The Phnom Penh Post Search

Search form

ហេតុអ្វី​បាន​ជា ​របប​ខ្មែរក្រហម​ មិន​ចាយប្រាក់​?

Content image - Phnom Penh Post
លុយ​ដែល​គេ​បោះពុម្ព​ក្នុង​ជំនាន់​ខ្មែរក្រហម តែ​មិន​ឲ្យ​ចាយ​។ រូបថត ហ្វេសប៊ុក

ហេតុអ្វី​បាន​ជា ​របប​ខ្មែរក្រហម​ មិន​ចាយប្រាក់​?

ធ្មេច​បើកៗ​តែ​មួយ​ប៉ប្រិច​ភ្នែក​យើង​ឈាន​ដល់​ ៣៩ ​ឆ្នាំ​នៃ​ការ​ដួលរលំ​របប​ខ្មែរក្រហម​កន្លង​ផុត​ទៅ​។

ប៉ុន្ដែ​អ្វី​ជា​ចំណោទ​បញ្ហា​បន្សល់​មក​ដល់​សព្វ​ថ្ងៃ​ចំពោះ​ការ​កាន់កាប់​អំណាច​ពី​ឆ្នាំ​ ១៩៧៥ ​ដល់​ ១៩៧៩ ​គឺ​ការ​អនុវត្ដ​គោលនយោបាយ​សេដ្ឋកិច្ច​ពុំ​ចាយប្រាក់​បើ​ទោះបី​យើង​ឃើញ​មាន​ការ​បោះពុម្ព​ក្រដាស​ប្រាក់​ប្រភេទ ០,១ ០,៥ ១០ ១៥ ៥០ និង​ ១០០ ​រៀល​ដោយ​ចុះ​កាលបរិច្ឆេទ​ឆ្នាំ​ ១៩៧៥ ​យ៉ាង​នេះ​ក្ដី​។ តើ​ហេតុអ្វី​បាន​ជា​របប​ខ្មែរក្រហម​មិន​ចាយប្រាក់​?

នេះ​ជា​សំណួរ​ដ៏ពេញនិយម​បំផុត​! ​ហើយ​ក៏​ជា​ចម្លើយ​ដ៏ស្មុគស្មាញ​បំផុត​ផង​ដែរ​! ​ប៉ុន្ដែ​រាល់​រឿងរ៉ាវ​ទាំងអស់​នេះ​យើង​ប្រាកដ​ជា​រក​ពន្លឺ​ឃើញ​ប្រសិន​យើង​ម្នាក់ៗ​ផ្អែក​លើ​ទស្សនៈ​វិទ្យាសាស្ដ្រ ហើយ​កុំ​ផ្អែក​លើ​ទស្សនៈ​មនោគមន៍​វិជ្ជា​នយោបាយ​នោះ​ដើម្បី​ទុក​ជា​គតិ​ពិចារណា​ទាំងអស់​គ្នា​ហើយ​ចៀសវាង​បង្ក​ការ​ឈឺចាប់​ដល់​ប្រជាជន និង​ប្រទេស​ជាតិ​ម្ដង​ទៀត​។

សំណួរ​នេះ​យើង​ត្រូវ​ដឹង​ថា​ក្នុង​ការ​គ្រប់គ្រង​រដ្ឋ​នីមួយៗ​លើ​លោក​បើ​និយាយ​ពី​មេដឹកនាំ​តែង​មាន​ទ្រឹស្ដី​ដើម្បី​កំណត់​កម្មវិធី​នយោបាយ​របស់​ខ្លួន​។

ហេតុ​នេះ​របប​ខ្មែរក្រហម​ក៏​ដូច្នោះ​ដែរ ចំពោះ​មូលហេតុ​របប​ខ្មែរក្រហម​អនុវត្ដ​នយោបាយ​មិន​ចាយ​ប្រាក់​នេះ​គឺ​ប្រាកដ​ណាស់​! ដោយ​យោង​លើ​ទ្រឹស្ដី​របស់​ទស្សនវិទូ​សេដ្ឋកិច្ច​ជនជាតិ​បារាំង​ដ៏ល្បីល្បាញ​គួរ​ឲ្យ​ខ្លាច​ឈ្មោះ Pirere-Joseph Prou-dhon(​ព្យែរ៍ ហ្សូស៊ែហ្វ ព្រូដូន​) ពី​ឆ្នាំ​ ១៨០៩ ​ដល់​ ១៨៦៥ ​ដោយ​បាន​បោះពុម្ព​ផ្សាយ​ជា​ស្នាដៃ​ដ៏ធំ​សម្បើម​មួយ​មាន​ចំណង​ជើង​ថា​ «Solution of The Social Problem ដំណោះស្រាយ​បញ្ហា​សង្គម​» ក្នុង​នោះ​លោក​បាន​ស្នើ​នូវ​ទស្សនទាន​ថា​ «The Bank of the People ធនាគារ​របស់​ប្រជាជន​» ជា​ «​ឥណទាន​ដោយ​មិន​គិត​ថ្លៃ​គឺ​ការ​លុប​បំបាត់​ប្រាក់​» ​នេះ​ឯង​។

