ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ម្នាក់ៗ​ភ័យខ្លាច​ឈឺ និង​ស្លាប់ ដោយសារ​ជំងឺ​កូវីដ​ ១៩ តែ​ដល់​ពេល​ស្លាប់​មែនទែន​ប្រុយៗ​ជា​បន្តបន្ទាប់​ទាំង​ខ្លួន​នៅ​ក្មេង​ដែល​ខ្លះ​ទើបតែ​ជាង​ ៣០ ​ឆ្នាំ ខ្លះ​ ៤០ ​ឆ្នាំ ខ្លះ​ជាង​ ៥០ ​ឆ្នាំ ហើយ​ត្រូវ​បាន​យក​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​គឺ​មិន​ហ៊ាន​ប្រាប់ថា ស្លាប់​ដោយសារ​តែ​ផឹកស្រា​ទេ​។

ក៏ប៉ុន្តែ​បន្ទាប់ពី​ស៊ើបសួរ​ទៅ​ទើប​ដឹងថា អ្នកខ្លះ​បាន​ដេកស្លាប់​ដោយសារ​​ផឹកស្រា​ច្រើនពេក ខ្លះ​គាំងបេះដូង​លែង​ដើរ ខ្លះ​លើស​សម្ពាធ​ឈាម​ស្លាប់​ ១ ​ចំហៀង​ខ្លួន​។ រីឯ​បងប្អូន​សាច់ញាតិ​ឆ្ងាយៗ និង​មិត្តភក្តិ​ខ្លះ​បាន​ត្រឹម​តែ​ផ្ញើសារ​រំលែក​ទុក្ខ​តាម​ហ្វេសប៊ុក ឬ​ក៏​សរសេរ​កាត់​ជា​ភាសា​អង់គ្លេស RIP (Rest In Peace) ​សូម​វិញ្ញាណក្ខន្ធ​អ្នក​​ទៅ​កាន់​សុគតិភព​តែ​ប៉ុណ្ណឹង​។

ចំណែក​​អ្នក​ធ្លាប់​ផឹកស៊ី​ជាមួយ​គ្នា​ខ្លះ យ៉ាង​ច្រើន​បាន​ត្រឹម​តែ​ចូល​បុណ្យ​តាម​គ្នា​ក៏​ចប់​ទៅ ខណៈ​ដែល​អ្នក​រងទុក្ខ​ធំ​ពិតប្រាកដ គឺ​ប្រពន្ធ និង​កូនៗ​ដែល​ជា​អ្នក​បាត់បង់​ជំហរ​រកប្រាក់​ចំណូល​ ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​មួយ​ទាំងមូល​។

ក្រៅពី​ស្លាប់​ដោយសារ​ជំងឺ​មិន​ឆ្លង សុរា​ក៏បាន​បង្ក​វិនាសកម្ម​ធំៗ​ផ្សេងទៀត​គឺ​គ្រោះថ្នាក់​ចរាចរណ៍ ការបើកបរ​លើ​ចិញ្ចើមផ្លូវ លែង​ខ្វល់​ពី​ជីវិត​អ្នកដទៃ​ដែល​កំពុង​បើកបរ​លើផ្លូវ​ជាមួយ​ផងដែរ​។ ករណី​ទាំងនេះ​ឲ្យ​តែ​មាន​ការជិះ​បុក​គេ​រួច​គឺ​តែងតែ​បើក​រត់​ទាំង​ខ្លួន​នៅ​ស្រវឹង​ជោក ហើយ​បន្ទាប់មក​ក៏​បង់លុយ​ទៅ​​ឲ្យ​គ្រួសារ​ជនរងគ្រោះ ឬ​ក៏​សម្រួល​គ្នា​ក្រៅ​ផ្លូវការ​ក៏​ចប់​ទៅ ពោល​គឺ​កម្រ​ឃើញ​អ្នក​ស្រវឹង​បើកបរ​ប៉ះ​គេ​ហើយ​ជាប់គុក​ទៅ​តាម​ច្បាប់​ណាស់ បើទោះបី​ជាប់គុក ក៏​មិន​យូរ​ដែរ​។

