The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អំពើ​ហិង្សា​លើកុមារៈ យើង​ត្រូវ​ប្រឈម​នឹង​ការ​ពិត​ ដើម្បី​កសាង​ប្រទេស​ កម្ពុជា​ ដែល​មាន​សុវត្ថិភាព​សម្រាប់​កុមារ

អំពើ​ហិង្សា​លើកុមារៈ យើង​ត្រូវ​ប្រឈម​នឹង​ការ​ពិត​ ដើម្បី​កសាង​ប្រទេស​ កម្ពុជា​ ដែល​មាន​សុវត្ថិភាព​សម្រាប់​កុមារ

Content image - Phnom Penh Post
ក្មេង​ស្រី​អាយុ​ ១០ ​ឆ្នាំ​ត្រូវ​ជន​ល្មើស​រំលោភ​ហើយ​សម្លាប់​រួមទាំង​ប្អូន​ប្រុសនាង​អាយុ​ ២ ​ឆ្នាំ​នៅ​ខេត្ត​ព្រះ​សីហនុ​។ សហការី

អំពើ​ហិង្សា​លើកុមារៈ យើង​ត្រូវ​ប្រឈម​នឹង​ការ​ពិត​ ដើម្បី​កសាង​ប្រទេស​ កម្ពុជា​ ដែល​មាន​សុវត្ថិភាព​សម្រាប់​កុមារ

ភ្នំ​ពេញ​ថ្ងៃទី​​ ១០ ​ខែ​ មិថុនា ​ឆ្នាំ​ ២០១៩​៖ ឧក្រិដ្ឋ​កម្ម​ឃោរឃៅលើ​កុមារ​កើត​ឡើង​ជាប់ៗ​គ្នា​នាពេល​ថ្មីៗ​នេះ​ បាន​ធ្វើ​ឱ្យ​ពួក​យើង​គ្រប់​គ្នា​ឈឺ​ចាប់​ជា​មួយ​គ្រួសារ​ដែល​រង​គ្រោះ និង​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ចំពោះ​សុវត្ថិភាព​របស់​កុមារ​នៅ​កម្ពុជា។

ពួក​យើង​ពិត​ជា​អរគុណ​ចំ​ពោះ​អាជ្ញាធរ​ដែល​មាន​ចំ​ណា​​ត់​ការ​ទាន់ពេល​វេលា​ក្នុង​ការ​ចាប់​ខ្លួន​ជន​សង្ស័​យ​​ពាក់​ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋ​ទាំង​នេះ​ ហើយ​ពួក​យើង​សង្ឃឹម​ថា​ ការ​ស៊ើប​អង្កេត​ និង​ការ​កាត់​ក្តី​នឹង​ផ្តល់​យុត្តិ​ធម៌​ដ​ល់​​កុមារ​រង​គ្រោះ​ព្រម​ទាំង​គ្រួសារ​របស់​គេ។ ខណៈ​ដែល​យើង​ព្យាយាម​ស្វែង​យល់​អំពី​ករណី​ឧក្រិដ្ឋ​កម្ម​ដ៏អាក្រក់​ទាំង​នេះ និង​ពី​ផល​ប៉ះពាល់​របស់​វា​ចំពោះ​ប្រទេស​ និង​សហគមន៍​របស់​យើង​ស្រប​ជា​មួយកំហឹង​និង​ការ​ភ័យ​ខ្លាច​យើង​អាច​ចង់​ស្វែង​រក​ដំណោះ​ស្រាយ​ដែល​ងាយ​ស្រួល​មួយ។

ប៉ុន្តែ​តាម​ពិត​​​ ការ​កសាង​កម្ពុ​ជា​ឱ្យ​កាន់​តែ​ប្រសើរ​ និង​មាន​សុវ​ត្ថិ​ភាព​សម្រាប់​កូនៗ​របស់​យើង គឺ​ត្រូវ​ការ​កិច្ច​ខិត​ខំប្រឹង​ប្រែង​ជាច្រើន​បន្ថែម​ទៀត​។ វាតម្រូវ​ឱ្យ​យើង​ចា​ប់ផ្តើម​ប្រឈម​​​មុខ​ជា​មួយ​ការ​ពិត​ដ៏​សំខាន់​ និង​សោក​សៅ​មួយ​ចំនួន។

