ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​អ្នក​ដែល​បាន​ទទួល​សញ្ញាបត្រ​បណ្ឌិត​ (PhD) ​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​មាន​ចំនួន​កើនឡើង​ជា​រៀងរាល់​ឆ្នាំ​តែ​មិន​មាន​ទិន្នន័យ​ពិតប្រាកដ​នោះ​ទេ ដោយសារ​អ្នក​ទទួល​បាន​សញ្ញាបត្រ​ពី​បរទេស​ដែល​មិនមែន​រដ្ឋាភិបាល​បញ្ចូន​ទៅ​រៀន ពួកគាត់​មិន​បាន​មក​បញ្ជាក់​នៅ​ក្រសួង​អប់រំ​ថា​បាន​សញ្ញាបត្រ​បណ្ឌិត​ត្រឡប់​មក​ស្រុក​វិញ ឬ​ក៏​បាន​បណ្ឌិត​ហើយ​លែង​ត្រឡប់​មក​ស្រុក​វិញ​ក៏​មាន​។

បើ​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​អប់រំ​ឆ្នាំ​ ២០១៥-២០១៦ ​មាន​តែ​ទិន្នន័យ​បេក្ខជន​ថ្នាក់​បណ្ឌិត​ចំនួន​ ១២២៩ ​នាក់​ដែល​កំពុង​សិក្សា​ក្នុង​ស្រុក​ទេ មិន​មាន​ទិន្នន័យ​សរុប​អ្នក​ទទួល​បាន​សញ្ញាបត្រ​បណ្ឌិត​នោះ​ទេ​។

ជាទូទៅ​អ្នក​ដែល​កំពុង​រៀន​ថ្នាក់​បណ្ឌិត ឬ​ក៏​អ្នក​ដែល​បាន​សញ្ញាបត្រ​ហើយ​តែងតែ​ត្អូញត្អែរ​អំពី​ការ​លំបាក​កាល​ពួកគេ​កំពុង​រៀន​សឹង​តែ​គ្មាន​បាន​ដេក​បាន​ពួន​នោះ​ទេ​។

បើ​តាមរយៈ​សារព័ត៌មាន​ប្រចាំ​សប្តាហ៍ The Economist ដែល​បាន​ចេញ​ផ្សាយ​កាលពី​ខែ​ធ្នូ​ឆ្នាំ ២០១០ ស្តីពី​បណ្ឌិត្យ​សភា​ដែល​អាច​បោះចោល​បាន «The Disposable Academic» ក៏​បាន​បង្ហាញ​ពី​ការ​សិក្សា​ថ្នាក់​បណ្ឌិត​ដ៏លំបាក​នេះ​ដែរ ប្រៀប​ដូចជា​ទាសករ​អ៊ីចឹង​ធ្វើការ​យ៉ាង​តិច​ ១០ ម៉ោង​ក្នុង​ ១ ​ថ្ងៃ​ហើយ​ ៧ ​ថ្ងៃ​ក្នុង​ ១ ​សប្តាហ៍​ទៀត​។

ក្នុង​ ១ ​ឆ្នាំ​មាន​និស្សិត​ចូល​រៀន​ថ្នាក់​បណ្ឌិត​នេះ​រាប់សែន​នាក់​នៅ​ទូទាំង​សកលលោក​ហើយ​ពេល​បាន​ទទួល​សញ្ញាបត្រ​បណ្ឌិត​ទៀត​ក៏​នៅ​មាន​អ្នក​យក​ទៅ​ប្រើ​មិន​ចំ​សញ្ញាបត្រ​ដែល​ខ្លួន​បាន​នោះ​ដែរ​ដូច​នៅ​ប្រទេស​អូទ្រីស គឺ ១ ​ភាគ​ ៣ អ្នក​បាន​ទទួល​សញ្ញាបត្រ​បណ្ឌិត PhD មិន​បាន​ធ្វើការ​ចំ​ជំនាញ​របស់​ខ្លួន​ឡើយ​។

ហេតុអ្វី​បាន​ជា​អ្នក​ទទួល​បាន​សញ្ញាបត្រ​បណ្ឌិត PhD ​ហ្នឹង​ប្រមាណ​ជាង ១ ​ពាន់​នាក់​សោះ​ក៏​រក​ទិន្នន័យ​មក​វិភាគ​មិន​បាន​ដែរ​? បើ​និយាយ​ពី​ការ​អួតអាង​វិញ សុទ្ធតែ​អ្នក​ច្បាស់លាស់ ប្រូ ព្រោកប្រាជ្ញ​អត់​ប្រយោជន៍​កាលពី​នៅ​រៀន​វិញ​មិន​ចេះ​ខ្វះ​អ្នក​ប្រូ​ទេ មើល​តាម​គណនី​ហ្វេសប៊ុក ចង់​ម៉ាក​ម៉េច​ក៏​មាន​ដែរ តែ​ដល់​ពេល​គ្រាន់​តែ​ស្រាវជ្រាវ​តែ​គ្នាឯង​ដែល​មាន​ចំនួន​តែ​បន្តិច​ហ្នឹង ក៏​ធ្វើ​មិន​បាន​ផង​។

បណ្ឌិត​ខ្លះ​ក៏​បាន​ទទួល​សញ្ញាបត្រ​ត្រឹមត្រូវ ខ្លះ​ទៅ​រៀន​ថ្នាក់បណ្ឌិត តែ​គ្រាន់​សាលា​ពន្យារ​សញ្ញាបត្រ​រហូត​រាល់​ឆ្នាំ​ក៏​តាំង​ខ្លួន​បណ្ឌិត​ដែរ បើ​មើល​ទៅ​គណនី​គឺ​ថា​គ្មាន​នរណា​ចេះ​ដល់​ខ្លួន​នោះ​ទេ ហើយ​និយាយ​ប៉ះ​មិន​បាន ហើយ​លើក​ទឡ្ហីករណ៍ ឬ​ក៏​ទ្រឹស្តី​ពេល​ខ្លះ​ហាក់បី​ដូចជា​ចាស់ៗ​ពេក​ធ្វើឲ្យ​ស្មុគស្មាញ​ដូចជា​មិន​មាន​បច្ចុប្បន្នភាព​សោះ​។

ឧទាហរណ៍​ពាក្យ​ថា​ «​យុវជន​» បណ្ឌិត​ខ្លះ​គាត់​យក​មក​បកស្រាយ​អង្កន់​យ៉ាង​លម្អិត​ចេញ​ពី​វចនានុក្រម​សម្តេច​សង្ឃ ជួន ណាត «​ចាប់​តាំងពី​ការ​រីក​លូតលាស់​របស់​មនុស្ស​នៃ​អាយុ​ប្រែប្រួល​...» ។

មក​ដល់​សម័យ​ទំនើប​ពាក្យ​ «​យុវជន​» ​គេ​កំណត់​យក​អាយុ​តែ​ម្តង បើ​ផ្អែក​តាម​អង្គការ​ WHO/UNICEF ឆ្នាំ ១៩៩៨ ​គឺ​យក​អាយុ​ពី​ ១៥ ​ដល់​ ២៤ ​ឆ្នាំ​ហើយ​បើ​ផ្អែក​តាម​គោលនយោបាយ​អភិវឌ្ឍន៍​យុវជន​កម្ពុជា​ឆ្នាំ​ ២០១១ គឺ​យក​អាយុ​ពី​ ១៥ ​ដល់ ៣០ ​ឆ្នាំ​។ អ៊ីចឹង​យក​ទៅ​ប្រើ​ទៅ​តាម​បរិបទ​ទៅ​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ​ជា​សកល​ស្តង់ដារ​សុខភាព​យើង​យក​យុវជន​ពី​ ១៥ ​ដល់​ ២៤ ​ឆ្នាំ​។

