រឿងស្ទះចរាចរណ៍នៅភ្នំពេញក៏ដូចបណ្ដាខេត្តឥឡូវធ្វើឲ្យអ្នកបើកបរត្អូញត្អែរ និងកាន់តែធុញទ្រាន់ទៅៗហើយក៏មានការបន្ទោសគ្នាទៅវិញទៅមកដូចជាខ្លះថាមកពីម៉ូតូបើកចូលក្នុងបន្ទាត់ខណ្ឌបែងចែកផ្លូវហៅថាឡេន (Lane) របស់ឡាន អ្នកម៉ូតូថាឡានឥឡូវមកដណ្តើមឡេនម៉ូតូធ្វើឲ្យអ្នកបើកម៉ូតូឡើងលើចិញ្ចើមផ្លូវ រីឯអ្នកបើកកង់បីក៏ចេះតែបើកចូលកន្លែងណាក៏ដោយឲ្យតែទំនេរចេះតែចូលហើយ រីឯខ្លះទៀតបន្ទោសការចតរថយន្តនៅលើផ្លូវចូលហាង ឬក៏លក់ដូរចូលទ្រូងផ្លូវថ្នល់ ឬក៏យកចំណីផ្លូវធ្វើរោងការ ធ្វើរោងខួបកំណើត ខួបអាពាហ៍ពិពាហ៍របស់អ្នកធំ ឧកញ៉ាៗ ឬពិធីបុណ្យផ្សេងៗដែលបណ្តាលឲ្យស្ទះចរាចរណ៍ផងដែរ។
ប៉ុន្តែ ទោះបីជាចង្អៀតផ្លូវស្ទះចរាចរណ៍យ៉ាងណាក៏ដោយ ក៏អ្នកបើកបរមានការភ័យខ្លាចនាំគ្នាគេចចូលខាងដែរនៅពេលឃើញឡានពន្លត់អគ្គិភ័យ ឡានប៉ូលិស ឬក៏ប៉េអឹមស៊ីរ៉ែនចុះបង្ក្រាបបាតុកម្មម្តងៗ ឬក៏ក្បួនអ្នកធំៗមានឡានស៊ីរ៉ែននាំពីមុខក៏តាំងខ្លាចនាំគ្នាចូលខាងអស់។
ផ្ទុយទៅវិញបើឡានពេទ្យសង្គ្រោះបន្ទាន់វិញទោះជាខំស៊ីរ៉ែនចង់បែកសំឡេងទៀតក៏ពុំសូវមានអ្នកបើកបរណាយកចិត្តទុកដាក់អែបខាងឲ្យដែរនៅពេលស្ទះចរាចរណ៍ម្តងៗ ឬក៏ផ្លូវធម្មតានោះ។
បើទោះបីជាច្បាប់ចរាចរណ៍ផ្លូវគោកបានចែងយ៉ាងច្បាស់ថារថយន្តសាមុយសង្គ្រោះបន្ទាន់ត្រូវបានផ្តល់អាទិភាពក្នុងករណីបំពេញភារកិច្ចសង្គ្រោះបន្ទាន់នៅមាត្រា ១៦ និងមាត្រា ១៧ ថា៖«...អ្នកបើកបរត្រូវបន្ថយល្បឿនក្នុងករណីដូចខាងក្រោម៖ ...កាលណាមានយានយន្តដែលកំពុងបំពេញភារកិច្ចរបស់នគរបាល យោធា កងរាជអាវុធហត្ថ ក្បួនគណៈប្រតិភូ ក្បួនថ្នាក់ដឹកនាំជាន់ខ្ពស់ យានយន្តពន្លត់អគ្គិភ័យ យានយន្តសង្គ្រោះរបស់មន្ទីរពេទ្យ មានបន្លឺសូរសព្ទ ឬក៏ភ្លើងសញ្ញា ឬក៏យានយន្តផ្សេងទៀតបន្លឺសូរសព្ទ ឬភ្លើងសញ្ញាអ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវបន្ថយល្បឿនហើយបើកបរអែបទៅខាងស្តាំបើចាំបាច់ត្រូវឈប់នៅកៀនបំផុតដែលអាចធ្វើទៅបានដើម្បីសម្រួលផ្លូវឲ្យយានយន្តទាំងនេះធ្វើដំណើរប្រកបដោយសុវត្ថិភាព»។
