ភ្នំពេញ : តាមរយៈទិន្នន័យជំរឿនឆ្នាំ២០០៨ បានបញ្ជាក់ពីនិន្នាការថយចុះជាងពាក់កណ្តាលនូវអត្រាលទ្ធភាពបង្កើតកូនចំពោះស្រី្តម្នាក់ក្នុងអំឡុងពេលជិត៣០ឆ្នាំមកនេះ គឺ៦,៦ នៅឆ្នាំ១៩៨២ មក ៤ នៅឆ្នាំ ២០០០ និង៣,១ នៅឆ្នាំ ២០០៦ តាមលំដាប់លំដោយ។ តែការថយចុះនេះ មិនបានបែងចែកច្បាស់លាស់ថា តើប្រជាជនខ្មែរមានប៉ុន្មាន និងជនជាតិភាគតិច (ដូចជា ខ្មែរមូស្លីម ចិន វៀតណាម និងជនជាតិនានាតាមតំបន់ខ្ពង់រាប)មានប៉ុន្មានទេ ពោលគឺគ្រាន់តែបញ្ជាក់ហេតុផលចម្បងមួយចំនួន តាមរយៈឯកសារផ្សេងៗ ដោយបញ្ហាសេដ្ឋកិច្ចគ្រួសារ ភាពក្រីក្រ សុខភាព ផែនការគ្រួសារ និងការអប់រំកុមារ ជាដើម។ល។វីគីផិដដៀ(Wikipedia, 2011) បានប៉ាន់ស្មានថា ជនជាតិភាគតិចច្រើនដែលរស់នៅក្នុងប្រទេសកម្ពុជាគឺ ខ្មែរអ៊ិស្លាមចំនួនប្រហែល ៣១៧ ០០០ នាក់ ចិនចំនួនប្រហែល១,២ លាននាក់ និងវៀតណាមប្រហែល ១,៩ លាននាក់។ ការដែលមិនបង្ហាញពីការបែងចែកអត្រាបង្កើតកូនរវាងប្រជាជនខ្មែរជាម្ចាស់ស្រុក និងជនជាតិភាគតិច៣នេះ ដែលជាចំណុចគួរឲ្យព្រួយបារម្ភទាំងបច្ចុប្បន្ន និងពេលអនាគត។ យើងទទួលស្គាល់ការលំបាកដោយសារកត្តាសេដ្ឋកិច្ចគ្រួសារ និងសុខភាពស្រ្តី បានជាខិតខំលើកទឹកចិត្តពួកគាត់ឲ្យធ្វើផែនការគ្រួសារតាមរយៈការពន្យារកំណើតជាដើម។ ហេតុដូចនេះ ហើយធ្វើឲ្យអត្រាបង្កើតកូនមានការថយចុះទ្វេដង។ ប៉ុន្តែសំណួរសួរថា តើមានអ្វីកើតឡើងនាពេលដ៏ខ្លីខាងមុខនេះ បើសិនជាខ្មែរយើងចេះតែនាំគ្នាពន្យារកំណើត និងបញ្ឈប់កំណើតទាំងអ្នកមាន(ចង់បានកូនតិច) និងអ្នកក្រ (មិនមានលទ្ធភាពចិញ្ចឹមកូន)? តើជនជាតិភាគតិចទាំង៣នេះ គេធ្វើដូចយើងដែរឬទេ? តាមបទពិសោធ និងការសង្កេតរបស់ខ្ញុំ បើនិយាយពីប្រពៃណីជនជាតិអ៊ិស្លាមវិញគឺបុរសអាចមានសិទ្ធិយកប្រពន្ធស្របច្បាប់ចំនួន៤ ឲ្យតែមានលទ្ធភាពចិញ្ចឹមនិងផ្តល់ការផ្គត់ផ្គង់គ្រប់គ្រាន់ ហើយចំពោះស្រី្តវិញ កម្រមកទទួលសេវាពន្យារកំណើត និងបញ្ឈប់កំណើតណាស់។ ចំណែកឯស្រី្តវៀត-ណាមវិញ ក៏មិនខុសពីស្រី្តអ៊ិស្លាមប៉ុន្មានដែរ តែស្រី្តចិនវិញមានទំនោរទៅរកសេវាពន្យារកំណើតដូចស្រ្តីខ្មែរដែរ ជាពិសេសរកការប្រឹក្សាផ្តល់សេវា នៅគ្លីនិកចិនដូចគ្នា។ បច្ចុប្បន្ននេះបុរសខ្មែរដែលធូរធារ និងមានលទ្ធភាពចិញ្ចឹមកូនបានច្រើនវិញខុសពីបុរសអ៊ិស្លាមពីព្រោះបើយកប្រពន្ធទៅខ្លាចផ្ទុយនឹងច្បាប់ឯកពន្ធភាព។ តាមការពិតបើទោះបីជាមានច្បាប់ឯកពន្ធភាពក៏បុរសខ្មែរធូរធារមួយចំនួនធំមិនដឹង ឬធ្វើមិនដឹងមិនឮចំពោះច្បាប់នេះដែរ ដោយលួចទៅចិញ្ចឹមស្រី និងតារាក្មេងៗយ៉ាងព្រងើយ។ បើយោងតាមសារព័ត៌មានជាតិ និងអន្តរ-ជាតិ តាតាខ្លះរហូតដល់ទិញឲ្យស្រីស្នេហ៍ទាំងនោះនូវផ្ទះវីឡា ផ្ទះមួយជុង រថយន្តទំនើបៗ ទូរស័ព្ទដៃ (iPhone 4G) និងចេញលុយឲ្យដើរលេងនៅបរទេសទៀតផង។ ហេតុអ្វីបានជា បុរស ដែលមានលុយចាយមិនអស់ទាំងនោះមិនធ្វើវិនិយោគនិងបណ្តុះបណ្តាលធនធានមនុស្សជាមួយនឹងការបង្កើនចំនួនកូនរបស់ខ្លូនឯង ដើម្បីកសាងប្រទេសជាតិនាពេលអនាគត? ជាទីបញ្ចប់ តាំងចាប់ផ្តើមមានវិប្បដិសារីចំពោះរឿងអាស្រូវនេះ។ ដោយសារឥរិយាបថរបស់ជនជាតិខ្មែរ ខុសគ្នាជនជាតិភាគតិចខ្មែរអ៊ិស្លាម និងវៀតណាមនេះ ខ្ញុំគិតថា ជនជាតិភាគតិចទាំងពីរនេះ មានចេតនាបង្កើតចំនួនកូនឲ្យបានច្រើនជាងជនជាតិខ្មែរម្ចាស់ប្រទេស។ ចំណុចដែលគួរពិចារណានា ពេលអនាគតគឺ៖ទី១- អាចប៉ះពាល់ការបោះឆ្នោតដើម្បីដឹកនំាប្រទេស។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានលើកឡើងថា ប្រធានាធិបតីអាមេរិកបច្ចុប្បន្ន លោក បារ៉ាក់ អូបាម៉ា ជាជនជាតិអាមេរិកស្បែកខ្មៅ។ ការជាប់ឆ្នោត គឺដោយសារ ជនជាតិអាមេរិកស្បែកខ្មៅ ដែលមានចំនួនច្រើនឡើងៗ នៅសហរដ្ឋអាមេរិកជាអ្នកបោះឆ្នោតជូនលោក បារ៉ាក់ អូបាម៉ា។ ទី២- បើអត្រាបង្កើតកូនចេះតែធ្លាក់ទៅៗអាចធ្វើឲ្យប៉ះពាល់វិនិយោគទុនផងដែរ។ ឧទាហរណ៍ វិនិយោគិនឥឡូវបែរទៅរកប្រទេសណា ដែលមានប្រជាជនច្រើនទៅវិញ ដែលធ្វើឲ្យប្រទេសទាំងនោះ មានកំណើនសេដ្ឋកិច្ចខ្ពស់ទៀតផង ដូចជា ប្រទេសចិន និងឥណ្ឌា ជាដើម ហើយរបស់របរប្រើប្រាស់នៅលើពិភពលោកភាគច្រើនផលិតនៅប្រទេសចិន និងមានតម្លៃថោកទៀត។ ចំណែកឯថ្នាំពេទ្យរបស់ប្រទេសឥណ្ឌាក៏វាយលុកទីផ្សារធំៗដែរ។ សម្រាប់ការវាយតម្លៃសេដ្ឋកិច្ចសកលនៅត្រីមាសដំបូងនៅឆ្នាំនេះ កំណើនវិស័យសេវាកម្មបានធ្លាក់ចុះនៅអាមេរិក និងតំបន់អឺរ៉ុប ប៉ុន្តែបានកើនឡើងលឿននៅប្រទេសចិន និងឥណ្ឌាទៅវិញ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។ យ៉ាងណាមិញ យើងក៏មិនដឹងនូវអត្រាបង្កើតកូនរបស់ជនអន្តោប្រវេសន៍ ដូចដែលសព្វថ្ងៃនេះ នៅប្រទេសយើងមានចម្រុះជាតិសាសន៍ដូចក្លិបបាល់ទាត់នៅប្រឺម៉ាញេលីកនៅអង់គ្លេសអ៊ីចឹង មិនដឹងថា រស់នៅស្រប-ច្បាប់ឬមិនស្របច្បាប់ទេ។ មានតាំងពីអ្នកដើរលក់មុង កីឡាករបាល់ទាត់ អ្នកផ្សព្វផ្សាយសាសនា អ្នកលក់តុកក្តាតាមថ្នល់ អ្នកទិញអេតចាយ អ្នករកត្រី ជាងសំណង់...