ម្យ៉ាង​វិញ​ទៀត​ បើ​បណ្ឌិតៗ​មួយ​ចំនួន​នាំ​គ្នា​យក​តែ​ហ្វេសប៊ុក​ជា​ទីលាន​អួត​ដាក់​គ្នា​រាល់​ថ្ងៃ​អ៊ីចឹង តើ​មាន​ពេល​ឯណា​ទៅ​សិក្សា​ស្រាវជ្រាវ​រក​របក​គំហើញ​អ្វី​ដែល​ថ្មី​នោះ​? ឬ​ក៏​ស្រាវជ្រាវ​ទិន្នន័យ​ថ្មីៗ​ឲ្យ​ផ្តល់​ចំណេះដឹង​ដល់​សិស្ស​របស់​ខ្លួន​នោះ​? ហើយ​ជាទូទៅ​បណ្ឌិតៗ​គាត់​ចូលចិត្ត​បង្រៀន​ណាស់ ជួនកាល​យក​ទ្រឹស្តី​ទាំង​ដុលៗ​យក​មក​ឲ្យ​សិស្ស ព្រោះ​ការ​បង្រៀន​ទទួល​បាន​លុយ​ម៉ោង រីឯ​ការ​សិក្សា​ស្រាវជ្រាវ​របស់​ថ្មី​មិន​ហ៊ាន​ធ្វើ​ទេ​ខ្លាច​អស់​លុយ ទុក​លុយ​ទិញ​ឡាន ឬ​ក៏​ដូរ​ស៊េរី​ឡាន​ឲ្យ​កូន​សិស្ស​សរសើរ​វិញ​ល្អ​ជាង​។

ជួនកាល​ទៅ​ការ​បង្រៀន​របស់​គាត់​ទៀត​អត់​មាន​អី​ថ្មី​ទេ ចង់​បង្រៀន​ថ្នាក់​បរិញ្ញាបត្រ​ក៏​មេរៀន​ហ្នឹង មក​ដល់​ថ្នាក់​អនុបណ្ឌិត​យក​មេរៀន​ដដែល​ហ្នឹង​កែ​បន្តិចបន្តួច​ទៅ​ដដែលៗ នេះ​ជា​បញ្ហា​បណ្ឌិត​ខ្លះៗ ឬ​ក៏​អនុបណ្ឌិត​មួយ​ចំនួន​ដែល​ខ្វះ​បទពិសោធ ហើយ​មក​បង្រៀន​ខ្ជិល​ស្រាវជ្រាវ​។ កុំ​គិត​ថា​កូន​សិស្ស​ខ្លះ​គេ​មក​រៀន​ហ្នឹង គេ​មិន​ដឹង គេ​ក៏​ដឹង តែ​គ្រាន់​តែ​គេ​មិន​ចង់​និយាយ​ក្នុង​ថ្នាក់​នាំ​ឲ្យ​ខ្មាស​សិស្ស​ដទៃ​ទៀត​អ៊ីចឹង​ប្រយ័ត្ន​ប្រយែង​មុន​បង្រៀន​រៀបចំ​ស្រាវ​ជ្រាវ​ឲ្យ​បាន​ស្រួលបួល​ផង​។

