គិត​ចាប់ពី​ខែ​វិច្ឆិកា ពួកយើង​មាន​ពេល​ ១ ​ឆ្នាំ​ទៀត​រហូត​ដល់​កិច្ចប្រជុំ​លើក​ទី​២៦ ស្តីពី​ការប្រែប្រួល​អាកាសធាតុ​ (COP26) ​ដែល​ចក្រភព​អង់គ្លេស​នឹង​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​។ វា​ជា​ពេលវេលា​ដ៏សំខាន់​សម្រាប់​ពិភពលោក​ក្នុង​ការរួមគ្នា និង​យល់​ព្រម​ដាក់​នូវ​គោលដៅ​ប្រកបដោយ​មហិច្ឆតា​ក្នុង​ការទប់ស្កាត់​គ្រោះមហន្តរាយ​នៃ​ការ​កើនឡើង​កម្តៅ​ផែនដី​។

នេះ​គឺជា​បញ្ហា​មួយ​ដែលមាន​សារៈសំខាន់​មិន​ត្រឹមតែ​នៅពេល​ដែល​យើង​កំពុង​ដោះស្រាយ​ជាមួយ​នឹង​ជំងឺ​រាតត្បាត​ក្នុង​ពិភពលោក​នាពេល​បច្ចុប្បន្ន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​ជាច្រើន​ទសវត្សរ៍​ខាងមុខ​ទៀត​។ ខណៈពេល​ដែល​ពិភពលោក​កំពុងតែ​ដោះស្រាយ​ជាមួយ​វីរុស​កូរ៉ូណា​គ្រោះថ្នាក់​នៃ​ការឡើង​កម្តៅ​ផែនដី​ក៏បាន​បន្ត​លេចឡើង​កាន់តែ​ច្បាស់​។ ក្នុង​ឆ្នាំនេះ​យើង​បានឃើញ​រលក​កម្តៅ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​នៅ​ស៊ីបេរី​ទឹកជំនន់​រហ័ស​ហូរ​កាត់​ទ្វីប​អាហ្វ្រិក​ខាងកើត និង​តំបន់​ធំៗ​នៅ​ភាគ​ខាងលិច​នៃ​សហរដ្ឋ​អាមេរិក​ដែល​ត្រូវបាន​ភ្លើង​ឆេះ​បំផ្លាញ​។

រីឯ​នៅ​ប្រទេស​កម្ពុជា​មាន​ភ្លៀង​មូសុង​ធំ​នៅ​ឆ្នាំនេះ​ដែល​បង្កឱ្យ​មាន​គ្រោះទឹកជំនន់​ធ្ងន់ធ្ងរ ហើយ​គួរឱ្យ​ស្តាយ​បើ​យើង​ក្រឡេក​មើលទៅ​អនាគត ទឹកជំនន់​ និង​គ្រោះរាំងស្ងួត​នឹង​កើតមាន​កាន់តែច្រើន​នៅ​ទូទាំង​អាស៊ីអាគ្នេយ៍ ដែល​ធ្វើឱ្យ​សន្តិសុខ សុខភាព​សកលលោក​ប្រឈម​នឹង​ហានិភ័យ​ និង​សេដ្ឋកិច្ច​ពិភពលោក​បន្ត​រង​សម្ពាធ​។

នៅពេល​ដែល​បណ្តា​ប្រទេស​នានា​បន្ត​គ្រប់គ្រង​ផលប៉ះពាល់​ដែល​បង្កដោយ​ការប្រែប្រួល​អាកាសធាតុ​ពួកគេ​ក៏​ប្រឈមមុខ​នឹង​ជម្រើស​ដ៏សំខាន់​មួយ​ដែរ​។ ពួកគេ​គួរ​វិនិយោគ​ក្នុង​ការកសាង​សេដ្ឋកិច្ច​បៃតង ឬ​បន្ត​ការបំភាយ​ឧស្ម័ន​ជាច្រើន​ទសវត្សរ៍​ទៅមុខទៀត​។

ផ្អែក​តាម​វិទ្យាសាស្ត្រ ការ​ងើប​ឡើងវិញ​ដ៏​ប្រសើរ​នៅ​អាស៊ីអាគ្នេយ៍​នឹង​ធ្វើ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​បង្កើត​ការងារ​នៅក្នុង​ឧស្សាហកម្ម​នាពេល​អនាគត​ជំរុញ​ការវិនិយោគ​អន្តរជាតិ​ និង​ធានា​សន្តិសុខ​ការងារ​ និង​កាត់បន្ថយ​ការបំភាយ​ឧស្ម័ន​ដែល​អនុញ្ញាត​ឱ្យ​យើង​សម្រេច​គោលដៅ​រួម​លើ​កិច្ចព្រមព្រៀង​ប៉ារីស​។

