ថ្មីៗ​នេះ រាជរដ្ឋាភិបាល​បាន​បង្ហាញ​សមិទ្ធផល​ដែល​បាន​សម្រេច​ និង​រំពឹងទុក​ថា នឹង​ទទួល​បាន​ជោគជ័យ ៥ ​ឆ្នាំ​មុន​ការកំណត់​គោលដៅ​នៅ​ឆ្នាំ​ ២០៣០ របស់​អង្គការ​សហប្រជាតិ​ក្នុង​ការឆ្លើយតប​ទៅនឹង​ការលុបបំបាត់​ការរីករាលដាល​នៃ​ការចម្លង​មេរោគ​អេដស៍​នៅ​ប្រទេស​កម្ពុជា ដែល​អត្រា​ប្រេវ៉ាឡង់​ក្នុង​ចំណោម​មនុស្សពេញវ័យ​អាយុ​ពី​ ១៥ ដល់​ ៤៩ ​ឆ្នាំ​មក​ត្រឹម​ ០,៥ ​ភាគរយ​នៅ​ឆ្នាំ​ ២០១៩ (NAA, 2019)​។

តែ​ទោះ​យ៉ាងណា​នៅក្នុង​របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺអេដស៍​ (NAA) ​ដែល​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​ទើបតែ​ទទួល​បាន​នោះ​នៅមាន​ចំណុច​ដែល​ប្រឈម​នៅឡើយ នោះ​គឺ​មាន​ភាគរយ​នៃ​អ្នក​ប្រើ​ថ្នាំ​ប្រឆាំង​នឹង​មេរោគ​អេដស៍​ និង​ការព្យាបាល​ (ART) ​បាន​តែ​ ៨៤ ​ភាគរយ ក្នុង​ចំណោម​អ្នក​ផ្ទុក​មេរោគអេដស៍​ចំនួន​សរុប​ទូទាំង​ប្រទេស ៧៣០០០ ​នាក់​ហើយ​មាន​តែ​ ៩៦ ​ភាគរយ​ទេ​ដែល​មាន​ប្រសិទ្ធភាព​។

ចំណុច​ចន្លោះ​ប្រហោង​នេះហើយ ដែល​ជា​បញ្ហា​ប្រឈម ជាពិសេស​ចំពោះ​កុមារ​ដែល​ផ្ទុកមេរោគ​អេដស៍​ដែល​បាន​ឆ្លង​ពី​ម្តាយ​ ឬ​ពី​សមាជិក​គ្រួសារ​ ឬ​ក៏​តាមរយៈ​ការប្រើប្រាស់​ថ្នាំញៀន​ដោយ​ចាក់ ឬ​ក៏​ការឆ្លង​ដោយ​ប្រការ​ណាមួយ ដោយ​មាន​ការធ្វេសប្រហែស​របស់​គ្រូពេទ្យ​ភូមិ​នោះ​។ ពួកគេ​ដែល​ប្រើ​ថ្នាំ​ប្រឆាំង​នឹង​មេរោគ​អេស៍​ដែល​មាន​តាំងពី​ឆ្នាំ​ ២០០៤ ​មក​ម្ល៉េះ ដោយ​កុមារ​មួយចំនួន​អាយុ​បាន​ពេញវ័យ​បន្ត​ពូជ ហើយ​មក​ទល់​បច្ចុប្បន្ន​នេះ និង​ត្រូវបាន​គ្រូពេទ្យ​ចាត់​ចូល​ទៅក្នុង​ក្រុម​មនុស្ស​ពេញវ័យ​ផងដែរ លែង​ជា​កុមារភាព​ទៀតហើយ​។

បញ្ហា​នេះ​ត្រូវ​បាន​មន្ត្រី​បច្ចេកទេស​ជំនាញ​ខាង​បង្ការ និង​ការព្យាបាល​ជំងឺអេដស៍​ទាំង​រដ្ឋ ទាំង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ចូលរួម​ចំណែក​ការទប់ស្កាត់​នៃ​ការឆ្លង​ជំងឺអេដស៍​នេះ​នៅ​តាម​សហគមន៍​មួយចំនួន ដែល​កំពុង​ធ្វើការ​ផ្ទាល់​បាន​ចែករំលែក​នូវ​បទពិសោធ​ជាមួយ​ការព្រួយបារម្ភ​នេះ​ផង​ដែរ​។