ការ​ពិត​ទី១​៖ ករណី​អំពើ​ហិង្សា​ផ្លូវ​ភេទ​ និង​រាង​កាយ​លើ​កុមារ នាពេល​ថ្មីៗ​នេះ​គ្រាន់​តែ​ជា​ករណី​មួយ​ចំនួន​តូច​នៃ​ករ​ណី​ស្រដៀង​គ្នា​នេះ​រាប់​ពាន់​ផ្សេង​ទៀត​ដែល​មិន​ត្រូវ​បាន​ដឹង និង​ផ្សព្វផ្សាយ​។ ការ​សិក្សា​ជាច្រើន​បាន​បង្ហាញ​ថា​ នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូច​ជា​នៅ​ប្រទេស​ដទៃទៀត​ក្នុង​ពិភព​លោក​ដែរ រាល់​ពេល​មាន​រឿង​រ៉ាវ​មួយ​នៃ​អំពើ​ហិង្សា​លើ​កុមារ​ដែល​ត្រូវ​បាន​ចុះផ្សាយ​នៅ​លើ​ទំព័រ​សារ​​ព័ត៌មាន​ នៅ​មាន​រឿង​រាប់​រយ រាប់​ពាន់​ករណី​ផ្សេងទៀ​ត ដែល​មិន​ត្រូវ​បាន​គេ​ដឹង​ មិន​ត្រូវ​បាន​រាយ​ការណ៍​ និង​មិន​ត្រូវ​បាន​ស៊ើបអង្កេត។

យោង​តាម​ការ​ស្រាវ​ជ្រាវ​ថ្នាក់​ជាតិ​ស្តី​ពី​អំពើ​ហិង្សា​លើ​កុមារ​​ ឆ្នាំ ​២០១៣ បាន​រក​ឃើញ​ថា មាន​កុមារ ១ ​នាក់ ​ក្នុង​ចំណោម​កុមារ​ ៦ នាក់​ គឺជា​ជន​រង​គ្រោះ​នៃ​អំពើ​ហិង្សា​ផ្លូវ​ភេទ​មុន​ពេល​ពួក​គេមាន​អាយុ ១៨​ ឆ្នាំ ហើយ​មានកុមារ ១​ នាក់​ ក្នុង​ចំណោម ២​ នាក់ បាន​ទទួល​រង​អំពើ​ហិង្សា​លើ​រាង​កាយ​។ ស្ថិតិ​ទាំង​នេះ​បាន​រំឭក​យើង​ថា បញ្ហានេះ​ គឺជា​បញ្ហាធំ​ និង​មាន​ភាព​ស្មុគស្មាញ។

ការ​ពិត​ទី​២​៖ ការ​សិក្សា​ស្រាវ​ជ្រាវ​ជាច្រើន​បាន​ចង្អុល​បង្ហាញ​ថា ជន​ប្រព្រឹត្ត​អំពើហិង្សា​លើ​កុមារ ជា​និច្ច​កាល​ គឺ​ជា​អ្នក​ដែល​កុមារ​រង​គ្រោះ​ធ្លាប់​ស្គាល់​ជា​សាច់​ញាតិ​ ជា​អ្នក​ជិត​ខាង​ឬ​ជាមិត្ត​ភក្តិ​របស់​ពួក​គេ។​ ខណៈ​ពេល​ដែល​យើង​មាន​ការព្រួយ​បារម្ភ​លើ​ជន​ចម្លែ​ក​មុខ​យើង​គួរ​ចាំ​ថា ភាគ​ច្រើន​ កុមា​រ​ត្រូវ​បាន​រំលោភ​បំពាន​ពី​អ្នក​ជិតស្និទ្ធ​នឹង​ពួក​គេ​ ហើយ​ជា​ច្រើន​ករណី​ដែល​កុមារ​រង​គ្រោះ​ត្រូវ​បន្ត​រស់​នៅ​ជិត ឬ​ជាមួ​យ​ជនល្មើស​ទាំង​នោះ​។

