The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អ្នកបើកឡាន​ធំៗ​ គួរ​បញ្ឈប់​ការ​បើកបរ​របៀប​ប្រមាថ​ជីវិត​អ្នក​ដទៃ




អ្នកបើកឡាន​ធំៗ​ គួរ​បញ្ឈប់​ការ​បើកបរ​របៀប​ប្រមាថ​ជីវិត​អ្នក​ដទៃ

Content image - Phnom Penh Post
ឡាន​ដឹក​ទំនិញ​ធ្វើ​ឲ្យ​បាក់​ស្ពាន​នៅ​ខេត្ត​កំពង់​ឆ្នាំង​ពីឆ្នាំ​​​​មុន។ សហការី

អ្នកបើកឡាន​ធំៗ​ គួរ​បញ្ឈប់​ការ​បើកបរ​របៀប​ប្រមាថ​ជីវិត​អ្នក​ដទៃ

ពី ១ ថ្ងៃ​ទៅ ១ ថ្ងៃ យានយន្ត នាំចូល​ចេះតែ​កើនឡើង រីឯ ផ្លូវ​ជាតិ​ភាគ​ច្រើន​ទំហំ​ទទឹង​នៅ​ដដែល បើ​ទោះបី​ជា​ផ្លូវ​ជាតិ​ខ្លះ មាន​ការ​ជួស​ជុល​ធ្វើ​ជាប់​រហូត។ ផ្លូវជាតិ​ដែល​ចាំបាច់​ជាង​គេ​គឺ ផ្លូវជាតិ​លេខ ៤ ពី​ភ្នំពេញ​ទៅ​ផែ​ព្រះសីហនុ ដែល​មាន​ទំហំ​តូច មាន​រថយន្ត​ធំៗ រថយន្ត​កុង​តឺន័រ​ធំៗ និង​មាន​ចំណោត​តាម​ជ្រលង​ភ្នំ​ជាច្រើន ហើយ​គ្រោះ​ថ្នាក់​ជាង​គេ គួរ​តែ​ផ្តល់​អាទិភាព​ពង្រីក​មុន​គេ តែ​ក្រសួង​សាធា​រណការ និង​ដឹក​ជញ្ជូន​ទើប​តែ​ប្រកាស​ចាប់​ផ្តើម​ធ្វើ​ផ្លូវ​ជាតិ​សម្រាប់​ល្បឿន​លឿន​មួយ​ទៀត​នៅ​ឆ្នាំ​នេះ​ទេ។

រីឯ​ផ្លូវ​រថភ្លើង ដាក់​ឲ្យ​ដំណើរការ​ហើយ​ផ្លូវ​ពី​ភ្នំពេញ​ទៅ​កំពង់សោម​តែ​ក្រសួង​នេះ និង​ក្រុមហ៊ុន Toll Royal Railway មិន​បាន​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំ​ទូលាយ នូវ​សេវា​រថភ្លើង ២ ខ្សែ​របស់​ខ្លួន ពី​ភ្នំពេញ​ទៅ​ប៉ោយប៉ែត និង​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​តាំង​ពី​ដើម​ឆ្នាំ ២០១៧ ដែល​ផ្តល់​សេវា​ដឹក​ជញ្ជូន​អ្នក​ដំណើរ និង​ទំនិញ ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ និង​គ្រោះ​ថ្នាក់​ចរាចរណ៍​ធំៗ​នោះ​ទេ។

ដោយសារ​សេវា​រថភ្លើង មិនមាន​ដំណើរ​ការល្អ​និង​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ថ្មី​នេះ​មាន​ការ​រង់ចាំ​យឺត​យ៉ាវ​ទើប​បាន​ជា​ការ​ធ្វើ​ដំណើរ​និង​ការ​ដឹក​ជញ្ជូន មាន​ការ​មមាញឹក​ខ្លាំង នៅ​លើ​ផ្លូវ​ជាតិ​លេខ ៤ នេះ។

ជារឿយៗគ្រោះថ្នាក់​ចរាចរណ៍ តែងតែ​កើតមានឡើង មិន​ថា​យប់ ឬក៏​ថ្ងៃ​នោះ​ទេ ព្រោះ​ម្នាក់ៗ បើកបរ​ភាគ​ច្រើន​សុទ្ធ​តែ​ប្រញាប់​វ៉ា​ប្រជែង​គ្នា​ដែល​ផ្លូវ​ជាតិ​ក៏​តូច​ផង និង​មាន​រោងចក្រ​នៅ​តាម​ផ្លូវ​ក៏​ច្រើន​ជាង​គេ​ទៀត។