ម្យ៉ាងវិញ​ទៀត សុរា​ក៏បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ផងដែរ ដោយ​អ្នក​ស្រវឹង​ខ្លះ​បាន​ស្រែកជេរ​ប្រពន្ធ កូន ឬក៏​វាយតប់​គ្នា ហើយ​ខ្លះ​ក៏មាន​បាញ់បោះ​សេរី​ទៀតផង​ ឬ​បើ​មិន​ដូច្នោះ​ទេ អ្នក​ស្រវឹង​ស្រែក​ឡូឡា​រំខាន​អ្នក​ជិតខាង​ក៏មាន​។

នេះ​គឺជា​បញ្ហា​ដ៏គួរ​ឲ្យ​ព្រួយបារម្ភ​អំពី​បញ្ហា​សុខភាព និង​អាយុជីវិត​ពលរដ្ឋ​កម្ពុជា ខណៈ​សេដ្ឋកិច្ច​គ្រួសារ​មួយ​ចំនួន​កំពុងតែ​សម្បូរ​ហូរហៀរ ខ្លះ​កំពុងតែ​ឡើង​កូដ ខ្លះ​ឡើង​តំណែង ខ្លះ​កំពុងតែ​ចាប់​មាន​លុយ​ចាយ​នឹង​គេ អ៊ីចឹង​ក៏​ផ្តើម​ប្រឹង​ជុះ​តាម​ដំរី ដោយ​ឃើញ​គេ​ផឹក​ទំនង​ឆ្ងាញ់ ទោះបី​ជា​មិន​បាន​ស្រា​ថ្លៃ​ល្អៗ​ផឹក​នឹង​គេ ក៏​បាន​ត្រឹមតែ​ស្រា ឬ​ក៏​ស្រាបៀរ​ល្មមៗ​ដែល​គាស់​គម្រប​កំប៉ុង​យក​រង្វាន់​តាម​យក​ឡាន​ទំនើប​តាម​គេ​តាម​ឯង​ទៅ​។ ​

បើ​និយាយ​ពី​ទីកន្លែង​ស្ទីម​សូណា ឬ​ក៏​កន្លែង​ហាត់ប្រាណ ឬ​ក៏​កន្លែង​កម្សាន្ត​វិញ គឺ​មាន​បុរស​ខ្លះ​ជុំៗ​គ្នា​និយាយ​តែ​ពី​រឿង​ផឹក​ស្រា​ល្អៗ​អួត​គ្នា​ទៅ​តាម​កាលីប​របស់​គេ ពោល​គឺ​ពេល​ជួប​ជាមួយ​អ្នកធំៗ​​អ្នកមានៗ ឬ​ក៏​បាន​ផឹកស្រា​ជាមួយ​កូន​​អ្នកធំ​ម្ដងៗ​ក៏​តាំង​ខ្លួនឯង​ជា​អ្នក​គ្រាន់បើ​ដែរ​។

រីឯ​ស្ត្រី​ដែល​បម្រើ​សេវា​កម្សាន្ត​វិញ ក៏​ទទួលរង​បញ្ហា​សុខភាព​ដែរ នៅពេល​ភ្ញៀវ​បង្អក ឬ​ក៏​ស្ត្រី​ខ្លួនឯង​ចង់​ហូប​ស្រាបៀរ​របស់​ក្រុមហ៊ុន​ខ្លួន​ឲ្យ​បាន​ច្រើន​ក៏​រង់ចាំ​លើក​កែវស្រា​កំដរ​ភ្ញៀវ ហើយ​បើ​គេ​លើក​ដាច់​ក៏​ដាច់​នឹង​គេ​​ទៅ​។ ​នៅ​សប្តាហ៍​ក្រោយ គឺ​រដ្ឋ​ត្រូវ​អនុញ្ញាត​ឲ្យ​ឈប់​សង​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ពី​ថ្ងៃ​ទី​ ១៧ ដល់​ថ្ងៃទី​ ២១ សីហា ​ឆ្នាំ​ ២០២០ ដែល​នឹង​មាន​ការជួបជុំ​បងប្អូន អ្នកជិតខាង​ជាថ្មី​ឡើង​វិញ​នៅ​តាម​ស្រុកភូមិ គឺ​មាន​តែ​ស្វាគមន៍​​គ្នា​តាមរយៈ​ស្រា ​ឬក៏​​ស្រាបៀរ​ហ្នឹង​។