ការ​ពិត​ទី​៣៖ ដំណោះ​ស្រា​យ​ដើម្បី​លុប​បំបាត់​អំពើ​ហិង្សា​លើ​កុមារ​ គឺមាន​ពិត​ប្រាកដ ប៉ុន្តែ​វា​មិន​មែន​ជា​ដំណោះ​ស្រាយ​ងាយ​ស្រួល​នោះ​ទេ​។​ យើង​អាច​នឹង​គិត​ថា​ មាន​ដំណោះស្រាយ​ដែល​ងាយ​ស្រួល ប៉ុន្តែ​យោង​តាម​ប​ទ​ពិសោធ​​ការ​ងារ​កិច្ច​ការ​ពារ​កុមារ របស់​អង្គការ​ទស្សនៈ​ពិភព​លោក ជិត​​ ៥​០ ​ឆ្នាំ ​ក្នុង​ប្រទេស ​កម្ពុជា និង​នៅជិត​ ១០០ ​ប្រទេស​ទូទាំង​ពិភ​ព​លោកបាន​បង្រៀ​ន​​យើង​ថា​ នៅ​ពេល​និយាយ​ពី​ការកសាង​សហគមន៍​ដែល​មាន​សុវត្ថិ​ភាព​សម្រាប់កុ​មារ​អន្តរា​​គមន៍​ដែល​ផ្អែក​លើ​ភ័ស្តុតាង​ទាន់​ពេល​វេលា​ និង​មាន​ម្ចាស់​ការ​ដោយ​ម្ចាស់​ស្រុក គឺជា​វិធី​តែមួយ​គត់​ដែល​អាច​ឈាន​ទៅ​ដោះស្រាយ​បញ្ហា​នេះ​បាន។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​រាជ​រដ្ឋាភិបាល​កម្ពុ​​ជា​បាន​ធ្វើ​ការ​ជា​មួយ​អង្គការ​ជាច្រើន​​ដូច​ជា​អង្គការ​ទស្សនៈពិភព​លោក​ដើម្បី​ពង្រឹង​ការ​ទប់​​ស្កាត់ និង​ឆ្លើយ​តប​ចំពោះ​អំពើ​ហិង្សា​លើកុមារ​។ ដំណោះ​ស្រា​យ​ជាច្រើន​ត្រូវ​បាន​សាក​ល្បង​អនុវត្ត​ហើយ​ឥឡូវ​នេះ​យើង​ដឹ​ង​​ថា​​ អ្វី​ខ្លះ​គឺជា​ដំណោះ​ស្រា​យ​ដែ​ល​មាន​ជោគជ័យ។​ ពោលគឺ ដំណោះ​ស្រាយ​ទាំងនោះ​ត្រូវ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់​កុមារ។ កុមារ​ត្រូវ​ការ​ប្រព័ន្ធ​ការពារ​កុមារ​ថ្នាក់​មូល​ដ្ឋាន​ប្រកប​ដោយ​ប្រសិទ្ធ​​ភា​​ព​ដើម្បី​ការ​ពារ​ពួក​គេនៅ​ទីកន្លែង​ដែល​ពួកគេ​រស់នៅ។

ពួក​គេ​ត្រូវ​ការ​បុគ្គ​លិ​ក​សង្គម​នៅ​ក្នុង​ឃុំ​ និង​ភូមិ​របស់​ពួក​គេ​។ ពួក​គេ​ត្រូវ​ការ​ឪពុក​ម្តាយ ​និង​គ្រូបង្រៀន​ដែល​ស្គា​ល់ និង​យល់​ច្បាស់​អំពី​អំពើ​ហិង្សា​លើ​កុមារ និង​ដឹង​អំពី​របៀប​អប់រំ​កុមារ បែប​វិជ្ជ​មាន​។ ពួក​គេ​ត្រូវ​ការ​សមាជិក​គណៈ​កម្មាធិ​​ការ​ឃុំ/​សង្កាត់​ដើម្បី​ស្រ្តី​ និង​កុមារ​ដែល​មាន​ធន​ធាន និ​​ង​​សមត្ថ​ភាព​គ្រ​ប់​​​គ្រាន់​ក្នុង​ការ​ចាត់​វិធាន​ការ​ឆ្លើ​យ​​តប​ និង​ការពារ​ពួក​គេ។ ពួក​គេ​ត្រូវ​ការ​ការ​បណ្តុះ​បណ្តាល​ជំនាញ​បំណិ​ន​ជីវិត ពីរបៀប​ការ​ពារ​ខ្លួន​ពួក​គេ និង​មិត្ត​ភក្តិ​របស់​ពួក​គេ​នៅ​សាលារៀន​ ​និង​ក្នុង​សហ​គមន៍​។​ រាជរដ្ឋាភិបាល​កម្ពុជា​និង​ដៃគូ របស់ខ្លួន​បាន​ដឹង​ពី​ដំណោះ​ស្រាយ​ទាំង​នេះ​ ហើយ​កំពុង​ខិតខំ​ប្រឹង​ប្រែង ​ដើម្បី​ធ្វើ​ឱ្យ​វា​ប្រសើរ​ឡើង ហើយ​ប្រាកដ​ណាស់​ថា កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នេះ​នឹង​ទទួល​បាន​ផល​ផ្លែផ្កា​ជាក់​ជា​មិន​ខាន។

