១ ​ឆ្នាំ​មុន​នៅ​ថ្ងៃទី​ ១១ ខែ​ធ្នូ ឆ្នាំ ២០១៧ ក្រោយ​ ១ ​ថ្ងៃ​នៃ​ការ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​ភាព​រីករាយ​វិស្សមកាល​បាន​មក​ដល់​មុនពេល​កំណត់​សម្រាប់​អ្នកតស៊ូ​មតិ​សិទ្ធិ​កុមារ​នៅពេល​រាជរដ្ឋាភិបាល​កម្ពុជា សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ «​ផែនការ​សកម្មភាព​ដើម្បី​ទប់ស្កាត់​ និង​ឆ្លើយតប​ចំពោះ​អំពើ​ហិង្សា​លើ​កុមារ ២០១៧-២០២១»​។

ក្រោយពី​ការពិគ្រោះ​យោបល់​ប្រមូល​ធាតុ​ចូល​ជាច្រើន​ខែ​ជាមួយ​ដៃគូ​ទាំងអស់​ឯកសារ​ដ៏មាន​សារៈសំខាន់​មួយ​នេះ​ដែល​ធានា​ការសម្របសម្រួល ការដាក់​ធនធាន​បន្ថែម​ និង​ធានា​លទ្ធផល​សម្រេច​បាន​ច្រើន​ជាង​មុន​ឆ្ពោះ​ទៅ​ការបញ្ចប់​អំពើ​ហិង្សា​លើ​កុមារ​នៅ​កម្ពុជា​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។

រហូត​មក​ដល់​ពេល​នេះ​គឺ​រយៈពេល​ ១ ​ឆ្នាំ​ហើយ​តើ​ការសន្យា​ទាំង​នោះ​ត្រូវ​បាន​ធ្វើ​ឡើងលើ​ចំណុច​ណា​ខ្លះ​ហើយ​? តើ​ប្រទេស​កម្ពុជា​អាច​សាង​អនាគត​លើ​ការសន្យា​ទាំង​នោះ និង​សរសេរ​រឿង​ជោគជ័យ​មួយ​អំពី​កិច្ចការពារ​កុមារ​នៅ​កម្ពុជា​បាន​ដែរ​ឬ​ទេ​?

ការសិក្សា​ស្រាវជ្រាវ​ស្តីពី​អំពើ​ហិង្សា​លើ​កុមារ​ក្នុង​ប្រទេស​កម្ពុជា​ឆ្នាំ​ ២០១៣ ​ដែល​ជា​ការសិក្សា​មុន​ដំបូង​គេ​នៅក្នុង​តំបន់​បាន​ផ្តល់នូវ​ការវាស់វែង​ច្បាស់​ជាង​មុន​អំពី​ទំហំ​នៃ​បញ្ហា​នេះ​នៅក្នុង​ប្រទេស​។

របក​គំហើញ​ពី​ការសិក្សា​នេះ​នៅតែ​គួរឱ្យ​ព្រួយបារម្ភ ៖ អំពើ​ហិង្សា​លើ​កុមារ​នៅ​កម្ពុជា​កំពុង​តែ​ប៉ះពាល់​ដល់​ទៅ ៣ ភាគ​ ៤ ​នៃ​កុមារ​កម្ពុជា​មុន​ពេល​ពួកគេ​ឈាន​ចូល​អាយុ ១៨ ឆ្នាំ​។ ឆ្នាំក្រោយៗ​មក​រាជរដ្ឋាភិបាល​ឆ្លើយតប​បាន​ល្អ​ជាមួយ​ការអនុម័ត​ច្បាប់ និង​គោលនយោបាយ​ថ្មីៗ​មួយ​ចំនួន​។

ការដាក់​ឱ្យ​ប្រើប្រាស់​នូវ​ផែនការ​សកម្មភាព​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​វឌ្ឍនភាព​នៃ​ចលនា​ជា​សកល​ក្នុង​ការបញ្ចប់​អំពើហិង្សា​លើ​កុមារ​ហើយ​ប្រទេស​កម្ពុជា​បាន​នាំ​មុខ​គេ​នៅ​តំបន់​ទន្លេមេគង្គ​លើ​ផ្នែក​ច្បាប់​គោលនយោបាយ និង​ផែនការ​បញ្ចប់​អំពើ​ហិង្សា​លើ​កុមារ​នេះ​។