ដោយ​លោក ព្រូដូន បាន​អះអាង​ថា​គ្រឹះ​នៃ​ទ្រព្យសម្បត្ដិ​របស់​មនុស្សជាតិ​មាន​លក្ខណៈ​ដូចៗ​គ្នា​គឺ​ស្មើភាព​ និង​សេរីភាព​។ បើ​ដូច្នេះ​កម្មសិទ្ធិ​គឺជា​ចោរកម្ម​។ ​ផ្ដើម​ចេញ​ពី​មាគ៌ា​នេះ​លោក​ព្រូដូន​ក៏​បាន​ស្នើ​ទៀត​ថា បន្ទាប់មក​រដ្ឋាភិបាល​ក៏​ត្រូវ​លុប​ចោល​ផង​ដែរ​ដោយ​ផ្អែក​លើ​លទ្ធផល​កំណែ​ទម្រង់​របស់​ខ្លួន​សម្រេច​បាន​ក្នុង «​ការ​ពង្រីក​បញ្ចូល​គ្នា​នៃ​វណ្ណៈ​» ហើយ​មាន​តែ​វណ្ណៈ​ពលករ​ដែល​ផលិតផល​ពលកម្ម​របស់​ខ្លួន​ត្រូវ​បាន​ដោះដូរ​តាម​តម្លៃ​ពិតប្រាកដ​។

ត្រង់​ចំណុច​នេះ​សំដៅ​ដល់ ​«​ការ​បញ្ចប់​វិវាទ​» ​រវាង​វណ្ណៈ​ខ្លាំង និង​វណ្ណៈ​ខ្សោយ​។ បើ​ហេតុ​នេះ​ចំពោះ​រដ្ឋាភិបាល​បើ​ស្ថិត​នៅ​ក៏​គ្មាន​ប្រយោជន៍​អ្វី​ដែរ ព្រោះ​វណ្ណៈ​មូលធន និង​ពលកម្ម​ត្រូវ​បាន​ធ្វើឲ្យ​ដូច​គ្នា​ក្នុង​សង្គម​ដែល​អាច​រស់រាន​បាន​ដោយ​ខ្លួនឯង​។ បើ​ដូច្នេះ​គឺ​ «​ពុំ​ចាំបាច់​ត្រូវការ​រដ្ឋាភិបាល​» ​នោះ​ទេ​។

ដោយ​ស្ថិត​ក្នុង​ទ្រឹស្ដី​នេះ​ហើយ​ទើប​របប​ខ្មែរក្រហម​មិន​ចាយប្រាក់​នោះ​ពិសេស​សូម្បី​អង្គការ​រដ្ឋាភិបាល​នេះ​ទៀត​សោត​ក៏​ដូច្នោះ​ដែរ​គឺ​គេ​ស្គាល់​ត្រឹម​តែ​ឈ្មោះ​អង្គការ​ប៉ុណ្ណោះ​។

ជាក់ស្ដែង​រហូត​មក​ទល់​សព្វថ្ងៃ​គឺ​មាន​ចម្ងល់​ជាច្រើន​បាន​រាវរក និង​ចោទ​សួរ​យ៉ាង​ព្រោងព្រាត​ថា តើ​អង្គការ​ជា​នរណា​?

អ្វី​ដែល​កាន់តែ​ច្បាស់​ថែម​ទៀត​នោះ​លោក ខៀវ សំផន ជាទូទៅ​គេ​ស្គាល់​ថា​ជា​ឥស្សរជន​ជាន់​ខ្ពស់​បំផុត​ខ្មែរ​ក្រហម​បើ​ពិនិត្យ​និក្ខេបបទ​របស់លោក​ជា​បណ្ឌិត​នៅ​ស្រុក​បារាំង​ឆ្នាំ​ ១៩៥៩ ​ក៏​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​នឹង​ទ្រឹស្ដី​លោក ព្រូដូន នេះ​ផង​ដែរ​ដោយ​ក្នុង​នោះ​លោក​ក៏​បាន​ស្នើ​យ៉ាង​ក្បោះក្បាយ​ថា​ «​រូបិយប័ណ្ណ​ត្រូវ​លុប​បំបាត់​ចោល​» ​ហើយ​ការ​ជួញដូរ ឬ​ពាណិជ្ជកម្ម​ក្នុង​ស្រុក​ត្រូវ​ធ្វើ​តាមរយៈ​ការ​ដោះដូរ​របស់របរ​គ្នា​តែ​ប៉ុណ្ណោះ ។

