ចាប់ពី​ល្ងាច​នេះ​ដល់​យប់​ថ្ងៃ​ស្អែក​យើង​នឹង​ឃើញ​សកម្មភាព​យុវវ័យ​លក់-ទិញ​ផ្កា​ជា​ទង ជា​បាច់ ចងក្រង​ជា​រូប​បេះដូង តុក្កតា កាដូ និង​ប៉ោងៗ​រូប​បេះដូង ដាក់​លក់-ទិញ​ប្រសេច​ប្រសាច​ពេញ​ថ្នល់​ស្ទះ​ចរាចរណ៍ ចាប់ពី​មុខ​វត្ត​លង្កា សួនច្បារ​មុខ​វត្ត​លង្កា សួនច្បារ​វិមានឯករាជ្យ​មុខ​គេហដ្ឋាន​លោក​នាយ​រដ្ឋមន្ត្រី រហូត​ដល់​កោះពេជ្រ ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​នៃ​ក្តីស្រឡាញ់​ដែល​ជា​ប្រពៃណី​របស់​បស្ចិមប្រទេស​។

ក្រៅពី​ទីតាំង​នេះ​ក៏​មាន​ការ​​លក់-ទិញដូច​គ្នា​នេះ​ដែរ​នៅ​ជុំវិញ​សាលារៀន​យ៉ាង​ឈូឆរ​មាន​យុវវ័យ​ទាំង​ប្រុស ទាំងស្រី ដែល​មាន​ជីវភាព​មធ្យម​ឡើង ហើយ​សកម្មភាព​នេះ​មិនមែន​យុវវ័យ​ចូលរួម​ពិធី​ចូល​ឆ្នាំ​ចិន​នោះ​ទេ​។

បើ​តាម​ការ​សង្កេត​របស់​ខ្ញុំ​ក្នុង​នាម​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​ផ្ទាល់​លើ​បញ្ហា​ «​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់​» ​ដែល​ពី​មុន​យុវវ័យ​ហៅថា​ «​ថ្ងៃ​បុណ្យ​សង្សារ​» ដោយ​សិក្សា​ទាំង​គុណភាព និង​បរិមាណ​នៅ​ក្នុង​ឆ្នាំ​ ២០០៨ ឆ្នាំ​ ២០០៩ ​និង​ឆ្នាំ​ ២០១៤ ​កន្លង​​មក ឃើញ​ថា និន្ននាការ​ផ្អើល​ជ្រួលជ្រើម​តាម​គ្នា​របស់​យុវវ័យ​មាន​ការ​ថយ​ចុះ​សកម្មភាព​គួរ​ឲ្យ​កត់សម្គាល់ បន្ទាប់ពី​មាន​ការ​ចូលរួម​សហការ​គ្នា​តាំងពី​ក្នុង​សាលា កន្លែង​សាធារណៈ​រហូត​​ដល់​អាជ្ញាធរ​បាន​ចុះ​ពិនិត្យ​មើល​​ និង​អប់រំ​ម្ចាស់​សណ្ឋាគារ​ និង​ផ្ទះ​​សំណាក់​ និង​អំពី​យុវវ័យ​អាយុ​ក្រោម​ ១៨ ​ឆ្នាំ​ និង​ការ​បង្ខំ​រួមភេទ​​ជាដើម​នៅ​ទីកន្លែង​ទាំង​នោះ​។

ប៉ុន្តែ​នៅ​ ២ ​ឆ្នាំ​ចុងក្រោយ​នេះ​​សកម្មភាព​របស់​យុវវ័យ​ចំពោះ​ថ្ងៃ​ទី​ ១៤ ​ខែ​កុម្ភៈ​គឺ​ហាក់បី​ដូចជា ពុះកញ្ជ្រោល​ឡើង​វិញ​គួរ​​ឲ្យ​កត់សម្គាល់​ធ្វើឲ្យ​មាន​ការ​សម្រេច​ចិត្ត​ចុះ​ទៅ​សង្កេត​ផ្ទាល់​លើ​ការ​ស្នាក់​នៅ​ផ្ទះ​សំណាក់​ ១ ​នៅ​រាជធានី​យប់​ថ្ងៃ​ទី​ ១៤ ​ខែ​​កុម្ភៈ​ហ្នឹង​តែ​ម្តង​ដោយ​ផ្អែក​ទៅ​​លើ​ទីតាំង​របាយការណ៍​ស្រាវជ្រាវ​របស់​ខ្ញុំ​។

