ជារឿយៗ​ហ្វេសប៊ុក​ផេក​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​តែងតែ​បង្ហោះ​លើក​ទឹកចិត្ត​ប្រជាពលដ្ឋ​ឲ្យ​រាយការណ៍​នូវ​ទីតាំង​ស្ថានភាព​ផ្លូវ​ខូច តាមរយៈ​ថតរូប​ផ្ញើ និង​បញ្ជាក់​ពី​ទីតាំង​ដើម្បី​ធ្វើការ​ជួសជុល ដែល​មាន​ក្រុម​ជួសជុល​ចល័ត​មាន​កូន​ម៉ាស៊ីន​តូច​សម្រាប់​អ៊ុត​។ តែមាន​ចម្ងល់​មួយ​ថា ចុះ​មន្ត្រី​សាធារណការ​ខ្លួនឯង​ហ្នឹង​ជិះ​កាត់​គេច​ជង្ហុក​សម្បុកមាន់ ឬ​ក៏​គម្រប​លូ​ដែល​ផុង​ចូល​ទៅក្នុង​ថ្នល់​ប្រវែង​ ១ ​តឹក​នៅ​តាម​មហាវិថី​ម៉ៅសេទុង និង​ផ្លូវ​ ៤៣២ ​ជិត​ផ្សារ​ទួលទំពូង​ជា​ឧទាហរណ៍ ហេតុអ្វី​បាន​ជា​មិន​រាយការណ៍​ទៅ​ខ្លួនឯង​ទៅ​? បើ​ផ្លូវ​សាធារណៈ​ទាំងនោះ​សាមញ្ញៗ​សោះ​ហ្នឹង​។

បញ្ហា​នេះ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាមផ្លូវ​មាន​ការធុញទ្រាន់​គម្រប​លូ​ដែល​ផុង​ចូលទៅក្នុង​ថ្នល់​ប្រវែង​ ១ ​តឹក​ហ្នឹង​ណាស់ គឺ​នៅពេល​ជិះ​មកដល់​នាំគ្នា​ជិះ​គេច អាច​ទៅ​ប៉ះ​អ្នក​ធ្វើ​ដំណើរ​ពីក្រោយ​ចូល​បន្ទាត់​របស់​គេ ហើយ​ប្រសិន​បើ​ម៉ូតូ​សប់​កង់​តឹង​វិញ បើក​ចូលក្នុង​ជង្ហុក​ល្បឿន​លឿន​តែ​បន្តិច​ដឹង​តែ​ក្រឡាច់​ចង្កូត​ដួល​នៅលើ​ផ្លូវ​តែម្តង​។

ជាពិសេស​ពេល​ភ្លៀង​ធ្លាក់​លិច​ផ្លូវ​គឺ​អ្នកបើកបរ​មិនបាន​ដឹង និង​ចំណាំ​ថា កន្លែង​ណា​មាន​ផុង​គម្រប​លូ​ទេ ដឹង​តែ​ទៅមុខ ហើយ​ពេល​ដែលមាន​បញ្ហា​ធា្លក់​លូ គ្មាន​នរណា​មកជួយ​ទេ​។ គម្រប​លូ​ដែក​ហ្នឹង​ពេល​ធ្វើ​លូ​ចោះ​ផ្លូវ​ធ្វើ​លូ ដល់​ពេល​ធ្វើ​ផ្លូវ​ពី​លូ​ហ្នឹង​ម្តង​កប់​គម្រប​លូ​ដែក​មូល​នៅលើ​ផ្លូវ ម្តង​ស្វាន​គាស់​ចេញ​វិញ បើក​មើល​លូ​ដល់​ពេល​បិទ​វិញ​បិទ​តែ​គម្រប​តែ​ចំហ​ថ្នល់​កៅស៊ូ​មើល​ទៅ​ប្រហោង​នៅ​កណ្តាលផ្លូវ​ទៅវិញ​។