ជាពិសេស​សេដ្ឋកិច្ច​នាថ្ងៃ​អនាគត​ដែល​នឹង​ត្រូវបាន​បង្កើតឡើង​ប្រកប​ដោយ​និរន្តរភាព​ដោយ​ផ្អែកលើ​ថាមពល​ស្អាត​។ ថាមពល​ស្អាត​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការកាត់បន្ថយ​ការបំភាយ​ឧស្ម័ន​នៅ​ទូទាំង​ពិភពលោក​ និង​បន្ធូរបន្ថយ​ផលប៉ះពាល់​អាកាសធាតុ​ដែល​ធ្ងន់ធ្ងរ​បំផុត ប៉ុន្តែ​ក៏​នឹង​ផ្តល់ឱកាស​ក្នុង​ការជំរុញ​សេដ្ឋកិច្ច​ផងដែរ​។

ការវិនិយោគ​លើ​ថាមពល​កកើត​ឡើងវិញ​អាចបង្កើត​ការងារ​កំណើន​សេដ្ឋកិច្ច​សន្តិសុខ​ផ្នែក​ថាមពល និង​បញ្ចុះតម្លៃ​អគ្គិសនី​។ ​នៅ​អាស៊ីអាគ្នេយ៍​ថាមពល​កកើត​ឡើងវិញ​អាច​ផ្គត់ផ្គង់​តម្រូវការ​ថាមពល​បាន​ពាក់កណ្តាល​នៃ​តម្រូវការ​សរុប​ត្រឹម​ឆ្នាំ​ ២០៣០ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាង ៤% និង​បង្កើន​ឱកាស​ការងារ​ជិត ៥០%​។

កម្រិត​ខ្ពស់​នៃ​ពន្លឺព្រះអាទិត្យ​នៅ​កម្ពុជា​ផ្តល់​នូវ​ឱកាស​ដ៏ល្អ​ក្នុង​ការផលិត​ថាមពលបៃតង និង​មាន​តម្លៃថោក​។ យោងតាម​របាយការណ៍​របស់​យូអិនឌីភី ការ​កាត់បន្ថយ​ហានិភ័យ​វិនិយោគ​ក្នុង​វិស័យ​ថាមពល​កកើតឡើង​វិញ​នៅ​ប្រទេស​កម្ពុជា​បាន​រកឃើញ​ថា​ការវិនិយោគ​លើ​ថាមពល​ពន្លឺព្រះអាទិត្យ​ត្រឹមតែ ៧០០ ​មេហ្គាវ៉ាត់​អាច​កាត់បន្ថយ​ការបំភាយ​កាបូនឌីអុកស៊ីត ៨,៧ លាន​តោន​ដោយ​ផ្ទាល់​នៅត្រឹម​ឆ្នាំ​ ២០៤៥​។

ការវិនិយោគ​ទៅក្នុង​ថាមពល​កកើតឡើង​វិញ​ជួយ​ឱ្យ​ប្រទេស​នេះ​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន បំពេញ​តម្រូវការ​ថាមពល​អគ្គិសនី​ដែល​កំពុង​កើនឡើង និង​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៤ “​បន្ត​ការលើកទឹកចិត្ត និង​បង្កើន​ការវិនិយោគ​លើ​ថាមពល​ស្អាត​ និង​ថាមពល​កកើតឡើង​វិញ​ជាពិសេស​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ដោយ​កាត់បន្ថយ​ការផលិត​ថាមពល​ពី​ប្រភព​មិន​ស្អាត​ដើម្បី​ធានាបាន​នូវ​សន្តិសុខ ផ្នែក​ថាមពល​រយៈពេល​វែង​” ក្នុង​នាម​ជា​អ្នកដឹកនាំ​កិច្ចប្រជុំ​លើក​ទី​ ២៦ ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​ (COP26) ខ្ញុំ​ត្រូវ​បាន​លើកទឹកចិត្ត​ពី​អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​រហូតមក​នូវ​ការប្រមូល​ផ្តុំគ្នា​របស់​រដ្ឋាភិបាល​ និង​អាជីវកម្ម​នៅ​ពីក្រោយ​គោលដៅ​នៃ​ការបញ្ឈប់​ការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ត្រឹម​ឆ្នាំ​ ២០៥០​។