ខ្ញុំ​សង្កេត​ឃើញ​​ថា បន្ទប់​នៅ​ផ្ទះ​សំណាក់​គឺ​ជិត​ពេញ​អស់​មែន​គឺ​សល់​តែ​ ៤ ​បន្ទប់​ទេ​នៅ​ទីតាំង​ដែល​ខ្ញុំ​បាន​ជួប​ប្រទេះ ហើយ​ដូចជា​ស៊ី​គ្នា​​ទៅ​នឹង​របាយការណ៍​ដែល​យុវវ័យ​បាន​ប្រព្រឹត្ត​នៅ​រាត្រី​ថ្ងៃ​ ១៤ ​កុម្ភៈ​នោះ​មែន​។ ដោយ​មាន​គូ​​យុវវ័យ​ខ្លះ​ក៏​ស្ងាត់ស្ងៀម​នៅ​ក្នុង​បន្ទប់​ទៅ តែ​ក៏​មាន​កើតឡើង​នូវ​ការ​បង្ខំ​រួមភេទ​ពី​ភាគី​ខាង​បុរស​មក​លើ​យុវតី​ដែល​ទើប​​តែ​ញ៉ែ​បាន​ធ្វើ​ជា​មិត្តស្រី​នៅ​ថ្ងៃ​​បុណ្យ​នៃ​ក្តីស្រឡាញ់​នេះ​ផង​​ដែរ​។

ដោយ​ឮ​តែ​សំឡេង​ប្រកែក​គ្នា​មិន​ព្រម​រវាង​យុវវ័យ​ទាំង​ ២ ខ្ញុំ​ស្តាប់​ឮ​យុវវ័យ​ជា​នារី​ថ្លែង​ពី​ការ​ចេញ​មក​អង្គុយ​នៅ​​លើ​កាំជណ្តើរ ហើយ​ទន្ទឹម​នឹង​​គ្នា​នោះ​ខាង​ប្រុស​បាន​អង្វរករ​មិត្ត​ស្រី​ទើប​ញ៉ែ​បាន​នោះ​ថា​៖ «​ម៉ោះ​ចូល​គេង​វិញ​នៅ​អង្គុយ​នៅ​ជណ្តើរ​ធ្វើ​អី​? យប់​ជ្រៅ​ហើយ​»​។

ខាង​ស្រី​ឆ្លើយ​វិញ​ដោយ​គំរោះ​គំរើយ​ថា​៖ «​ដេកៗ​ដាស់​គេៗ លូកលាន់​គេ នរណា​ដេក​លក់​?»​។ ​

ខាង​ស្រី​បន្ត​ទៀត​​ថា​៖ «​កាលពី​ជួប​គ្នា​ពី​ថ្ងៃ​ថា​គ្រាន់​​តែ​ឌុប​លេង​នៅ​តាម​មាត់​ទន្លេ កោះពេជ្រ និង​ញ៉ាំ​អី​ទេ រួច​ចុះ​ម៉េច​បាន​ភរ​គេ ហើយ​យក​មក​ដេក​ហ្នឹង​វិញ​?»​។ ខាង​ប្រុស​ឆ្លើយ​វិញ​ថា​៖ «​យប់​ហើយ​ទៅ​ផ្ទះ​​គ្មាន​នរណា​គេ​បើក​ទ្វារ​ឲ្យ​ទេ អ៊ីចឹង​មាន​តែ​ដេក​ហ្នឹង​ហើយ​»​។ សកម្មភាព​នេះ​ឮ​តែ​សំឡេង​ចេញ-ចូលៗ​ក្នុង​បន្ទប់​រវាង​យុវវ័យ​ ១ ​គូ​ហ្នឹង ប្រកែក​គ្នា​ដដែលៗ​រហូត​ទល់​ភ្លឺ​។

