The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ហេតុអ្វី​បាន​ជា​ដោះស្រាយ​បញ្ហា​សំរាម​យូរ​ឆ្នាំ​មិន​ចេញ?




ហេតុអ្វី​បាន​ជា​ដោះស្រាយ​បញ្ហា​សំរាម​យូរ​ឆ្នាំ​មិន​ចេញ?

Content image - Phnom Penh Post
ទិដ្ឋភាព​សំរាម​អណ្ដែត​ទឹក​តាមផ្លូវ​ក្នុង​ខណ្ឌដង្កោ​កាលពី​ម្សិល​។ ហេង ជីវ័ន

ហេតុអ្វី​បាន​ជា​ដោះស្រាយ​បញ្ហា​សំរាម​យូរ​ឆ្នាំ​មិន​ចេញ?

ប៉ុន្មាន​ថ្ងៃនេះ​ពលរដ្ឋ​នៅ​​រាជធានី​ភ្នំពេញ​មាន​ការត្អូញត្អែរ​យ៉ាងខ្លាំង​រឿង​ទឹក​លិច​ក្រុង និង​សំរាម ដែល​រសាត់​អណ្តែត​លើ​ផ្ទៃ​ទឹក​ស្ទើរ​គ្រប់​ច្រកល្ហក ​ខណៈ​មាន​ព្រឹត្តិការណ៍​ធំ​ ២ ​កើតឡើង​ផ្ទួនៗ​គឺ​ការធ្វើ​កូដកម្ម​របស់​​កម្មករ​ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ីនទ្រី​ផង និង​គាប់​ជួន​នឹង​ខ្យល់ព្យុះ​មក​បន្ត​គ្នា​ផង​ធ្វើឱ្យ​មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​ហើយ​មាន​រយៈពេល​យូរ​ទៀត​។

ករណី​ទាំងនេះ​បាន​ធ្វើឱ្យ​​មាន​ការបន្ទោស​គ្នា​ទៅវិញ​ពេញ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដោយ​អ្នកខ្លះ​ថា​មកពី​សាលា​រាជធានី​ ឬ​បណ្តា​ខណ្ឌ​គ្រប់គ្រង​សំណល់​រឹង​មិនល្អ ខ្លះ​ថា​មកពី​ក្រុមហ៊ុន​ស៊ីនទ្រី​រក​ដំណោះស្រាយ​បញ្ហា​កូដកម្ម​មិន​ចេញ​។ រីឯ​ខ្លះទៀត​​ថា​មកពី​ពលរដ្ឋ​ខ្លួនឯង​ហ្នឹង​ដែរ​មិន​បាន​វេចខ្ចប់​សំរាម​ត្រឹមត្រូវ​ដោយ​ទុក​រាយប៉ាយ​ពេញ​ផ្លូវ​។

ទោះ​ជា​យ៉ាងណា​ការចោទ​គ្នា​ទៅវិញ​ទៅមក​មិនមែន​ជា​ដំណោះស្រាយ​ទេ ហើយក៏​មិនមែន​ជា​រឿង​ចង្អុល​ដាក់គ្នា​ថា អ្នកមាន អ្នកមធ្យម សំរាម​តិច អ្នកក្រ​សំរាម​ច្រើន​នោះដែរ​។ ​ចុះបើ​មាន​អ្នកមាន ឬក៏​អ្នក​ធូរធារ​ហ្នឹង ហេតុអ្វី​ក៏​មិន​ជួយ​ចេញ​លុយ​ឱ្យ​ច្រើនជាង​អ្នកក្រ​ទៅ​? ​បើ​គ្រាន់តែ​សាកល្បង​ថា​តម្លៃ​ ២ ​ដុល្លារ​ក្នុង​ ១ ​ខែ ក៏​ចាប់ផ្តើម​មាន​ប្រតិកម្ម​ភ្លាម​ថា ថ្លៃ​ម្ល៉េះ​មិន​សម​នឹង​តម្លៃ​ហ្នឹង​ទេ​។