ក្រុម​ផឹកស្រា​ជាប្រចាំ​ខ្លះ​បាន​បង្កើត Group ក្នុង​ Messenger ហើយ​តែង​បង្ហោះ​រូប​ពី​សកម្មភាព​ហូបស្រា​ថ្លៃ បើ​ប៉ាន់ប្រមាណ​តម្លៃ​ទៅ​គឺជា​មធ្យម​ប្រមាណ​ជា​ ២៥ ​ម៉ឺន​ដុល្លារ ​ក្នុង​ ១ ​ឆ្នាំ​។ មាន​រូបភាព​ជាច្រើន​ឲ្យ​តែ​រាង​មាន​ពេលទំនេរ​បន្តិច​ក៏​ជុំគ្នា​ផឹក ហើយ​បើ​មិន​ផឹក​ទេ គឺជា​ទូទៅ​តែងតែ​មាន​ការអាក់អន់​ចិត្ត​នឹង​គ្នា ឬ​ក៏​មិត្តភក្តិ​ក្នុង​ក្រុម​ដាក់​សម្ពាធ​ដើម្បី​ឲ្យ​បាន​ចូលរួម​ផឹកស៊ី​ជាមួយ​គ្នា ហើយ​បើ​ពេល​ថ្ងៃ​វិញ​ គឺមាន​ទាំង​លេងល្បែង​បៀ​កំដរ​ផង ដែល​ខុសពី​ផឹក​ពេលយប់​តែង​រក​នារី​​មក​កំដរ ប៉ុន្តែ​ករណី​នេះ​ច្រើនតែ​អ្នក​កាលីប​លើ​ទេ​។

រីឯ​អ្នក​ល្មមៗ​គឺ​គេ​ប្រកូក​ប្រកាស​តាម​ទូរស័ព្ទ ឬ​សារ​ជា​សំឡេង​ហៅ​គ្នី​ហៅ​គ្នា​មកជួបជុំ ដោយ​អ្នកខ្លះ​មាន​លុយ​ត្រឹមតែ​ទិញ​ស្រាបៀរ​ក៏​ប្រឹង​ផឹក​នឹង​គេ​ដែរ​។ ម្យ៉ាងទៀត ការផឹក​ក៏​គ្មាន​គិត​អាយុ​ដែរ ដោយ​ក្មេងៗ​អាយុ​មិនទាន់​គ្រប់​វ័យ​ផឹកស្រា ក៏​ចេះ​ផឹក ចេះ​ចូល​រក​សេវា​កម្សាន្ត​ ឬ​ក៏​រក​ទិញ​បាន​តាម​ម៉ាត ឬក៏​តាម​ហាង​ផឹកស៊ី​នៅ​ជុំវិញ​សាលា​ដែល​ងាយស្រួល​រក​។