របាយការណ៍​សិក្សា​ស្រាវជ្រាវ​របស់​ខ្ញុំ​ចំពោះ​សកម្មភាព​ទំនាក់​ទំនង​ផ្លូវភេទ​របស់​យុវវ័យ​នៅ​ថ្ងៃ​នៃ​ក្តីស្រឡាញ់​ហ្នឹង​ត្រូវ​បាន​អ្នក​រិះគន់​តប​មក​វិញ​ថា ជា​បញ្ហា​សិទ្ធិ​មនុស្ស​ដោយ​ពួកគេ​មាន​សិទ្ធិ​រួមភេទ ហេតុអ្វី​បាន​ជា​សកម្មភាព​អប់រំ​អំពី​សុខភាព​ផ្លូវភេទ​ហ្នឹង​សម្រាប់​តែ​ ១ ​ថ្ងៃ​ហ្នឹង​? ​ចុះ​ហេតុ​អ្វី​បាន​ជា​មិន​ធ្វើ​រាល់​ថ្ងៃ​ដោយ​នៅ​ ៣៦៤ ​ថ្ងៃ​ទៀត​នោះ​? ​ខ្ញុំ​ឆ្លើយតប​ទៅ​វិញ​ថា សកម្មភាព​របស់​អង្គការ​ដែល​ធ្វើការ​អំពី​សុខភាព​ជាមួយ​យុវវ័យ​នៅ​តែ​បន្ត និង​មេរៀន​អំពី​សុខភាព​បន្ត​ពូជ និង​សុខភាព​ផ្លូវភេទ​ត្រូវ​បាន​ដាក់​ឲ្យ​សិក្សា​តាំង​ពី​ថ្នាក់​ទី ៦ ​ដល់​ថ្នាក់​វិទ្យាល័យ​ទៀត​។

តែ​ដោយសារ​ថ្ងៃ​ទិវា​នៃ​ក្តីស្រឡាញ់​មួយ​នេះ​គឺជា​ព្រឹត្តិការណ៍​ដែល​នារី​អាច​ប្រឈមមុខ​នឹង​ការ​បណ្តែត​បណ្តោយ​ខ្លួន​ទៅ​នឹង​ការ​រួមភេទ​ដោយ​មិន​មាន​ការ​យល់ព្រម​ដែល​ប្រឈមមុខ​នឹង​ការ​មាន​ផ្ទៃពោះ​ និង​ងាយ​ឆ្លង​ជំងឺ​ឆ្លង​ដូចជា​មេរោគ​អេដស៍ កាមរោគ មេរោគ​ថ្លើម​ប្រភេទ​ «B» ​និង​ «C» ​ជាដើម ហើយ​និន្នាការ​បច្ចុប្បន្ន​នេះ យុវវ័យ​ដែល​តាំង​ខ្លួន​ជា​អ្នក​សម័យ​ទំនើប​គឺ​អាច​ឈាន​ដល់​ការ​រស់នៅ​ជាមួយ​គ្នា​មុន​ពេល​រៀបការ​តាម​របៀប​លោក​ខាង​លិច​ដែល​នេះ​គឺជា​របត់​ថ្មី​មួយ​ក្នុង​អន្តរកាល​ផ្លាស់ប្តូរ​ឥរិយាបថ​ និង​ការ​ប្រព្រឹត្ត​របស់​យុវវ័យ​កម្ពុជា​ដែល​ត្រូវ​ឲ្យ​មាន​ការ​យល់​ដឹង​អំពី​សុខភាព​ផ្លូវភេទ និង​វប្បធម៌​របស់​ខ្លួន​។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​យើង​ខិតខំ​ផ្តល់​ចំណេះដឹង​អំពី​សុខភាព​បន្ត​ពូជ​ទៅ​ក្រុម​យុវវ័យ​ទាំង​ ២ ​ភេទ​ដើម្បី​ឲ្យ​ពួកគេ​មាន​ជម្រើស​ក្នុង​ការ​សម្រេចចិត្ត​ដ៏ត្រឹមត្រូវ​មុន​ពេល​រួមភេទ និង​មាន​ការ​ទទួល​ខុស​ត្រូវ មិនមែន​មាន​ន័យ​ហាម​មិន​ឲ្យ​ពួកគេ​រួមភេទ​នោះ​ទេ​។

ម្យ៉ាង​វិញ​ទៀត​វា​បាន​ផ្តល់​នូវ​ផល​លំបាក និង​ផលប៉ះពាល់​ចំពោះ​ខ្លួន​ពួកគេ​ផ្ទាល់ និង​សេចក្តី​ថ្លៃថ្នូរ​សង្គម​ផង​ដែរ​​ដែល​ទិវា​នៃ​ក្តី​ស្រឡាញ់​នេះ​មិនមែន​ជា​ទិវា​ ឬ​ក៏​ពិធីបុណ្យ​សាសនា​របស់​ខ្មែរ​ដែល​មាន​អរិយធម៌​ខ្ពង់ខ្ពស់​នោះ​ទេ​។ ​