ការ​ពិត​ទី​៤ ៖ ការ​ពិត​ចុង​ក្រោយ​ដែល​យើង​គួរ​តែ​ទទួលយក​ គឺថា​យើង​ទាំង​អស់​គ្នាអា​ច​​ដើរតួនាទី​ដើម្បី​ពន្លឿន យន្តការ​ការ​ពារ​កុមារ និង​កសាង​កម្ពុជា​ដែល​មាន​សុវត្ថិភាព​សម្រាប់​កុមារ។ ដៃគូជា​ច្រើន​កំពុង​គាំ​ទ្រ​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ក្នុង​ដំណើ​រ​​ការ​នេះ។ ការ​ដែល​ប្រទេស​កម្ពុជាបាន​ក្លាយ​ជាប្រទេស​ឈា​ន​មុខ​ក្នុង​ភាព​ជា​ដៃគូសក​ល​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​លើ​កុមារ​នៅក្នុង​ឆ្នាំនេះ​គឺជា​ឱកា​ស​មួយ​ដើម្បី​បន្តការ​ប្តេជ្ញា​ចិត្ត​ រប​ស់ អ្នក​ពាក់​ព័ន្ធ​ទាំង​អស់​ក្នុង​ការពន្លឿន​ដំណើរការ​នេះ។

អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាច្រើន​ដូច​ជា​ អង្គកា​រ​ទស្សនៈ​ពិភព​លោក​បាន​ផ្តល់​អាទិ​ភាព​​លើ​សកម្ម​ភាព​បញ្ឈប់​អំពើហិង្សា​លើកុមារ​ហើយ​នឹង​បន្ត​ធ្វើការ​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា។ នៅ​ថ្នាក់​មូល​ដ្ឋាន​រាជ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​កាល​ពីខែ​កុម្ភៈ​ថា​ ថវិកា​អភិវឌ្ឍន៍​ឃុំនឹង​កើន​ឡើង​ទ្វេដង​ក្នុង​ឆ្នាំ ២០២០ និង​ច្រើន​ជាង ​៣ ​ដង​នៅ​ឆ្នាំ ២០២៣។ ផ្នែក​មួយ​នៃធន​ធាន​ទាំង​នេះ​អាច​ត្រូវបា​ន​ប្រើ​ដើម្បី​ពង្រឹង​សមត្ថ​ភាព​សមាជិក​គណ:កម្មា​ធិការ​ដើម្បីស្រ្ដី និង​កុមា​រ ដើម្បី​ឱ្យ​ពួក​គាត់​អាច​ទប់​ស្កាត់​ និង​ឆ្លើយ​តប​កា​ន់​​តែ​មាន​ប្រសិទ្ធភាព​ចំពោះ​អំពើ​ហិង្សា​លើ​កុមារ។ វាក៏​អាច​ត្រូវ​បា​ន​ប្រើ​​ដើម្បី​ជ្រើស​រើស​បុគ្គ​លិ​ក​សង្គមដែល​អាច​ជួយ​គណៈ​កម្មាធិការ​នេះ​ផងដែរ។

នៅ​តាម​សាលារៀន​ការ​អនុវ​ត្ត​​គោល​នយោ​បាយ​ការ​ការពារ​កុមា​រ​នៅ​សាលារៀន​អាច​បង្កើ​ន​​ល្បឿន តាម​រយៈ ការ​ប្រើ​ធន​ធា​ន​ចម្រុះ​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា​ដៃ​គូអ​ភិវឌ្ឍន៍ និង​កញ្ចប់​ថវិកា​ឃុំ/​សង្កាត់​ និង​មាន​ឱកាស​ជា ច្រើន​ទៀត​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ការ​ពារ​កុ​មារ​ថ្នាក់​មូលដ្ឋាន។