សួរថា តើ​ឱ្យ​ក្រុមហ៊ុន​ស៊ីនទ្រី​ប្រមូល​សំរាម​ហ្នឹង​យក​តម្លៃ​ ១ ដុល្លារ​សម្រាប់​ពលរដ្ឋ​តាំងពី​ឆ្នាំ​ ១៩៩៥ មក​ដល់​ឥឡូវ​មាន​រយៈពេល​ ២៥ ​ឆ្នាំ ខណៈ​ទំនិញ​ទីផ្សារ​ក៏​ចេះតែ​ឡើងថ្លៃ​ច្រើន​ទៅ​ឬ​? ​បើ​អ៊ីចឹង​សួរថា តើ​ឱ្យ​ក្រុមហ៊ុន​ដំឡើង​ថ្លៃ​ប្រាក់ខែ​ប្រាក់​បំណាច់ ប្រាក់​សោធន​ដល់​កម្មករ​ដូច​ម្តេចទៅ​? ហើយ​ប្រៀបធៀប​ជាមួយ​នឹង​កម្មករ​រោងចក្រ​ដែល​ចាប់ផ្តើម​ពី​ ៥០ ​ដុល្លារ​គឺ​ឡើង​រាល់​ឆ្នាំ​រហូតដល់​ជិត​ ២០០ ​ដុល្លារ​បើ​គិត​មក​ទល់​ត្រឹម​ខែកញ្ញា​ឆ្នាំ​ ២០២០ ​ដែល​រាជរដ្ឋាភិបាល​ទើប​បាន​សម្រេច​។

អ្វី​ដែល​ជា​លក្ខខណ្ឌ​ខុសគ្នា​មួយ​​ចំនួន​ទៀត​គឺ​កម្មករ​ប្រមូល​សំរាម​គ្នា​នៅ​ហាល​ក្តៅ ហាលខ្យល់ ហាលភ្លៀង ហើយ​ទទួល​​រង​ក្លិនស្អុយ​រាល់ថ្ងៃ ជាពិសេស​នោះ​គឺ​ងាយ​រងគ្រោះ​ពី​ជំងឺឆ្លង​ដោយសារ​សំណល់​វេជ្ជសាស្ត្រ​មួយចំនួន​។ ​នេះ​ជា​ចំណុច​ដែល​ត្រូវ​គិត​ពិចារណា​ទាំងអស់​គ្នា​ដើម្បី​រក​ដំណោះស្រាយ ព្រោះ​តាម​ការប៉ាន់ប្រមាណ​របស់​​ក្រសួង​បរិស្ថាន​ថ្មីៗ​នេះ គឺ​ក្នុង​ ១ ​ថ្ងៃៗ​ជា​មធ្យម​សំរាម​មាន​ជិត​ ៣ ​ពាន់​តោន​ទៅហើយ​។

កាលពី​ឆ្នាំមុន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​បញ្ជាក់ថា មិន​ទុកឱ្យ​ក្រុមហ៊ុន​ស៊ីនទ្រី​គ្រប់គ្រង​សំរាម​តែឯង​នោះទេ ហើយ​លោក​បាន​ជំរុញ​ឱ្យ​សាលា​រាជធានី​ភ្នំពេញ និង​សាលាខណ្ឌ​ត្រូវ​តែ​ដាក់ឱ្យ​ក្រុមហ៊ុន​ផ្សេង​ចូលរួម​ដេញថ្លៃ​ប្រកួតប្រជែង ក៏ប៉ុន្តែ​មកទល់​ពេល​នេះ​ទាំង​រដ្ឋបាល​រាជធានីភ្នំពេញ និង​សាលាខណ្ឌ​មិន​ទាន់​បាន​ឆ្លើយតប​នឹង​បទបញ្ជា​នេះ​ទេ ដោយ​បញ្ហា​កំពុងតែ​នៅ​ស្រកេកស្រកាក​នៅ​ឡើយ​ដែល​ចុងក្រោយ​ករណី​សំរាម​នេះ​បាន​ធ្លាក់​មកលើ​ខ្លួនឯង​ជា​អ្នកប្រមូល​ទៅវិញ ហើយ​នៅពេល​ភ្លៀង​លិចលង់​រាជធានី​សំរាម​បែរជា​អណ្តែត​ត្រៀបត្រា​។

