ប្រវត្តិនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាដែលកំពុងដំណើរការបម្រើការមើលតេស្តឈាម និងចាក់វ៉ាក់សាំងគ្រប់មុខសព្វថ្ងៃនេះ គឺមានដើមកំណើតមកពីឈ្មោះ Louis Pasteur អ្នកប្រាជ្ញជនជាតិបារាំង ជំនាញគីមីវិទ្យាដែលរកឃើញវ៉ាក់សាំងដំបូងគេដើម្បីការពារជំងឺឆ្កែឆ្កួតខាំ ដែលបណ្តាលឲ្យមនុស្សឆ្កួត និងស្លាប់បាននោះ។
លោក ប៉ាស្ទ័រ បានទទួលពានរង្វាន់ណូបែលនៅឆ្នាំ ១៨៨៥ ត្រូវបានពិភពលោកទទួលស្គាល់ថា គាត់ជាអ្នកប្រាជ្ញដំបូងគេ ដែលរកឃើញវ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតខាំនេះ។
ប៉ុន្មានថ្ងៃកន្លងមកនេះ នៅវិទ្យាស្ថានប៉ាស្ទ័រទាំងនៅភ្នំពេញ និងនៅខេត្តបាត់ដំបង មានពលរដ្ឋពពាក់ពពូនគ្នាមកទទួលសេវាចាក់ថ្នាំព្យាបាលបន្ទាប់ពីឆ្កែខាំផង និងចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួត បើទោះបីជាវេជ្ជបណ្ឌិត ធ្វើការនៅទីនោះបានប្រាប់ថាចាក់ថ្នាំផ្តល់អាទិភាពជូនឲ្យអ្នកដែលឆ្កែបានខាំ និងមកចាក់បន្តបន្ទាប់ឲ្យគ្រប់ដូសក៏ដោយ ក៏មានការរិះគន់ និងខឹងសម្បាពីអ្នកមិនមានឆ្កែខាំសោះ តែមានលុយមកចាក់ថ្នាំបង្ការ។
សកម្មភាពពលរដ្ឋនាំគ្នាមកកកកុញនៅវិទ្យាស្ថានប៉ាស្ទ័រនេះ ក៏ដោយសារមានព័ត៌មានដ៏តក់ស្លុតថ្មីៗ មិននឹកស្មានសោះថា គ្រាន់តែកុមារីម្នាក់ នៅខេត្តស្វាយរៀង ត្រូវបានឆ្មាខ្វាចសោះក៏អាច ស្លាប់បានដែរនោះ។ កុមារីដែលស្លាប់នោះ ត្រូវបានក្រសួងសុខាភិបាលបានអះអាងថា បានស្លាប់ដោយឆ្មាខ្វាចមែន ហើយជាប្រភេទជំងឺដ៏កម្រ ១ ។
ការព្រួយបារម្ភនេះប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បានលើកទឹកចិត្តពលរដ្ឋដោយផ្តល់អាទិភាពជូនអ្នកដែលត្រូវឆ្កែខាំសិន អ្នកដែលឆ្កែមិនទាន់ខាំទេ គ្រាន់តែមកចាក់វ៉ាក់សាំងចាំបន្តិចសិន។
នេះគឺជាឥរិយាបថរបស់ពលរដ្ឋដែលផ្លាស់ប្តូរភ្លាមៗ បន្ទាប់ពីមានរឿងហេតុកើតឡើងបានជឿតែបើជាទូទៅវិញ មន្ត្រីនៅមណ្ឌលសុខភាព និងក្រុមទ្រទ្រង់សុខភាពភូមិខិតខំប្រកូកប្រកាសឲ្យមកចាក់ថ្នាំបង្ការគ្រប់មុខដល់កុមារ ឬក៏មកទទួលថ្នាំបង្ការផ្សេងៗ នៅមណ្ឌលសុខភាពសោះ ក៏ពលរដ្ឋមួយចំនួនតូចនៅតែមិនចង់មកទេ ព្រោះខ្លាចកូនក្តៅខ្លួនឬចាក់ថ្នាំទៅកូនឈឺសាច់។