នេះមកពីឡានពេទ្យសង្គ្រោះបន្ទាន់គ្មានអំណាចនៅក្នុងសង្គមមិនតែប៉ុណ្ណោះមានអ្នកបើកបរខ្លះខំទាញផលប្រយោជន៍ពីឡានពេទ្យទៅវិញនៅពេលដែលគេបើកផ្លូវឲ្យគឺខំបើកតាមក្រោយឡានពេទ្យនោះគឺធ្វើដូចជាបងប្អូនគ្រួសារជនរងគ្រោះយ៉ាងដូច្នេះដែរ។ សម្រាប់រថយន្តដែលមានអំណាចវិញគ្រាន់តែម៉ូតូបើកនាំមុខភ្ញៀវទេសចរ ចិន និងវៀតណាមមកទស្សនកិច្ចនៅប្រទេសកម្ពុជាសោះក៏នាំគ្នាបើកស៊ីរ៉ែនបញ្ច្រាសទិសក៏បានដែរចង់អ្នកណាស្ទះអីក៏ស្ទះទៅ។
ជាងនេះទៅទៀត អំណាចមែនទែននៅលើផ្លូវគឺឡានណាដែលមានស្លាកលេខ នគរបាល ឬខេមរភូមិន្ទគឺនាំគ្នាគេចខ្លាចគេបុកហើយគេចុះសម្លុតរកវ៉ៃទៀតព្រោះឥឡូវមានស្លាកលេខស្របច្បាប់សម្រាប់បង្ហាញសាច់ដុំមួយទៀតដោយបិទតែមស្លាកសញ្ញាស្ថាប័នប្រដាប់អាវុធ។
ពិសេស ដូចកាលពីមុនព្រឹត្តិការណ៍ប្រយុទ្ធគ្នាថ្ងៃ ៥-៦ ខែកក្កដាឆ្នាំ ១៩៩៧ គឺមានឡានចល័តទ័ពពេញទីក្រុងមិនដឹងជាខាងណាខាងណីទេគឺឥរិយាបថអ្នកបើកបរមានការភ័យខ្លាចហើយគោរពគ្នាណាស់បើទោះបីជាបុកគ្នាក៏លែងគិតគូររឿងសំណង ឬក៏ទូរស័ព្ទឆ្វេចឆ្វាចរកបក្ខពួកមកអន្តរាគមន៍រឿងគ្រោះថ្នាក់ចរាចរណ៍ដែរគឺបានត្រឹមតែសុំទោសគ្នាចែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន។
ពេលខ្លះគ្រាន់តែថ្នាក់ដឹកនាំទៅលម្ហែកាយ ទៅមើលចម្ការ លេងវាយកូនគោល ទៅលេងល្បែងជល់មាន់សោះ ក៏មានឡានស៊ីរ៉ែន ឬក៏ម៉ូតូអមឲ្យប្រជាពលរដ្ឋបើកគេចផ្លូវក្បួនទាំងនោះដែរ។
ចំណុចនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ថាចំពោះឡានស៊ីរ៉ែនសូរបន្លឺប្រើបានតែ ៣ ថ្នាក់ទេក្នុងពេលបំពេញបេសកកម្មគឺប្រធានព្រឹទ្ធសភា ប្រធានសភា និងនាយករដ្ឋមន្ត្រីទេក្រៅពីនោះគ្មានសិទ្ធិនោះឡើយ។
