ម្នាក់ៗ​ឲ្យ​តែ​ជជែក​គ្នា​រឿង​ការប្រើ​ពាក្យ និង​អត្ថន័យ​ខុស​ ឬ​ក៏​ត្រូវ​គឺ​ផ្អែក​ទៅលើ​វចនានុក្រម​សម្តេច​សង្ឃ ជួន ណាត តែ​ចំពោះ​ពាក្យ និង​ការពន្យល់​ថ្មី​ដែល​មិនមាន​ក្នុង​វចនានុក្រម​នោះ​គឺ​ហាក់​ដូចជា​នាំគ្នា​ប្រើ​ទៅ​តាម​ចិត្ត​ចង់​ ឬ​តាម​ការយល់ឃើញ​រៀងៗ​ខ្លួន និង​ទៅ​តាម​ស្ថាប័ន​នីមួយៗ​ ដោយសារ​គ្មាន​​អ្វី​ជា​គោល​ ឬ​ជា​ស្តង់ដា ពោល​គឺ​ឲ្យ​តែ​ពាក្យ​ណា​សម​ទំនង​ក៏​នាំគ្នា​យក​មកប្រើ​តែម្ដង​។ ​ត្រង់​ចំណុច​នេះ​មាន​សំណួរ​​សួរថា ចុះ​ហេតុអ្វី​បាន​ជា​មិន​ព្រម​នាំគ្នា​ធ្វើ​បច្ចុប្បន្នភាព​ពាក្យពេចន៍ និង​ការពន្យល់​បន្ថែម​ពី​លើ​វចនានុក្រម​សម្តេចសង្ឃ​ ជួន ណាត ដើម្បី​កែលម្អ​ការអភិវឌ្ឍ​នៃ​ពាក្យ​ខ្មែរ និង​ការពន្យល់​រួច​​បោះពុម្ព​ឲ្យ​ប្រើប្រាស់​ផ្លូវការ​ទៅ​?

កាលពី​មុន​យើង​តែងតែ​លើកឡើង​ថា អ្វីៗ​ដែល​មិន​អាច​ដំណើរការ​ទៅមុខ​បាន ដោយសារ​ខ្វះ​ធនធាន​មនុស្ស​។

ក៏ប៉ុន្តែ​ឥឡូវ​សម្បូរ​អ្នកប្រាជ្ញ​ខ្មែរ​ហើយ​ទេ​តើ ដែល​អ្នកចេះ អ្នកដឹង​ខ្លះ សុទ្ធ​តែមាន​សញ្ញាបត្រ​ថ្នាក់បណ្ឌិត​ទៀតផង​។

បើ​យ៉ាង​ដូច្នេះ ចុះ​ហេតុអ្វី​បាន​ជា​ឃើញ​​មាន​ចេញ​ត្រឹម​តែ​ព្រឹត្តិបត្រ​របស់​ក្រុមប្រឹក្សាជាតិ​ភាសា​ខ្មែរ​ដែល​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​តាំងពី​សម័យ​លោក​ សុខ អាន ​នៅរស់ និង​បាន​ត្រឹម​ចេញ​វចនានុក្រម​អក្ខរាវិរុទ្ធ​នៃ​ភាសា​ខ្មែរ​លើក​ទី​ ២ ​ឆ្នាំ​ ២០១៧ ​ដោយ​វិទ្យាស្ថាន​ជាតិ​ភាសា​ខ្មែរ​នៃ​រាជបណ្ឌិត្យ​សភា​ដែល​បង្កើន​តែ​​ចំនួន​ពាក្យ និង​សូរ​អាន តែ​មិន​បាន​ពន្យល់​ពាក្យ​ឲ្យ​ស៊ីជម្រៅ​ទៅវិញ​?

ជា​ការពិត​ណាស់ ក្រុម​ប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​នេះ​បាន​បកស្រាយ​នូវ​ពាក្យពេចន៍​ថ្មីៗ​ខ្លះ​ឲ្យ​ងាយ​យល់ តែ​ភាគច្រើន​ជា​កន្សោមពាក្យ និង​មាន​ការកំណត់​ឲ្យ​ប្រើ​ប្រព័ន្ធ​លេខ​ក្នុង​ភាសា​ខ្មែរ​តាំងពី​ឆ្នាំ​ ២០១៥ ​មក ហើយ​យូរៗ​​ឃើញ​ចេញផ្សាយ​នៅតាម​ព្រឹត្តិបត្រ​ម្តង បន្ទាប់មក​ក៏​បាត់​ទៅវិញ​។ ​នេះ​គឺ​ដោយសារ​តែ​ការចេញ​ជា​លក្ខណៈ​ព្រឹត្តិបត្រ រីឯ​ការផ្សាយ​ទៀតសោត​ហាក់​ដូចជា​មិនទាន់​ទូលំទូលាយ​។

