បើទោះបីជាការខំលេងសៀកឆ្ពិនភ្នែករបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីចំពោះការបើកម៉ូតូមិនពាក់មួកសុវត្ថិភាពនៅខេត្តកោះកុងរួចត្រូវប៉ូលិសចរាចរណ៍ផាកពិន័យថ្មីៗនេះហើយនៅសប្តាហ៍បន្ទាប់លោកចេញទៅបង់លុយទៅតាមកាលកំណត់ដោយជិះម៉ូតូពាក់មួកសុវត្ថិភាពនៅរាជធានីភ្នំពេញបង្ហាញពីការលើកកម្ពស់ការគោរពច្បាប់ចរាចរណ៍យ៉ាងណាក៏ដោយ ក៏មិនមានប្រសិទ្ធដែរព្រោះករណីនិទណ្ឌភាពនៅតែមានដោយសារលោកហក់ចូលរួមអន្តរាគមន៍រឿងអយុត្តិធម៌មួយដោយម្តងទៅមុខម្តងថយក្រោយទៅលើមន្ត្រីប៉ូលិសចរាចរណ៍ស័ក្តិ ១ និងលោកផ្កាយ ៣ អគ្គនាយករងអន្តោប្រវេសន៍។
ខ្ញុំបានតាមដានពីម៉ោង ២:៣០ ទៀបភ្លឺឃើញចេញថា លោករៀបចំអនុក្រឹត្យដកចេញពីតំណែងលោកផ្កាយ ៣ ហើយមន្ត្រីប៉ូលិសចរចរណ៍ដែលត្រូវមេបញ្ឈរជើងនោះក៏ឲ្យមកចូលធ្វើការវិញ។ ស្រាប់តែព្រឹកឡើងលោកចេញសារនៅតាមហេ្វសប៊ុកលោកថា បានដាក់តំណែងនាយនគរបាលផ្កាយ ៣ វិញហើយបង្ហោះរូបចាប់ដៃគ្នាអ្នកទាំង ២ ដែលមានជម្លោះនឹងគ្នានោះហើយលោកបានបន្តទៀតថាលោកសម្រាកបានតែ ២ ម៉ោងទេដោយសារតែរឿងនេះ។
ចំពោះករណីនេះរឿងអ្វីដែលត្រូវរំខានដល់លោកបើការដោះស្រាយរឿងកំប៉ិកកំប៉ុកផាកតាមចិញ្ចើមថ្នល់សោះ? បើលោកផ្កាយ ៣ បើកបរខុសច្បាប់ឆ្លងភ្លើងក្រហមហើយម៉េចក៏មិនបង់ពិន័យដូចលោកទៅវារួចគ្នាបាត់ទៅហើយគ្មានអីដែលត្រូវឈ្លោះគ្នាទេ? នៅចាំបាច់សន្សំរឿងឲ្យកើតឡើងទាល់តែមានទំនាស់គ្នាជាមួយមន្ត្រីនគរបាលតូចតាចមិនចេះខ្មាសអ្នកធ្វើដំណើរតាមផ្លូវ។
នេះគឺចង់បង្ហាញសាច់ដុំថាខ្លួនមានអំណាចមេប៉ូលិស ១ រូបដែររឿងអីប៉ូលិសតូចតាចមិនស្គាល់អញ? ហ៊ានផាកអញ? អ៊ីចឹងទូរស័ព្ទប្រាប់មេឯងឲ្យបញ្ឈរជើងឯងម្តងមើលកុំឲ្យពូកែមិនស្គាល់អញ។
