ក្រៅពីស្លាប់ដោយសារសង្គ្រាមខ្មែរនៅតែស្លាប់ក្នុងករណីមិនគួរត្រូវស្លាប់ជាច្រើនរឿងផ្សេងៗគ្នាការស្លាប់ដោយសាររដ្ឋប្រហារ ដោយសារកាប់ព្រៃ «ក៥» ការជាន់មីនដោយសារនយោបាយពេលបោះឆ្នោតម្តងៗ ការឆក់ប្លន់ ឃាតកម្ម ការកាប់ចាក់គ្នារបស់ក្មេងទំនើង លង់ទឹក ជាពិសេសការស្លាប់ដោយសារបញ្ហាសុខភាពសាធារណៈរួមមានពុលចំណីអាហារ អាហារមានសារធាតុគីមីច្រើន ផឹកស្រា ជក់បារី សេពគ្រឿងញៀន ជំងឺឆ្លង ជំងឺរ៉ាំរ៉ៃ មរណមាតា និងទារក និងការអត់ឃ្លាន (ចំណាកស្រុកស៊ីឈ្នួលមុខរបរប្រឈមមុខគ្រោះថ្នាក់ខ្ពស់) និងគ្រោះថ្នាក់ចរាចរណ៍ជាដើម។
សព្វថ្ងៃនេះរាជរដ្ឋាភិបាលហាក់ដូចជាមានក្តីបារម្ភខ្លាំងតែលើការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលនៅមានអត្រាខ្ពស់ជាងអ្នកផ្ទុកជំងឺអេដស៍គឺមានអ្នកស្លាប់ច្រើនជាង ៥ នាក់ក្នុង ១ ថ្ងៃដោយមិនទាន់គិតអ្នកពិការភាព និងអ្នករបួសធ្វើការមិនកើតផង។ នេះបើតាមការប៉ាន់ប្រមាណថ្មីៗនេះរបស់គណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
ទិន្នន័យរបស់ស្ថាប័ននេះបង្ហាញថាមិនមានការប្រែប្រួលចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍គួរឲ្យកត់សម្គាល់នោះទេបើប្រៀបធៀបនឹងឆមាសទី ១ នៃឆ្នាំនេះ និងឆ្នាំទៅ (១១០៨ នាក់ទល់ ១២២៩ នាក់) មានន័យថាថយចុះតែ ១០ ភាគរយប៉ុណ្ណោះ និងអត្រាស្លាប់មាន ១០ នាក់ក្នុងយានយន្ត ១ ម៉ឺនគ្រឿងនៅឆ្នាំ ២០១១ ធៀបទៅនឹងឆ្នាំ ២០១០ មានអ្នកស្លាប់ ១១ នាក់។
បើប្រៀបធៀបជាមួយបណ្តាប្រទេសអាស៊ានកម្ពុជានៅតែមានអត្រាអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នេះខ្ពស់ជាងគេដដែល។ នេះបើតាមគោលនយោបាយជាតិស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ ២០១៤។
ទិន្នន័យមានការប្រែប្រួលតិចតួចបែបនេះធ្វើឲ្យប៉ះពាល់ដល់ផែនការទសវត្សរ៍របស់រាជរដ្ឋាភិបាលឆ្នាំ ២០១១ ដល់ ២០២០ ក៏ដូចជាការឆ្លើយតបជាសកលក្នុងការកាត់បន្ថយឲ្យបាននូវការស្លាប់ និងគ្រោះថ្នាក់ដោយសារចរាចរណ៍ផ្លូវគោកឲ្យបាន ៥០ ភាគរយនៅដំណាច់ឆ្នាំ ២០២០ ក្នុងគោលដៅទី ៣.៦ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់ UN។
ជាក់ស្តែងគ្រោះថ្នាក់ដ៏រន្ធត់មួយកាលពីសប្តាហ៍មុននៅលើកំណាត់ផ្លូវស្រុកមោងឫស្សី ខេត្តបាត់ដំបងរវាងរថយន្តមីនីប៊ើសបុកជាមួយរថយន្តដឹកដីមួយបណ្តាលឲ្យស្លាប់មនុស្សភ្លាមៗដល់ទៅ ៩ នាក់ និងអ្នករបួសធ្ងន់មួយចំនួនទៀត។ នៅឯស្ពានអាកាសស្ទឹងមានជ័យរាជធានីភ្នំពេញរថយន្តស្ទូចហ្វ្រាំងមិនស៊ីបានបុកម៉ូតូខ្ចាត់ខ្ចាយពេញថ្នល់មានអ្នករបួសធ្ងន់ស្រាសខណៈនៅខេត្តកំពតឯណោះរថយន្តដឹកដី និងដឹកស៊ីម៉ងត៍បុករថភ្លើងធ្លាក់ផ្លូវដែលមិនមែនជារឿងចម្លែកទេ។
បើមើលរូបភាពគ្រោះថ្នាក់នៅខេត្តបាត់ដំបងដែលបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកឃើញរូបគួរឲ្យតក់ស្លុតដោយអ្នកស្លាប់ត្រូវគេសែងដាក់គរលើគ្នាក្នុងឡានភីកអាប់ដូចសត្វធាតុ។ ចុះហេតុអ្វីក៏មិនរុំឲ្យបានសមរម្យ?