កាលពី​សប្តាហ៍​កន្លងទៅ មាន​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ធំ​មួយ​ដែល​រថយន្ត​ដឹក​ថ្ម ១ គ្រឿង​ចុះ​ចំណោត​ដាច់ ហ្រ្វាំង ទៅ​បុក​រះ​រថយន្ត​ផ្សេង​ទៀត​ជាង ២០ គ្រឿង បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់ របួស​ធ្ងន់ ៨ នាក់ និង​មាន​អ្នក​របួស​ស្រាល​មួយ​ចំនួន​ទៀត។ បើ​មើល​ទៅ​ទិដ្ឋភាព​នៃ​គ្រោះ​ថ្នាក់​នេះ បើ​ទោះបី​ជា​មិន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​មនុស្ស​ច្រើន​ក្តី​ក៏​ម្ចាស់​រថយន្ត​មាន​ការ​ស្តាយ​រថយន្តរ​បស់​ខ្លួន​ដែល​រង​ការ​ខូច​ខាត​ទ្រង់​ទ្រាយ​ធំ​ដែរ ឡាន​តូច​ខ្លះ​ឡើង​រមូរ​ចូលគ្នា រួញ​កែ​លែង​កើត ខ្លះ​ខូច​មួយ​ចំហៀង​ពេញ​តែម្តង មក​ដល់​ពេល​នេះ មិន​ទាន់​ដឹង​ថា ក្រុមហ៊ុន​ដឹក​ថ្ម​នោះ សង​សំណង​ខូចខាត​យ៉ាង​ណា​នោះ​ទេ​រីឯ​អ្នក​បើកបរ​ឡាន​ដឹក​ថ្ម​បើក​ទ្វារ​ដាក់​មេ​ប្រូច​បាត់។

ម្យ៉ាងវិញទៀត ឃើញ​ធ្វើ​តែមួយ​ប្រាវ​នៅពេល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​បាន​ប្រកាស​រឿង​ការ​បង្ក្រាប​រថយន្ត​កាត់​ត ទ្រុង​បន្ថែម​ឡើង​លើ​ផង និង​ត​ឲ្យ បាន​វែង​ផង​ហួស​ស្តង់ដារ​កំណត់​របស់​ក្រសួង​សាធា​រណការ និង​ដឹក​ជញ្ជូន​ផង ហើយ​ក៏​នៅ​តែ​ឃើញ​រថយន្ត​ធំៗ​ត​ទ្រុង នៅ​តែ​បើកបរ​ពេញ​តែ​ផ្លូវ​ជាតិ​ដដែល​ហើយ​ផ្លូវ​ថ្នល់​ខូច​ជាង គេ​ក៏​ដោយសារ​តែ​រថយន្ត​ដឹក​ទំនិញ​លើស​កំណត់​ពេល​ខ្លះ​រថយន្ត​ដឹក​ទំនិញ​ត​ទ្រុង​វែង​ពេក​ហើយ​ដឹក​លើស​ចំណុះ​ក៏​ធ្វើ​ឲ្យ​បាក់​ស្ពាន​ផង​ដែរ។

កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៨ ថ្មីៗកន្លងមកនេះ ស្ពាន​ជី​ប្រង ដែល​ស្ថិត​នៅ​ឃុំ​ខ្លុង​ពពក ស្រុក​ទឹក​ផុស ខេត្ត​កំពង់ឆ្នាំង​ត្រូវ​បាន​បាក់​ដោយសារ​រថយន្ត​ត​ទ្រុង។ សឹង​តែ​រឿង​ធម្មតា​របស់​ពួក​អ្នក​បើកបរ​ឡាន​ដឹក​ទំនិញ​តទ្រុង និង កុងតឺន័រ​ធំៗ​គឺ​បើកបរ​អាង​តែ​រថយន្ត​របស់​ខ្លួន​ធំ​ជាង​គឺ​មិន​សូវ​គិតគូរ​ពី​ជីវិត​អ្នក​បើកបរ​ដទៃ​ទៀត ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដូចគ្នា​នោះ ទេ​បើក​យក​តែ​ឈ្នះ​ដៃ ហើយ​នៅ ពេល​ដែល​ប៉ះពារ ឬក៏​បុក​គេ គឺ​ដឹង​តែ​បើក​ទ្វារ​រត់​ចោល​ឡាន​យក រួចខ្លួន​បាត់​ហើយ​គ្មាន​ក្រម​សីលធម៌ នោះ​ទេ។