ផល​ប៉ះពាល់​ភ្លាម​នោះ​​ គឺ​ការ​ចេញ​មក​លក់​ផ្កា លក់​កាដូ របស់​យុវវ័យ​នៅ​តាម​ទីសាធារណៈ​ឆ្វាត់ឆ្វែង​ និង​ផ្អើល​នាំ​គ្នា​ឡើង​សណ្ឋាគារ​ និង​ផ្ទះសំណាក់ ធ្វើឲ្យ​បរទេស​មើល​មក​គេ​សើច​ចំអក​មក​លើ​ការ​ប្រព្រឹត្ត​របស់​យុវវ័យ​ខ្មែរ​។

ហេតុអ្វី​បាន​ជា​នាំ​គ្នា​យក​ថ្ងៃ​ដែល​គេ​ប្រារព្ធ​ពិធី​បង្ហាញ​សេចក្តី​ស្រឡាញ់​បែប​រ៉ូមេនទិក និង​សេចក្តី​ស្រឡាញ់​កុមារ​ដែល​មាន​ការ​ផ្លាស់ប្តូរ​ស្ករ​គ្រាប់​សូកូឡា​គ្នា​ទៅវិញ​ទៅមក​នៅ​សាលារៀន​សោះ​បែរ​មក​នាំ​គ្នា​ឈូរ​ឆរ​ និង​ឡើង​ផ្ទះ​សំណាក់​ទៅ​​វិញ​? នេះ​គឺ​មកពី​យុវជន​ខ្មែរ​ទទួល​យក​វប្បធម៌​របស់​បស្ចិម​ប្រទេស តែ​ការ​បកស្រាយ​ និង​យក​មក​អនុវត្ត​គឺ​ផ្ទុយ​នឹង​ប្រវត្តិ​រឿងរ៉ាវ​នៃ​ថ្ងៃ​នៃ​ក្តីស្រឡាញ់​នៅ​ស្រុក​គេ​ដែល​លោក​សាងវ៉ាឡិនថាញ​ St. Valentine ជាប់​គុក​ហើយ​គាត់​បាន​លួច​ស្រឡាញ់​កូនស្រី​របស់​ឆ្មាំ​គុក​មុន​ពេល​គាត់​ស្លាប់​ទៅ​គាត់​បាន​ផ្ញើ​សំបុត្រ​​ទុក​ពី​សេចក្តី​ស្រឡាញ់ St.-Valentine​។

ក្រោយ​មក​វប្បធម៌​នេះ​ក៏​ត្រូវ​បាន​អ្នក​មាន​គូស្នេហ៍​នៅ​អឺរ៉ុប​ និង​នៅ​ទ្វីប​អាមេរិក​បាន​នាំ​គ្នា​បង្ហាញ​នូវ​ក្តីស្រឡាញ់​ក៏​ប្រារព្ធ​រំឭក​គុណ​លោក​ វ៉ាឡិនថាញ ​ហ្នឹង​ឡើង​ចំ​ថ្ងៃ​ដែល​គាត់​ស្លាប់​នា​ថ្ងៃ​ទី​ ១៤ ខែ​កុម្ភៈ​​ហ្នឹង​តាំងពី​សតវត្សរ៍​ទី​ ៣ ​មក​។

ក្រៅពី​ផលប៉ះពាល់​វប្បធម៌​​ និង​សង្គម​ក៏​មាន​ផលប៉ះពាល់​នូវ​ការ​ប្រព្រឹត្ត​ផ្លូវភេទ​របស់​យុវវ័យ​នៅ​ថ្ងៃ​ទី ១៤ ​​ខែ​កុម្ភៈ​នេះ​ផង​ដែរ​ទៅ​លើ​សុខភាព​ផ្លូវភេទ​របស់​ពួកគេ​នៅ​ពេល​រួមភេទ​មុន​ពេល​រៀបការ​ដូចជា​ការ​បំពាន​លើ​រូបរាងកាយ​ ឬ​ក៏​បង្ខំ​បែប​សេដ្ឋកិច្ច​តាមរយៈ​ការ​ឲ្យ​បាច់ផ្កា​ ឬ​ក៏​កាដូ​ថ្លៃៗ​ជា​ថ្នូរ​ដើម្បី​រួមភេទ​នៅ​ថ្ងៃ​នោះ​។

រីឯ​ផលប៉ះពាល់​រយៈពេល​វែង​គឺ​យុវតី​អាច​ពពោះ​ដោយ​ចៃដន្យ ប្រឈម​នឹង​ការ​រម្លូត​កូន​ចេញ​នៅ​កន្លែង​មិន​មាន​សុវត្ថិភាព ដោយសារ​តែ​ខ្មាស​គេ ហើយ​ក៏​អាច​ប្រឈម​មុខ​នឹង​ការ​ធ្វើ​អត្តឃាត​ដោយសារ​ការ​សម្រេច​ចិត្ត​ខុស​តែ​មួយ​ប៉ប្រិច​ភ្នែក​ធ្វើឲ្យ​ខូច​អនាគត​ទៀត​ផង​។

