បើទោះបី​ជាថ្មីៗ​នេះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកទឹកចិត្ត​ឲ្យ​មាន​ការលក់​អនឡាញ​ ដើម្បី​ឲ្យ​ទាន់សម័យ​ឲ្យ​មាន​ភាព​ប្រកួតប្រជែង​នៅ​ថ្នាក់​តំបន់ និង​អន្តរជាតិ​លើកលែង​តែ​អ្នកលក់​ឡេ​ជា​ស្ត្រី​បង្ហាញ​ភាព​អាសអាភាស​ដែល​ប៉ះពាល់​ដល់​វប្បធម៌ និង​ការបង្កើន​ឲ្យ​មាន​ការចាប់រំលោភ​សេពសន្ថវៈ ត្រូវ​បាន​ហាមប្រាម​ក្តី ការលក់​ទំនិញ​តាម​អនឡាញ​នេះ​ក៏​កំពុង​ត្រូវបាន​រិះគន់​ពី​អាជីវករ​លក់​តាម​ផ្សារ តាម​ផ្ទះ ឬក៏​ហាង​ថា ការលក់​ទំនិញ​អនឡាញ​ភាគច្រើន​នោះ​គឺ​មិន​បាន​ចុះ​បញ្ជិកា​ត្រឹមត្រូវ និង​បង់ពន្ធ​ជូន​រដ្ឋ​នោះទេ​។

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ អាជីវករ​លក់​នៅ​តាម​ផ្សារ​ដែលមាន​តូប​ផ្ទាល់ខ្លួន ឬក៏​ជួល​តូប​មាន​ការត្អូញត្អែរថា ការរកស៊ី​លក់ដូរ​របស់​ខ្លួន​ដូចជា ស្បែកជើង ខោអាវ រ៉ូប ខ្ចប់​កាដូ​គ្រឿងសម្អាង ឡេលាបខ្លួន គ្រឿង​អេឡិចត្រូនិក គ្រឿងអគ្គិសនី និង​គ្រឿង​សង្ហារិម​ជាដើម គឺ​មាន​ការលក់​ធ្លាក់​ជា​លំដាប់ ហើយ​ការ​ចំណេញ​ក៏មាន​ការធ្លាក់ចុះ ខ្លះ​សឹងតែ​បិទតូប​។ ខ្ញុំ​បាន​សាកសួរ​បងប្អូន​អាជីវករ​ដែល​មាន​តូប​លក់​នៅក្នុង​ផ្សារ​មួយ​ចំនួន​គឺ​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង នៅពេល​ដែល​ទំនិញ​អនឡាញ គ្រាន់តែ​បន្ត​ផ្ទាល់​ដាក់​លក់​សោះ គេ​អាច​លក់​ចំណេញ​លើ​គោក​ងាយស្រួល​ជាង​ពួកគាត់​ចំណាយពេល​លក់​នៅ​ផ្សារ​ឆ្ងាយ​ណាស់​។

ដោយសារ​អ្នកលក់​នៅ​ផ្សារ និង​ហាង​តាម​ផ្ទះ​ខ្លះ​បាន​ចំណាយ​ជាច្រើន​ទៅលើ​ការ​ទៅ​ទិញ​ទំនិញ​ពី​ប្រទេស​ថៃ ឬ​ក៏​ប្រទេស​ចិន ដោយ​ខ្លួនឯង​ចំណាយ​បង់​សោហ៊ុយ​ធ្វើ​ដំណើរការ​ស្នាក់នៅ ហើយ​ទំនិញ​ខ្លះ​ក៏​ជាប់ពន្ធ​នៅ​ច្រកចូល​ព្រំដែន​ទៀតផង​។