ដូច្នេះ ១ ​ឆ្នាំ​ក្រោយ​ពី​ការសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​វា​ដល់​ពេល​ដែល​គួរ​សួរ​ខ្លួន​យើង​ថា​៖ «​តើ​រាជរដ្ឋាភិបាល​កម្ពុជា​ដៃគូ​អភិវឌ្ឍន៍ ហើយ​សូម្បី​តែ​យើង​ក្នុង​នាម​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​មាន​ភាព​ឯករាជ្យ និង​នាំ​មុខ​គេ​លើ​ការងារ​កុមារ​នៅ​កម្ពុជា​បាន​ចូលរួម​សម្រេច​នូវ​ការសន្យា​នៃ​ផែនការ​សកម្មភាព​នេះ​ហើយ​ឬ​នៅ​?»​។

តាម​ការមើល​ឃើញ​របស់​យើង​ចម្លើយ​គឺ​យើង​ត្រូវ​គិត​បន្តិច​ ប៉ុន្តែ​យើង​អាច​ឆ្លើយ​បាន​យ៉ាងច្បាស់​ថា ជា​រួម​យើង​ពិតជា​សម្រេច​បាន​។

ក្នុង​រយៈពេល​ ១២ ​ខែ​កន្លង​មក​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​ព្រម​ទាំង​ដៃគូ​សម្រេច​បាន​វឌ្ឍនភាព​ដែល​មិន​អាច​ប្រកែក​បាន​លើ​សកម្មភាព​សំខាន់ៗ​មួយ​ចំនួន​ដូចជា​ការអនុម័ត​គោលនយោបាយ​ និង​ផែនការ​សកម្មភាព​ស្តីពី​កិច្ចការពារ​កុមារ​នៅ​សាលារៀន​វគ្គ​បំប៉ន​ស្តីពី​វិន័យ​បែប​វិជ្ជមាន​ និង​ការគ្រប់គ្រង​ថ្នាក់​រៀន​ប្រកប​ដោយ​ប្រសិទ្ធភាព​សំដៅ​ការការពារ​កុមារ​តាម​សាលារៀន​សម្រាប់​គ្រូ និង​ថ្នាក់ដឹកនាំ​សាលារៀន​ការបង្កើត​ភាព​ជា​ដៃគូ​ហៅ​កាត់​ថា PROTECT ដើម្បី​ផ្លាស់ប្តូរ​ឥរិយាបថ​ និង​អាកប្បកិរិយា​លើ​អំពើហិង្សា​លើ​កុមារ និង​ការ​បំបែក​កុមារ​ចេញ​ពី​គ្រួសារ​ដែល​មិន​ចាំ​បាច់​កិច្ចការ​ផ្សេងៗ​លើ​ការងារ​សង្គមកិច្ច​ និង​ប្រព័ន្ធ​កិច្ចការពារ​កុមារ​នៅ​ថា្នក់​មូលដ្ឋាន​តាមរយៈ​ការពង្រឹង​គណៈកម្មាធិការ​ឃុំ​/​សង្កាត់​ទទួល​បន្ទុក​លើ​កិច្ចការនារី និង​កុមារ​ជាដើម​។ បញ្ជី​នៃ​វឌ្ឍនភាព​នៅ​មាន​ច្រើន​ទៀត​។

វឌ្ឍនភាព​ថ្មីៗ​ជាច្រើន​ទៀត​បាន​និង​កំពុង​កើតឡើង​ដូចជា​ការបង្កើត​គោលនយោបាយ​ជាតិ​ស្តីពី​ការការពារ​កុមារ​ការបង្កើត​គណៈកម្មការ​ដឹកនាំ​អន្តរក្រសួង​សម្រាប់​ផែនការ​សកម្មភាព​ និង​លទ្ធភាព​ដែល​កម្ពុជា​នឹង​ចូលរួម​ជា​ផ្លូវការ​ក្នុង​ពេល​ឆាប់ៗ​នេះ​ជា​ប្រទេស​នាំមុខ​មួយ​ទៀត​ក្នុង​ភាព​ជា​ដៃគូ​ជា​សកល​ដើម្បី​បញ្ចប់​អំពើ​ហិង្សា​លើ​កុមារ​។

សម្រាប់​ពួកយើង​វា​ជា​ការ​សំខាន់​ណាស់​ដែល​ត្រូវ​ទទួល​ស្គាល់​វឌ្ឍនភាព​ទាំងនេះ​ហើយ​សម្តែង​នូវ​ការកោត​សរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​សាមី​ទាំងអស់​។ អំពើ​ហិង្សា​លើ​កុមារ​ជារឿយៗ​ស្ថិត​ក្នុង​ចំណោម​បញ្ហា​ដែល​ទាក់ទាញ​ចំណាប់​អារម្មណ៍​តិចតួច​ពី​អ្នក​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​។ ប៉ុន្តែ​កម្ពុជា​បាន​បញ្ជាក់​ឱ្យ​ឃើញ​ថា ថ្នាក់ដឹកនាំ និង​អ្នក​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​សំខាន់​បាន​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​លើ​បញ្ហា​អំពើ​ហិង្សា​លើ​កុមារ​។

