គ្រាន់តែ​ធ្វើការ​ប៉ាន់ប្រមាណ​ការចំណាយ​ទៅលើ​គ្រោះ​មហន្តរាយ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​ក្នុង ១ ឆ្នាំៗ ខាតបង់​អស់ ៣៣៧ លាន​ដុល្លារ​ក្នុង​ឆ្នាំ​ (HIB,201-3)​។

ការ​គណនា​នេះ​គឺ​សំដៅ​ទៅ​លើ​វិបត្តិ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ភ្លាមៗ​ដែល​ត្រូវ​បាត់បង់​ជាក់ស្តែង​នៅ​ក្នុង​ឆ្នាំ​នេះ​ទេ តែ​មិន​បាន​គិតគូរ​ពី​ផលប៉ះពាល់​រយៈពេល​វែង​ដូចជា​បញ្ហា​ធនធាន​មនុស្ស​ដែល​បាន​ស្លាប់ ឬ​ក៏​វិកលចរិត​ ឬ​ក៏​ពិការភាព រយៈពេល​វែង​មិន​អាច​ធ្វើ​ការងារ​បាន​ដែល​បន្ទុក​នោះ ធ្លាក់​ទាំង​ស្រុង​ទៅ​លើ​ក្រុមគ្រួសារ សាច់ញាតិ និង​រដ្ឋ​។

ជាក់ស្តែង​គ្រោះថ្នាក់​ចរាចរណ៍ ២ ​ករណី​ធំៗ​នៅ​ក្នុង​ខែ​នេះ​គឺ​ករណី​គ្រោះថ្នាក់​លើ​ផ្លូវ​ជាតិ​លេខ ៤ រវាង​រថយន្ត​សម្តេច​ក្រុមព្រះ​នរោត្តម រណឫទិ្ធ ជាមួយ​នឹង​អ្នក​រត់​តាក់ស៊ី​ដែល​បណ្តាល​ឲ្យ​ព្រះអង្គ​រងរបួស​ធ្ងន់ និង​អ្នកម្នាង​ អ៊ុក ផល្លា ​បាន​ទទួល​មរណភាព​ផង​ដែរ​។

រីឯ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ឡែក​មួយ​ទៀត គឺ​នៅលើ​ផ្លូវជាតិ​លេខ ៣ ក្នុង​ខេត្ត​តាកែវ​កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​គឺ​រថយន្ត​វ៉ែន ១២ កៅអី ដែល​ដឹក​អ្នក​ដំណើរ​ជា​មន្ត្រី​ជាន់ខ្ពស់​របស់​អង្គការ Save the Children ដែល​បាន​ធ្វើ​ដំណើរ​ត្រឡប់​ពី​បេសកកម្ម​នៅ​ខេត្ត​កែប​វិញ​។

ផ្អែក​តាម​របាយការណ៍​ប៉ូលិស​ខេត្ត​តាកែវ​ដែល​ទទួល​បាន​អ្នក​រួច​ពី​ស្លាប់​នៅក្នុង​ឧប្បត្តិ​ហេតុ​នេះ​ និង​អ្នកភូមិ​បានឃើញ​ផ្ទាល់​ភ្នែក​ដែល ​ភ្នំពេញ​ ប៉ុស្តិ៍ ​ទទួល​បាន​គឺ​មូលហេតុ​នៃ​គ្រោះថ្នាក់​នោះ​គឺ​អ្នកបើក​បរមាន​អាកា​រងោក នៅពេល​កំពុង​បើកបរ ហើយ​ស្លន់​ជាន់ហ្វ្រាំង​ ប៉ុន្តែ​រថយន្ត​នៅតែ​រេ​ចង្កូត ធ្លាក់​ផ្លូវ​ហើយ​ក៏​បាន​ទៅ​បុក​ដើម​ស្វាយ​ចំពាក់​កណ្តាល​រថយន្ត​តែ​ម្តង​។

ក្នុង​នោះ​មាន​អ្នក​ស្លាប់​ ៤ ​នាក់​ដែល​ជា​ប្រធាន​កម្មវិធី និង​បច្ចេកទេស​ និង​ទីប្រឹក្សា​ក្នុង​នោះ​មាន​ស្ត្រី​ជនជាតិ​អូស្ត្រាលី​ម្នាក់​ផងដែរ និង​មាន​អ្នក​របួស​ធ្ងន់ និង​ស្រាល ១០ នាក់​ផ្សេង​ទៀត​។ ចំណែកឯ​អ្នក​បើកបរ​បាន​ដាក់​មេប្រូច​បាត់​ស្រមោល​។