រីឯ​រថយន្ត​ត​ទ្រុង​ខ្លះ​យក​ទៅ​ដឹក​ធុង​កុងតឺន័រ​ទៅ​វិញ​រឹត​តែ​ខុស​ស្តង់ដារ​ទៅ​ទៀត​ពីព្រោះ វា​ធ្វើ​ឲ្យ​ងាយ​កើត​មាន​គ្រោះ​ថ្នាក់​ជាង​គេ​ពេល​ឡើង​ស្ពាន គឺ​ធុង​កុងតឺន័រ​រអិល​ធ្លាក់​ចុះ​មក​ក្រោម។

បើតាម​ស្តង់ដារ​អន្តរជាតិ (ISO) ពាក្យ​ថា «កុងតឺន័រ» មានន័យ​ជាយាន (ធុង) សម្រាប់​ថ្ពក់​ជាមួយ​ក្បាល​រថយន្ត​ដែល​មាន​ប្រវែង ៣ កម្រិត​គឺ៤៥ ហ្វីត (១៣,៧១ ម៉ែត្រ) ៤៨ ហ្វីត (១៤,៦៣ ម៉ែត្រ)និង ៥៣ ហ្វីត (១៦,១៥ ម៉ែត្រ) មិន​គិត​ទាំង​ក្បាល​រថយន្ត​ទេ បើ​ត​ក្បាល​ទៀត​ឡើង​ដល់ ១៨ ម៉ែត្រ ឬក៏ ១៩ ម៉ែត្រ រីឯ «សឺមី​កុងតឺន័រ» គឺ​វែង​បំផុត​ត្រឹម​តែ ៤០ ហ្វីត​ទេ។ តែ​នៅ​ក្នុង​ច្បាប់​ចរាចរណ៍​ជាតិ​វិញ គឺ​ពាក្យ​ថា «រ៉ឺម៉ក» មានន័យ​ជា​យាន​សម្រាប់​ថ្ពក់​ជាមួយ​រថយន្ត​តែ​ម្តង (ដូច​ឡាន​កា​ម៉ាស​សណ្តោង​កន្ទុយ​ខាង​ក្រោយ ១ ទៀត) រីឯ​ពាក្យ​ថា «សឺមី​រ៉ឺម៉ក» មានន័យ​ជា​យាន​សម្រាប់​ថ្ពក់​ជាប់​ជាមួយ​ក្បាល​រថយន្ត​សណ្តោង (ដូច​ឡាន​កុងតឺន័រ)។

សរុប​មកវិញ នៅពេលដែល​ក្រុមហ៊ុន​ដែល​ប្រើ​រថយន្ត​ធុន​ធ្ងន់​ត​ទ្រុង​និង​កុងតឺន័រ​ខុស​ខ្នាត​នេះ គឺ​បាន​ផល​ប្រយោជន៍​មក​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ចំណេញ​ដឹក​បាន​ច្រើន។ តែ​រថយន្ត​ធុន​ធ្ងន់​ខុស​ខ្នាត​ទាំង​នោះ ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​គឺ​ងាយ​នឹង​ខូច​ផ្លូវ​ថ្នល់​និង​ស្ពាន​សាធា​រណៈ​ដែល​បាន​មក​ពី​ការ​ប្រមូល​ពន្ធ​ពី​ប្រជាពលរដ្ឋ​ទាំង​អស់​គ្នា និង​កម្ចី​ពី​បរទេស​មក​សាង​សង់ ថែទាំ​និង​ជួស​ជុល។ ម្យ៉ាង​វិញ​ទៀត រថយន្ត​ត​ទ្រុង​ហ្នឹង វែង​ពេក​បើក​ទើស​ផ្លូវ​ពិបាក​វ៉ា​ផង និង​ងាយ​គ្រោះ​ថ្នាក់​ពេល​ដឹក​ទំនិញ ថ្ម ស៊ីម៉ងត៍​ឬក៏​ដី​ធ្ងន់ៗ​ពេក លើស​កម្លាំង​ធ្វើ​ឲ្យ ហ្រ្វាំង​ងាយ​នឹង​ដាច់​ពេល​កំពុង​បើកបរ។