មន្ត្រី​បច្ចេកទេស​ទាំងនោះ​បាន​អះអាង​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា​មក​ភ្នំពេញ​ប៉ុស្តិ៍​ថា កាលពី​ពួកគេ​នៅ​តូច​ជា​កុមារ​ផ្ទុក​មេរោគអេដស៍​គឺ​ងាយស្រួល​ក្នុង​ការប្រើ​ថ្នាំ​ប្រឆាំង​នឹង​មេរោគ​អេដស៍ និង​ផ្តល់​ប្រឹក្សា តែ​នៅពេល​ពួកគេ​ដល់​អាយុ​ចាប់ពី ១៤ ​ឆ្នាំ​ឡើង​ទៅ​គេ​ចាត់​ចូល​ទៅក្នុង​ក្រុមមនុស្ស​វ័យ​ជំទង់ គឺ​ចាប់ផ្តើម​មាន​ការលំបាក​ក្នុង​ការព្យាបាល​ដោយ​ប្រើ​ឱសថ​ប្រឆាំង​នឹង​មេរោគ​អេដស៍​មាន​ករណី​បោះបង់​ផង ប្រើ​ផង តែ​ខ្លះទៀត​គឺ​បោះបង់ចោល​លែង​ប្រើ​តែ​ម្តង​។

កិច្ចខិតខំ​របស់​មន្ត្រី​បច្ចេកទេស​ និង​មន្ត្រី​នៅតាម​សហគមន៍​ក្នុង​ការអនុវត្ត​ទៅតាម​ទ្រឹស្តី និង​គោល​គំនិត​នៃ​ការព្យាបាល​ដោយ​ឱសថ​ប្រឆាំងនឹង​មេរោគ​អេដស៍​ដែល​មធ្យោបាយ​បង្ការ​ការចម្លង​មេរោគ​អេដស៍ ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធវិធី​លុបបំបាត់​ការឆ្លង​ថ្មី​នៃ​មេរោគ​អេដស៍​នៅ​ប្រទេស​​កម្ពុជា​ (NCHADS, 2012)​។

ដោយ​ផ្អែក​នៅលើ​របកគំហើញ​នៃ​ការសិក្សា​ទៅលើ​ជីវសាស្ត្រ និង​វិទ្យាសាស្ត្រ​ដែល​បាន​បោះពុម្ព និង​ផ្សព្វផ្សាយ​នៅលើ The New England journal of medicine ឆ្នាំ​ ២០១១ បង្ហាញ​ថា មិន​ឆ្លង​មេរោគ​អេដស៍​រហូត​ដល់​ទៅ​ ៩៦ ​ភាគរយ​ទៅ​ដៃគូ​របស់គាត់ នៅពេល​ដែល​ពួកគេ ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ប្រឆាំង​នឹង​មេរោគ​អេដស៍​បាន​ត្រឹមត្រូវ​។

ទោះបី​ជា​មិន​មាន​ទិន្នន័យ​ជាក់លាក់​ចំពោះ​ករណី​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​នឹង​មេរោគ​អេដស៍​ទៀងទាត់​នេះ​ក៏ដោយ​ក៏មាន​ផលប៉ះពាល់​ទៅលើ​ការធ្វើ​តេស្ត​ឈាម ចំពោះ​អ្នក​ផ្ទុកមេរោគ​អេដស៍​ (Viral load test) ឃើញ​មាន​តែ​ ៨៥ ​ភាគរយ​ទេ ដែល​បញ្ជាក់​ថា មេរោគ​អេដស៍​មាន​តិចតួច​ (undetected) មិនអាច​ឆ្លង​ទៅ​អ្នកដទៃ​បាន​លទ្ធផល​តេស្ត​កាលពី​ឆ្នាំ​ ២០១៧ (UNAID, 2019)​។ មានន័យថា មាន​ ១៥ ​ភាគរយ​ទៀត ដែល​មេរោគ​អេដស៍​មាន​បរិមាណ​ច្រើន អាច​ឆ្លង​ទៅ​ដៃគូ​បាន​។