ការស្លាប់​នេះ​គឺជា​ការបាត់បង់​ដ៏ធំធេង​ចំពោះ​ធនធាន​មនុស្ស​ដែល​ភាព​ជា​សមាជិក​ក្នុង​គ្រួសារ ភាព​ជា​ម្តាយ និង​ឪពុក​កំពុង​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​សង្គម​។

ទម្រាំ​បណ្តុះបណ្តាល​ក្លាយ​ជា​អ្នកដឹកនាំ​ដ៏ល្អ​គឺ​ត្រូវ​ប្រើ​រយៈពេល​ជាច្រើន​ឆ្នាំ​ក្នុង​នោះ​ដែរ​ក៏​មាន​អ្នក​ធ្លាប់​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស​ផង​ដែរ​។ នៅ​មាន​អ្នក​របួសធ្ងន់​ខ្លះ​ទៀត​កំពុង​តែ​ព្យាបាល​គឺ​ប៉ះពាល់​ក្បាល ស្រាំ​ឆ្អឹង​ក ខ្លះ​គ្រាំ​នៅ​ផ្នែក​ខាង​ក្នុង​ខ្លួន​នៅ​ឡើយ​ទេ​។ បន្ទុក​នេះ​គឺ​ត្រូវ​ធ្លាក់​កាន់តែ​ធ្ងន់​មក​លើ​ក្រុម​គ្រួសារ​ផង អង្គការ​ផង​មក​លើ​រដ្ឋាភិបាល​ផង ជាពិសេស ឬ ជនរងគ្រោះ​ខ្លះ​នៅ​ជាប់​ជំពាក់​បំណុល​ធនាគារ​ផង​។

ម្យ៉ាង​វិញ​ទៀត​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ធំៗ​បែប​នេះ​មិនមែន​ជា​លើក​ដំបូង​នោះ​ទេ ហេតុ​ដូច្នេះ​ហើយ​យុទ្ធនាការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចណ៍​នេះ មិនមែន​គ្រាន់តែ​មាន​ច្បាប់ ប្រកាស ផ្សព្វផ្សាយ ឬ​ក៏​ស្រង់​ទិន្នន័យ​ចំនួន​ជនរងគ្រោះ​នោះ​គ្រប់គ្រាន់​ទេ គឺ​ត្រូវ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​ទៅ​លើ​អ្នក​បើកបរ​តែ​ម្តង ដើម្បី​ឲ្យ​មាន​ស្មារតី​ភាព​ជា​ម្ចាស់ការ ចំពោះ​អាយុជីវិត​ខ្លួនឯង និង​ក្រុម​គ្រួសារ​ខ្លួនឯង​ផង និង​ការគិតគូរ​ដល់​អាយុជីវិត​អ្នក​ដំណើរ​ដែល​ពឹង​ផ្អែក​ទៅ​លើ​អ្នក​បើកបរ​ទាំង​ស្រុង​ផង​។

ដូច​កាលពី​សប្តាហ៍​មុន​មាន​មតិ​មហាជន​ទូទៅ​បាន​សាទរ​ចំពោះ​ចំណាត់ការ​របស់​មន្ត្រី​សមត្ថកិច្ច​ខេត្ត​កំពង់ចាម​ដែល​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​តាម​ផ្លូវ ដោយ​ធ្វើ​តេស្ត​គ្រឿងញៀន​ទៅ​លើ​អ្នក​បើកបរ និង​ព្រូឡាន​យ៉ាង​ហោច​ណាស់ ក៏​រកឃើញ និង​ឃាត់​ខ្លួន​ពួកគេ​បាន ២០ នាក់ ដែល​មាន​សារធាតុ​ញៀន​។

ការចុះ​ពិនិត្យ​ដោយ​មិន​បាន​ឲ្យ​ដំណឹង​មុន​ (Spot check) នៅ​តាម​ផ្លូវ​ក្នុង​ខេត្ត​កំពង់ចាម​នេះ​គឺជា​ចំណុច​ល្អ និង​ជា​មេរៀន​សម្រាប់​សមត្ថកិច្ច​ខេត្ត​ផ្សេងៗ​ទៀត​គួរតែ​ធ្វើ​ដូចនេះ​ជា​គំរូ និង​ផាកពិន័យ​ឲ្យ​ធ្ងន់ធ្ងរ ចំពោះ​ពួកគេ​ និង​ក្រុមហ៊ុន​ពួកគេ​ផង​ដែរ​។