ម្យ៉ាងទៀត​សកម្មភាព​ប្រមូល​សំរាម​នាពេល​នេះ​ក៏​មិនមែន​ជា​ដំណោះស្រាយ​យូរអង្វែង​ដែរ ពោល​គឺ​បាន​តែ​មួយ​ប្រាវ​តែប៉ុណ្ណោះ​។

ចំពោះ​បញ្ហា​សំរាម​នេះ អន្តរក្រសួង​មាន​ក្រសួង​បរិស្ថាន និង​ក្រសួងមហាផ្ទៃ​បានចេញ​សារាចរ​ស្តីពី​ការអនុវត្ត​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​សំរាម​ និង​សំណល់​រឹង​ទីប្រជុំជន​តាំងពី​ឆ្នាំ​ ២០១៥ ​មក​ម្ល៉េះ បន្ទាប់ពី​រាជរដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​លេខ​ ១១៣ អនក្រ បក ចុះ​ថ្ងៃទី​ ២៧ ខែសីហា ឆ្នាំ​ ២០១៥ ​ដែលមាន​គោលដៅ​ប្រគល់​មុខងារ​គ្រប់គ្រង​សំរាម និង​សំណល់រឹង​ទីប្រជុំជន​ទៅ​រដ្ឋបាល​រាជធានី ខេត្ត ក្រុង និង​ស្រុក​។ រីឯ​រដ្ឋបាល​រាជធានី​បាន​ធ្វើ​ប្រតិភូកម្ម​មុខងារ​នេះ​ទៅ​រដ្ឋបាល​ខណ្ឌ​បន្តទៀត​ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​កំណែទម្រង់​វិមជ្ឈការ​ និង​វិសហមជ្ឈការ​។ ​

ជាង​នេះ​ទៅ​ទៀត​ក្រសួង​បរិស្ថាន​ក៏​ធ្លាប់បាន​ផ្ទេរ​​ថវិកា​មួយចំនួន ដើម្បី​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​អនុវត្ត​ឱ្យមាន​ដំណើរការ​ទៅ​រលូន​ដែរ តែ​មុខងារ​គ្រប់គ្រង​សំរាម​នេះ មាន​លក្ខណៈ​ដោយឡែក​ខុស​ពី​មុខងារ​ផ្សេងៗ​ដែល​ភ្ជាប់​លក្ខខណ្ឌ​ជាមួយ​នឹង​ថវិកា គឺ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​មាន​លទ្ធភាព​អាច​ប្រមូល​ថវិកា ដែល​បានមក​ការប្រមូល​សំរាម​ពី​ពលរដ្ឋ​យក​មក​គ្រប់គ្រង​។ ​កាលពី​មុន​មាន​ការត្អូញត្អែរ​ពី​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ថា ថ្នាក់ជាតិ​ស្វិត​ណាស់​មិន​ផ្ទេរ​មុខងារ​ខ្លះមក​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ទេ តែ​ពេល​បាន​ផ្ទេរ​មុខងារ​គ្រប់គ្រង​សំរាម​នេះ​រយៈពេល​ ៥ ​ឆ្នាំ​ទៅ​ហើយ នៅតែ​មិនមាន​ដំណើរ​ការល្អ​ទៀត​។ ​

តើ​នេះ​មកពី​ខ្វះ​សមត្ថភាព​ក្នុងការ​គ្រប់គ្រង​ខ្លួនឯង​ផ្ទាល់​ ឬ​ក៏​នៅមាន​ការខ្វះខាត​យន្តការ​អ្វី​ទៀត​ចង់ឱ្យ​ថា្នក់​ជាតិ​ជួយ​? ​បើ​និយាយ​ពី​គោលការណ៍​ណែនាំ​ក៏មាន​តាំងពី​ចាប់ផ្តើម​អនុវត្ត​មក​ដែរ ហើយ​ថ្មីៗ​នេះ​ថា្នក់​ជាតិ​កំពុងតែ​បញ្ចប់​សេចក្តី​ព្រាង​គោលនយោបាយ​ស្តីពី​ការគ្រប់គ្រង​សំរាម សំណល់រឹង​ទីប្រជុំជន ២០១៩-២០២៨ ដើម្បី​ជំនួយស្មារតី​ដើម្បី​ពង្រឹង​ និង​ដោះស្រាយ​បញ្ហា​គ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន​។