ប៉ុន្តែការដែលអ្នកបើកបរមួយចំនួនមិនគោរពឡានពេទ្យដឹកអ្នកជំងឺសង្គ្រោះបន្ទាន់នេះបណ្តាលមកពីច្បាប់ចរាចរណ៍ថ្មីដែលសភាទើបតែធ្វើវិសោធនកម្មកាលពីសប្តាហ៍មុននេះគឺអ្នកបើកបរម៉ូតូមិនចាំបាច់មានប័ណ្ណបើកបរទេមានន័យថាមិនចាំបាច់រៀនច្បាប់ចរាចរណ៍ មិនយល់ដឹងអំពីរថយន្តអាទិភាពដែរ? ឬក៏មកពីឡានពេទ្យ និងឡានពន្លត់អគ្គិភ័យត្រូវបានគេរិះគន់ និងមិនសូវបានគោរពដោយសារតែគេខំបើកផ្លូវឲ្យតែនៅពេលដល់ដឹកអ្នកជំងឺដោយគ្រោះថ្នាក់ចរាចរណ៍លើផ្លូវបែរទៅជាកំពុងតថ្លៃរឿងដឹកអ្នកជំងឺទៅវិញ ឬក៏អ្នកទៅដឹកនោះគ្មានវិជ្ជាជីវៈសង្គ្រោះបឋម (First Aid)? ម្យ៉ាងទៀតឡានទឹកក៏ដូចគ្នាដែរខំប្រញិបប្រញាប់ៗគេបើកផ្លូវឲ្យហើយទៅដល់កន្លែងផ្ទះឆេះក៏នៅតថ្លៃជាមួយម្ចាស់ផ្ទះកំពុងឆេះ ឬក៏អ្នកជិតខាងផ្ទះឆេះលុយមិនដល់មិនបាញ់ ឬក៏បាញ់ធ្វើជារិកៗដូចមិនដែលបានរៀនវិធីសា្រស្តក្នុងការប្រើប្រាស់ម៉ាស៊ីនបាញ់ទឹកនោះអ៊ីចឹង។ ជាមួយគ្នានេះអ្នកបើកបរឡានពេទ្យ និងឡានទឹកក៏គ្មានសីលធម៌ដែរអាងតែថាឡានរបស់ខ្លួនមានអាទិភាពគឺមានករណីបើកបុកអ្នកដំណើរតាមផ្លូវក៏មាន ឬក៏បើកព្រហើនរហូតក្រឡាប់ខ្លួនឯងបណ្តាលឲ្យអ្នកជំងឺក្នុងរថយន្តនោះស្លាប់ទៀតផងដូចករណីអ្នកចម្រៀង វណ្ណ មករា មិនស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ខ្លួនឯងទេគឺស្លាប់ដោយសារឡានពេទ្យសង្គ្រោះបន្ទាន់បើកក្រឡាប់នៅផ្លូវកំពង់សោមកាលពីឆ្នាំទៅ។
បញ្ហាឥរិយាបថអ្នកបើកបរមួយចំនួនដែលមិនគោរពរថយន្តពេទ្យសង្គ្រោះបន្ទាន់អាទិភាពនៅពេលស្ទះចរាចរណ៍ជារឿងមួយតែរឿងដែលសំខាន់គឺនៅកន្លែងស្ទះនោះគ្មានមន្ត្រីនគរបាលចរាចរណ៍ដែលប្រចាំការទេ។
មន្ត្រីទាំងនោះចប់ម៉ោង ៥ ល្ងាចគឺគាត់ចប់ភារកិច្ចទៅផ្ទះដែរទុកឲ្យស្ទះអី ស្ទះទៅ ពួកគាត់មិនខ្វល់ទេឆ្លើយតែមួយម៉ាត់ប្រាក់ខែមិនគ្រប់គឺចប់តែពួកគាត់ហាក់ដូចជាខំប្រឹងធ្វើចរាចរណ៍កន្លែងដែលត្រូវគេសង់រោងនៅលើផ្លូវទៅវិញបើទោះបីជាយប់អធ្រាត្រយ៉ាងណាក៏ដោយ។
តើហេតុអ្វីបានជាពួកគាត់ទទួលប្រាក់ខែពីការបង់ពន្ធរបស់ប្រជាពលរដ្ឋហើយតែមិនបម្រើប្រជាពលរដ្ឋឲ្យពេញដៃពេញជើងទៅវិញ? ហេតុអ្វីបានជាមន្ត្រីប៉ូលិសចរាចរណ៍មិនចែកវេនគ្នាធ្វើចរាចរណ៍ដើម្បីដោះស្រាយការកកស្ទះ និងជួយសម្រួលដល់រថយន្តអាទិភាព?