កន្លងមកក្រសួងសុខាភិបាល និងអង្គការដៃគូអភិវឌ្ឍន៍ បានធ្វើឲ្យប្រសើរឡើងនូវសុខភាពសហគមន៍ ដូចជាការគ្រប់គ្រងកុំឲ្យមានផ្ទុះជំងឹឆ្លង (Outbreak) ផ្សេងៗ រួមមានជំងឺគ្រុនឈាម ជំងឺគ្រុនចាញ់ ជំងឺអេដស៍ ជំងឺរបេង ជំងឺផ្តាសាយបក្សី ជាដើម។ រីឯអត្រាស្លាប់នៃជំងឺឆ្លងទាំងនេះក៏មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ផងដែរ និងជំងឺខ្លះគឺលែងកើតមានតែម្តង ដូចជាជំងឺកុមារស្វិតដៃស្វិតជើង និងជំងឺអុត។
រីឯសកម្មភាពលើកកម្ពស់សុខភាព និងការអប់រំបញ្ហាឆ្កែខាំនេះគឺមិនសូវមានទេ អ៊ីចឹងហើយ បានមានការធ្វេសប្រហែសច្រើន ព្រោះពលរដ្ឋគិតថា វាជារឿងធម្មតា សត្វឆ្កែ និងមនុស្សនៅផ្ទះជាមួយគ្នា ឃើញរាល់ថ្ងៃ តែពួកគាត់មិនដឹងថា ឆ្កែរបស់ខ្លួនឆ្កួត ឬក៏មិនឆ្កួតនោះទេ។
ម្យ៉ាងវិញទៀត មិនទាន់មានគោលការណ៍ណែនាំណាមួយ ស្តីពីការការពារកុំឲ្យឆ្កែខាំ និងកុំឲ្យឆ្លងមេរោគឆ្កែខាំនេះ ផ្សព្វផ្សាយជាសាធារណៈនៅឡើយទេ។ ហេតុដូច្នេះហើយ បានជាវិទ្យស្ថានប៉ាស្ទ័រលើកទឹកចិត្តថា បើឆ្កែណាមួយខាំហើយ គឺត្រូវកាត់ក្បាលឆ្កែនោះមកឲ្យវិទ្យាស្ថានពិនិត្យមើលដើម្បីបញ្ជាក់ថា ឆ្កែនោះមានមេរោគឆ្កួត ឬក៏អត់ នៅក្នុងខួរក្បាលឆ្កែនោះ ហើយដែលវាបញ្ចេញនៅក្នុងក្រពេញទឹកមាត់។
ទាក់ទងទៅនឹងជំនឿ និងទម្លាប់ សូម្បីតែខ្ញុំក៏ធ្លាប់ឆ្កែខាំតាំងពីតូចដែរឆ្នាំ ១៩៨០ កាលនោះ ចាស់ៗយកទៅឲ្យព្រះសង្ឃសូត្រផ្លុំ និងម្លូស្លាទេ តែសំណាងឆ្កែអនាថានោះមិនឆ្កួត ហើយក៏មិនដឹងទៅរកថ្នាំវ៉ាក់សាំងមកចាក់ឯណាដែរ។ ជាងនេះទៅទៀត ខ្ញុំ និងពួកម៉ាក នាំគ្នាឲ្យឆ្កែលិទ្ធដំបៅផងដែរ ដើម្បីឲ្យឆាប់ជា ហើយមានអ្នកខ្លះទៀតនៅមានទម្លាប់ ឆ្កែខាំហើយយកបាយកកមកទំពាបិទនៅលើកន្លែងឆ្កែខាំដើម្បីឆាប់ជា។ ការដែលមានទម្លាប់បែបនេះហើយ គឺធ្វើឲ្យមនុស្សមានការប្រឈមមុខខ្ពស់ ចំពោះការឆ្លងជំងឺឆ្កែឆ្កួត និងអាចស្លាប់បាន។
សំណួរសួរថា តើប្រសិនបើឆ្កែឆ្កួតខាំ ឬក៏ឆ្មាឆ្កួតខាំ ឬក៏កណ្ដុរឆ្កួតខាំនរណាម្នាក់ រយៈពេលមេរោគអាចឆ្លងអាចឲ្យមនុស្សឆ្កួត និងស្លាប់បាន?
