ជា​រៀង​រាល់​ឆ្នាំ​ មិន​ថា​ទីក្រុង​ឬក៏​ជនប​ទ​នោះ​ទេ​ឲ្យ​តែ​មាន​កម្ម​វិធី​សំខាន់ៗ​ដូច​ជា​ បុណ្យ​ចូល​ឆ្នាំ​ឬក៏​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃណី​ខ្មែរ​ គឺ​តែង​តែ​ឃើញ​មាន​ករណី​វាយ​តប់​គ្នា​ក្នុង​ចំណោម​យុវ​ជន​នៅ​កន្លែង​រាំ​កម្សាន្ត​ជុំគ្នា​សប្បាយឬក៏​ទី​ប្រជុំជ​ន​ផឹកស៊ី​ដោយ​មាន​ទាំង​ចាស់​ទាំង​ក្មេង​ក៏​វ៉ៃ​គ្នា​ដែរ។

ការ​វាយ​តប់​គ្នា​ដៃ​ទល់​នឹង​ដៃ​មិន​សូវ​មាន​របួស​ប៉ុន្មាន​ទេ តែ​ការប្រើ​អាវុ​ធឬក៏​កាំបិត​ប៉័ង​តោ ដាវ​សាមួរ៉ៃឬក៏​ដំបង​គឺ​មានរបួស​ធ្ងន់​ធ្ងរ​អា​ច​ស្លាប់​ក៏មា​ន។

ម្យ៉ាង​ទៀត​សកម្ម​ភាព​វាយតប់​គ្នា​គឺ​គំនុំ​គ្នា​ពីមុន​មក​ ពេលខ្លះ​មិន​សម​ហេតុ​សម​ផល​សោះដូចជា​​ គ្រាន់តែ​​​មើល​មុខ​គ្នា​ក៏​វាយ​គ្នា​ប្រ៉ាវ ខ្លះ​រាំ​ជាន់​ជើង​គ្នា​ប៉ះ​កែង​ជើង​គ្នា​ក៏​វាយ​គ្នា​ដែរ ហើយ​បើវា​យ​គ្នា​នៅ​កន្លែង​វង់រាំ​​មិន​បាន​គឺ​កាក់​តាមផ្លូវ​ចាំ​​វាយ​តែ​ម្តង​ដោយ​ខ្លះ​កើត​ពី​ការដ​ណ្តើម​ស្រី​ស្នេហ៍​គ្នា​ ជា​ពិសេស​ការ​និយាយ​ឌឺដង​ពី​ការ​ងារ​ដាក់គ្នារវាង​យុវជន​ចំណាក​ស្រុក​ពេល​ត្រ​ឡប់​មក​លេង​ស្រុក​វិញ​ជា​មួយ​យុវ​ជន​​ក្នុង​ភូមិ​ស្រាប់។

យ៉ាង​ណា​មិញ​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទិញ​គ្រឿង​ញៀន បើទោះបីជា​សមត្ថ​កិច្ច​ប​ង្ក្រា​ប​ដល់​កន្លែង​ជួញដូរ និង​កន្លែង​ចែក​ចា​យ​ធំ​ដូច​នៅ​មជ្ឈ​មណ្ឌល​កម្សាន្ត​រ៉ុ​ក​ក៏​ដោយ។ រីឯ​ស្រា និង​ស្រា​បៀរ​វិញ​ ទី​ណា​ក៏​មាន​លក់​ ហើយ​ក្មេង​អាយុ​ប៉ុន្មាន​ក៏​ទិញ​ផឹក​បានដែរ ​ខណៈ​​ផ្ទាំង​ផ្សាយ​ពាណិជ្ជ​កម្ម​ស្រា​ក៏​ដាក់​ដល់​មុខ​ផ្ទះ​អ្នក​ផឹក​ដូចគ្នា។