អ៊ីចឹង​ហើយ​បាន​ទាមទារ​ឲ្យ​មាន​ការអភិវឌ្ឍ​ពាក្យ​ខ្មែរ និង​ការពន្យល់​ពីលើ​វចនានុក្រម​សម្តេច​សង្ឃ​តែម្តង​ទៅ​ ដើម្បី​ឲ្យ​ប្រសើរឡើង​ហើយ​ឲ្យ​កាន់តែ​ងាយ​យល់ និង​មាន​ការបន្ថែម​ពាក្យថ្មី​ជា​ភាសា​យាន​របស់​ខ្លួន​ផង​។

ចំពោះ​ស្ថាប័ន​ដឹកនាំ​ដែល​ស័ក្ដិសម​បំផុត​ក្នុង​ការធ្វើ​បច្ចុប្បន្នភាព​វចនានុក្រម​ខ្មែរ​គឺ​ទំនង​ជា​គ្មាន​អ្វីឲ្យ​លើសពី​រាជបណ្ឌិត្យ​សភា​នោះទេ ពីព្រោះ​ស្ថាប័ន​មួយ​នេះ​សម្បូរ​ទៅ​ដោយ​បណ្ឌិតៗ​ច្រើន​ក្នុង​នោះ​ក៏មាន​គ្រូបង្រៀន​ផង អ្នកស្រាវជ្រាវ​ផង រួមទាំង​អ្នកជំនាញ​អក្សរសាស្ត្រ​ខ្មែរ​ច្រើន​នៅ​ទីនោះ​ផងដែរ​។

បើ​នៅ​ប្រទេស​ជិតខាង​កម្ពុជា ដូចជា ថៃ និង​វៀតណាម​វិញ ស្ថាប័ន​ដូច​រាជបណ្ឌិត្យ​សភា​នេះ គឺ​គេ​តែងតែ​ចេញ​របាយការណ៍​ស្រាវជ្រាវ​ពី​របកគំហើញ​​ថ្មីៗ និង​បកប្រែ​ពី​ភាសាបរទេស​ឲ្យ​ទៅ​​ជា​ភាសា​កំណើត​របស់គេ ហើយ​សុំ​សិទ្ធិ​បោះពុម្ព​ផ្សាយ​ដើម្បី​បង្កលក្ខណៈ​ឲ្យ​​អ្នកស្រាវជ្រាវ និស្សិត និង​សិស្សានុសិស្ស​របស់​គេ​កាន់តែ​ងាយ​យល់​។

អ៊ីចឹង​និស្សិត​របស់​គេ​មិន​ចាំបាច់​ប្រឹង​រៀន​ភាសាបរទេស​ប៉ុន្មាន​ទេ ព្រោះ​គេ​មិន​បាន​យក​ភាសាបរទេស​ជា​គោល​ទេ តែ​គេ​យក​ចំណេះដឹង​បចេ្ចកវិទ្យា​មក​ប្រើ​ដែល​សូម្បី​តែ​ឈ្មោះ​ក្នុង​គ្រឿង​ម៉ាស៊ីន​ ឬ​ភាសា​វេជ្ជសាស្ត្រ ពេទ្យ ក៏​គេ​បក​មក​ប្រើ​ជា​ភាសាជាតិ​របស់គេ​បាន​ច្រើន​ដែរ​។ ​ចុះ​រាជបណ្ឌិត្យ​សភា​កម្ពុជា តើ​ផលិត​បាន​ឯកសារ​គោល​អ្វីខ្លះ​​សម្រាប់​ប្រើ​ទូទាំង​ប្រទេស ពិសេស​ទាក់ទង​នឹង​អក្សរសាស្ត្រ​ជាតិ​នោះ​?