ជាង​នេះ​ទៅ​ទៀត​ការចុះ​ត្រួតពិនិត្យ​នេះ​គួរ​តែ​បន្ត​ធ្វើឲ្យ​បាន​ជាប់លាប់​បាន​អ្នក​បើករថយន្ត​រាងចាល​ហើយ​លុបបំបាត់​វប្បធម៌​អន្តរាគមន៍​ពី​អ្នកធំៗ ឬ​ក៏​ឧកញ៉ា​នេះ​ឧកញ៉ា​នោះ​ឲ្យ​ខាង​តែ​បាន​។ កុំ​ធ្វើ​ដូច​ការត្រួតពិនិត្យ​ដោយ​បាញ់​ល្បឿន​រថយន្ត​បើកបរ​លើស​ពី​ការកំណត់​នោះ បាន​តែ​មួយ​ឆាវ​ហើយ​មក​ដល់​ពេល​នេះ​ស្ងាត់​ច្រៀប​លែង​ឮ​ការផាក​ពិន័យ​ចំពោះ​ការបើក​លើស​ល្បឿន​នោះ​។

ចំណុច​នេះ ​គួរតែ​លើក​យក​មក​អនុវត្ត​ឡើង​វិញ ហើយ​ដូរ​ទីតាំង​ធ្វើ Spot check ពិនិត្យ​ល្បឿន​ផង បើ​មិន​ដូច្នេះ​ទេ អ្នក​បើកបរ​ខ្លះ​ដឹង​ថា​នៅ​កន្លែង​នេះ​ធ្លាប់​ផាក​ពួកគេ​ក៏​បន្ថយល្បឿន​មកវិញ តែ​ផុត​ពី​ហ្នឹង​បើក​លឿន​ដដែល​។

កន្លង​មក​ក្រុមហ៊ុន​រថយន្ត​បឺស​ខ្លះ​បាន​ដាក់ GPS ដើម្បី​វាស់​ល្បឿន​របស់​អ្នក​បើកបរ​បាន បើ​ហ៊ាន​បើក​លើស​ល្បឿន​គឺ​ថៅកែ​ទូរស័ព្ទ​ស្តី​ឲ្យ​ភ្លាម អ៊ីចឹង​ពួកគេ​មិន​ហ៊ាន​ទេ​។ តែ​សម្រាប់​អ្នក​បើកបរ​តាក់ស៊ី​ ឬ​ក៏​អ្នក​បើកបរ​មាន​រថយន្ត​ឈ្នួល​ផ្ទាល់​ខ្លួន​តើ​មាន​នរណា​មក​ដាក់ GPS ពិនិត្យ​ពួកគេ​បាន​? អ៊ីចឹង​ហើយ​គឺ​មានតែ​សមត្ថកិច្ច​ហ្នឹង​ហើយ​ជា​អ្នក​ត្រួតពិនិត្យ​តាម​ដង​ផ្លូវ និង​អ្នក​ធ្វើ​ដំណើរ​ជាមួយ​ក្នុង​រថយន្ត​ហ្នឹង​ហើយ​ជា​អ្នក​ប្រាប់​អ្នក​បើកបរ​ឲ្យ​បន្ថយ​ល្បឿន​នោះ​។

មិន​ត្រូវ​ខ្លាច​ចិត្ត​អ្នក​បើកបរ​នោះ​ទេ​នៅពេល​ឃើញ​អ្នក​បើកបរ​នោះ បើក​ក្នុង​ល្បឿន​លឿន ឬ​មាន​ការ​ធ្វេសប្រហែស​ពីព្រោះ​អ្នក​ដំណើរ​បាន​ជួល​ត្រឹមត្រូវ អ៊ីចឹង​ពួកគេ​មាន​សិទ្ធិ​ជួយ​ត្រួតពិនិត្យ​ល្បឿន​របស់​អ្នកបើក​ផង​ដែរ មិនមែន​ចេះ​តែ​ឲ្យ​អ្នក​បើកបរ​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​នោះ​ទេ​។

ជាពិសេស​ នៅពេល​ដែល​ឃើញ​អ្នក​បើកបរ​មាន​អាការ​ធេងធោង ឬ​ក៏​ងោក​គឺ​អ្នក​ដំណើរ​ត្រូវ​ស្នើសុំ​ឲ្យ​គាត់​ឈប់​សម្រាក​ចូល​ហាង​ហូប​អាហារសម្រន់ ដើម្បី​ឲ្យ​អ្នក​បើកបរ​អាច​ដេក​បិទ​ភ្នែក​បាន​ពី ១០ ទៅ​ ១៥ ​នាទី​ឲ្យ​គាត់​ស្វាង​បន្តិច ឬ​ក៏​បើ​អាច​មាន​ការផ្លាស់ប្តូរ​អ្នក​បើកបរ​ឲ្យ​គាត់​សម្រាក​សិន សឹម​ឲ្យ​គាត់​បន្ត​បើក​រថយន្ត​ទៅ​មុខ​ទៀត​។ ការធ្វើ​ដូច្នេះ​វា​ខាត​ពេល​បន្តិច តែ​វា​មាន​សុវត្ថិភាព​ច្រើន​ជាង​។