ថ្មីៗ​នេះការ​ប្រើ​អំពើ​ហិង្សា​កាប់​សម្លាប់​គ្នា​ហាក់បី​ដូច​ជា​សង​សឹក​ឬក៏​ស្អប់​គ្នា​ពី​ណា​ពីណី​មក​អ៊ី​ចឹ​ង​ដូច​ជា កាល​ពី​សប្តាហ៍​មុន​ ​នៅ​ភូមិ​-​ឃុំ​ថ្ម​ពូន ​ស្រុក​ព្រៃឈរ​ ខេត្ត​កំពង់​ចាម ២ នាក់​យាយ និង​ចៅ​ត្រូវ​បាន​ឃាត​ករ​សម្លាប់​កាត់​ក្បាល​ទាំង​នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​តែម្តង។

ឥឡូវ​សមត្ថកិ​ច្ច​បាន​ឃាត់​ខ្លួន​ជនសង្ស័យ​ជា​បុរស​ម្នាក់​ដែល​រស់​នៅ​ក្បែរ​ព្រំចម្ការ​ជាប់គ្នាជាមួយជនរ​ងគ្រោះ​។ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​មួយ​ផ្សេង​ទៀត​មិន​ថា​ អ្នក​ក្រ​ទេ​អ្នក​មាន​ទ្រព្យ​ធូ​រធារ​ ក៏​នៅតែ​ចង​អាឃា​ត​នឹង​គ្នា​រវាង​ប្តីនិង​ប្រ​ពន្ធ​ ហើយបើ​ឈប់​ស្រឡាញ់​ឬក៏​​ស្អប់​គ្នា​ម៉េច​ក៏​មិន​លែង​គ្នា​ទៅ បែរ​ជា​ប៉ុន​ប៉ង​ធ្វើ​ឃាត​គ្នា ហើយ​តាំង​រត់​ទៅ​ធ្វើ​អត្តឃាត​ខ្លួនឯង។​

ដូច​ជាក​រណី​នៅ​សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឫស្សី​កែវ​ថ្មីៗនេះ​​គឺ​មាន​ករណី​សម្លាប់​គ្នា​ដោយ​ប្តី​មាន​មុខ​របរ​ជា​ទាហាន​មាន​ឡាន​ទំនើប​ Lexus 330​ ជិះ ហើយ​នៅ​មិន​អស់​ចិត្ត​ទៀត បែរជា​ទៅ​សម្លាប់​ប្រ​ពន្ធ​ចោល​នៅ​ផ្ទះ​ហើយ​ឆ្លេ​ឆ្លា​ស្លន់​ស្លោ​ចង់​សម្លាប់​ខ្លួន​ចោល​កូនស្រី​អាយុ ​៥ ​ឆ្នាំ​ដោយ​មិ​នដឹ​ងថា​ធ្វើ​ដូច្នេះ​មាន​ប្រយោ​ជន៍​អ្វី​ឲ្យ​ពិត​ប្រា​កដ​នោះទេ​? ករណី​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួ​សារ​សម្លាប់​គ្នា​នេះ​ ធ្វើ​ឲ្យ​មាន​ការ​លំបាក​អន្តរា​គម​ន៍​ពី​អ្នក​ជិត​ខាង​ឬក៏​សមត្ថ​កិច្ច​ណាស់​ព្រោះ​ឃាត​ក​រនិង​ជន​រង​គ្រោះ​រស់​នៅ​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​នៅ​ក្នុង​ផ្ទះ​តែ ១។