ដោយ​ហេតុ​នេះ​បើ​ថ្លែង​ពី​ទ្រឹស្ដី​លោក​ ព្រូដូន ​នេះ​ផង​ដែរ​គឺ​ពុំ​មាន​ប្រទេស​ណា​អនុវត្ដ​នោះ​ទេ​លើក​លែង​តែ​របប​ខ្មែរក្រហម​ប៉ុណ្ណោះ ហើយ​ចំពោះ​ប្រវត្ដិ​ទៀត​សោត​លោក​ត្រូវ​បាន​អាជ្ញាធរ​បារាំង​នា​សម័យ​នោះ​ចាប់​ដាក់​គុក​ជាច្រើន​លើក ពិសេស​ស្នាដៃ​របស់​លោក​ជាច្រើន​សូម្បី​តែ​រោងពុម្ព​ក៏​គេ​ពុំ​ហ៊ាន​ទទួល​បោះពុម្ព​ផង​ដែរ​។ ដោយសារ​តែ​កត្ដា​នេះ​ចុងក្រោយ​លោក ព្រូដូន និង​ក្រុមគ្រួសារ​បាន​រត់គេច​ខ្លួន​ចេញ​ពី​ពន្ធនាគារ​ទៅ​ប្រទេស​ប៊ែលហ្ស៊ិក​។

ដោយ​ឈរ​លើ​មូលដ្ឋាន​ដូច​ខាង​លើ​នេះ​ខ្ញុំ​យល់​ថា​ចំពោះ​ទស្សនទាន​អ្នក​ប្រវត្ដិសាស្ដ្រ អ្នក​នយោបាយ​ដែល​អះអាង​ «​អំពី​គោលនយោបាយ​របប​ខ្មែរក្រហម​បាន​ដើរ​តាម​ទ្រឹស្ដីលទ្ធិ​ម៉ៅ សេទុង ឬ​ប្រទេស​ចិន​នោះ​គឺ​ពិតជា​ពុំ​មាន​មូលដ្ឋាន​រឹងមាំ​» ​នោះ​ទេ​ដោយ​ហេតុ​ថា​សូម្បីតែ​ពិនិត្យ​ពី​និស្សិត​ខ្មែរ​ទៅ​រៀន​នៅ​ក្រៅ​ប្រទេស​ជា​អាទិ៍​៖ ប្រទេស​ចិន និង​បារាំង​ក៏​យើង​នឹង​ឃើញ​ផង​ដែរ​ថា​ចំពោះ​និស្សិត​ខ្មែរ​រៀន​នៅ​ចិន​គឺ​គ្រាន់​តែ​ចង់​យក​ចំណេះវិជ្ជា​ដើម្បី​កសាង​ខ្លួន​ និង​ប្រទេស​តែ​ប៉ុណ្ណោះ​ដោយ​ពុំ​មាន​គំនិត​ចង់​ធ្វើ​ជា​កុម្មុយនីស្ដ​នោះ​ទេ​។ ​

តែ​ដោយ​ទ្បែក​ចំពោះ​និស្សិត​ពី​បារាំង​វិញ​គឺ​ភាគច្រើន​ចង់​ធ្វើ​ជា​កុម្មុយនីស្ដ​ដូច​យើង​ឃើញ​ក្នុង​ប្រវត្ដិសាស្ដ្រ​ពី​ឆ្នាំ ​១៩៧៥ ​ជា​ភ័ស្ដុតាង​។ ចំពោះ​បញ្ហា​នេះ​បណ្ដាល​មកពី​ប្រព័ន្ធ​គ្រប់គ្រង​បារាំង​មាន​លក្ខណ​ពិសេស​ ២ ​យ៉ាង​គឺ​ទី​មួយ​៖ រាល់​ការ​ទាមទារ​អ្វីៗ​ចេញពី​បាតុកម្ម និង ទី​ ២៖ ​ទស្សនៈ​កុម្មុយនីស្ដ​នេះ​ឯង​៕

រត្ន័ សណ្ដាប់
អ្នក​ជំនាញ​អរិយធម៌​ខ្មែរ

អត្ថបទគួរចាប់អារម្មណ៍