ការបញ្ចប់​អំពើ​ហិង្សា​លើ​កុមារ​គឺជា​គោលដៅ​យូរអង្វែង​មួយ​ហើយ​សូម្បីតែ​បន្ទាប់ពី​មាន​វឌ្ឍនភាព​ជាច្រើន​ឆ្នាំ​ក៏ដោយ​ក៏​នៅ​តែ​មាន​កិច្ចការ​ជាច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​។ ដូច្នេះ​សំណួរ​បន្ទាប់​ដែល​យើង​ត្រូវ​សួរ​ខ្លួនឯង​គឺ​ «​សម្រាប់​រយៈពេល​ ៤ ​ឆ្នាំ​ទៅ​មុខ​ទៀត​ក្នុង​ការ​អនុវត្ត​ផែនការ​សកម្មភាព​ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប​ចំពោះ​អំពើហិង្សា​លើ​កុមារ ២០១៧-២០២១ នេះ​តើ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ចាត់​អាទិភាព​កិច្ចខិតខំ​ប្រឹងប្រែង​​របស់​យើង​យ៉ាង​ដូចម្តេច​? ហើយ​តើ​កត្តា​ប្រឈម​អ្វីខ្លះ​ដែល​នឹង​អាច​កើត​មាន​ឡើង​?»​។

ចំណុច​ទី​ ១៖ ​តាមរយៈ​ការបង្កើត​គណៈកម្មការ​ដឹកនាំ​អន្តរក្រសួង​រាជរដ្ឋាភិបាល​កម្ពុជា​ប្រហែល​ជា​នឹង​ឈាន​ទៅ​កាន់​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ធំ​បំផុត​មួយ​ក្នុង​ចំណោម​បញ្ហា​ទាំងអស់​គឺ​ការ​សម្របសម្រួល​នូវ​ការឆ្លើយតប​បែប​អន្តរ​វិស័យ​។

ការដោះស្រាយ​បញ្ហា​អំពើហិង្សា​លើ​កុមារ​ទាមទារ​ឱ្យ​មាន​ការឆ្លើយតប​នៅ​ច្រើន​កម្រិត​តាមរយៈ​វិស័យ​ផ្សេងៗ​ចាប់ពី​ការស្វែងរក​មូលនិធិ​ដល់​ការ​ពិនិត្យ​ឡើង​វិញ​នូវ​ច្បាប់ និង​គោលនយោបាយ​ដែល​ពាក់ព័ន្ធ​ផ្សេងៗ​។

នេះ​តម្រូវ​ឱ្យ​មាន​ការចូលរួម​ពី​ក្រសួង អង្គការ​សង្គម​ស៊ីវិល និង​បណ្តាញ​ដែល​ដឹកនាំ​ដោយ​កុមារ​ និង​យុវជន​ជាច្រើន​។ បើ​គ្មាន​យន្តការ​ដ៏រឹងមាំ​ក្នុង​ការ​សម្រប​សម្រួល​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងអស់​នោះ​ទេ​វឌ្ឍនភាព​នឹង​ពិបាក​សម្រេច​បាន​។ គណៈកម្មការ​អន្ដរក្រសួង​នឹង​ដើរតួនាទី​យ៉ាង​សំខាន់​ ប៉ុន្តែ​គណៈកម្មការ​នេះ​ត្រូវ​មាន​ការកំណត់​តួនាទី​ និង​ទំនួល​ខុសត្រូវ​ឲ្យ​បាន​ច្បាស់លាស់​ហើយ​សំខាន់​ជាង​នេះ​ទៅ​ទៀត​គឺ​មាន​ធនធាន​គ្រប់គ្រាន់​។

ដូច្នេះ​ដើម្បី​ទទួល​បាន​ជោគជ័យ​ការកើនឡើង​នៃ​ការប្តេជ្ញាចិត្ត និង​យន្តការ​សម្របសម្រួល​នេះ​គឺ​ត្រូវការ​ជា​ចាំបាច់​នូវ​ការបង្កើន​ធនធាន​សម្រាប់​ការអនុវត្ត​ផែនការ​សកម្មភាព និង​អនុសញ្ញា​អន្តរជាតិ​ដែល​បាន​ព្រមព្រៀង​ជាច្រើន​ទៀតផង​ដែរ​។ នៅ​ថ្នាក់មូលដ្ឋាន​សេវា​សង្គម​ និង​តួអង្គ​ឆ្លើយតប​នឹង​កិច្ចការពារ​កុមារ​ជាច្រើន​ត្រូវការ​ធនធាន​បន្ថែម​ដើម្បី​ពង្រឹង​សមត្ថភាព​របស់​ពួកគេ​។