ពិតហើ​យ វានឹង​ត្រូវ​ការ​ពេល​វេលា​ កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ និង​ធន​ធាន​ជា​ច្រើន។ វា​ប្រហែល​ជា​មិ​​​​​នមែន​ជា​ដំណោះ​ស្រាយ​ងាយ​ស្រួ​​ល​ដែល​យើង​ចង់​បាន​ឥឡូវ​នេះ ប៉ុន្តែ​ភ័ស្តុតាង​វិទ្យា​សា​ស្រ្ត​ទាំងអស់​បង្ហាញ​ឲ្យ​យើ​ង​ឃើញ​ថា​​​នេះ​គឺជា​ដំណោះ​ស្រា​យ​​តែ​មួយ​គត់​ដែល​ធ្វើ​ឲ្យ​​ប្រទេស​កម្ពុជា​មាន​សុវត្ថិភាព​សម្រាប់​កុមារ។

សម្គាល់៖ អង្គការ​ទស្សនៈពិភព​លោក​​ ជាមួយ​វត្ត​មាន​នៅជិត​ ១០​០ ​ប្រទេស ​ជាមួយ​បុគ្គ​លិក​ និង​អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន​ ៥០ ០០​០ ​នាក់​ នៅ​ទូទាំង​ពិភពលោក​ អង្គការ​ទស្សនៈ​ពិភព​លោក ​គឺជា​អង្គ​ការ​អន្តរ​ជាតិ​មិន​មែន​រដ្ឋាភិបាល​មួយ​ដែល​ផ្តោត​លើ​សុខុមាល​ភាព​របស់​កុមារ​តាម​រយៈ​កម្មវិធី​អភិវឌ្ឍន៍​និង​ការងារ​មនុស្ស​ធម៌​។ នៅ​ប្រទេស​ កម្ពុជា ​អង្គការ​ទស្សនៈ​ពិភព​លោក​កំពុ​ង​ធ្វើការ​នៅ​ក្នុង​ស្រុក​ចំនួន​ ៣៩ ​នៅ​តាម​​​​​ប​ណ្តា​​​ខេត្ត​ និង​ក្រុង​ចំនួន​ ១០ ​ខេត្ត/​ក្រុ​ង​ដែល​អនុវត្តកម្មវិធី​សុខ​ភាព​ និង​អាហា​រូបត្ថម្ភ​ ការ​អប់រំ​ និង​បំណិន​ជីវិត ​ការ​ការពារ​កុមារ​និង​ការ​អភិវឌ្ឍ​យុវជន​ដែល​ផ្តល់​ផល​ប្រយោជន៍​ដល់​កុមារ​ចំនួ​ន​ ២,៧ ​លាន​នាក់​ជា​រៀងរាល់​ឆ្នាំ។

នៅ​ឆ្នាំ​ ២០១៦​ អង្គ​ការ​ទស្សនៈ​ពិភ​ពលោក​បាន​សម្ពោធ​ជាផ្លូវ​ការ​នូវ​យុទ្ធនាការ​ប្រឆាំង​អំពើ​ហិង្សា​លើ​កុមារ​ជា​សកល​មួយ​មាន​ឈ្មោះ​ថា​៖ “ItTakes a World To End​ Viol​ence against Children”។ យុទ្ធ​នាការគំរូ​អហិ​ង្សា គឺជា​យុទ្ធនាការ​ប្រចាំ​ប្រទេស​ កម្ពុជា នៃ​យុទ្ធនាការ​សកល “I​t Takes a World” របស់​អង្គ​កា​រ​ទស្សនៈ​ពិភព​លោក​។ ​ព័ត៌​មាន​បន្ថែម​អំពី​យុទ្ធ​នាការ​នេះ​អាច​រក​បាន​នៅតាម​៖​ http​s:​//​www.wvi.org/ittakesawor​ld

ដោយ អ្នក​ស្រី ជា លីដា ប្រ​ធា​​ន​យុទ្ធនា​ការ​គំរូ​អហិ​ង្សា​នៃអង្គការ​ទស្សនៈ​ពិភព​លោ​​ក

អត្ថបទគួរចាប់អារម្មណ៍