ផ្អែកលើសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា រៀងរាល់ឆ្នាំបង្ហាញតែចំនួននិស្សិតអាហារូបករណ៍បរទេសមករៀននៅស្រុកខ្មែរ និងចំនួននិស្សិតខ្មែរទៅរៀននៅបរទេសតាមរយៈក្រសួងអប់រំប៉ុណ្ណោះ។ តែនៅក្នុងរបាយការណ៍មិនបានបញ្ជាក់ពីទិន្នន័យនៃចំនួននិស្សិតដែលបានទទួលអាហារូបករណ៍ទៅរៀននៅបរទេសត្រឡប់មកវិញ ហើយបើនិស្សិតដែលបង់លុយទៅរៀនសាកលវិទ្យាល័យនៅបរទេសជាលក្ខណៈឯកជនវិញ រឹតតែគ្មានទន្និន័យទៅទៀត។
តើរាជរដ្ឋាភិបាលគួរពិចារណាស្វែងរកយន្តការណាមួយសមស្របដើម្បីទាក់ទាញនិស្សិតដែលទៅរៀននៅបរទេសទាំងអាហារូបករណ៍ និងទាំងឯកជនក្តីឲ្យពួកគេវិលត្រឡប់មកអភិវឌ្ឍប្រទេសជាតិវិញជាមួយនឹងការរៀបចំផែនការជាតិចំពោះធនធានមនុស្សក្នុងស្រុកដែលមានស្រាប់ ?
ចំពោះការខកខានមិនបានរាយការណ៍នូវអាំងឌីកាទ័រពីចំនួននិស្សិតដែលទៅរៀននៅបរទេស ហើយត្រឡប់មកវិញប៉ុន្មាននាក់ មិនត្រឡប់មកវិញប៉ុន្មាននាក់នេះមានតាំងពីយូរឆ្នាំមកហើយ ព្រោះក្រសួងអប់រំមិនមានគោលការណ៍ជាក់លាក់ចំពោះពួកគេ អ៊ីចឹងហើយទើបបានជាមានតែទិន្នន័យនៅក្នុងប្រព័ន្ធបន្តិចបន្តួចហ្នឹងទៅ។ ចំពោះអ្នកត្រឡប់មកមាតុប្រទេសវិញ ហើយចុះបញ្ជីថា ខ្លួនបានទៅរៀន ប៉ុន្តែក្រៅពីនេះរដ្ឋាភិបាលមិនអាចគ្រប់គ្រងទិន្នន័យនិស្សិតទាំងនោះបានទេ។
ម្យ៉ាងវិញទៀតបញ្ហាការបាត់បង់និស្សិតដែលទៅរៀននៅប្រទេសរីកចម្រើនរួចហើយ តែមិនត្រឡប់មកវិញនេះ មិនមែនមានតែនិស្សិតអាហារូបករណ៍ ឬក៏តាមរយៈឯកជននៅស្រុកខ្មែរទេ តែនៅប្រទេសក្រីក្រ និងមានចំណូលមធ្យមក៏នាំគ្នាគេចខ្លួន ឬក៏ចូលសញ្ជាតិដើម្បីមានសិទ្ធិរស់រាននៅប្រទេសគេដែរ ដោយសារកត្តាសេដ្ឋកិច្ច និងការងារធ្វើឲ្យអ្នកមានចំណេះចាប់ពីកម្រិតបរិញ្ញាបត្រឡើងទៅដល់ថ្នាក់ក្រោយបណ្ឌិតទៀតក៏បញ្ហាទីផ្សារការងារ (Brain drain) នៃប្រទេសអភិវឌ្ឍន៍ដែលពួកគេធ្លាប់បានទៅសិក្សានៅទីនោះ ឬក៏ឆ្លងទៅប្រទេសទី ៣ ផ្សេងទៀតក៏មានដែរ។
ដំបូងឡើយនិស្សិតម្នាក់ៗបន់ឲ្យតែបានទៅរៀននៅប្រទេសជឿនលឿន សង្ឃឹមថានឹងត្រឡប់មកមាតុប្រទេសវិញ ស្រាប់តែពេលទៅដល់ទីនោះមើលទៅដូចជាទំនងក៏ចាប់ផ្តើមរកលេសគេចវេះងឿកចង់ទៅនៅទីនោះតែម្តង។