នៅ​ថ្នាក់ជាតិ សកម្មភាព​សំខាន់ៗ​ជាច្រើន​ដែល​មាន​នៅក្នុង​ផែនការ​សកម្មភាព​នេះ​នឹង​តម្រូវ​ឱ្យ​មាន​ការវិនិយោគ​ធនធាន​បន្ថែម​ទៀត​ហើយ​គម្រោង​ និង​គំនិត​ផ្តួចផ្តើម​ល្អៗ​ដែល​បាន​ដាក់​សាកល្បង​មួយ​ចំនួន​ទៀត​នឹង​ត្រូវការ​មូលនិធិ​បន្ថែម ដើម្បី​ពង្រីក​វិសាលភាព​ និង​ធានា​និរន្តរភាព​ក្នុង​ការការពារ​កុមារ​ និង​ឆ្លើយតប​បញ្ហា​អំពើ​ហិង្សា​លើ​កុមារ​។ ការចូលរួម​ក្នុង​ដំណើរការ​ក្លាយ​ជា​ប្រទេស​នាំ​មុខ​ក្នុង​ភាព​ជា​ដៃគូ​សកល ដើម្បី​បញ្ចប់​អំពើ​ហិង្សា​លើ​កុមារ​គួរ​ផ្តល់​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​នូវ​ឱកាស​ទទួល​បាន​មូលនិធិ​បន្ថែម​មួយ​ចំនួន​ទៀត​។

លើស​ពី​នេះ​ទៀត​ដៃគូ​អភិវឌ្ឍន៍​គួរតែ​សាទរ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញាចិត្ត​ក្នុង​ការ​ដោះស្រាយ​បញ្ហា​អំពើហិង្សា​លើ​កុមារ​ព្រមទាំង​មើល​ឃើញ​ថា ការវិនិយោគ​លើ​បញ្ហា​នេះ​ពិត​ជា​ផ្តល់​ផល​ត្រឡប់​ពី​ការវិនិយោគ​ដ៏ធំធេង​។

ប៉ុន្តែ​នៅ​ទីបំផុត​ទៅ​ដំណោះស្រាយ​ដែល​មាន​និរន្តរភាព​នឹង​កើតឡើង​នៅពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​មាន​លទ្ធភាព​ធ្វើ​សមាហរណកម្ម «​ផែនការ​សកម្មភាព​ដើម្បី​ទប់ស្កាត់​ និង​ឆ្លើយតប​ចំពោះ​អំពើ​ហិង្សា​លើ​កុមារ​» នេះ​ទៅក្នុង​ផែនការ​ថវិកា​របស់​ក្រសួង​ដែល​ពាក់ព័ន្ធ​។ មាន​តែ​តាមរយៈ​ការធ្វើ​សមាហរណកម្ម​នេះ​ទេ​ដែល​យើង​នឹង​នាំ​ការប្រយុទ្ធ​ប្រឆាំង​លើ​អំពើហិង្សា​លើ​កុមារ​ក្នុង​ប្រទេស​កម្ពុជា​ទៅ​កាន់​កម្រិត​ជោគជ័យ​មួយ​ទៀត​។

វឌ្ឍនភាព​ល្អៗ​ជាច្រើន​ឆ្នាំ​មក​នេះ​បាន​សបញ្ជាក់​ថា មាន​ការ​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ចំពោះ​ការការពារ​កុមារ​នៅ​កម្ពុជា​ពី​សំណាក់​រាជរដ្ឋាភិបាល​ម្ចាស់​ជំនួយ​ និង​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​។ ​តាមរយៈ​ការសម្របសម្រួល​ល្អ​ជាង​នេះ​បន្តិច និង​ការវិនិយោគ​ប្រកបដោយ​​និរន្តរភាព​បន្តិច​ទៀត​ប្រទេស​កម្ពុជា​អាច​សរសេរ​រឿងរ៉ាវ​ដ៏គួរ​ស្ញប់ស្ញែង​មួយ​អំពី​ភាពជោគជ័យ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​អំពើ​ហិង្សា​លើ​កុមារ​នៅ​តំបន់​អាស៊ី​បាន​។

កម្ពុជា​នឹង​ក្លាយ​ជា​ប្រភេទ​នៃ​រឿង​និទាន​វិស្សមកាល​របស់​កុមារ​ដែល​កុមារ​កម្ពុជា​ត្រូវការ​ជាង​រឿង​ណាៗ​ទាំងអស់​៕

អត្ថបទ​ទស្សនៈ​រួម​នេះ​ត្រូវ​បាន​សម្របសម្រួល​ដោយ​ក្រុម​អង្គការ​ “​សិទ្ធិ​កុមារ​ឥឡូវ​នេះ - ChildRightsNow”