បើទោះបី​ជា​កាលពី​ឆ្នាំ​ ២០១៦ រដ្ឋាភិបាល​បាន​លើកលែង​ការបង់ពន្ធ​ប៉ាតង់​សម្រាប់​អ្នកលក់​មាន​តូប​នៅ​ផ្សារ​ស្រាប់ យ៉ាង​ហោចណាស់​ក៏ត្រូវ​ចំណាយ​ការបង់​ភាស៊ី អនាម័យ សន្តិសុខ​យាមកាម​អីវ៉ាន់​ក្នុង​តូប​ពេលយប់ ឬ​ក៏​ថ្ងៃ​ឈប់សម្រាក ថ្លៃ​ធ្វើ​ដំណើរ និង​ម្ហូបអាហារ​ពេល​ថ្ងៃ ការផ្ញើ​ម៉ូតូ ឬ​ឡាន​ចត​នៅ​ផ្សារ​ហើយ​ឲ្យ​តែ​ដល់ពេល​មាន​កម្មវិធី​បុណ្យទាន​ឈប់សម្រាក​ជាតិ​ម្តងៗ​គឺ​ត្រូវ​ចូល​បង់លុយ​ឲ្យ​គណៈកម្មការ​ផ្សារ និង​អាជ្ញាធរ​ដែនដី​សម្រាប់​កម្មវិធី​ទាំងនោះ​ទៀតផង​។ អ្នកលក់​ខ្លះ​ត្រូវការ​ជួល​បុគ្គលិក​មកជួយ​លក់​គឺ​យ៉ាងតិច​ក៏​ចំណាយ​ម្នាក់​ ១៥០ ​ដុល្លារ​ដែរ​ក្នុង​ ១ ​ខែ​។

រីឯ​អ្នក​ដែល​មិនមាន​តូប​ផ្ទាល់ខ្លួន​គឺ​ត្រូវ​ជួល​តូប​គេ​តូប​ ១ ​ជួល​យ៉ាងតិច​ក៏ ៣៥០ ​ដុល្លារ​ដែរ​។ ណាមួយ​ទំនិញ​ភាគច្រើន​គឺ​ដេញ​ស៊េរី អ៊ីចឹង​តម្រូវ​លក់​របស់​ថ្មីៗ​រត់​ឲ្យ​ទាន់​គេ​ហើយ​បើ​លក់​មិន​អស់​សល់​ទុកចោល​គឺ​ខាត​ច្រើន​ហើយ​អ្វីដែល​តម្លៃ​លក់​កាន់តែ​ធ្លាក់ចុះ​ទៀត​នោះ គឺ​អ្នកលក់​អនឡាញ​មួយចំនួន​មក​យក​ទំនិញ​ពី​អ្នកផ្សារ​យក​ទៅ​លក់​ឲ្យ​អ្នកទិញ​ដឹក​ដល់ផ្ទះ​ដោយ​មិនចាំបាច់​បង់ពន្ធ​ជូន​រដ្ឋ​នោះទេ​។

មាន​ន័យថា អ្នកលក់​នៅ​ផ្សារ​ចំណេញ​បាន​តិចតួច​ទេ​។ អ្វី​ដែល​ជា​បញ្ហា​ជួបប្រទះ​សម្រាប់​អ្នកលក់​តាម​តូប​នៅ​ផ្សារ​មួយ​ចំនួន​ធំ គឺ​មាន​វ័យ​ចំណាស់​មិនចេះ​របៀប​លក់​តាម​អនឡាញ ឬក៏​បច្ចេកវិទ្យា​ថ្មីៗ​ហើយ​មាន​បន្ទុក​ចិញ្ចឹម​កូន និង​ការចំណាយ​ឲ្យ​កូន​រៀនសូត្រ​ទៀត​ធ្វើឲ្យ​ពួកគាត់​ធ្លាក់​ទឹកចិត្ត​ក្នុង​ការរកស៊ី​ដោយសារ​រកស៊ី​ខាតចុង​ខាតដើម​។

ខ្លះ​ក៏​ដាច់ចិត្ត​លក់​តូប​បណ្តើរៗ ខ្លះ​ឈប់​រកស៊ី​តែ​ម្តង​មាន​ន័យ​ថា ពួកគាត់​ក្លាយ​ជា​ជនរងគ្រោះ ដោយសារ​តែ​ទំនិញ​លក់​តាម​អនឡាញ​មិន​បង់ពន្ធ​នេះ​ដែល​អ្នកលក់​គ្រាន់តែ​បង្ហាញ​សម្រស់​តាម​ហ្វេសប៊ុក និង​បង់លុយ​ជំរុញ​ការផ្សាយ​ពាណិជ្ជកម្ម​ (Boost) ​តាម​ហ្វេសប៊ុក​តែប៉ុណ្ណោះ​។