សំណួរ​សាមញ្ញ​សម្រាប់​លោក​អ្នក​បណ្ឌិតៗ បន្ទាប់ពី​បាន​ធ្វើ​សរសេរ​និក្ខេបបទ​ការពារ​បាន​សញ្ញាបត្រ​បណ្ឌិត PhD មាន​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​អ្វី​ខ្លះ​ទៀត ដែល​បាន​ផ្សព្វផ្សាយ​ហើយ​ឬ​នៅ​? ឬ​មួយ​ក៏​បាន​ត្រឹម​តែ​អួត​តែ​និក្ខេបបទ​ដដែលៗ​ហ្នឹង​ទេ​? ជាពិសេស​អ្នក​ដែល​បាន​សញ្ញាបត្រ​មកពី​ស្រុក​បារាំង​វិញ កុំ​ថា​ឡើយ​បាន​បណ្ឌិត តែ​សញ្ញាបត្រ​ល្មមៗ​ហ្នឹង​ក៏​ភ្លែត​ឡើង​ចូលចិត្ត​ណាស់​ធ្វើ​ការងារ​ជា​មន្ត្រី​ជាន់​ខ្ពស់ (haute fonctionnaire) តែ​ម្តង​។

ចំណុច​នេះ​នៅ​តាម​សាកលវិទ្យាល័យ​នៅ​ស្រុក​ខ្មែរ​ហាក់បី​ដូចជា​មិន​មាន​លក្ខខណ្ឌ​ដូច​សាលា​នៅ​សហរដ្ឋអាមេរិក​នោះ​ទេ ដែល​បណ្ឌិត​ដែល​ជា​គ្រូៗ​គឺ​តម្រូវ​ឲ្យ​បង្រៀន​តែ​ ៥ ​ឆ្នាំ​ទេ​ហើយ​សាលា​ឲ្យ​ចុះ​មក​ស្រាវជ្រាវ​រយៈពេល​ ១ ​ឆ្នាំ បាន​ឲ្យ​ត្រឡប់​ទៅ​បង្រៀន​វិញ​រួច​ហើយ​បាន​ដំឡើង​ងារ​ទៅ​តាម​ឋានានុក្រម​របស់​សាស្ត្រាចារ្យ​ចុង​ក្រោយ​គេ​ដូចជា​ពី Instructor ទៅ Lecturer បន្ទាប់មក Assistant Professor រួច​ហើយ Associate Professor បាន​ឡើង​ជា Professor​ ​សាស្ត្រាចារ្យ​ពេញលេញ តែ​បើ​បាន​តំណែង​ងារ​ហ្នឹង​ហើយ​អត់​ស្រាវជ្រាវ​បន្ថែម​គណៈកម្មការ​សាលា​គេ​នឹង​វាយ​តម្លៃ​ទម្លាក់​តំណែង​ហ្នឹង​ទៀត​។

មិន​ដូច​នៅ​ស្រុក​ខ្មែរ​ទេ អត់​មាន​ឋានានុក្រម​នោះ​ទេ​ឲ្យ​តែ​លោក​អ្នក​បាន​សញ្ញាបត្រ​បណ្ឌិត​ភ្លាម​តាំង​ខ្លួន​ឯង​ជា​សាស្ត្រាចារ្យ​ភ្លែត​ដែរ ជាពិសេស​ខាង​គ្រូពេទ្យ​វេជ្ជបណ្ឌិតៗ បើ​បាន​បណ្ឌិត​ទៀត​លែង​ចង់​បាន​ហើយ​ពាក្យ​ថា​វេជ្ជបណ្ឌិត​នោះ​គឺ​ចង់​ឲ្យ​គេ​ហៅ​សាស្ត្រាចារ្យ​ជាង​។

រីឯ​បណ្ឌិត​ខ្លះ​ទៀត​មាន​អ្នក​ចូល​ធ្វើ​នយោបាយ​មាន​អ្នក​បម្រើ​នយោបាយ​ឲ្យ​អ្នក​នយោបាយ​ខំប្រឹង​ជួយ​អ្នក​នយោបាយ​ដើម្បី​រក​កន្លែង​អង្គុយ​ល្អ​សមរម្យ​ឲ្យ​សម​ជា​បណ្ឌិត​ចង់​គេ​អ្នក​នយោបាយ​មាន​អំណាច​ប្រើ​ធ្វើ​អី​ក៏​ធ្វើ​ទៅ​តាម​គេ​ដែរ ហើយ​យក​សញ្ញាបត្រ​បណ្ឌិត​ហ្នឹង​បាំង ឬ​ក៏​យក​ពាក្យ​សាស្ត្រាចារ្យ​មក​ប្រើ​ដើម្បី​ឲ្យ​និយាយ​ទៅ​វា​ធ្ងន់​ជាង​អ្នក​ធម្មតា តែ​ដល់​ពេល​មើល​ការ​ស្រាវជ្រាវ​ថ្មីៗ​គ្មាន​គឺ​មាន​តែ​និក្ខេបបទ​ស្រាវជ្រាវ​យក​សញ្ញាបត្រ​បណ្ឌិត​តែ​មួយ​ហ្នឹង​មក​អួត​គេ​នោះ​។