ល្មម​តែ​មហាជន​រិះគន់​ថា ធ្វើលូ ខូច​ផ្លូវ ធ្វើ​ផ្លូវ​ខូច​លូ​ធ្វើ​យូរៗ​ទៅ​ខូច​ទាំង​ផ្លូវ​ខូច​ទាំង​លូ​មិន​ខុស​មែន​។ កន្លងមក​បើទោះបី​មាន​ការស្តីបន្ទោស​ធ្ងន់ៗ​ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ចំពោះ​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​រឿង​ជួសជុល​ផ្លូវ​នៅ​ភ្នំពេញ​នៅតែ​ខូច​ពីមុខ​ខូច​ពីក្រោយ​ក៏ដោយ ក៏​មកទល់​ពេល​នេះ​ផ្លូវ​ជួសជុល​បាន​គួរ​សមតែ​គម្រប​លូ​នៅលើ​ផ្លូវ​នៅតែ​មិនបាន​ជួសជុល​ដដែល មាន​គម្រប​លូ​លក្ខណៈ​ខ្ពស់​លើស​ថ្នល់​ និង​ខូង​ជង្ហុក​ធ្លាក់​ទាប​ជាង​ថ្នល់​សឹងតែ​គ្រប់​ផ្លូវ​។

តើ​ពេលណា​បាន​ការធ្វើ​ផ្លូវ និង​គម្រប​លូ​ធ្វើ​ដំណាលគ្នា​លើក​គម្រប​លូ​ឲ្យ​ស្មើនឹង​ថ្នល់​? ហើយ​ប្រសិន​បើ​ធ្វើ​ផ្លូវ​លើក​ក្រោយ គួរតែ​មាន​អ្នកបច្ចេកទេស​ធ្វើ​លូ​មកជួយ​ផង ដក​ថវិកា​មក​ចាយ​ជាមួយគ្នា ទោះបី​ជា​អង្គភាព​លូ និង​អង្គភាព​ផ្លូវថ្នល់​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​តាមរយៈ​ការធ្វើ​វិមជ្ឈការ​កាលពី​ឆ្នាំ​ ២០១៧ ​រាជដ្ឋាភិបាល​ចេញ​អនុក្រឹត្យ លេខ ០៦ អនក្រ.ក ស្តីពី​ការផ្ទេរ​ធនធាន​ហិរញ្ញវត្ថុ​មានភ្ជាប់​លក្ខខណ្ឌ​ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ករណី​ធ្វើ​មិន​បាន​បញ្ជាក់ថា សម្រាប់ធ្វើ​លូ​ក៏ដោយ តែ​កញ្ចប់​ថវិកា​ផ្ទេរ​ឲ្យ​ថ្នាក់ក្រោម​ជាតិ​ជួសជុល​ផ្លូវ ដាក់​ភ្ជាប់​សង់​គម្រប​លូ​ឡើង​ចាយ​ក្នុង​ខ្ទង់ចំណាយ​ជាមួយ​នឹង​ការធ្វើ​តែ​​ផ្លូវ​បាន​។

បើ​មិន​ដូច្នេះ​ទេ​សាលា​រាជធានី​ភ្នំពេញ ត្រូវ​រក​ខ្ទង់ចំណាយ ផ្សេង​មក​ជួសជុល​ធ្វើ​គម្រប​លូ​ឡើង​ឲ្យ​ស្មើនឹង​ថ្នល់ ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​អ្នក​ដំណើរ​កុំ​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ និង​ការកកស្ទះ​ចរាចរណ៍​នៅលើ​ដងផ្លូវ​ដោយសារ​តែ​គម្រប​លូ​ផុង​ចូល​ក្នុង​ថ្នល់​ដែលមាន​ទំហំ​ធំ​។

១ ​ឆ្នាំៗ​រដ្ឋសភា​អនុម័ត​ថវិកា​សម្រាប់​អភិវឌ្ឍ​រាជធានី​ភ្នំពេញ​ប្រមាណ​ជាង ២៧០ ​លាន​ដុល្លារ សម្រាប់​ជួសជុល ថែទាំ​ផ្លូវ​ក៏ត្រូវ​មើល​ទាំង​ផ្លូវ មើល​ទាំង​គម្រប​លូ​ហ្នឹង​ផង តែ​ឃើញតែ​រដ្ឋបាល​រាជធានី​ភ្នំពេញ​វិល​ទៅ​វិល​មក​ធ្វើ​តែ​សួនច្បារ គាស់​ឥដ្ឋ​ចាស់​ដាក់​ឥដ្ឋ​ថ្មី​ដដែលៗ​។