នៅ​ពេល​មាន​អំពើ​ហិង្សា​បែប​នេះយូ​រៗ​ទៅ​ខ្លាច​រអា​ លែង​ចង់​ទុក​ចិត្ត​គ្នានៅ​អំឡុង​ពេល​ចូលឆ្នាំ​ម្តងៗដោយ​រាំ​លេង​ចង់​សប្បាយ​ក្នុងភូមិ​ឬក៏​នៅ​វត្ត​​អារាមសោះ បែរ​ជា​​គិត​តែ​ភ្នែ​ក​នៅ​កញ្ចឹងក ដោ​យ​រាំ​បណ្តើរ​ត្រៀម​ខ្លួន​ប្រយ័ត្ន​បណ្តើរ​ដោយ​សារខ្លាច​ប៉ះ​គេឬក៏​ជាន់​ជើង​គេ​នាំឲ្យ​មាន​កា​រវា​យ​តប់​ឬ​ដេញ​កាប់​ផ្អើល​ភូមិ​លែង​សប្បាយ​ទៅ​កើត។

បើ​នៅ​កន្លែង​ផឹកស៊ី​វិញ​ ជា​មួយ​អ្នក​ជិតខា​ងឬក៏​បង​ប្អូន​ឯង​សោះ​លើស​តែមួយ​មាត់​មួ​យក​ឌឺ​គ្នា​ក៏វ៉ៃ​គ្នា​ប្រ៉ាវ​ដែរ​។ ការ​វាយតប់​គ្នា​នៅ​ពេល​បុណ្យ​ទាន​ប្រពៃណី​ខ្មែរ​ធំៗ​បែប​នេះ មិន​ថាតែឧបា​សក ឧបាសិ​កា​នោះ​ទេ តែមាន​ម្តង​ម្កាល​ដោយ​ទាំង​ព្រះសង្ឃ​ក៏​ធ្លាប់​វាយ​តប់​គ្នា​ដែរ។

មិន​តែ​ប៉ុណ្ណោះ​ការ​អនុវត្ត​គោល​នយោ​បាយ​ភូមិ​ឃុំ​មាន​សុវត្ថិ​ភាព​របស់​អាជ្ញា​ធរ​មូល​ដ្ឋាន​មិន​បាន​រាយការ​ណ៍​ទៅ​ថ្នាក់​លើ​ទេ ព្រោះ​ខ្លាច​ធ្លាក់​ពិន្ទុនៅ​ពេល​ករណី​វាយ​តប់​គ្នា​កើត​ឡើង​ច្រើន​នៅ​មូលដ្ឋាន​របស់​ខ្លួន។

យ៉ាង​ណា​មិញ​ ក៏មាន​មតិ​រិះគ​ន់​ថា​ ពលរ​ដ្ឋ​ខ្មែរ​ជាង​ ៩៥​ ភាគរ​យ​គឺជា​អ្នក​កាន់​ព្រះ​ពុទ្ធសា​សនាហើយ​នៅ​ក្នុង​ឃុំ​ណា​ក៏មាន​វត្ត​និងមាន​សា​លា​ឆ​ទាន​គ្រាន់​គោរ​ព​ប្រណិ​ប័ត​ន៍ដែរ តែ​ដល់​ពេល​មាន​រឿង​ទំនាស់​បន្តិច​បន្តួច​ អ្វី​ៗដែល​កើត​ឡើង​គឺ​ភាគី​ម្ខាងៗ​ចាប់​ផ្តើម​បញ្ចេញ​កំហឹង ​និង​ប្រើ​ហិង្សា​ ឬ ក៏​ចងអាឃាត​ដាក់​គ្នា​ដោយ​ខ្វះកា​រអត់​ឱន​ពោលគឺ​មិន​អនុវត្ត​ទៅតាម​ធម៌​ព្រះ​ពុទ្ធ​ដែល​ទូន្មា​ន​មិ​នឲ្យ​មាន​ហិង្សា​ដាក់​គ្នា​ទាល់​តែសោះ​​ហើយ​មាន​ខ្លះ​រាំក្នុង​វត្ត​វាយ​តប់​គ្នា​ក្នុង​វត្ត​ដោយ​មិន​បាន​ចេញ​ទៅ​ប្រព្រឹត្ត​នៅខាង​ក្រៅ​វត្ត​ឬក៏​​ចាំ​ស្អែក​ទាន់​នោះ​ទេ។