ឯណាទៅរថយន្តសាមុយសង្គ្រោះបន្ទាន់? ឬក៏បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងសុខាភិបាលទើបប្រកាសរថយន្តសង្គ្រោះបន្ទាន់លែងយកលុយពីបងប្អូនសពដូចមុនទៀតបានជាមិនមានរថយន្តសង្គ្រោះបន្ទាន់មកដឹកសាកសព?
ករណីនេះកើតឡើងនៅតំបន់ស្រុកមោងនៅក្បែរទីរួមខេត្តបាត់ដំបងសោះរថយន្តសង្គ្រោះបន្ទាន់ណាដែលនៅជិតកន្លែងគ្រោះថ្នាក់ជាងគេត្រូវតែមកដល់មុនគេអាចចេញពីមន្ទីរពេទ្យបង្អែកមោង និងមណ្ឌលសុខភាពណាដែលមានរថយន្តត្រូវបញ្ចេញភ្លាមៗហើយខាងមន្ទីរពេទ្យខេត្តបាត់ដំបងក៏ត្រូវតែបញ្ជូនមកឆ្លើយតបឲ្យទាន់ពេលវេលាផងដែរមិនមែនលើកបោះដាក់កន្ទុយឡានគរជើងគ្នានោះទេមើលទៅអាក្រក់មើលណាស់សម័យនេះទៅហើយ។
ម្យ៉ាងវិញទៀតក្នុងចំណោមអ្នកស្លាប់ ៩ នាក់មានយុវនិស្សិតស្រីឆ្នើមពូកែម្នាក់ផងដែរដែលនេះជាការសោកស្តាយពីការបាត់បង់ធនធានមនុស្សសំខាន់ៗជាក្តីសង្ឃឹមរបស់ប្រទេសជាតិនាពេលអនាគត។
មកទល់ពេលនេះមិនទាន់មានការសិក្សាស្រាវជ្រាវជាក់លាក់ដែលអាចគណនាជាមធ្យមចំពោះជនរងគ្រោះស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ម្នាក់ថា តើមានផលប៉ះពាល់គ្រួសារគាត់អស់ប៉ុន្មានក្នុងឆ្នាំនោះទេបើគាត់ជាមេគ្រួសារទទួលបន្ទុកសេដ្ឋកិច្ចទាំងស្រុងនោះតើប៉ះពាល់សមាជិកគ្រួសារគាត់ដែលទទួលផលពីគាត់យ៉ាងដូចម្តេចខ្លះ? ពោលគឺឃើញមានតែការសិក្សាការប៉ាន់ប្រមាណការខាតបង់ដោយសារគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសប្រចាំឆ្នាំចំនួន ៣៣៧ លានដុល្លារក្នុង ១ ឆ្នាំ (HIB, 2013)។
តើវិធានការរបស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនថ្មីដែលបានព្រមានថានឹងចាត់វិធានការលើរថយន្តតទ្រុង និងកន្លែងកែច្នៃដោយចាប់អនុវត្តពីថ្ងែ ៩ កញ្ញាខាងមុខនេះអាចមានប្រសិទ្ធភាពកម្រិតណា? ចំពោះសាលារាជធានីភ្នំពេញបើទោះបីជាដាក់បម្រាមឡានធំៗមិនឲ្យចូលក្រុងនៅមុនម៉ោង ៨ យប់ក្ដីតែគ្រោះថ្នាក់ឡានស្ទូចដែលបុកអ្នកដំណើរនៅស្ពានអាកាសស្ទឹងមានជ័យនោះគឺនៅពេលថ្ងៃទេ។ ចុះហេតុអ្វីបាននៅតែអនុញ្ញាតឲ្យរថយន្តធំៗទាំងនោះចូលក្រុងបានដដែល? ហើយកាមេរ៉ាដែលដាក់តាមភ្លើងស្តុបទុកធ្វើអ្វីបានជារថយន្តធំៗចូលស្រួលម្ល៉េះ? ពេលខ្លះមើលទៅកាប៊ីនរបស់រថយន្តធំៗឃើញមានអ្នកបើកបរតែម្នាក់គត់ដោយមិនមានអ្នកបើកជំនួសទេហើយក្នុងករណីអ្នកបើកបរនោះមានអាការធេងធោង ឬក៏ងុយដេកគឺជាការប្រឈមគ្រោះថ្នាក់កាន់តែខ្លាំង។