។ល។ ហើយមានការព្រួយបារម្ភពីការចូលមកស្រុកខ្មែរជារបៀបមកធ្វើទេសចរណ៍ មិនដឹងថា ត្រឡប់ទៅប្រទេសគេវិញ ឬអត់ បើនិយាយពីប៉ាស្ព័រ នៅផ្ទះជួល សណ្ឋាគារ ឬផ្ទះសំណាក់មួយចំនួនធំមិនបានឆែក និងដកប៉ាស្ព័រទុកសម្រាប់អាជ្ញាធរសមត្ថកិច្ចទេ ដែលខុសពីប្រទេសជិតខាងយើងគឺគេដកប៉ាស្ព័រទាំងអស់។ ចំពោះការអនុវត្តច្បាប់អន្តោប្រវេសន៍ដែលបានអនុម័តតាំងពីឆ្នាំ ១៩៩៤ នូវមានការធូរលុងនៅឡើយដូចសព្វថ្ងៃនេះ។ ចំណែកឯនៅប្រទេសបារាំងជាប្រទេសដែលធ្លាប់ត្រូវបានគេទទួលស្គាល់ថា ជាប្រទេសទទួលជនអន្តោប្រវេសន៍គ្រប់ជាតិសាសន៍ តែដោយសារវិបតិ្តសេដ្ឋកិច្ចសកល និងកំណើនអត្រាអត់ការងារធ្វើ ធ្វើឲ្យប្រទេសបារាំងកំពុងបដិសេធមិនទទួលជនអន្តោ-ប្រវេសន៍ទុយនីស៊ី ២ ម៉ឺននាក់ ពីប្រទេសអីុតាលី រហូតដល់មានការប្តឹងប្តល់គ្នាមើលមុខគ្នាមិនចំ រហូតដល់ប្រជុំសហគមន៍អឺរ៉ុបទៀត។ នេះមកពីបញ្ហាមានច្រើននៅប្រទេសលោកខាងលិច រហូតដល់មិនអាចទទួលសិទ្ធិជ្រកកោនបាន ចុះពេលណាទើបប្រទេសកម្ពុជា រឹតបន្តឹងជនអន្តោប្រវេសន៍ខុសច្បាប់ដូចប្រទេសគេ? ចំពោះការព្រួយបារម្ភទាំងនេះ ខ្ញុំគិតថារាជរដ្ឋាភិបាល គឺទី១ គួរតែបង្ហាញទិន្ន័យជំរឿនលើកក្រោយពីការបែងចែកអត្រាបង្កើតកូនទាំងជនជាតិខ្មែរ ទាំងជនជាតិភាគតិចទាំងអស់ និងអន្តោប្រវេសន៍ខុសច្បាប់ទាំងអស់។ ទី២ លើកទឹកចិត្តគ្រួសារណាដែលមានលទ្ធភាពចិញ្ចឹមកូនបានច្រើន អោយបង្កើនចំនួនកូនរបស់ពួកគាត់ និងផ្តល់ការអប់រំឲ្យបានខ្ពស់ ដើម្បីទាក់ទាញវិនិ-យោគទុនបរទេស និងដើម្បីងាយស្រួលរៀបចំផែនយុទ្ធសាស្រ្តការអភិវឌ្ឍធនធានមនុស្សជំនាន់ក្រោយ ដែលប្រទេសយើងមានផ្ទៃដីគ្រប់គ្រាន់ក្នុងការរស់នៅផងដែរ និងការដឹកនាំប្រទេសនាពេលអនាគត។ ទី៣ រាជរដ្ឋាភិបាលគួរតែពង្រឹងច្បាប់អន្តោប្រវេសន៍ដែលមានស្រាប់ដើម្បីបង្កើនការងារដល់ប្រជាពលរដ្ឋថែមទៀតជាពិសេសភាពគ្មានការងារធ្វើរបស់យុវជន៕ សូមចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com