នៅ​ពេល​យុវជ​នឬក៏​អ្នក​ស្រវឹង​វាយ​គ្នា​វា​ជា​កា​រ​បង្ក​ប​រិ​យាកាស​​អាប់​អួ​មួ​យ​ទៅ​ហើ​យតែ​​​ដល់ពេ​ល​ត្រូវ​របួស​លំបាក​គឺ​លំបាក​ដល់​សមត្ថកិច្ច​តាម​ចាប់​ជ​នដៃ​ដល់​ឬក៏​បក្ខ​ពួក ​និង​លំ​បាក​ដល់​គ្រូពេទ្យ​នៅ​មណ្ឌល​សុខ​ភាព​ ហើយ​ជួ​នកាល​ពេល​ជួយ​មិ​នបាន​ក៏​បញ្ជូន​ទៅ​ព្យាបាល​​​ម​ន្ទីរ​ពេ​ទ្យបង្អែក​ទៀ​ត ដែល​ពេល​ខ្លះ​​ស្លាប់​តាម​ផ្លូវ​ក៏​មាន។

ដោ​យ​ឡែក​ ចំ​ពោះ​ព​ន្ធ​នាគារ​វិញ​សឹ​ងតែញា​ត់​លែង​ចូល​​ទៅហើយ​ បើ​បូក​ទាំ​ងប​ទ​ល្មើស​ផ្សេ​ង​ៗ ជាមួយនឹ​ងក​រ​ណី​កាប់​ឬវាយត​ប់​គ្នា​នៅ​ពេល​បុណ្យ​ចូល​ឆ្នាំ​ម្តងៗ​នោះ​។ តើ​មាន​ន័យ​អ្វី​នៅ​ពេល​ដែ​លនៅសុ​ខ​ៗ​មកត្រូ​វរ​បួស​ឬក៏​ស្លាប់​ដោយ​សារ​កាប់​ចាក់​ក្នុង​សម​រភូមិ​វង់​រាំ​បែប​ហ្នឹង?

ហេតុ​ដូច្នេះ នៅ​មុន​ពេល​ចូលឆ្នាំ​មក​ដល់​ខាង​មុខនេះ​ អាជ្ញា​ធរ​ដែនដី​គួរ​ផ្សព្វ​ផ្សាយ​​ពី​គោល​នយោ​បា​យ​​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​ក្រុង​ទាំង​ជន​បទ​ និង​បន្ត​រឹត​បន្តឹង​ដាក់​ពង្រាយ​កម្លាំងបង្ការ​ជា​មុន​ចំពោះ​សកម្ម​ភាព​អំពើ​ហិង្សា​​ឬក៏​មាន​គំនុំ​គ្នា​សងសឹកគ្នា​ស្លាប់​រស់​នោះ។

រីឯ​ព្រះ​សង្ឃ​វិញ ក៏​គួរ​តែចូល​រួម​ចំណែក​អប់រំ​តាម​វត្តដែ​ល​ជា​កន្លែង​មាន​វង់រាំ​ផង​ដែរ​ដោយ​ប្រសិ​ន​បើ​បង្កើត​ឲ្យ​មាន​កម្មវិធី​រាំ​ គឺ​គួរ​ក្រើន​រំឭក​ជា​មុន​ដើម្បីកុំ​ឲ្យ​មាន​ករណី​ឈ្លោះ​គ្នា​កើត​ឡើង​ដែល​នាំ​ឲ្យ​ខូច​ដល់​ប្រពៃណី​ខ្មែរ​នា​ថ្ងៃ​បុណ្យ​សង្ក្រាន្ត​ឆ្នាំ​ថ្មី៕

ចូល​រួម​ផ្តល់​យោប​ល់​តាម​រយៈ​​​ so​pra​ch.tong​@ph​n​om​​p​enhpost​.​c​om