ដូចនេះគឺក្រុមហ៊ុនតម្រូវឲ្យមានមនុស្សចេះបើកបរយ៉ាងតិច ២ នាក់ក្នុងរថយន្តធំៗ។ បើរថយន្តក្រុងឆ្លងខេត្តគឺសុទ្ធតែមានអ្នកជំនួសរួចហើយតែអ្វីដែលសំខាន់គឺគាត់នៅតែព្រហើនបើកហួសល្បឿនបណ្តាលឲ្យមានគ្រោះថ្នាក់។
តែទោះបីជាយ៉ាងណាថៅកែក្រុមហ៊ុនខ្លះកំណត់ល្បឿនកុងទ័ររួចស្រេចបើអ្នកបើកបរជាន់ហួសល្បឿនគឺថៅកែដឹងនឹងស្តីបន្ទោស ឬក៏បញ្ឈប់ពីការងាររីឯក្រុមហ៊ុនខ្លះទៀតការត្រួតពិនិត្យអ្នកបើកបររបស់ពួកគេតាមរយៈដាក់ស្លាកឃ្លាមួយថា៖ «តើការបើកបររបស់ខ្ញុំយ៉ាងដូចម្តេចដែរ?» ហើយភ្ជាប់លេខទូរស័ព្ទក្រុមហ៊ុនតែម្តង។
ឥឡូវនេះកាន់តែទំនើបទៀតនោះមានក្រុមហ៊ុនរថយន្តប្រភេទ Express បានដាក់បង្ហាញភាពជឿជាក់ដល់អតិថិជនដែលជាអ្នកធ្វើដំណើរនោះគឺមានដូចរថយន្តទំនើបថ្មីៗអ្នកបើកបរទាំងអស់ទទួលវគ្គបណ្តុះបណ្តាលពីច្បាប់ចរាចរណ៍ផ្លូវគោកពីមន្ត្រីប៉ូលិសផ្ទាល់មានបង់ធានារ៉ាប់រងជូនភ្ញៀវ មានកក់កៅអីអង្គុយតាមអនឡាញ (Booking online with credit card) ជាដើម។ នេះគឺជាការទទួលខុសត្រូវរបស់ក្រុមហ៊ុនរថយន្តអ្នកបើកបររីឯអ្នកធ្វើដំណើរក៏មិនត្រូវពឹងផ្អែកទាំងស្រុងទៅលើអ្នកបើកបរតែម្នាក់ឯងនោះទេគឺត្រូវទទួលខុសត្រូវខ្លួនឯងផងដែរមានន័យថាហ៊ានប្រាប់ទៅអ្នកបើកបរឲ្យបន្ថយល្បឿនភ្លាមៗប្រសិនបើមើលទៅឃើញគាត់បើកមានលក្ខណៈហួសល្បឿន ឬក៏មានអាការងុយដេកធេងធោងគឺឲ្យផ្លាស់ប្តូរអ្នកបើកបរតែម្តង។
ការធ្វើដូច្នេះកុំឲ្យមានសេចក្តីស្តាយក្រោយដោយសារតែគ្រោះថ្នាក់ដល់អាយុជីវិតតែមួយប៉ប្រិចភ្នែកសោះនោះ។
ចំពោះករណីបុករវាងរថភ្លើង និងរថយន្តធំៗគឺមានលក្ខណៈដដែលៗពេកហើយតើពេលណាបានក្រសួងសាធារណការ និងដឹកជញ្ជូនសង់ស្ពានពីលើកន្លែងដែលរថភ្លើងឆ្លងកាត់នោះ? ឥឡូវឃើញស្ថាប័ននេះកំពុងតែសាងសង់ស្ពានឆ្លងផ្លូវសម្រាប់អ្នកថ្មើរជើង (Over pass) នៅម្តុំសាលារៀនជម្ពូវ័នហើយគួរតែសង់ស្ពាននេះនៅទីប្រជុំជនបន្ថែមទៀតដើម្បីកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
សរុបមកវិញអ្វីដែលជាបញ្ហាចម្បងបង្កឲ្យមានគ្រោះថ្នាក់ដែរនោះគឺឥរិយាបថអ្នកបើកបរដែលមានរថយន្តធំជាង ឬក៏គ្រឿងយន្តណាដែលធំជាងសូម្បីរថភ្លើងក៏មិនខ្លាចផងបុកទាល់តែធ្លាក់ផ្លូវគឺហាក់បីដូចជាមានអំណាចជាងដោយមិនគិតពីច្បាប់ផ្លូវណាដែលគេផ្តល់អាទិភាពនោះទេ។
អ៊ីចឹងដើម្បីកុំឲ្យមនុស្សចេះតែស្លាប់ដោយចៃដន្យឥតប្រយោជន៍ច្រើនគួរតែនិយាយប្រាប់អ្នកបើកតៗគ្នាបើជួបករណីអ្នកបើកបរខុសច្បាប់ដូចជាផ្លូវត្រូវផ្តល់អាទិភាពឲ្យគេមិនត្រូវវ៉ាទេបើទោះជាមានរថយន្តយើងធំជាងគេក៏ដោយ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com