តាម​របាយការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​សុខភាព​ពិភពលោក​ (WHO) ​ក្នុង​ឆ្នាំ​ ២០១៥ បាន​រកឃើញ​​ថា ក្នុង​ចំណោម​យុវវ័យ​កម្ពុជា​គឺ​​មាន​អាយុ​ចន្លោះ​ពី​ ១០ ​ទៅ​ ១៩ ​ឆ្នាំ ។ រីឯ​ ៨១,៤ ​ភាគរយ​នៃ​បុរស​ និង​ ៥៧,៦ ​ភាគរយ​នៃ​ស្ត្រី​ត្រូវបាន​រាយការណ៍​ថា ចេះ​ផឹក​គ្រឿង​ស្រវឹង ខណៈ​ស្ត្រី​ ៨,០៩ ​ភាគរយ និង​បុរស​ ១,១១ ​ភាគរយ​បាន​សម្គាល់​ខ្លួន​ពួកគេ​ថា​ជា​អ្នក​ផឹក​គ្រឿងស្រវឹង​ច្រើន​។ ម្យ៉ាង​ការប្រើប្រាស់​គ្រឿង​ស្រវឹង​ត្រូវ​បាន​ផ្សារភ្ជាប់​ទៅនឹង​ការ​រួមភេទ​ដំបូង​ដែល​គ្មាន​សុវត្ថិភាព និង​អំពើហិង្សា​នៅក្នុង​ចន្លោះ​អាយុ​របស់​យុវវ័យ​ទាំងនោះ​។

តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​ស្តីអំពី​អត្រា​ប្រេវ៉ាឡង់​នៃ​កត្តា​ប្រឈម​ជំងឺ​មិនឆ្លង​នៅ​ឆ្នាំ​ ២០១៦ ដោយ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល និង​ក្រសួង​សុខាភិបាល​ក្នុង​ចំណោម​ប្រជាជន​ចំនួន ២ ៨៧០ ​នាក់​ ដែល​មាន​អាយុ​ពី​ ១៨ ​ដល់ ៦៩ ​ឆ្នាំ​បាន​រកឃើញ​ថា ៩,៦ ​ភាគរយ​ បាន​លើស​ជាតិ​ស្ករ ឬ​ក៏​កំពុងតែ​ប្រើ​ថ្នាំ​ជំងឺ​ទឹកនោមផ្អែម​ហើយ​ជាង​ ៩០ ​ភាគរយ​ នៃ​មនុស្ស​ពេញវ័យ​នៅ​កម្ពុជា​យ៉ាងហោចណាស់​មាន​ ១ ​កត្តា​ណាមួយ​ (​ជក់បារី ផឹកស្រា ហូប​អាហារ​ប្រៃ​ពេក ឬក៏​ផ្អែម​ពេក និង​កង្វះ​កាយ​វប្បកម្ម​) ដែល​បណ្តាល​ឲ្យ​មាន​ជំងឺ​ទឹកនោមផ្អែម​។ សុរា​ក៏​ជា​ឫសគល់​នៃ​ជំងឺ​ទឹកនោមផ្អែម​ផងដែរ​។

បើ​ពឹង​លើ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​គ្រឿង​ស្រវឹង​ចាប់ផ្តើម​ព្រាង​តាំងពី​ឆ្នាំ​ ២០០៨ អស់​ពេល​ជាង​ ១០ ​ឆ្នាំ​ហើយ នៅតែ​មិនទាន់​អនុម័ត​ទៀត​។ ទោះបី​ជា​មាន​មាត្រា​សំខាន់ៗ​ដែល​ចាំបាច់​ក្នុង​ច្បាប់​នេះ គឺ​មាត្រា​ ១២ ​ដែល​បាន​កំណត់​ហាម​លក់ និង​ចែកចាយ ផលិតផល​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ដល់​អ្នកមាន​អាយុ​ក្រោម​ ២១ (​ម្ភៃ​មួយ​) ​ឆ្នាំ និង​មាត្រា​ ១៣ ហាម​លក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ចាប់ពី​ម៉ោង​ ១២ ​យប់ រហូត​ដល់​ម៉ោង​ ៦ ​ព្រឹក​លើកលែង​តែ​ទីតាំង​មួយចំនួន​ដែល​កំណត់​ដោយ​អនុក្រឹត្យ​។