បើតាមប្រសាសន៍លោក លី សុវត្ថិ វេជ្ជបណ្ឌិត នៅវិទ្យាស្ថានប៉ាស្ទ័របានបកស្រាយថា វាអាស្រ័យទៅនឹងកន្លែងរបួសខាំ និងរយៈពេលនៃសត្វឆ្កែដែលខាំហ្នឹងឆ្កួតដែរ។ បើនៅក្បាលមេរោគ អាចបំផ្លាស់ទីទៅក្នុងខួរក្បាលបានលឿនជាងនៅកែងជើង ហើយឆ្កែខ្លះឆ្កួតលឿន ខ្លះឆ្កួតយឺត អាចឡើងដល់ឆ្នាំក៏មានដែរ។
តែទោះបីជាយ៉ាងណា លោកវេជ្ជបណ្ឌិត លី សុវត្ថិ លើកទឹកចិត្តថា បើមានឆ្កែខាំ គួរតែមកវិទ្យាស្ថានប៉ាស្ទ័រក្នុងអំឡុង ១ សប្តាហ៍ទៅ ២ សប្តាហ៍ដើម្បីចាក់ថ្នាំបង្ការ និងការពារ។ តែបើកាន់តែច្បាស់ទៅទៀតនោះគឺកាត់ក្បាលឆ្កែខាំនោះមកវិភាគតែម្តងដើម្បីឲ្យដឹងថា វាមានផ្ទុកមេរោគឆ្កែឆ្កួតឬក៏អត់។
មកដល់ពេលនេះ ក៏នៅមានអ្នកនិយមអួតគ្នារឿងហូបសាច់ឆ្កែ និងឆ្មាបា ថា ឆ្ងាញ់ណាស់ មានជាតិហើយក្តៅសាច់បានល្អ។ ដោយសារតែតម្រូវការទីផ្សារសព្វថ្ងៃនេះហើយ មានអ្នកដើរទាក់ឆ្កែដែលម្ចាស់គេស្រឡាញ់ចិញ្ចឹមផង អ្នកដើរដូរ នឹងឆ្នាំងខ្ទះជាមួយនឹងសត្វឆ្កែតាមភូមិឡើងចង់ពាយអស់ហើយ។ សម្រាប់អ្នកហូបសាច់ឆ្កែទាំងនោះវិញ មានគ្រប់ថ្នាក់នៅក្នុងសង្គម មានទាំងអ្នកធំ និងអ្នកតូចតែពួកគាត់មិនបានដឹងថា សាច់ឆ្កែដែលគាត់ហូបនោះឆ្កួត ឬក៏អត់ឆ្កួតនោះទេ។
ក្នុងករណីហូបសាច់់ឆ្កែនេះ លោកវេជ្ជបណ្ឌិត លី សុវត្ថិ បានបញ្ជាក់ថា បើគេហូបសាច់ឆ្កែប៉ះចំឆ្កែឆ្កួតហើយចម្អិនឆ្អិនងាប់មេរោគនោះវាមិនឆ្លងទេ តែអ្វីដែលប្រឈមមុខនោះ គឺអ្នកសម្លាប់ឆ្កែ មានមេរោគឆ្កួត កាប់ស្លគឺអាចឆ្លងមេរោគបានពេលប៉ះដាច់ ឬក៏ឈាមឆ្កែត្រូវកន្លែងរលាត់ស្បែក ឬក៏ដំបៅ និងបើចម្អិនមិនឆ្អិនហើយនៅឈាមស្រស់ៗ ក៏អាចឆ្លងមេរោគនោះបានដែរ។
