង​ការស្វែងរក​វត្ថុធាតុដើម​ និង​គ្រឿងបន្លាស់​ក្នុង​ស្រុក​។ ការផ្គត់ផ្គង់​វត្ថុធាតុដើម និង​គ្រឿងបន្លាស់​ក្នុង​ស្រុក​នៅ​កម្ពុជា​មាន​កម្រិត​ទាប​ណាស់ បើ​ធៀប​ទៅនឹង​តំបន់​។

យោងតាម​ការស្ទង់មតិ​ចុងក្រោយ​ដែល​ធ្វើឡើង​ដោយ​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​ជប៉ុន (JETRO) បាន​បង្ហាញថា នៅ​កម្ពុជា ធាតុ​ចូល​ក្នុង​ស្រុក​មានតែ ៥,៤ ភាគរយ​ប៉ុណ្ណោះ ​ដែល​អាច​ផ្គត់ផ្គង់​ទៅឱ្យ​ក្រុមហ៊ុន​ជប៉ុន​បើ​ប្រៀបធៀប​ទៅនឹង​អត្រា​យ៉ាង​ហោច​ណាស់ ២០ ​ភាគរយ​សម្រាប់​ប្រទេស​ដទៃទៀត​នៅក្នុង​តំបន់​។

បញ្ហា​ប្រឈម​ទាំងអស់​ខាងលើ​នេះហើយ​ដែល​ផ្តល់​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការតាក់តែង​បន្ថែម​នូវ​ខ្លឹមសារ​នៃ​យន្តការ​លើកទឹកចិត្ត​ថ្មី​នៃ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការវិនិយោគ​នេះ​។

ឧទាហរណ៍​ជាក់ស្តែង សេចក្តី​ព្រាង​ច្បាប់​នេះ​ផ្តល់នូវ​ការលើកលែង​អាករ​លើ​តម្លៃបន្ថែម​សម្រាប់​ការទិញ​ធាតុចូល​ផលិតកម្ម​ដែល​ផលិត​ក្នុងស្រុក​។ សេចក្តីព្រាងច្បាប់​នេះ​ក៏​ផ្តល់នូវ​អត្រា​កាត់កង​ចំណាយ​ពិសេស​ចំនួន​ ១៥០ ​ភាគរយ​ពី​មូលដ្ឋាន​គិត​ពន្ធ​សម្រាប់​ការចំណាយ​របស់​ក្រុមហ៊ុន​លើ​ការស្រាវជ្រាវ ការអភិវឌ្ឍ និង​នវានុវត្តន៍ ការអភិវឌ្ឍ​ធនធាន​មនុស្ស​តាមរយៈ​ការផ្តល់​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជំនាញ​ដល់​កម្មករ​និយោជិត​ខ្មែរ ការធ្វើ​ទំនើបកម្ម​គ្រឿង​ម៉ាស៊ីន​ដើម្បី​បម្រើ​ដល់​ខ្សែចង្វាក់​ផលិតកម្ម ការសាងសង់​កន្លែង​ស្នាក់នៅ អាហារដ្ឋាន ទារកដ្ឋាន ការផ្តល់​មធ្យោបាយ​ដឹកជញ្ជូន​ប្រកប​ដោយ​ផាសុកភាព និង​ការចំណាយ​ផ្សេងទៀត​ដែល​មាន​គោលបំណង​លើកកម្ពស់​សុខុមាលភាព​របស់​កម្មករ-និយោជិត​ខ្មែរ​។

ទាំងនេះ គឺជា​ការរក​ដំណោះស្រាយ​តាម​លក្ខណៈ​គោលនយោបាយ​ជាក់ស្តែង ដែល​ត្រូវ​បានផ្តល់​ដោយ​សេចក្តី​ព្រាងច្បាប់​ថ្មី​នេះ ដើម្បី​លើក​កម្ពស់​សមត្ថភាព​ប្រកួតប្រជែង​ក៏ដូចជា​ផ្តល់​ការគាំទ្រ​សុខុមាលភាព​ដល់​កម្មករ​ខ្មែរ ដែល​ជា​លទ្ធផល​ដំណោះស្រាយ​ទាំងនោះ​ក៏​អាច​ឆ្លើយតប​ផងដែរ ចំពោះ​បញ្ហា​ប្រឈម​នានា​ដែល​ត្រូវបាន​លើកឡើង​ដោយ​ក្រុមហ៊ុន​ជប៉ុន​ដូចខាងលើ​។

លើសពីនេះ​ទៀត ការលើកលែង​ពន្ធ​ត្រូវ​បាន​កែលម្អ​ដើម្បី​ធ្វើឱ្យ​មាន​លក្ខណៈ​កាន់តែ​អំណោយផល​សម្រាប់​គម្រោង​វិនិយោគ​ដែលមាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ (QIPs) ​ដែល​អាច​ទទួល​បាន​រយៈពេល​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​ពី ៣ ទៅ​ ៩ ​ឆ្នាំ គិត​ចាប់ពី​ពេលដែល​ទទួល​បាន​ប្រាក់ចំណូល​លើកដំបូង​។