ចំពោះ​យុវវ័យ​ដែល​ពួកគេ​ធំឡើង​ពី​កុមារ​ហើយ​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍​មិន​ទៀងទាត់​ដែល​យុវតី​ម្នាក់​អាយុ​ ១៩ ​ឆ្នាំ​កំពុង​សិក្សា​នៅ​ខេត្តបាត់ដំបង​បាន​ផ្តល់​បទសម្ភាស​ឱ្យ​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ចុង​សប្តាហ៍​មុន​។

ប្អូនស្រី​បាន​រៀបរាប់​ថា​៖ «​ខ្ញុំ​បាន​ប្រើ​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍​តាំងពី​តូច​មក តែ​មក​ដល់​ធំ​ឡើង​ខ្ញុំ​កាន់តែ​មាន​ការលំបាក​ខ្លាំង ធ្វើឱ្យ​ខ្ញុំ​តូចចិត្ត​ចង់​តែ​សម្លាប់​ខ្លួន​ម្តងៗ​ទេ បើទោះបី​ជា​មាន​យុវជន​ម្នាក់​គាត់​ស្រឡាញ់​លើក​ទឹកចិត្ត​ខ្ញុំ​ក៏ដោយ​។ ជួនកាល​ខ្ញុំ​ធា្លប់​បោះបង់​រយៈ​ ៦ ​ខែ​គឺ​ខ្ញុំ​ទុក​ថ្នាំ​ចោល ខ្ញុំ​កុហក​គ្រូពេទ្យ និង​គ្រួសារ​ថា បាន​លេប​ថ្នាំ​រួចហើយ ហើយ​ថ្មីៗ​នេះ ក៏​ខ្ញុំ​ធ្លាប់​បោះបង់​ម្តង​ទៀត​តែ​មិត្ត​ប្រុស​របស់​ខ្ញុំ ដែល​តាម​ស្រឡាញ់​ខ្ញុំ នៅតែ​ព្យាយាម​លើកទឹកចិត្ត​ខ្ញុំ ឱ្យ​បន្ត​ប្រើ​ថ្នាំ​បន្ត​ទៅ​ទៀត​ព្រោះ​មាន​គាត់​ជា​អ្នក​ស្រឡាញ់​ខ្ញុំ​ដែរ គាត់​មិន​រើសអើង​ខ្ញុំ​ទេ បើទោះបី​ជា​គាត់​ដឹងថា ខ្ញុំ​មាន​ផ្ទុក​មេរោគ​អេដស៍​ក៏ដោយ តែ​យើង​មិនទាន់​ឈាន​ដល់​ការរួមភេទ​នៅឡើយ​ទេ​។ គ្រូពេទ្យ​ក៏​តែងតែ​ពន្យល់​ខ្ញុំ​អំពី​បញ្ហា​សុខភាព​ដូច​រាល់ដង​»​។

ប្អូនស្រី​បាន​បន្តទៀត​ថា​៖ «​ខ្ញុំ​បានដឹងថា​អ្នក​នៅក្នុង​សហគមន៍ ដែល​ក៏​ជា​មិត្តភក្តិ​ខ្ញុំ​ដែរ​អាយុ​ប្រហាក់​ប្រហែល​ខ្ញុំ​មាន​ផ្ទុកមេរោគ​ដូច​ខ្ញុំ​ដែរ តែ​គាត់​ប្រើប្រាស់​ថ្នាំ ប្រើ​ឈប់ៗ​ដូច​ខ្ញុំ​ដែរ​។ ឥឡូវ​គាត់​មានកូន​ ១ ​ហើយ រួច​បាន​រៀបការ​ជាមួយ​មិត្ត​ប្រុស​គាត់​ហ្នឹង​ហើយ ក្រោយមក​ខ្ញុំ​មិន​បាន​ទាក់ទង​គាត់​ទៀត​ទេ​។ រីឯ​ប្រុសៗ​ ២ ​នាក់ អាយុ​ស្របាលៗ​ខ្ញុំ​គឺ​បោះបង់​ការប្រើប្រាស់​ថ្នាំ​ចោល ហើយ​ចាកចេញ​ពី​ភូមិ​តែម្តង​»​។