ករណីបែបនេះមិនមែនមានតែលោកផ្កាយ ៣ ម្នាក់ហ្នឹងទេដែលបង្ហាញពីសាច់ដុំបែបនេះមានមន្ត្រីគ្រាក់ៗជាច្រើនទៀតតែងតែធ្វើបែបនេះដូចតែគ្នាហ្នឹងឲ្យតែមានប៉ូលិសចរាចរណ៍ផាកជិះខុសច្បាប់គឺតែងតែរកបញ្ហាទំនាស់គ្នាទូរស័ព្ទហៅគ្នីគ្នាមក ឬក៏សម្លុតមន្ត្រីប៉ូលិសចរាចរណ៍តូចតាច។
មន្ត្រីធំៗប្រើពាក្យសុទ្ធតែហៅមេហ្អែងមកជួបអញ។ ពាក្យទាំងនេះឮនៅពេលអ្នកធំៗគេអួតដាក់គ្នារឿងអំណាចនៅកន្លែងផឹកស៊ីសុទ្ធតែអាណាមិនស្គាល់អញ បើទោះបីជាលោកនាយករដ្ឋមន្ត្រីប្រកាសឲ្យអំណាចទៅប៉ូលិសចរាចរណ៍បើទោះបីជាផ្កាយលោកខែក៏គាត់បកស័ក្តិដែរ។
តែជាក់ស្តែងលោកនាយករដ្ឋមន្ត្រីទៅវិញទេបែរទៅជាធ្វើអន្តរាគមន៍ឲ្យមាននិទ្ទណ្ឌភាពដោយសារការអនុវត្តច្បាប់បែបលឹបលៗ និងរេរាទៅតាមសែស្រឡាយខាងណាធ្វើអន្តរគមន៍ដែលធ្វើប៉ះពាល់ការអនុវត្តច្បាប់ចរាចរណ៍មិនមានប្រសិទ្ធភាព។
ការដែលអនុវត្តច្បាប់បែបលឹបលៗទៅមុខថយក្រោយៗដូចករណីផ្សេងៗទៀតដែរលោក ហ៊ុន សែន ថាតុលាការ និងសមត្ថកិច្ចនឹងចាប់លោក កឹម សុខា រឿងកោះហៅទៅតុលាការមិនទៅតែអត់ចាប់ផងបានត្រឹមតែលឹបលៗ និងដៀល កឹម សុខា ថា៖ «អាគុក» តែប៉ុណ្ណឹង។
ក្រៅពីអំណាចបុគ្គលដែលមានស្របច្បាប់យកមកគ្របដណ្តប់លើរឿងអនុវត្តច្បាប់ចរាចរណ៍ក៏នៅមានអំណាចមួយទៀតដែលមើលទៅហាក់បីដូចជានៅតែត្រួតត្រាលើមន្ត្រីប៉ូលិសចរាចរណ៍ដោយប្រយោលដែរ។
បើគ្រាន់តែឃើញមានឡានស៊ីរ៉ែនស្លាកលេខខាងលើមានដាក់ព្រឹទ្ធសភា សភា រាជរដ្ឋាភិបាល រវ (រាជវាំង) ប៉ូលិសនាំគ្នាឆ្វាត់ឆ្វែងធ្វើចរាចរណ៍បណ្តោះឲ្យទៅភ្លាមបើទោះបីជាពេលខ្លះខ្ញុំឃើញផ្ទាល់ភ្នែករថយន្តទាំងនោះបើកច្រាសផ្លូវហួសរនាំងចែកខាងក៏ដោយ។ នេះដោយសារអំណាចនៃស្លាកលេខ និងឡានស៊ីរ៉ែន។
ជាងនេះទៅទៀតក្រៅពីស្លាកលេខស៊ីវិល «ភ្នំពេញ ឬក៏ឈ្មោះខេត្ត» គឺមានស្លាកលេខដែលមើលទៅមានអំណាចធ្វើឲ្យប៉ូលិសចរាចរណ៍លំបាកក្នុងអនុវត្តច្បាប់ដែរដោយសារខ្លះចេញមកច្រងេងច្រងាងហេងស៊យវ៉ៃមន្ត្រីប៉ូលិសចរាចរណ៍មុនទៀតហើយមើលទៅស្លាកលេខបែបបង្ហាញសាច់ដុំមានភាពរញ៉េរញ៉ៃពេញផ្លូវដូចជា នគរបាល ខេមរភូមិន្ទ រដ្ឋ រាជការ វត្ត PRESS, ONU, IO, NGO, AT, CD ហើយមានខ្លះទៀតបានបង្ហាញសាច់ដុំតាមលេខការ៉េដោយមានលេខ ៤ ខ្ទង់ដូចៗគ្នាដែលទិញក្នុងតម្លៃថ្លៃៗ។