មាន​តិចតួច​ណាស់​សម្រាប់​អ្នកលក់​តាម​តូប​នៅ​ផ្សារ​ដែល​ជោគជ័យ​បាន លុះត្រា​តែ​អ្នកលក់​របៀប​បោះ​ដុំ ហើយ​ផ្សាយពាណិជ្ជកម្ម​អនឡាញ​ទៀត​បាន​ទៅរួច​។ តើ​រដ្ឋ​អាច​ជួយ​អ្វី​បាន​ដល់​ពួកគាត់​ដើម្បី​ឲ្យ​ការលក់ទំនិញ​តាម​តូប​ឲ្យ​មាន​ដំណើរការ​កើនឡើង​ដូចដើម​វិញ​? ខណៈ​អ្នក​ប្រើ​បណ្តាញ​សង្គម​តាមរយៈ​ទូរស័ព្ទ​ចល័ត ស្មាតហ្វូន និង Tablets នៅ​ប្រទេស​កម្ពុជា​មាន​ការកើនឡើង​ដល់ ៨,១ ​លាន​នាក់​ហើយ​បើ​ធៀប​ជាមួយ​ប្រជាជន​ជំរឿន​ឆ្នាំ​ ២០១៩ ​សរុប​មាន​ ១៥,២ ​លាន​នាក់​។ នេះ​បើ​តាម​ទិន្នន័យ​ជា​សកល​នៃ​ប្រព័ន្ធ​ឌីជីថល​ឆ្នាំ​ ២០១៩​។

បើ​តាម​ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ (E-Commerce) ដែល​សភាជាតិ​ទើបតែ​អនុម័ត​កាលពី​ខែ​តុលា ឆ្នាំ​ ២០១៩ កន្លង​ទៅ​ដែល​តម្រូវ​ឲ្យ​អ្នករកស៊ី ឬ​ក៏​ការធ្វើ​ពាណិជ្ជកម្ម​ផ្តល់​សេវា​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ត្រូវ​ស្នើសុំ​ការអនុញ្ញត​ ឬ​ក៏​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ដូចមាន​ចែង​នៅក្នុង​មាត្រា​ ២៦ ការផ្តល់​លិខិត​ការអនុញ្ញាត ឬ​អាជ្ញាប័ណ្ណ​។

មានន័យ​ថា កាលណា​ចុះបញ្ជី​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​រួចហើយ​គឺ​តម្រូវ​ឲ្យ​អ្នករកស៊ី ឬ​ក៏​ក្រុមហ៊ុន​រកស៊ី​តាម​អនឡាញ​ហ្នឹង​ត្រូវ​បង់ពន្ធ​ឲ្យ​រដ្ឋ​ហើយ​។ ជាងនេះ​ទៅ​ទៀត​រាជរដ្ឋាភិបាល​បាន​ចុះ​កិច្ចព្រមពៀង​ជាមួយ​នឹង​បណ្តា​ប្រទេស​អាស៊ាន​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដែល​រដ្ឋសភា​អនុម័ត​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៩ គឺ​កាន់តែ​បើក​ឱកាស​ឲ្យ​មាន​ការរកស៊ី​ឆ្លង​គ្នា​ទៅវិញ​ទៅមក​ក្នុង​តំបន់​។