បន្ទាប់ពី​ការភ្ជាប់​ការបង់ថ្លៃ​សំរាម​តាមរយៈ​វិក្កយបត្រ​ភ្លើង​ត្រូវបាន​ផ្តាច់ចេញ​តាំងពី​ដើម​​ឆ្នាំ​ ២០២០ ​នេះ​មក រដ្ឋបាល​រាជធានី​បានចេញ​សេចក្តី​ប្រកាស​ឱ្យ​ពលរដ្ឋ​បង់ប្រាក់​ថ្លៃ​សំរាម​តាម​ប្រព័ន្ធ​ធនាគារ និង​តាម​ក្រុមហ៊ុន​ផ្ទេរ​លុយ ដើម្បី​បង្ក​ការស្រួល​ក្នុង​ការបង់លុយ​។

ថ្វីដ្បិត​កន្លងមក មាន​ពលរដ្ឋ​ភាគច្រើន​បាន​បង់លុយ​យ៉ាង​ទៀងទាត់​តាម​ប្រព័ន្ធ​ឌីជីថល​កាត់​សេវា​ថ្លៃ​សំរាម​ពី​លេខ​គណនី​របស់​ផ្ទាល់ខ្លួន​ក្ដី តែ​ក៏​នៅមាន​អ្នក​មិន​បង់​សេវា​ហ្នឹង​ ឬ​ក៏​ភ្លេច​បង់​ដែរ​។ ​ចុះបើ​ពួកគាត់​​មិន​បង់ថ្លៃ​សំរាម​ហ្នឹង តើ​រដ្ឋបាល​រាជធានី​មាន​យន្តការ​អ្វី​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​នេះ​​ដែរ​ទេ​? ​ឈប់​ទៅ​ប្រមូល​សំរាម​ផ្ទះ​គាត់​? ​ផ្តាច់​ទឹក ឬក៏​ផ្តាច់​ភ្លើង​?

​ឬ​ក៏​ពិន័យ​ជា​ទឹកប្រាក់​គុណទ្វេដង​? ​នេះហើយ​ជា​បញ្ហា​ការគ្រប់គ្រង​សំរាម​ខុសពី​ការគ្រប់គ្រង​តាមរយៈ​ការបង់ថ្លៃ​ទឹក និង​ថ្លៃ​ភ្លើង​បើ​មិន​បង់​ផ្តាច់​អត់ឱ្យ​ប្រើប្រាស់​។ បើ​ហ៊ាន​តែ​សាក​ឈប់​ទៅយក​សំរាម​ផ្ទះ​គាត់ ពលរដ្ឋ​ដែល​ខិលខូច​ហ្នឹង​នៅ​តែ​យក​សំរាម​ទៅ​ចាក់ចោល​នៅលើ​ផ្លូវថ្នល់​សាធារណៈ ដែល​ជា​ហេតុ​ធ្វើឱ្យ​ស្ទះផ្លូវ​ស្ទះលូ​ដដែល​។

តាម​បទពិសោធ​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ឥណ្ឌូនេស៊ី រដ្ឋាភិបាល​គេ​បាន​គិតគូរ​បញ្ហា​សំរាម និង​សំណល់​រឹង​ហ្នឹង​ខ្លាំងណាស់ ហើយ​វិធីសាស្ត្រ​មួយ​ដែល​ប្រើ​នៅ​ទីក្រុង​ខ្លះ​គឺ​ការវិនិយោគ​សំរាម​ភ្ជាប់​ជាមួយ​នឹង​ការបង់ពន្ធ​ទៅលើ​ទំនិញ​មួយ​ចំនួន ជាពិសេស​ផលិតផល​ប្លាស្ទិក​ដែល​អ្នកមាន អ្នកធូរធារ​ប្រើប្រាស់ តែ​មិនមាន​ការយក​កម្រៃ​សេវា​ទេ​ដើម្បី​ជួយ​សម្រួល​ជីវភាព​អ្នកក្រីក្រ​ (The ASEAN Post, 6 July 2018)​។ ចំពោះ​ដំណោះស្រាយ​បែបនេះ​ក៏​ល្អ​ម្យ៉ាងដែរ ដែល​រាជរដ្ឋាភិបាល​គួរតែ​សិក្សា​ថា តើ​អាច​យកមក​ឆ្លើយតប​ទៅនឹង​បរិបទ​ស្រុក​ខ្មែរ​ដែរឬទេ​?