ដោយលើកហេតុផលថាចង់ឲ្យកូនបានរៀនសាលាល្អ ឬក៏ងាយស្រួលរកការងារធ្វើនៅទីនោះហើយអ្នកខ្លះទៀតគឺមានបំណងចង់ទៅនៅស្រុកគេតែម្តងគឺតាមរយៈបង់លុយសាលាហើយព្យាយាមចូលសញ្ជាតិដើម្បីទៅរស់នៅស្រុកគេតែម្តង។ នេះគឺជាហេតុផលចម្បងថា វាជាសកលភាវូបនីយកម្មដោយសារមានជំនឿលើប្រទេសលោកខាងលិចថាមានស្តង់ដារ ហើយរិះគន់ប្រទេសខ្លួនទៅវិញ។ នេះបើតាមទ្រឹស្តីរបស់អ្នកស្រាវជ្រាវពាណិជ្ជសាស្ត្រ Thomas Maak and Nicola Pless ឆ្នាំ ២០០៧។
តែផ្ទុយទៅវិញអ្នកស្រាវជ្រាវសង្គមវិទូ Sousa Santos ឆ្នាំ ២០០៥ រកឃើញថា ការដែលមានជំនឿទៅលើប្រទេសលោកខាងលិចនោះគឺមកពីមិនមានការខិតខំប្រឹងប្រែងជំនួសផ្នែកខាងក្នុងខ្លួនឯងដោយចាប់ផ្តើមមកពីខាងក្រោម «from below»។ ឧទាហរណ៍ហេតុអ្វីបានជាប្រទេសគុយបាមានវេជ្ជបណ្ឌិត និងការព្យាបាលមានកម្រិតខ្ពស់នៅលើសកលលោក?
ចម្លើយយ៉ាងសាមញ្ញគឺមកពីប្រទេសនេះមានជំនឿលើកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនផ្ទាល់។
ទោះបីជារដ្ឋាភិបាលប្រទេសក្រីក្រ និងអភិវឌ្ឍន៍មធ្យមមិនអាចឃាត់ឃាំងចំពោះបញ្ហានិស្សិតមួយចំនួនដែលទៅសិក្សានៅបរទេស ហើយមិនត្រឡប់មកវិញក៏ដោយ ក៏ប្រទេសខ្លះគឺមានគោលនយោបាយច្បាស់លាស់របស់គេដើម្បីទាក់ទាញ និស្សិតដែលបានទទួលអាហារូបករណ៍ទៅសិក្សានៅបរទេស និងទៅសិក្សាតាមរយៈឯកជនក្តីឲ្យត្រឡប់មកមាតុប្រទេសវិញ។
នៅប្រទេសចិនកាលពីឆ្នាំ ២០១៧ រដ្ឋាភិបាលចិនគឺបានលើកយកបញ្ហានិស្សិតដែលទៅរៀននៅបរទេសមកដាក់ជាយុទ្ធសាស្ត្រសម្រាប់អភិវឌ្ឍធនធានមនុស្សនៅអង្គសន្និសីទពិគ្រោះយោបល់នយោបាយថ្នាក់ជាតិរបស់ប្រជាជនចិន គឺដើម្បីឲ្យស្របទៅនឹងគោលនយោបាយជាតិពីផ្លូវមួយ ខ្សែក្រវាត់មួយ «One Road One Belt»។
បើតាមរបាយការណ៍របស់ក្រសួងអប់រំចិនគឺ ៨០ ភាគរយនៃនិស្សិតទៅរៀនសរុប ៤៣២ ៥០០ នាក់ និង ៩៨ ភាគរយនៃនិស្សិតអាហារូបករណ៍ចំនួន ៣០ ០០០ នាក់របស់រដ្ឋាភិបាលដែលពួកគេបានវិលត្រលប់មកស្រុកវិញ នេះគឺជាទិន្នន័យនៅក្នុងឆ្នាំ ២០១៦។