តែ​អ្វី​ដែលជា​បញ្ហា​ប្រឈម​របស់​រដ្ឋ​គឺ​ការប្រមូល​ពន្ធ​លើ​ទំនិញ​លក់​តាម​អនឡាញ​ត្រូវការ​ពេលវេលា​សិក្សា និង​ការអនុវត្ត​ដូច​មាន​ចែង​នៅក្នុង​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​ឆ្នាំ​ ២០១៩ ដល់​ឆ្នាំ​ ២០២៣​ដែល​រាជរដ្ឋាភិបាល​អនុម័ត​កាលពី​ខែ​ឧសភា ឆ្នាំ​ ២០១៩​។ នៅក្នុង​ចំណុច​ពន្ធ​លើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៃ​យុទ្ធសាស្ត្រ​នេះ​ដែល​ចែកចេញ​ជា​ ២ ​វិធានការ​ចម្បងៗ គឺ​ទី១- ​វិធានការ​រយៈពេល​ខ្លី​ឆ្នាំ ២០១៩-២០២០ គឺ​សិក្សា​លទ្ធភាព​ក្នុង​ការលើក​ទឹកចិត្ត​ពន្ធ ដើម្បី​លើកកម្ពស់​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។ ទី​២- វិធានការ​រយៈពេល​មធ្យម​ឆ្នាំ ២០១០-២០២៣ គឺ​សិក្សា​លទ្ធភាព​ក្នុង​ការរៀបចំ​ក្របខ័ណ្ឌ​គតិយុត្ត ពាក់ព័ន្ធ ដើម្បី​ត្រៀម​គ្រប់គ្រង​ពាណិជ្ជកម្ម​ប្រព័ន្ធ​អេឡិចត្រូនិក​។

បើ​ផ្អែក​ទៅ​លើ​វិធានការ​ទាំង​ ២ លើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៃ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​នេះ​គឺ​ហាក់បី​ដូចជា​យឺតយ៉ាវ​ក្នុង​ការប្រមូល​ពន្ធ​ពី​អ្នក​រកស៊ី​តាម​អនឡាញ​ដែល​មិនបាន​ចុះបញ្ជី និង​មិនបាន​ចូលរួម​ចំណែក​ក្នុង​ការដោះស្រាយ​នូវ​បញ្ហា​អ្នក​រកស៊ី​លក់ដូរ​តាម​តូប​នៅ​ផ្សារ​ទេ​។ បើ​ប្រៀប​ជាមួយ​ប្រទេស​ជឿនលឿន​វិញ​គឺ​គេ​ប្រមូល​ពន្ធ​បាន​ទាំង​អ្នកលក់​នៅ​ផ្សារ និង​អ្នកលក់​តាម​អនឡាញ​ផងដែរ ដូចជា​ក្រុមហ៊ុន​លក់​ស្បែកជើង​តាម​អនឡាញ​ដ៏ល្បី​មួយ​ឈ្មោះ Zappos នៅ​សហរដ្ឋអាមេរិក​គឺ​បង់​ពន្ធ​លើ​ប្រាក់​ចំណេញ​ឲ្យ​រដ្ឋ​ពេញលេញ​។

ឥឡូវ​នេះ​ក្រុមហ៊ុន Zappos នេះ​បាន​លក់ហ៊ុន​ទៅ​ឲ្យ​ក្រុមហ៊ុន​យក្ស​ឈ្មោះ Amazone ដែល​ល្បី​លក់​តាម​អនឡាញ​ជាងគេ​លើ​ពិភពលោក​គឺ​សុទ្ធតែ​តម្រូវ​ឲ្យ​បង់ពន្ធ​ទាំងអស់​។ ជាងនេះទៅ​ទៀត​កាលពី​ឆ្នាំ​ទៅ ខ្ញុំ​បាន​ទិញ​សំបុត្រ​មើល​បាល់ទាត់​នៅ​ប្រទេស​អង់គេ្លស​តាម​ផ្សារ​អនឡាញ​ក៏​តម្រូវ​ឲ្យ​បង់ពន្ធ​ឲ្យ​រដ្ឋ​របស់គេ​ដែរ​។

ហេតុ​ដូច្នេះ​ហើយ​រាជរដ្ឋាភិបាល​គួរតែ​ពន្លឿន​ការអនុវត្ត​ការប្រមូល​ពន្ធ​លើ​ទំនិញ​អនឡាញ ដើម្បី​ឲ្យ​មាន​តុល្យភាព​ជាមួយ​នឹង​អ្នកលក់​ទំនិញ​នៅ​តូប​តាម​ផ្សារ ឬ​ក៏​តាម​ហាង​នៅផ្ទះ​ដែល​ជួប​ហានិភ័យ​ក្នុង​ការចំណាយ​ច្រើន​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com