ស្លាកលេខទាំងនេះគឺនៅស្រុកខ្មែរសុទ្ធតែលេងអំណាចខ្លះក្នុងការបើកបរលើផ្លូវសាធារណៈ ឬក៏ចុះពីលើរថយន្តចង់ឲ្យគេគោរពកោតក្រែងដែលនោះគឺជាការបង្ហាញពីការបែងចែកវណ្ណៈឋានៈនៅក្នុងសង្គមខ្មែរផងដែរ ដែលចូលចិត្តទាញផលប្រយោជន៍ពីការប្រើស្លាកលេខទាំងនេះ។ ការលេងអំណាចតាមស្លាកលេខទាំងនេះគឺខុសពីស្រុកគេដែលមានតែការបែងចែកប្រភេទតាមឡាន តូច ល្មម ធំ ដឹកទំនិញ ឬ ក៏តាក់ស៊ី និងស្លាកលេខសមត្ថកិច្ចជារបស់រដ្ឋទេតែមិនអាចលេងអំណាចដូចនៅស្រុកខ្មែរឡើយពោលគឺគេអនុវត្តច្បាប់ចរាចរណ៍យ៉ាងតឹងរ៉ឹង។
បើនៅសហគមន៍អឺរុបគឺគេមានស្លាកតែមួយឆ្លងប្រទេសគ្នាបានដោយគ្រាន់ដាក់សញ្ញាផ្កាយទង់ជាតិសហគមន៍អឺរ៉ុប និងឈ្មោះកាត់ប្រទេសរបស់គេគឺគ្រប់គ្រាន់ហើយ។
បញ្ហាស្លាកលេខរញ៉េរញ៉ៃទាំងនេះគឺជាជំងឺរ៉ាំរ៉ៃ និងជាឧបសគ្គនៃការអនុវត្តច្បាប់ចរាចរណ៍នៅស្រុកខ្មែរខ្លះរហូតដល់យកស្លាកលេខឡានសមត្ថកិច្ចទៅដឹកឈើខុសច្បាប់ដឹកគ្រឿងញៀនដោយសារតែអំណាចនេះហើយ។
ហេតុដូច្នេះហើយស្លាកលេខយានយន្តនៅក្នុងស្រុកគួរមានតែស៊ីវិល ១ ប្រភេទបានហើយ ហើយប្រើទាំងអស់គ្នាទាំងអ្នកតូចទាំងអ្នកធំហើយបើធ្វើនៅភ្នំពេញដាក់ភ្នំពេញបើធ្វើនៅខេត្តដាក់ឈ្មោះខេត្តនោះដូចធម្មតាទៅហើយតម្រូវឲ្យបង់ពន្ធទាំងអស់គ្នាទាំងឡានទាំងផ្លូវគ្មានការលើកលែងរីឯយានយន្តរបស់សមត្ថកិច្ច ( ខ.ម និង ន.ប) គឺប្រើសម្រាប់តែនៅកន្លែងធ្វើការហើយទុកនៅកន្លែងធ្វើការទៅកុំឲ្យប្រើច្រឡំបល់គ្នានោះ។ រីឯការចូលរួមអន្តរាគមន៍ពីអ្នកធំៗ ឬក៏ថ្នាក់ដឹកនាំណាក៏ដោយរឿងច្បាប់ចរាចរណ៍ក៏គួរតែបញ្ឈប់សូម្បីតែលោកនាយករដ្ឋមន្ត្រី៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com