បើ​តាម​ការសង្កេត គ្រាន់តែ​ស្ថាប័ន​រាជបណ្ឌិត្យសភា​មួយ​គឺ​មាន​វេបសាយ​ផ្លូវការ​ដល់​ទៅ​ ២ ​គឺ ​www.rac-academy.edu.kh​ និង​ www.rac.gov.kh ឈ្មោះ​ជា​ភាសា​អង់គេ្លស Royal Academy of Cambodia ដូចគ្នា តែ​ព័ត៌មាន​ផ្សេងគ្នា​។ នៅពេល​បើក​មើល​ពី​សមិទ្ធផល​ការសិក្សា​ស្រាវជ្រាវ​​វិញ​គឺ​ខ្លះ​កំពុង​តែ​ធ្វើខ្លះ​ក៏បាន​ធ្វើ​រួច​​ហើយ​មាន​ត្រឹមតែ​ ៤ ​ទៅ​ ១០ ​ទំព័រ​ដែល​ប្រៀប​ដូចជា​និស្សិត​ធ្វើ​កិច្ចការ​តូចៗ​ដែល​គ្រូ​ដាក់​ឲ្យ​ធ្វើ​អ៊ីចឹង​។ ​

ចំណុច​មួយ​គួរ​ឲ្យ​ចាប់អារម្មណ៍​គឺថា ឲ្យ​តែ​ជួប​មន្ត្រី​ធ្វើការ​នៅ​ទីនោះ​ឮ​តែ​ត្អូញត្អែរ​ថា អត់​ថវិកា​សម្រាប់​ស្រាវជ្រាវ ឬ​អត់លុយ​ធ្វើ​​អ្វីៗ​អត់​ចេញ​ទេ​។ ចុះ​ហេតុអ្វី​បាន​ជា​អ្នកប្រាជ្ញៗ​នៅ​ទីនោះ​មិន​ប្រឹងប្រែង​ធ្វើ​សំណើសុំ​ថវិកា​ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​រាជរដ្ឋាភិបាល​ ឬ​ក៏​អង្គការ​អភិវឌ្ឍន៍​ដៃគូ​នានា​? ​តែ​មុននឹង​បាន​ថវិកា ស្ថាប័ន​នេះ​គួរ​ខំ​ពង្រឹង​ខ្លួនឯង តាមរយៈ​របាយការណ៍​ស្រាវជ្រាវ​សិន​ថា តើ​ខ្លួន​​បាន​ធ្វើ​អ្វីខ្លះ​នៅ​អំឡុង​ពេល​ប្រើប្រាស់​ថវិការដ្ឋ ចាយប្រាក់​ខែ​រដ្ឋ​? ​កាលណា​ពង្រឹង​សមត្ថភាព​ស្ថាប័ន​បាន​ហើយ​គឺ​ដាក់​សំណើសុំ​ថវិកា​ងាយ​នឹង​ទទួល​​បាន​ណាស់ ដូចជា អង្គការ​ CDRI រកតែ​ពេលធ្វើ​មិន​ចង់​បាន​ផង សូម្បី​តែ​ក្រសួង​ផែនការ អង្គការ​សហប្រជាជាតិ និង​ធនាគារពិភពលោក​ក៏​ទម្លាក់​ថវិកា​ឲ្យ​ស្រាវជ្រាវ​ដែរ តាមរយៈ​ការដេញថ្លៃ​។

ហេតុអ្វី​ក៏​គេ​ធ្វើបាន​? ​ហើយ​បើ​ធ្វើជា​វាគ្មិន​ធ្វើ​បទ​បង្ហាញ​វិញ យក​តែ​របាយការណ៍​ស្រាវជ្រាវ​ផ្ទាល់​ខ្លួន​មក​បង្ហាញ​ដដែលៗ​ដោយ​មិន​យក​របាយការណ៍​ណា​ដែល​ជា​តំណាង​របស់​ស្ថាប័ន​ខ្លួន​បាន​ធ្វើ​មក​បង្ហាញ​ទេ​។