ករណី​របស់​យុវតី​ផ្ទុក​មេរោគ​អេដស៍​រូបនេះ​ និង​ការរៀបរាប់​ពី​ឥរិយាបថ​របស់​យុវវ័យ​ផ្សេង​ទៀត​ចំពោះ​ការព្យាបាល​ដោយ​ប្រើ​​ឱសថ​ប្រឆាំង​នឹង​មេរោគ​អេដស៍​នេះ មិន​ទៀងទាត់ និង​ត្រឹមត្រូវ​បែប​នេះ​ធ្វើឱ្យ​ពួកគេ​មាន​ហានីភ័យ​ក្នុង​ការឆ្លង​មេរោគ​អេដស៍​ខ្ពស់​ទៅ​ដៃគូ​របស់​ពួកគាត់ ប្រសិន​បើ​ពួកគេ​មិន​បាន​ប្រើប្រាស់​ស្រោមអនាម័យ​។

សរុប​មកវិញ​បើទោះបី​ជា​កម្ពុជា​ទទួល​បាន​ជោគជ័យ​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ការទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺអេដស៍ សូម្បីតែ​ប្រទេស​មួយ​ចំនួន​ក៏​យក​ករណី​សិក្សា​បទពិសោធ​ល្អៗ​ក្នុង​ការគ្រប់គ្រង​នៃ​ការរីករាលដាល​ជំងឺ​អេដស៍​របស់​កម្ពុជា​យក​ទៅ​អនុវត្ត​នៅ​ប្រទេស​របស់​ពួកគេ​ដែរ និង​ករណី​នេះ​ក៏បាន​ត្រូវ​ចូលរួម​បង្កើត​ទ្រឹស្តី ចូលរួម​ការយក​សំណាក ក៏ដូចជា​ការធ្វើ​អន្តាគមន៍​តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​។

តែ​អ្វី​ដែល​ជា​បញ្ហា​នៅ​ចន្លោះប្រហោង​នោះ​មេរោគ​អេដស៍​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​នោះ គឺ​ប្រែប្រួល​ឥរិយាបថ​ផ្លូវភេទ​ពី​កុមារភាព និង​យុវវ័យ នៅពេល​ពួកគេ​កំពុង​តែ​ផ្ទុកមេរោគ​អេដស៍​នោះ​មាន​ន័យថា ពួកគេ​កំពុង​ប្រើថ្នាំ ART មិន​ត្រឹមត្រូវ និង​ជាប់លាប់​ហើយ​គាត់​ទៅ​រួមភេទ​ជាមួយ​ដៃគូ​របស់ខ្លួន​ដោយ​មិន​បាន​ប្រើ​ស្រោមអនាម័យ​។

ហេតុ​ដូច្នេះ​ហើយ​អ្វីដែល​ធ្វើបាន​នោះ គឺ​ត្រូវ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ជាក់លាក់​បែប​ជីវសាស្ត្រ និង​វិទ្យាសាស្ត្រ​អំពី​ការធ្វើ​តេស្ត​ឈាម​ទំនាក់ទំនង​គ្នា​រវាង​យុវវ័យ​ផ្ទុក​មេរោគ​អេដស៍​ប្រើ​ថ្នាំ ART មិន​ទៀងទាត់ និង​ការឆ្លង​មេរោគ​អេដស៍​ទៅ​ដៃគូ​របស់​គាត់ តាមរយៈ​ការរួមភេទ​។ ជាង​នេះ​ទៅ​ទៀត​សម្រាប់​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ស្ថាប័ន​ដែល​ធ្វើការ​ជាមួយ​នឹង​ជំងឺអេដស៍​គួរតែ​រាយការណ៍​ឱ្យបាន​ជាក់លាក់​នូវ​បញ្ហា​ប្រឈម ដែល​បាន​ជួបប្រទះ ដើម្បី​រៀបចំ​ឧបករណ៍​ទំនើបៗ បង្កើត​សារ​ថ្មីៗ​ដើម្បី​ផ្សព្វផ្សាយ​ទាក់ទាញ​យុវវ័យ​ចំពោះ​ការចូលរួម និង​ការអនុវត្ត​ការប្រើ​ថ្នាំ ART ឱ្យបាន​ត្រឹមត្រូវ ជាជាង​សរសេរ​របាយការណ៍​បង្ហាញ​តែ​ចំណុច​ល្អៗ​នោះ​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com