ប្រសិន​បើ​សាលា​រាជធានី​ខ្វះ​ថវិកា​ចំណាយ​ពី​ហ្នឹង​ទៀត រដ្ឋបាល​រាជធានី​អាច​យក​ថវិកា​ពី​ការប្រមូល​ប្រាក់ចំណូល​នៃ​ការលើក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​ធំៗ​តាមផ្លូវ​យកមក​អភិវឌ្ឍ​ជួសជុល​ផ្លូវ ឬក៏​គម្រប​លូ​នៅ​រាជធានី​បាន​។ ឬមួយ​ក៏​មិនមែន​មកពី​បញ្ហា​ថវិកា​ទេ តែ​មកពី​បច្ចេកទេស តិចណូឡូជី​នៅ​ស្រុក​ខ្មែរ​នៅ​ស្ទើរ​?

បើ​តាម​បទពិសោធ​នៅ​ប្រទេស​អាល្លឺម៉ង់​ដែលមាន​បច្ចេកទេស​ខ្ពស់​ក្នុងការ​សាងសង់ និង​ជួសជុល​ថែទាំ​គម្រប​លូ​ដែល​មាន​ឈ្មោះថា «Manwhole Cover Preparation in Germany» គឺ​គេ​មាន​ក្រុម​ការងារ​ជួសជុល និង​ថែទាំ​គម្រប​លូ​មាន​ក្រុមការងារ​ចុះ​ត្រួត​ពិនិត្យមើល​គម្រប​លូ​តាមផ្លូវ​សាធារណៈ​។ បន្ទាប់ពី​ជួសជុល​គម្របលូ​ហើយ ឃើញ​ថា​ផ្លូវ និង​គម្រប​លូ​ស្មើគ្នា​ធេង​តែម្តង​។

ហេតុ​ដូច្នេះហើយ​ក្រុម​ការងារ​មន្ទីរសាធារណការ និង​ដឹកជញ្ជូន​រាជធានី ដែល​ជា​សេនាធិការ​ឱ្យ​​រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រូវតែ​ពង្រឹង​កិច្ចការងារ​របស់ខ្លួន​ឡើងវិញ​ថា តើ​បញ្ហា​គម្រប​លូ​ផុង​ចូល​ក្នុង​ថ្នល់ និង​បញ្ហា​ផ្លូវ​ក្រហូង​សម្បុក​មាន់​ដែល​ត្រូវ​ដោះស្រាយ​ហ្នឹង​មកពី​ខ្វះ​ថវិកា​ ឬ​ក៏​ខ្វះ​បច្ចេកទេស ខ្វះ​បច្ចេកវិទ្យា​ទំនើប​? ជា​ជាង​ទុកចោល​ចង់​អ្នកដំណើរ​ជិះ​តាម​ផ្លូវ​រាល់ថ្ងៃ​នៅ​រាជធានី​ភ្នំពេញ​ហ្នឹង​ផុង​ធ្លាក់ចុះ​គម្រប​លូ ឬក៏​គេច​គម្រប​លូ​ផុង​ហ្នឹង​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​។

តាម​របាយការណ៍​ពី​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក (​គ.ស.ច.គ​) ​បាន​បង្ហាញថា ក្នុង​រយៈពេល​ឆមាស​ទី​ ១ ឆ្នាំ​ ២០២០ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​បាន​កើតឡើង​ចំនួន​ ១ ៦១៩ ​លើក​ក្នុង​នោះ​បណ្ដាល​ឲ្យ​អ្នកស្លាប់​ចំនួន ៨១៩ ​នាក់ និង របួស​ចំនួន ២ ៤៤៩ ​នាក់​។ នៅក្នុង​របាយការណ៍​បាន​បញ្ជាក់ថា នៅ​​រាជធានី​ភ្នំពេញ​មាន​ចំនួន​អ្នកស្លាប់​ច្រើន​ជាងគេ​រហូត​ដល់​ទៅ ១៤៦ ​នាក់​៕

ចូលរួម​ផ្តល់យោបល់​តាមរយៈ soprach.tong@phnompenhpost.com