ជាង​នេះ​ទៅ​ទៀត​​គឺ​ការ​ចាប់​ផ្តើម​អួត​ដាក់​គ្នា​ឌឺដង​ដាក់​គ្នា​រវាង​បណ្ឌិតៗ​តាម​ហ្វេសប៊ុក​ក្តី​តាម​សារព័ត៌មាន​ក្តី ឬ​ក៏​ឆ្លើយឆ្លង​គ្នា​នៅ​តុ​​ពិភាក្សា និយាយ​ទៅ​និយាយ​មក​ចូល​ដល់​លម្អៀង​បក្ស​នយោបាយ​រៀងៗ​ខ្លួន ឬ​ក៏​បក្ស​ដែល​ខ្លួន​គាំទ្រ​នោះ​ហើយ​បើ​ឲ្យ​ពួកគាត់​ធ្វើការ​ជាមួយ​គ្នា​រឹត​តែ​មិន​កើត​ទៀត​ហើយ​។

បណ្ឌិតៗ​បែប​នេះ​គឺ​ឆ្លើយតប​ទៅ​របក​គំហើញ​របស់​សារព័ត៌មាន​ The Economist ដែល​អ្នក​ដែល​បាន​សញ្ញាបត្រ​បណ្ឌិត ហើយ​ប្រើ​មិន​ត្រូវ​ជំនាញ​របស់​ខ្លួន​គឺ​មក​បម្រើ​នយោបាយ​ឲ្យ​អ្នក​នយោបាយ ហើយ​មិន​មាន​ការ​សិក្សា​ស្រាវជ្រាវ​អ្វី​ដែល​ថ្មីៗ​នោះ​ទេ​មាន​តែ​យក​រឿង​ចាស់ៗ​មក​ធ្វើឲ្យ​ទៅ​ជា​ថ្មី​តែ​ប៉ុណ្ណឹង​ដូចជា​រឿង​ស្តេច​កន​ជាដើម​។

សរុប​មក​វិញ​តើ​គួរ​ចំណាយ​ពេល​រៀន​យក​សញ្ញាបត្រ​បណ្ឌិត​អត់​បាន​ផលប្រយោជន៍​ជា​ដុំកំភួន​ដែរ​ឬ​ក៏​អត់​? ហើយ​បាន​សញ្ញាបត្រ​បណ្ឌិត​ហើយ តែ​ត្រូវ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​អ្វី​ដែល​ថ្មីៗ​ជា​ដុំ​កំភួន​ឲ្យ​ចំ​ទៅ​នឹង​ជំនាញ​របស់​ខ្លួន ដើម្បី​ផ្តល់​យោបល់​ទៅ​រាជរដ្ឋាភិបាល​បាន​ដែរ​ឬ​ទេ​? ជា​ជាង​អួត​ដាក់​តែ​គ្នា​តាម​ហ្វេសប៊ុក​កុំ​ឲ្យ​ហៅ​ថា​បណ្ឌិត​គ្រៀវជ្រូក​ដូច​ពី​ដើម​ទៀត​អី​។

ចូលរួម​ផ្តល់​យោបល់​តាមរយៈ​ soprach.tong@phnompenhpost.com