សរុប​មកវិញ រាជរដ្ឋាភិបាល​គួរតែ​ប្រៀបធៀប​គ្នា​រវាង​ប្រាក់ចំណូល​រដ្ឋ និង​សេដ្ឋកិច្ច​ក្រុមហ៊ុន​ជាមួយ​នឹង​ផលប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ចំពោះ​អ្នក​ផឹក​គ្រឿង​ស្រវឹង​ជាប្រចាំ និង​អ្នក​ផឹក​មាន​លក្ខណៈ​ប្រមឹក​ស្រវឹងខួប​ថា តើ​រដ្ឋ​គួរតែ​បើក​ទូលំទូលាយ​បន្ត ចង់​ក្មេង​អាយុ​ប៉ុន្មាន​ក៏​អាច​ទិញ​ស្រា​ផឹក​បាន​​ម៉ាសេរី​ទៀត ឬ​ក៏​បើក​សិទ្ធិ​ឲ្យ​ប្រើប្រាស់​គ្រឿង​ស្រវឹង តែ​មាន​លក្ខណៈ​រឹតបន្តឹង​កំណត់​ដោយ​ច្បាប់​?

ដូច​នៅ​ប្រទេស​ថៃ​ ដែល​កាន់​ព្រះពុទ្ធសាសនា​គឺ​គេ​គោរព​សេចក្តី​ទូន្មាន​ព្រះសម្មាសម្ពុទ្ធ ដោយ​បាន​ចេញ​បម្រាម​មិន​ឲ្យ​ប្រើ​គ្រឿង​ស្រវឹង​នៅ​ថ្ងៃ​មាឃបូជា និង​វិសាខបូជា ហើយ​ក្លិប​កម្សាន្ត​រាត្រី​គឺ​បិទ​ត្រឹម​ម៉ោង​ ២ ​រំលងអធ្រាត្រ​ប៉ុណ្ណោះ​។ រីឯ​អ្នក​កាន់​ព្រះពុទ្ធសាសនា​នៅ​ថៃ​ខ្លះ​គឺ​ថែមទាំង​មិន​យក​ថ្ងៃសីល ទទួល​ទាន​ស្រា​ទៀតផង​។

ហេតុ​ដូច្នេះ រដ្ឋសភា​គួរ​អនុម័ត​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​គ្រឿងស្រវឹង​ឲ្យ​បាន​ឆាប់ ដើម្បី​ចូលរួម​ចំណែក​​កាត់បន្ថយ​អត្រា​អ្នក​កើតមាន​ជំងឺ​រ៉ាំរ៉ៃ និង​អត្រា​ស្លាប់ ដោយសារ​តែ​ផឹកស្រា​នោះ​។

បើទោះបី​ជា​ច្បាប់​នេះ​មិនទាន់​អនុម័ត​នៅឡើយ​ក៏ដោយ ក៏​អ្នក​ទទួលទាន​ស្រា​ជាប្រចាំ គួរតែ​ចាប់ផ្តើម​ពី​ខ្លួនឯង ដោយ​កាត់បន្ថយ​ការផឹកស៊ី​វង្វេងវង្វាន់​ភ្លេចមុខ ភ្លេច​ក្រោយ ដោយសារ​តែ​ស្រា​នោះ គឺ​មិន​ទទួលទាន​ស្រា​នៅ​ថ្ងៃ​ឧបោសថសីល ថ្ងៃ​មាឃបូជា និង​វិសាខបូជា​ផង​។ កន្លងមក​ក្រសួង​ព័ត៌មាន​ធ្លាប់​បាន​ហាមប្រាម​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​នៅ​ថ្ងៃ​មាឃបូជា និង​វិសាខបូជា ហើយ​រាជរដ្ឋាភិបាល​ក៏​ធ្លាប់​ហាម​ទទួលទាន​ស្រា​នៅ​ថ្ងៃ​បូជាព្រះសព ព្រះបរមរតន​កោដិ សម្តេច ព្រះនរោត្តម សីហនុ ផងដែរ​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com