ទោះបី​ជា​ប្រធានាធិបតី ស៊ី ជីនភីង ប្រកាស​ថា ប្រទេស​ចិន​នឹង​ឈានដល់​អព្យាក្រឹតភាព​កាបូន​មុន​ឆ្នាំ​ ២០៦០ ឬក៏​រដ្ឋ​មួយចំនួន​ដូចជា​រដ្ឋ​មីឈីហ្គិន​នៅ​សហរដ្ឋអាមេរិក​ក៏​កំពុង​រៀបចំ​ផែនការ​អព្យាក្រឹត​កាបូន​នៅ​ឆ្នាំ​ ២០៥០ ឬ​ក្រុមហ៊ុន​ធំៗ ជាង ១ ០០០ ​ស្ថាប័ន​ បាន​កំពុង​ប្តេជ្ញា​ក្នុង​ការបញ្ឈប់​ការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅ​ឆ្នាំ​ ២០៥០​។

កាលពី​ដើម​ឆ្នាំនេះ​ប្រទេស​សិង្ហបុរី​បាន​បោះជំហាន​ទៅមុខ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ដោយ​ប្រកាស​ពី​មហិច្ឆតា​របស់ខ្លួន​ក្នុង​ការឈាន​ទៅ​ដល់​ការបញ្ឈប់​ការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅ​ពាក់កណ្តាល​សតវត្សរ៍​ទី​ ២ តាមរយៈ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ការបំភាយ​ឧស្ម័ន​ទាប​រយៈពេល​វែង​ (Long-Term Low-Emissions Development Strategy) ​ដែល​ជា​ប្រទេស​ទី​ ១ ​ក្នុង​អាស៊ាន​។

យោង​ទៅតាម​អ្នកតាមដាន​សកម្មភាព​អាកាសធាតុ បច្ចុប្បន្ន​មាន​ប្រទេស​ចំនួន ១២៦ ដែល​រួមគ្នា​ទទួលខុស​ត្រូវការ​បំភាយ​ឧស្ម័ន​ជាង​ពាក់កណ្តាល​នៅ​ទូទាំង​ពិភពលោក​ជាមួយ​នឹង​សេចក្តី​ប្រកាស​អំពី​ការបញ្ចេញ​កាបូន​ ឬ​អព្យាក្រឹត​អាកាសធាតុ​។

តួអង្គ​ក្រៅ​ស្ថាប័ន​ក្រៅ​រដ្ឋាភិបាល​បាន​កំពុង​ចូលរួម​ចំណែក​ផងដែរ ឧទាហរណ៍​ដោយ​ការចុះឈ្មោះ​ចូលរួម​ក្នុង​យុទ្ធនាការ​សកល​នៃ​ការបញ្ឈប់​ការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដែល​កំពុង​កៀរគរ​ដៃគូ​ពី​ទីក្រុង​តំបន់​ផ្សេងៗ អាជីវកម្ម​ និង​វិនិយោគិន​ទាំងអស់​ក្នុង​ការប្តេជ្ញាចិត្ត​ដើម្បី​សម្រេច​គោលដៅ​រួមមួយ​គឺ​ការបញ្ឈប់​ការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​យ៉ាងយូរ​បំផុត​នៅ​ត្រឹម​ឆ្នាំ​ ២០៥០​។

នេះ​ជា​មធ្យោបាយ​ដ៏ល្អ​សម្រាប់​អាជីវកម្ម​ និង​អង្គការ​ដទៃទៀត​ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ ទោះបី​មាន​បញ្ហា​ប្រឈម​ និង​ផលប៉ះពាល់​នៃ​កូវីដ​១៩​ក៏ដោយ ក៏​ខ្ញុំ​សង្ឃឹមថា​នឹង​មាន​អ្នកដឹកនាំ​អាជីវកម្ម​ពី​កម្ពុជា​ចូលរួម​ជាមួយ​យើង​ឆ្ពោះ​ទៅ​កាន់​កិច្ចប្រជុំ​លើក​ទី​ ២៦ ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​ខាង​មុខ​នេះ​។

មេដឹកនាំ​ពិភពលោក​ជាច្រើន​ដែល​មាន​មហិច្ឆតា​បាន​បង្កើត​ឱ្យ​មាន​ការចាប់​ផ្តើម​ជា​វិជ្ជមាន ប៉ុន្តែ​មាន​កិច្ចការ​ជាច្រើន​ទៀត​ដែល​ត្រូវធ្វើ​។ ដូចដែល​យើង​បានដឹង​រួចហើយ​ការដោះស្រាយ និង​សម្រប​ខ្លួន​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​គឺ​មិនអាច​រង់ចាំ​បានទេ​។