ទាំងនេះគឺជាគុណវិបត្តិរបស់សត្វឆ្កែចំពោះមនុស្ស តែក្រៅពីនោះ ឆ្កែក៏ជាសត្វដែលមានគុណសម្បត្តិជាច្រើន ដែលគេនិយមហៅខុសៗគ្នា ដូចជាការដាក់ឈ្មោះដូចឈ្មោះមនុស្ស ឬក៏គេហៅអាភក្តី ឬសន្តិសុខភូមិជាដើម។ ព្រោះឆ្កែជួយម្ចាស់បានច្រើន ហើយឆ្លាតធ្វើឲ្យម្ចាស់វាស្រឡាញ់ផងដែរ។ ហេតុដូច្នេះហើយដើម្បីដោះស្រាយបញ្ហាឆ្កែខាំនេះគឺ
ទី១- ម្ចាស់ឆ្កែត្រូវតែយកឆ្កែទៅចាក់វ៉ាក់សាំងឲ្យបានទៀងទាត់ជាមួយនឹងពេទ្យសត្វ។
ទី២- ចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងការពារកុំឲ្យឆ្កែខាំ ជាពិសេសម្ចាស់ឆ្កែ ដែលមានឆ្កែខ្លួនឯងកាចៗគឺត្រូវតែទទួលខុសត្រូវ រាល់ការចេញសងចាក់ថ្នាំទាំងអស់ និងសងជំងឺចិត្តទៅជនរងគ្រោះដោយសារឆ្កែខាំ។
ទី៣- ប្រសិនបើមានឆ្កែងាប់ មិនគួរនាំគ្នាទទួលទានទេ ព្រោះវាអាចឆ្លងជំងឺផ្សេងៗគឺត្រូវយកវាទៅកប់ចោលឲ្យបានត្រឹមត្រូវ។
ទី៤- ការហូបសាច់ឆ្កែ ក៏ប្រឈមមុខខ្ពស់ទៅនឹងជំងឺឆ្លងផ្សេងៗមកមនុស្សបានដូចដែលលោកវេជ្ជបណ្ឌិត លី សុវត្ថិបញ្ជាក់ អ៊ីចឹងបើអាចឈប់បានឈប់ទៅ រឿងអួតដាក់គ្នាហូបសាច់ឆ្កែ និងសាច់ឆ្មាបាថាឆ្ងាញ់នោះ។
នៅទីក្រុងហាណូយនៃប្រទេស វៀតណាម ដែលពលរដ្ឋគេចូលចិត្តសាច់ឆ្កែ គឺជាទីក្រុងដំបូងគេ ត្រូវបានអាជ្ញាធររបស់គេបានចេញច្បាប់ហាមហូបសាច់ឆ្កែហើយកាលពីខែកញ្ញាឆ្នាំ ២០១៨ កន្លងទៅនេះដោយហេតុផលប៉ះពាល់ទៅនឹងភ្ញៀវទេសចរអន្តរជាតិ ដែលភាគច្រើនចូលចិត្តសត្វឆ្កែនោះ និងការប្រឈមនឹងការឆ្លងជំងឺឆ្កែឆ្កួត។
នៅចុងដំណាច់ឆ្នាំ ២០២១ ប្រទេស វៀតណាម នឹងលែងឲ្យលក់សាច់ឆ្កែទូទាំងប្រទេសហើយ។ នេះបើតាមសារព័ត៌មាន The Independence របស់ប្រទេស អង់គ្លេស បានចេញផ្សាយកាលពីខែកញ្ញាឆ្នាំ ២០១៨។
ទី៥- បើចង់ដឹងបន្ថែមទៅលើជំងឺឆ្កែឆ្កួតខាំ ឬក៏ជំងឺឆ្លងផ្សេងៗទៀតសូមទាក់ទងទៅលេខ 115 ដោយមិនយកកម្រៃ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com