ជា​សរុប​មកវិញ រាល់​បញ្ហា​ត្រូវតែមាន​ដំណោះស្រាយ​ឱ្យ​សមស្រប​ជាជាង​ការបន្ទោស​គ្នា​ទៅវិញទៅមក ហើយ​ចំណុច​ដែល​អាច​ធ្វើ​បាន​នោះ​គឺ​រដ្ឋបាល​រាជធានី​គួរតែ​អញ្ជើញ​ភាគី​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​សំរាម​ចូលរួម​ពិគ្រោះ​យោបល់​គ្នា ទាំង​រដ្ឋបាល​ខណ្ឌ ទាំង​មន្ទីរ​បរិស្ថាន ទាំង​ក្រុមហ៊ុន​ប្រមូល​សំរាម ទាំង​តំណាង​ពលរដ្ឋ​លាយ​គ្នា​ទាំង​អ្នកមាន ទាំង​មធ្យម ទាំង​អ្នកក្រីក្រ ថា​តើ​តម្លៃ​សំរាម​ប៉ុន្មាន​ដែល​សមរម្យ​ដើម្បី​ផ្តល់​ឱកាស​ឱ្យ​ក្រុមហ៊ុន​មានលទ្ធភាព​ដំឡើង​ប្រាក់ខែ​ប្រាក់​បំណាច់​ ឬ​ក៏​ប្រាក់​ឧត្ថម្ភ​ផ្សេងៗ​ដល់​កម្មករ​ប្រមូល​សំរាម​ដែល​ប្រឈម​នឹង​បញ្ហា​សុខភាព​ខ្លាំង​ហើយ​ក៏​ដើម្បីឱ្យ​ពួកគេ​អាចមាន​លទ្ធភាព​​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​បាន​​ប្រសើរ​ផងដែរ​។

រីឯ​ការដេញ​ថ្លៃ​ក្រុមហ៊ុន​ប្រមូល​សំរាម​ក៏​ត្រូវ​ពន្លឿន​ផងដែរ ចៀសវាង​ការរង់ចាំ​ពី​ ១ ​ថ្ងៃ​ទៅ​ ១ ​ថ្ងៃ ហើយ​ពេល​ជួប​បញ្ហា​ដូច​សព្វថ្ងៃ​ទើប​ដោះស្រាយ​មួយ​ប្រាវ​ដោយ​បញ្ជា​ទាំង​មន្ត្រី​សាលាខណ្ឌ ទាំង​ប្រជាការពារ​ឱ្យ​ចូលរួម​។ ​ម្យ៉ាងទៀត​ត្រូវ​រៀបចំ​ និង​អនុវត្ត​ប្រព័ន្ធ​តាមដាន និង​វាយតម្លៃ​​ឱ្យបាន​ជាក់លាក់​ចំពោះ​ក្រុមហ៊ុន​ប្រមូល​សំរាម​ជាមួយ​នឹង​អនុវត្ត​វិធានការ​ផាកពិន័យ​ចំពោះ​ពលរដ្ឋ​ណា​ដែល​គេចវេះ​មិន​ព្រម​បង់ថ្លៃ​សេវា​ប្រមូល​សំរាម​នេះ​៕