ម្យ៉ាង​ទៀត​អ្នក​ដំណើរ​គួរតែ​ផ្តល់​យោបល់​ទៅ​អ្នក​បើកបរ​ដែល​ធ្លាប់​តែ​មោទនភាព ចំពោះ​ការបើកបរ​របស់​ខ្លួន​ថា​គាត់​បើកបរ​ច្បាស់​នៅ​លើ​ផ្លូវ​ហ្នឹង​ក៏ដោយ​ ឬ​ក៏​ឲ្យ​គាត់​ឈប់​សម្រាក​នៅ​លើ​ឡាន ឬ​កន្លែង​ក្បែរ​រថយន្ត​នៅ​ពេល​អ្នក​ដំណើរ​ជាមួយ​គេ​ត្រូវ​ចុះ​ធ្វើការ​ដូចជា​យក​ព័ត៌មាន​ចុះ​ស្រាវជ្រាវ ថតកុន ឬ​ក៏​ធ្វើ​សម្ភាសន៍​ថត​ឯកសារ​ជាដើម​មាន​ន័យ​ថា​ពេល​គាត់​ធ្វើការ​បើកបរ​ឲ្យ​គេ​សម្រាក តែ​ពេល​គេ​ធ្វើការ​ឲ្យ​គាត់​សម្រាក​វិញ​ម្តង​។

ករណី​នេះ​ខ្ញុំ​ធ្លាប់​ជួប​ប្រទះ​រួច​ហើយ ខ្ញុំ​តែងតែ​ប្រាប់​អ្នក​បើកបរ​ជារឿយៗ​ឲ្យ​គាត់​សម្រាក​នៅ​ក្បែរ​ឡាន​យក​កម្លាំង​ផង​ និង​មើល​អីវ៉ាន់​ដែល​ទុក​ក្នុង​ឡាន​ផង​។ ជួនកាល​គាត់​ដើរមក​មើល​គេ​ថត​ឯកសារ​ ឬ​ក៏​មក​ឈរ​មើល​គេ​សម្ភាស​ដែរ ពេល​ខ្លះ​គាត់​ឆ្លើយ​មក​វិញ​ថា ទុក​អីវ៉ាន់​នៅ​ទី​នេះ​គ្មាន​នរណា​យក​ទេ​។

ខ្ញុំ​ឆ្លើយតប​ទៅ​អ្នក​បើកបរ​វិញ​ថា រឿង​បាត់​លុយ​អាច​រក​បាន តែ​បាត់​ឯកសារ​សំខាន់​ខ្លះ​ទៅ​រក​ឯណា​បាន​? ដំណោះស្រាយ​ពេល​នោះ​គឺ​ខ្ញុំ​សម្រេច​លើក​ក្រោយ​គឺ​ឈប់​ជួល​ឡាន​គាត់​ទៀត​ទៅ គឺ​ស៊ើបសួរ​មិត្តភក្តិ​ស្គាល់​អ្នក​បើកបរ​ដែល​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ មាន​ការ​ទទួល​ខុសត្រូវ​វិញ​។

បញ្ហា​នេះ​គឺ​អ្នក​បើកបរ​ខ្លះ​គាត់​យល់​ពី​កាតព្វកិច្ច​របស់​គាត់​ និង​ការទទួល​​ខុសត្រូវ​របស់​គាត់​ផង​ដែរ គឺ​គាត់​ចេះ​លៃលក​រក​ពេល​សម្រាក​ផ្ទាល់​ខ្លួន ដើម្បី​កុំ​ឲ្យ​បើកបរ​រួយ​ភ្នែក​ពិបាក​បើកបរ ហើយ​មិន​ហ៊ាន​ហូប​ស្រា​ទេ​។

រីឯ​បញ្ហា​មួយ​ទៀត​គឺ​រឿង​​រថយន្ត​តទ្រុង​ដែល​លោក​នាយរដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ឲ្យ​កាត់​កាលពី​ពេល​ថ្មីៗ​នេះ តែ​ឥឡូវ​នៅ​ឃើញ​រថយន្ត​តទ្រុង​តកន្ទុយ​នៅ​វែងៗ​ដដែល​គឺ​មន្ត្រី​អនុវត្ត​ច្បាប់​ថ្នាក់​ក្រោម​ហាក់បី​ដូចជា​អនុវត្ត​បាន​តែ​មួយ​ភ្លើង​ចំបើង​ប៉ុណ្ណោះ​។ ហេតុអ្វី​បាន​អនុវត្ត​បញ្ហា​នេះ​មិន​បាន​?

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com