ប្រសិនបើ​គ្រោះថ្នាក់​ច​រាចរណ៍ នៅតែមាន​ទ្រង់ទ្រាយ​ធំ​បែបនេះ គឺ​មិនបាន​ជួយ​ធ្វើ​ឲ្យ​អត្រា​ស្លាប់​ដោយ​សារ​គ្រោះ​ថា្នក់​ចរាចរណ៍ ៦ នាក់​ក្នុង ១ ថ្ងៃ មាន​ការ​ធ្លាក់​ចុះ​នោះ​ទេ។ នេះ​ជាការ​ប៉ាន់​ប្រមាណ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន ហើយ​ក៏​មិន​បាន​ធ្វើ​ឲ្យ​ការ​ចំណាយ​ទៅ​លើ​គ្រោះ​មហន្តរាយ​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​ក្នុង​មួយ​ឆ្នាំៗ​ខាត​បង់​អស់ ៣៣៧ លាន​ដុល្លារ​ក្នុង​ឆ្នាំ (HIB, 2013) ថយ​ចុះ​នោះ​ដែរ។

ហេតុដូចនេះ ទី១) រាជ​រដ្ឋាភិ​បាល​គួរតែ​រ៉ូ​ត​រះ ទៅតាម​ផែនការ​សង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ និង​គួរ​តែ​បញ្ចប់​រថយន្ត​ត​ទ្រុង​ខុស​បច្ចេកទេស និង​រថយន្ត​ដែល​ចាស់ៗ​ពុក​ផុយ​ពេក កុំ​ឲ្យ​បើក​នៅ​លើ​ផ្លូវ​ទៀត។

ទី២) ក្រុមហ៊ុន​ដែល​មាន​រថយន្ត​ធំៗ និង​កុងតឺន័រ គួរ​អប់រំ​អ្នក​បើកបរ​របស់​ខ្លួន​តាំង​ពី​ចូល​ធ្វើការ ឲ្យ​យល់​អំពី​គុណធម៌ ភាព​ជា​មនុស្ស​គិតគូរ​ពី​អាយុ​ជីវិត​អ្នក​បើកបរ​ដទៃ​ទៀត មិន​មែន​អាង​តែ​បើក​ឡាន​ធំៗ បើក​កាង​ពេញ​ផ្លូវ​នោះ​ទេ។ ជាពិសេស​ក្នុង​ករណី​រថយន្ត​ដាច់ ហ្រ្វាំង​ដោយ​អ​ចេតនា គឺមាន​តែ​ទាញ​ចង្កូត​បត់​គេច​ពី​គេ​ឯង​ឲ្យ​ខាង​តែ​បាន ពោល​គឺ​ដូច​ករណី​ខាង​លើ អ្នក​បើកបរ​បួង​ចង្កូត​ចេញ​ពី​ថ្នល់​ខាង​ស្តាំ​ដៃ​ឲ្យ​អស់ មិន​មែន​បើក​ព្រលែង​បុក​រះ​គេ​ឯង​ពេញ​ផ្លូវ​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​រហូត​ដល់ ២០ ទៅ ៣០ រថយន្ត ហើយ​បើក​ទ្វារ​រថយន្ត​រត់​បាត់​នោះ​ទេ។

ទី៣) ក្រុមហ៊ុន Toll Royal Railway ផ្សព្វផ្សាយ​លើក​កម្ពស់​ឲ្យ​ក្រុមហ៊ុន​ប្រើប្រាស់​រថភ្លើង​ដឹក​ទំនិញ​ឲ្យ​បាន​ច្រើន​ហើយ​មាន​តម្លៃ​ថោក​ទៀត​ផង។ ទី៤) បើ​មិន​ចាំបាច់​ណាស់​ណា​ទេ អ្នក​បើកបរ​គួរតែ​បើក វាង​ពី​ភ្នំពេញ​ទៅ​តាម​ខេត្ត​កំពត​ហើយ​ឆ្លង​ចូល​ផ្លូវ​កាត់​ព្រៃនប់​ឆ្ពោះ​ទៅ​ខេត្ត​ព្រះសីហនុ​វិញ៕

ចូលរួម​ផ្តល់យោបល់​តាមរយៈ soprach.tong@phnompenhpost.com

អត្ថបទគួរចាប់អារម្មណ៍