ចូលរួម​ផ្តល់យោបល់​តាមរយៈ soprach.tong@phnompenhpost.com

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញ: អស់​រយៈពេល​ជិត​ ១១ ​ខែ បន្ទាប់ពី​ការដាក់​លក់​ដំណាក់កាល​ទី​ ១ ​ប្រកប​ដោយ​ជោគជ័យ​កាលពី​ខែធ្នូ​ឆ្នាំមុន Forest Harmony ជា​ក្រុមហ៊ុន​វិនិយោគ​រួម​រវាង​វិនិយោគិន​ក្នុង​ស្រុក និង​វិនិយោគិន​ជនជាតិ​បារាំង​កាលពី​ថ្ងៃ​សៅរ៍ បាន​ប្រកាស​បើក​ដំណើរការ​គម្រោង​អភិវឌ្ឍន៍​ដំណាក់កាល​ទី​ ២ ​របស់ខ្លួន​មាន​ឈ្មោះ​ថា Golf Harmony រួមមាន ទីលាន​វាយ​កូនហ្គោល និង​គម្រោង​អគារ​ខុនដូ​។

  • ភ្នំពេញ៖ បន្ទាប់​ពី​​​ការ​​ប្រឡង​​ប្រណាំង​​​ថត​វីដេអូ ​​ដើម្បី​ផ្សព្វផ្សាយ​​ពី​សក្តានុពល​នៃ​តំបន់​សហគមន៍​​​​ទេសចរណ៍ និង​​​​​អេកូ​ទេសចរណ៍​ ​បាន​រៀបចំ​​ ២ រដូវកាល​មក​​ហើយ​​ ខណៈ​​ការ​ប្រឡង​ប្រណាំង​រដូវកាល​ទី​៣ ​​​ឆ្នាំ ​២០២០​ ក៏​បាន​មក​​ដល់​​​។

  • ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​លោក​ ហង់ជួន ណារ៉ុន បានអនុញ្ញាត​ជា​​គោលការណ៍​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងអស់​អាច​ដំណើរការឡើង​វិញ​នូវ​សេវា​រថយន្ត​ដឹក​សិស្ស សេវា​បណ្ណាល័យ សកម្មភាព​អប់រំ​កាយ និង​កីឡា និង​សេវា​អាហារដ្ឋាន ប៉ុន្តែ​ត្រូវអនុវត្ត​នូវ​គោលការណ៍​ប្រតិបត្តិ​ស្តងដា​ (SOP) ​ឱ្យ​ម៉ឺងម៉ាត់​។

  • តាកែវៈ មន្ត្រី​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ឱ្យ​ដឹងថា សម្បុក​សត្វ​ចង្កៀលខ្យង​ជាង​ ២ ០០០ ​សម្បុក​ បានបង្ហាញ​វត្តមាន​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​ ១៥ ​ឆ្នាំ​ ដែល​នេះ​ជា​កំណត់ត្រា​ថ្មី​ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ ស្ថិត​ក្នុងស្រុក​បុរីជលសា និង​ស្រុក​កោះអណ្តែត ខេត្តតាកែវ​។

  • ស្ទឹងត្រែង/ភ្នំពេញៈ គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ (ice) ​ចំនួន​ ៤១ ​គីឡូក្រាម​ត្រូវ​បាន​មន្ត្រី​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នាថ្ងៃទី​ ២៤ តុលា បន្ទាប់ពី​បង្ក្រាប​នៅ​ស្រុក​បុរី​ឣូរស្វាយសែនជ័យ​ពី​ថ្ងៃ​ទី​ ២៣ តុលា ខណៈ​ម្ចាស់​កំពុង​រត់គេច​ខ្លួន​។

  • ភ្នំពេញៈ ក្រសួង​អប់រំ យុវជន​ និង​កីឡា​កំពុង​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ដើម្បី​រៀបចំ​តភ្ជាប់​ប្រព័ន្ធ​អ៊ីនធឺណិត​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ​​ក្នុង​រយៈពេល​ ៤ ​ឆ្នាំ​ (​ឆ្នាំ​ ២០២០-២០២៣) ​ដើម្បី​ផ្ដល់​ការរៀន​ និង​ការបង្រៀន​តាមបែប​ឌីជីថល​​ដែល​ការអនុវត្ត​ត្រូវធ្វើ​ឡើងជា​ជំហានៗ​ចាប់ពី​ចុងឆ្នាំ​នេះ​ទៅ​។