ករណីនេះបើធ្វើការប្រៀបធៀបជាមួយចរាចរណ៍នៅប្រទេសថៃវិញគឺមន្ត្រីប៉ូលិសចរាចរណ៍របស់គេធ្វើការដល់ពេលយប់ក៏មានដែរគឺធ្វើយ៉ាងណាដោះស្រាយការកកស្ទះ និងបញ្ហារថយន្តអាទិភាព។
យ៉ាងណាមិញមានករណីខ្លះដែលបានកើតឡើងនៅប្រទេសបារាំងកាលពីឆ្នាំ ២០០៥ ដែលខ្ញុំបានស្តាប់អ្នកបើកបរបានជួបប្រទះហេតុការណ៍នៅទីក្រុង ប៉ារីស ដែលមានករណីប៉ូលិសចាប់ប៉ូលិសគឺនៅពេលដែលមានរថយន្តប៉ូលិស ដែលខ្ជិលរង់ចាំពេលកកស្ទះចរាចរណ៍គឺគាត់បើកឡានស៊ីរ៉ែនដែលគ្មានអ្វីត្រូវសង្គ្រោះបន្ទាន់សោះក្នុងគោលបំណងឲ្យគេចៀសពីមុខឡានគាត់។
រំពេចនោះស្រាប់តែមានប៉ូលិសមួយក្រុមផ្សេងមកចាប់ប៉ូលិសដែលបើកឡានស៊ីរ៉ែនខុសច្បាប់នោះព្រោះគ្មានករណីបំពេញភារកិច្ចបន្ទាន់។ ហេតុដូច្នេះមេរៀនទាំងនេះក៏គួរតែអនុវត្តនៅស្រុកខ្មែរផងដែរមិនមែនមានន័យថាឲ្យតែខ្លួនបើកឡានមានអាទិភាពតែគ្មានសកម្មភាពត្រូវសង្គ្រោះបន្ទាន់ចេះតែធ្វើអ្វីតាមចិត្តនោះទេគឺសមត្ថកិច្ចក៏ត្រូវតែចាប់ដែរ។
រីឯដំណោះស្រាយបញ្ហាមិនគោរពច្បាប់សិទ្ធិរថយន្តអាទិភាពទាំងនោះគឺតម្រូវឲ្យមានសមភាពនឹងគ្នារវាងអ្នកបើករថយន្តអាទិភាព និងអ្នកបើកបរតាមផ្លូវសាធារណៈមិនត្រូវកេងប្រវ័ញ្ចគ្នានោះទេ។
ទី ១) បើគ្មានការចាំបាច់ទេរថយន្តសង្គ្រោះបន្ទាន់មិនគួរបើកស៊ីរ៉ែន ឬក៏ប្រើប្រាស់ល្បឿនហួសកំណត់ពេកទេបើមិនទាន់បានដឹកអ្នកជំងឺនៅក្នុងឡាននោះ ឬក៏មានករណីឲ្យការណ៍មកថាគ្រោះថ្នាក់ចរាចរណ៍មិនធ្ងន់ធ្ងរទេនោះ។
ទី ២) គ្មានការចរចារឿងតម្លៃដឹកអ្នកជំងឺនោះទេហើយក៏មិនត្រូវគិតថ្លៃដែរគឺគិតត្រឹមតែថ្លៃព្យាបាលនៅមន្ទីរពេទ្យគ្រប់គ្រាន់ហើយរីឯឡានទឹកក៏ដូចគ្នាដែរបាញ់ឲ្យមានវិជ្ជាជីវៈផងប្រសិនបើម្ចាស់ផ្ទះជូនជាសគុណគឺអាស្រ័យទៅលើគុណធម៌របស់គេមិនត្រូវជំរិតទារប្រាក់ដែលគ្នាកំពុងរងគ្រោះឆេះផ្ទះហើយបែរជាទារលុយគ្នាថែមទៀតឡើយ។
ទី ៣) អ្នកបើកបរតាមផ្លូវសាធារណៈទូទៅក៏ត្រូវគិតពីច្បាប់ផ្តល់អាទិភាពឲ្យរថយន្តទាំងនេះដោយគិតជាសាមញ្ញថាជាលក្ខណៈយល់ញាតិខ្លះទៅអាចម្តងគេម្តងយើងទេភាពជាមនុស្សចំពោះករណីសង្គ្រោះបន្ទាន់ជួនគ្រោះថ្នាក់កើតឡើងជាយថាហេតុដោយគ្មានអ្នកណាអាចមើលឃើញមុនឡើយ។
គឺធ្វើអ្វីដែលអាចចូលរួមចំណែកជួយសង្គ្រោះអាយុជីវិតបានធ្វើទៅបើគ្រាន់តែអែបផ្លូវឲ្យសោះគ្មានអ្វីដែលជាការលំបាកទេកុំចាំតែរថយន្តមានអំណាចដែលទោះបីជាបើកបរខុសច្បាប់ក៏នាំគ្នាខ្លាចដែរនោះ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com