អតីតគោលនយោបាយកូនតែមួយរបស់ចិន គឺជារឿងមួយដែលចូលរួមចំណែកទាក់ទាញនិស្សិតចិនឲ្យត្រឡប់មកជួបជុំគ្រួសារវិញ។ តែបញ្ហាដំណោះស្រាយធំនោះគឺរដ្ឋាភិបាលចិនផ្តល់ទីផ្សារការងារកាន់តែច្រើនសម្រាប់ពួកគេនៅតាមទីក្រុងទំនើបដើម្បីឆ្លើយតបទៅនឹងចំណេះដឹងដែលពួកគេបានសិក្សាពីបរទេសនោះហើយប្រាក់ខែក៏ដំឡើងទៅតាមទីផ្សារផងដែរ ជាពិសេសរដ្ឋាភិបាលបានទាក់ទាញអតីតនិស្សិតចិនដែលធ្វើការនៅប្រទេសជឿនលឿនដោយឲ្យប្រាក់ខែប្រហាក់ប្រហែលគ្នាដើម្បីឲ្យពួកគេវិលត្រឡប់មកជួយកសាងប្រទេសជាតិគេវិញ។
ជាងនេះទៅទៀត និស្សិតចិនកាលពី ២០ ឆ្នាំមុនត្រឡប់មកស្រុកវិញដោយលើកឡើងនូវទិសស្លោកថា៖ «ប្រទេសជាតិ ត្រូវការខ្ញុំ!» ប៉ុន្តែឥឡូវគេប្តូរមកថា៖ «ខ្ញុំត្រូវការប្រទេសជាតិខ្ញុំ!»។
ចុះស្រុកខ្មែរយើងវិញ តើមានអ្វីខ្លះ ឬក៏គោលនយោបាយជាក់លាក់អ្វីខ្លះ ដើម្បីទាក់ទាញឲ្យអតីតនិស្សិតសិក្សានៅបរទេសនោះត្រឡប់មកវិញ?
រីឯកាតព្វកិច្ចរបស់និស្សិតដែលបានទៅរៀននៅបរទេសហើយតម្រូវឲ្យត្រឡប់មកស្រុកវិញបានដែរទេ ជាជាងឆ្លៀតឱកាសលួចចូលសញ្ជាតិ ហើយសំងំសុខស្រួលដោយបើកភ្នែកឡើងរិះគន់រដ្ឋាភិបាលទៅវិញនោះ។ តែប្រសិនបើ មានលក្ខខណ្ឌខ្លះ និស្សិតមានឱកាសធ្វើការយកបទពិសោធនៅទីនោះក្តី ឬក៏នៅប្រទេសផ្សេងៗទៀតក្តី ហើយមានបំណងនឹងវិលត្រឡប់មកស្រុកវិញក៏ល្អម្យ៉ាងដែរ ប្រសិនបើមានឆន្ទៈដូចនេះ ដើម្បីយកបទពិសោធកម្រិតអន្តរជាតិ ឬក៏កម្រិតតំបន់ក្តី។
សរុបមកវិញចំណុចនេះគួរតែមានកិច្ចព្រមព្រៀងស្រុះស្រួលគ្នាទាំង ២ ភាគីរវាងរដ្ឋាភិបាល និងអតីតនិស្សិតមកពីបរទេស មានន័យថា រាជរដ្ឋាភិបាលគួរតែចាប់ផ្តើមបើកឲ្យមានការចុះឈ្មោះនិស្សិតដែលទៅរៀននៅបរទេសដោយសារអាហារូបករណ៍ ឬក៏ដោយសារឯកជនក្តីដោយបញ្ចូលគ្នាទាំងអស់សិន ។
រីឯ អតីតនិស្សិតធ្លាប់ទៅរៀននៅបរទេសទាំងអស់គួរតែមានឆន្ទៈចុះក្នុងបញ្ជីផងដែរ ជាពិសេសលោក លោកស្រីដែលជាថ្នាក់ដឹកនាំស្ថាប័ននានាក៏គួរតែចាប់ផ្តើមបើកផ្លូវផងដែរដើម្បីឲ្យរដ្ឋាភិបាលដឹងថា ធនធានមនុស្សមានចំនួនប៉ុន្មាននាក់មកពីបរទេសវិញ ហើយបាត់ធនធានណាខ្លះ ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com