ឥឡូវនេះ បើ​រាជបណ្ឌិត្យ​សភា​សាកល្បង​ដាក់​សំណើសុំ​ដឹកនាំ​ស្រាវជ្រាវ​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​វចនានុក្រម​ខ្មែរ​សម្តេចសង្ឃ​ ជួន ណាត រយៈពេល​ ២ ​ឆ្នាំ​រួច​បោះពុម្ព​ជា​សៀវភៅ ហើយ​ដាក់​ក្នុង​កម្មវិធី​តាម​អនឡាញ ឬក៏​បញ្ចូល​ក្នុង​កម្មវិធី​កុំព្យូទ័រ និង​ផ្សព្វផ្សាយ​ឲ្យ​ប្រើប្រាស់​ជា​សាធារណៈ​តើ​ល្អ​ដែរ​ទេ​? ​ការចាប់ផ្ដើម​មួយ ដែល​អាច​ទៅ​រួច​នៅត្រង់​ថា​យើង​មាន​គណៈកម្មការ​ជាតិ​ស្រាប់​ទៅ​ហើយ នៅឡើយ​តែ​ការដាក់​ផែនការ​ប្រជុំ​ ឬ​ធ្វើ​សន្និសីទ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍន៍​ដើម្បី​ចូលរួម​ផ្តល់​យោបល់​បន្ថែម​នូវ​អ្វីដែល​បាន​ព្រាង​ប៉ុណ្ណោះ​។ ​ចំពោះ​ថវិកា​ស្រាវជ្រាវ​គឺ​​ងាយ​ទេ ឲ្យ​តែ​ស្ថាប័ន​មួយ​រឹងប៉ឹង និង​បង្ហាញ​ខ្លួន​ឲ្យ​បាន​ច្បាស់លាស់​នោះ​មុខជា​មាន​គេ​ទម្លាក់​ថវិកា​ឲ្យ​ធ្វើ​ហើយ​ពោល​គឺ​សឹងតែ​មិនចាំបាច់​ធ្វើសំណើ​សុំ​ថវិកា​ពី​ស្ថាប័ន​ណា​មួយ​ផង​។

ការលើក​កម្ពស់ និង​ការអភិវឌ្ឍ​ភាសាជាតិ​មាន​សារៈសំខាន់​ណាស់​​ក្នុង​ការប្រើ​ឯកសារ​លិខិត​បទដ្ឋាន​គតិយុត្ត​របស់​ស្ថាប័ន​នីមួយៗ ជាពិសេស​ស្ថាប័ន​អប់រំ​ភាសា​ខ្មែរ និង​តុលាការ​​ដែល​ជា​ការប្រើ​ពាក្យពេចន៍​ជា​ភាសា​ខ្មែរ​ទាំងអស់​។ ​បើ​យើង​យក​ពាក្យ​ទៅ​​ប្រើ​តាម​និយាម​ស្តង់ដា​ណាមួយ មក​ធ្វើ​ជា​ឯកសារ​យោង​គឺ​លែង​មាន​បញ្ហា​ប្រកែក​គ្នា​ទៀតហើយ​។ ​ដូច​បញ្ហា​កន្លង​មក​មាន​ការ​ជជែក​គ្នា​បែក​ខ្ទិះ​បែក​ម៉ាំ​ហើយ​ដោយសារ​តែ​ពាក្យ​ខ្មែរ​ខ្លះ​ដូចជា​នៅ​សេចក្តី​ប្រកាស​ព័ត៌មាន​រឿង​ជំងឺ​កូវីដ​១៩ ឯកសារ​ផ្លូវការ​របស់​ក្រសួង​សុខាភិបាល​ប្រើពាក្យ​ «​ជំងឺ​» ​ព្យាង្គរាយ​ទៅតាម​វចនានុក្រម​សម្តេចសង្ឃ​ ជួន ណាត​។ រីឯ​រាជរដ្ឋាភិបាល​ប្រើពាក្យ​ «​ជម្ងឺ​» ​ព្យាង្គ​តម្រួត​។ ​ពាក្យ​ «​ជម្ងឺ​» ​នេះ ទោះបី​ជា​មិនមាន​ក្នុង​វចនានុក្រម​សម្តេច​សង្ឃ​ក៏ដោយ​ក៏​មន្ត្រីរាជការ​ ១ ​រូប​ថា​ពាក្យ​ «​ជម្ងឺ​» ​ក៏ត្រូវ​ដែរ​ទៅ​តាម​វចនានុក្រម​បកប្រែ​ទៅជា​ភាសា​អង់គេ្លស​គឺអាច​ប្រើ​បាន​ដូចគ្នា​។

យ៉ាងណាមិញ​ពាក្យ​ «​ផ្លាកលេខ​» ​និង​ពាក្យ​ «​ស្លាក​លេខ​» ​ហ្នឹង​ក៏មាន​ការប្រកែក​គ្នា​ច្រើន​ដែរ ដូរ​ទៅ​ដូរ​មកៗ​កាលពី​ទសវត្សរ៍​ឆ្នាំ​ ៨០ ​ឆ្នាំ​ ៩០ ​គេ​ប្រើ​ «​ផ្លាកលេខ​» តែ​ក្រោយ​មក​គេ​និយម​ប្រើ​ «​ស្លាក​លេខ​» ទើប​បាន​ត្រឹមត្រូវ​។