បន្ទាប់ពី​ផុត​រយៈពេល​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល គម្រោង​ QIPs ​មាន​សិទ្ធិ​ទទួលបាន​ការលើកទឹកចិត្ត​ឱ្យ​បង់ពន្ធ​លើ​ប្រាក់​ចំណូល​តាម​អត្រាកំណើន​តាម​ពេល​សម្រាប់​រយៈពេល​ ៦ ​ឆ្នាំ​។ គម្រោង​ទាំងនោះ​មាន​សិទ្ធិ​នាំចូល​ដោយ​ពន្ធគយ អាករ​ពិសេស និង​អាករ​លើ​តម្លៃបន្ថែម​ជា​បន្ទុក​របស់​រដ្ឋ​។

ទាក់ទង​នឹង​ទិដ្ឋភាព​ប្រតិបត្តិការ​សេចក្តីព្រាងច្បាប់​នេះ​ក៏បាន​យកចិត្ត​ទុកដាក់​លើ​ការលើក​កម្ពស់​ការសម្របសម្រួល​វិនិយោគ​ជាពិសេស​តាមរយៈ​ការធ្វើ​ឱ្យ​ប្រសើរឡើង​នូវ​ “​យន្តការ​ច្រក​ចេញ-ចូល​តែមួយ​”​។

ឆ្លងកាត់​មេរៀន​បទពិសោធន៍​ពី​ស្ថានភាព​នៃ​ជំងឺ​កូវីដ​១៩ សេចក្តី​ព្រាង​ច្បាប់​នេះ​ក៏បាន​ផ្តល់​ដល់​រាជរដ្ឋាភិបាល​នូវ​ភាពបត់បែន​ក្នុង​ការផ្តល់​ការលើក​ទឹកចិត្ត​ពិសេស សម្រាប់​វិស័យ​អាទិភាព​ជាក់លាក់​ណាមួយ ដែល​យើង​មិនអាច​ព្រាង​ទុកជាមុន​បាន ឬ​វិស័យ​ឧស្សាហកម្ម​ទើប​កកើត​ថ្មី តាមរយៈ​ការដាក់បញ្ចូល​ទៅក្នុង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ដែល​ត្រូវ​ឆ្លង​សភា​ជា​រៀងរាល់​ឆ្នាំ​។

ស្ថិរភាព និង​ភាពអាច​ព្យាករ​បាន​គឺជា​គន្លឹះ​សម្រាប់​ទំនុកចិត្ត​វិនិយោគ​។ និយាយ​ផ្ទុយ​មកវិញ អស្ថិរភាព និង​ភាព​មិនអាច​ព្យាករ​បាន គឺជា​សត្រូវ​របស់​វិនិយោគិន​។ ទោះបី​ជា​មាន​ភាពទាក់ទាញ​តាមរយៈ​យន្ត​ការលើក​ទឹកចិត្ត​ក៏ដោយ វា​ជា​រឿង​ធម្មតា​ដែល​វិនិយោគិន​តែងតែ​ខិតខំ​ស្វែងយល់​ពី​ហានិភ័យ​ទុកជាមុន ហើយ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត ចំពោះ​ការផ្លាស់ប្តូរ​គោលនយោបាយ​ដែល​មាន​លក្ខណៈ​ប្រញាប់ប្រញាល់​ភ្លាមៗ​ដែល​អាច​បង្ក​ជាការ​រំខាន​ធ្ងន់ធ្ងរ​ដល់​ការរៀបចំ​ផែនការ វិនិយោគ​រយៈពេល​មធ្យម និង​វែង​។

ស្ថិរភាព​នយោបាយ​សង្គម និង​ម៉ាក្រូ​សេដ្ឋកិច្ច​រឹងមាំ គឺជា​ធនធាន​ដ៏សមប្រកប និង​អំណោយផល​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ ២ ​ទសវត្សរ៍​ចុងក្រោយ​នេះ​ដែល​ជា​កត្តា​ជំរុញ​កំណើន​ទំនុកចិត្ត​វិនិយោគ​កាន់តែខ្លាំង​ឡើង​។

យ៉ាងណាក្តី កម្ពុជា​នៅតែ​ត្រូវខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​ដើម្បី​ទទួលបាន​ការទុកចិត្ត និង​ការជឿជាក់​ពី​វិនិយោគិន ជាពិសេស​នៅក្នុង​ទិដ្ឋភាព​នៃ​ការរៀបចំ​ក្របខ័ណ្ឌ​ច្បាប់ និង​ភាពប្រាកដប្រជា​ក្នុង​ការអនុវត្ត​ជាក់ស្តែង ដើម្បី​រក្សា និង​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា​នៅក្នុង​តំបន់​៕

ស៊ឹម វីរៈ ទីប្រឹក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ (AVI)

អត្ថបទគួរចាប់អារម្មណ៍