ដូច​ករណី​ជាក់ស្តែង​កាលពី​ឆ្នាំ​ ២០១១ យុវតី​មាន​ផ្ទៃពោះ​ទៅ​រម្លូត​កូន​នៅ​សេវា​ដែល​គ្មាន​សុវត្ថិភាព​បាន​ធ្លាក់​ខ្លួន​ឈឺ​រហូត​អស់​លុយ​ពី​ខ្លួន និង​សម្រេច​ចិត្ត​បោះបង់​ការ​សិក្សា ចុង​ក្រោយ​នាង​បាន​ទៅ​សេវា​ពិគ្រោះ​យោបល់​នៅ​អង្គការ​ម៉ារីស្តូប​ជា​ទីកន្លែង​ដែល​បាន​ជួយ​សង្គ្រោះ​នាង​។ ​នេះ​គឺជា​វិប្បដិសារី​របស់​យុវតី​ម្នាក់​ដែល​បាត់បង់​អនាគត​ដោយសារ​មិត្ត​ប្រុស​បង្ខំ​រួម​ភេទ​នៅ​ថ្ងៃ​ ១៤ កុម្ភៈ​ (Cock-roft& Svaypich, 2012)​។

បើ​ប្រៀបធៀប​នៅ​ប្រទេស​ជិត​ខាង​យើង​វិញ​ចំពោះ​ប្រទេស​វៀតណាម​ និង​ប្រទេស​ឡាវ​គឺ​មិន​មាន​របាយការណ៍​ស្រាវជ្រាវ និង​ការ​រាយការណ៍​ណា​មួយ​ពី​ទំនាក់​ទំនង​ផ្លូវភេទ​យុវវ័យ​នៅ​ថ្ងៃ​នៃ​ក្តីស្រឡាញ់​នេះ​ទេ​។ ​តែ​នៅ​ប្រទេស​ថៃ​វិញ​គឺ​មាន​សម្ទុះ​ខ្លាំង​ជាង​នៅ​ស្រុក​ខ្មែរ​ទៅ​ទៀត​។ ​

តាម​ការ​ស្រាវជ្រាវ​របស់​សាកល​វិទ្យាល័យ​ Assumption ​នៅ​ឆ្នាំ​ ២០០៨​ ​បាន​រកឃើញ​ ១ ​ក្នុង​ចំណោម​ ៥ នាក់​នៃ​យុវវ័យ ​អាយុ​ពី​ ១៣ ​ដល់​ ១៩ ​ឆ្នាំ​នៅ​ទីក្រុង​បាងកក​អាច​រួមភេទ​នៅ​ថ្ងៃ​ ១៤ ​កុម្ភៈ​។ អ៊ីចឹង​ហើយ​បាន​ជា​អាជ្ញាធរ​ថៃ​ចេញ​យុទ្ធនាការ​ចែក​ស្រោម​អនាម័យ​នៅ​ថ្ងៃ​ទី​ ១៤ ​កុម្ភៈ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចូលរួម​ផ្សព្វផ្សាយ​អំពី​សុខភាព​បន្ត​ពូជ ជាពិសេស​ការ​ធ្វើ​កាយវិការ​របស់​យុវតី​មាន​ផ្ទៃពោះ​ជាដើម​។

ឆ្នាំ​នេះ​ខ្ញុំ​នឹង​ទៅ​ធ្វើការ​សង្កេត​មើល​សកម្មភាព​នៅ​ថ្ងៃ​ទិវា​នៃ​ក្តីស្រឡាញ់​នេះ​នៅ​ទីក្រុង​បាងកក ហើយ​ខ្ញុំ​នឹង​បន្ត​ការ​សិក្សា​ស្រាវជ្រាវ​ពី​បញ្ហា​នេះ​បន្ត​ទៀត​នៅ​ឆ្នាំ​ក្រោយ​ដើម្បី​វាស់វែង​ពី​ឥរិយាបថ និង​ការ​ប្រព្រឹត្ត​របស់​យុវវ័យ​នៅ​រាជធានី​ភ្នំពេញ​រៀងរាល់​ ៥ ​ឆ្នាំ​ម្តង ៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com