ករណី​នេះ​សូម្បីតែ​នៅក្នុង​ព្រះរាជក្រឹត្យ​អនុក្រឹត្យ និង​ប្រកាស​ខ្លះ ក៏​ឃើញ​មានប្រើ​ពាក្យ​ «​ផ្លាកលេខ​» ​ដែរ តែ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​ធំ​តែងតែ​ប្រើ​​ពាក្យ​ថា​ «​ស្លាក​លេខ​» ​ដោយ​ផ្អែកលើ​វចនានុក្រម ដែល​ចំណុច​នេះ​ទាមទារ​ឲ្យ​មាន​ការបកស្រាយ​ពី​មន្ត្រី​ជំនាញ​ភាសា​ខ្មែរ​ឲ្យ​បាន​ច្បាស់លាស់​។ ​

ជាងនេះ​ទៅ​ទៀត​ គឺ​ភាសា​បច្ចេកទេស​ដែល​ខ្ចី​ពី​បរទេស​ច្រើន​ជាង​គេ​គឺ​ភាសា​អង់គ្លេស ហើយ​មាន​ការកែប្រែ​ឧទាហរណ៍​ក្នុង​អំឡុងពេល​កូវីដ​១៩​នេះ​ពាក្យ​អង់គ្លេស «SocialDistancing» ពី​មុន​បកប្រែ​ថា​ «​គម្លាត​សង្គម​» តែ​ក្រោយមក​បក​ថា​ «​គម្លាត​សុវត្ថិភាព​សង្គម​»​ វិញ​ទំនង​ជាង​ក្នុង​បរិបទ​ជំងឺ​កូវីដ ​១៩ ​នេះ​។ ​ទាំងនេះ​ហើយ​សុទ្ធតែជា​បញ្ហា​នៃ​ការប្រើ​ពាក្យ​និយាម​មិនមាន​ស្តង់ដា​គោល​រួម​ជាក់លាក់ ពោល​គឺ​ប្រើ​ទៅតាម​ស្ថាប័ន​រៀងៗ​ខ្លួន​។

ហេតុ​ដូច្នេះ​ហើយ​រាជរដ្ឋាភិបាល​​គួរតែ​ផ្តល់​ថវិកា​ទៅ​ស្ថាប័ន​រាជបណ្ឌិត្យ​​សភា​ដែល​មាន​ក្រុមប្រឹក្សា​ជាតិ​ភាសាខ្មែរ និង​វិទ្យាស្ថាន​ភាសា​ខ្មែរ​ស្រាប់​ដឹកនាំ​ការធ្វើ​បច្ចុប្បន្នភាព​វចនានុក្រម​​ភាសា​ខ្មែរ ដោយ​បន្ថែម​ពាក្យ និង​ការពន្យល់​ពាក្យ​ពី​លើ​អ្វី​ដែលមាន​នៅក្នុង​វចនានុក្រម​សម្តេច​ ជួន ណាត ឬ​ក៏​កែសម្រួល​ ប្រសិន​បើ​មាន​ការធ្វើ​បច្ចុប្បន្នភាព​នេះ​ល្អ​ជាង​។

​ក្នុង​នោះ​ដែរ​ក៏មាន​សកម្មភាព​បើក​ការប្រជុំ និង​ធ្វើ​សន្និសីទ​ដើម្បី​ស្ថាប័ន​ពាក់ព័ន្ធ​ភាសា​ខ្មែរ​នានា​ចូលរួម​ផ្តល់យោបល់ ឬ​ក៏​បកស្រាយ​ឲ្យ​កាន់តែ​ងាយ​យល់ ហើយ​ឈាន​ទៅ​កំណត់​ជា​ស្តង់ដា​តែមួយ​។ ​ចំពោះ​ភាសា​អង់គ្លេស​វិញ​គឺ​វចនានុក្រម​របស់គេ​ផលិត​ចេញមក​មាន​ការប្រកួតប្រជែង​គ្នា ហើយ​គេ​ធ្វើ​បច្ចុប្បន្នភាព​រាល់​ឆ្នាំ ដូចជា វចនានុក្រម Oxford English Dictionary ជាដើម​គឺ​តែងតែ​បន្ថែម​ពាក្យ និង​ការពន្យល់​ពាក្យ​ជាង​ ១ ​ពាន់​ឯណោះ​ក្នុង​ ១ ​ឆ្នាំៗ​ (www.public.oed.com)៕

ចូលរួម​ផ្តល់យោបល់​តាមរយៈ soprach.tong@phnompenhpost.com