នៅ​ថ្ងៃទី​ ១២ ខែធ្នូ ចក្រភព​អង់គ្លេស​នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​ស្តីពី​មហិច្ឆតា​អាកាសធាតុ​ជាមួយ​អង្គការ​សហប្រជាជាតិ ប្រទេស​បារាំង និង​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​ប្រទេស​ឈីលី និង​អ៊ីតាលី ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​ ៥ នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​។

រាល់​ប្រទេស​ទាំងអស់​ដែលមាន​នៅក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ត្រូវបាន​អញ្ជើញ​ឱ្យ​ចូលរួម​ព្រឹត្តិការណ៍​នេះ​តាម​ប្រពន្ធ័​អ៊ីនធឺណិត​ដែល​ផ្តោតលើ​សកម្មភាព​កាត់បន្ថយ​ការបំភាយ​ឧស្ម័ន និង​កសាង​ភាពធន់​នឹង​ផលប៉ះពាល់​អាកាសធាតុ​តាមរយៈ​ការបន្សាំ​ ឬ​តាមរយៈ​ហិរញ្ញវត្ថុ​អាកាសធាតុ​។

មុនពេល​កិច្ចប្រជុំ​កំពូល​ស្តីពី​មហិច្ឆតា​អាកាសធាតុ ចក្រភព​អង់គ្លេស​បានប្រកាស Nationally Determined Contribution (NDC) ​ថ្មី​របស់ខ្លួន​ដោយ​ប្តេជ្ញា​កាត់បន្ថយ​ការបំភាយ​ឧស្ម័ន​ដោយ​លឿន​បំផុត​នៃ​ល្បឿន​របស់​សេដ្ឋកិច្ច​សំខាន់​។ ផែនការ​ថ្មី​នេះ​មាន​គោលបំណង​កាត់បន្ថយ​យ៉ាងហោចណាស់ ៦៨% នៃ​ការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅ​ចុង​ទសវត្សរ៍​នេះ​បើ​ប្រៀបធៀប​ទៅនឹង​កម្រិត​នៃ​ការបំភាយ​ឧស្ម័ន​នៅ​ឆ្នាំ​ ១៩៩០​។

គោលដៅ​ទាំងនេះ​ត្រូវ​បាន​កំណត់​ដំបូង​ដោយ​ចក្រភព​អង់គ្លេស​បន្ទាប់ពី​ការចាកចេញ​របស់ខ្លួន​ពី​សហគមន៍​អឺរ៉ុប​ដែល​បង្ហាញ​ពី​ការដឹកនាំ​របស់​ចក្រភព​អង់គ្លេស​ក្នុង​ការដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​។ ក្នុង​រយៈពេល​ ១ ​ទសវត្សរ៍​កន្លងមក​ចក្រភព​អង់គ្លេស​បាន​កាត់បន្ថយ​ការបំភាយ​ឧស្ម័ន​កាបូន​ច្រើន​ជាង​ប្រទេស​ដែល​មាន​ការអភិវឌ្ឍ​ស្រដៀង​គ្នា និង​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ដំបូង​គេ​ដែល​មាន​ច្បាប់​សម្រាប់​បញ្ឈប់​ការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅ​ឆ្នាំ​ ២០៥០​។

ខ្ញុំ​សូម​អបអរសាទរ​ប្រទេស​កម្ពុជា​ចំពោះ​ការបង្កើន​ការប្តេជ្ញា​របស់ខ្លួន​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​តាមរយៈ​ការលើក​កម្ពស់​ការចូលរួម​ចំណែក​ដែល​កំណត់ដោយ​ថ្នាក់ជាតិ​ (NDC) ​ដែល​នឹងត្រូវ​បញ្ជូន​ទៅ UNFCCC នៅ​ខែ​នេះ​។ សមិទ្ធផល​របស់​ប្រទេស​កម្ពុជា​ត្រូវបាន​ទទួលស្គាល់​ដោយ​ការអញ្ជើញ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ទៅ​ថ្លែងការណ៍​នៅក្នុង​កិច្ចប្រជុំ​ស្តីពី​មហិច្ឆតា​អាកាសធាតុ​។

តាមរយៈ​ការទទួល​ស្គាល់​សមិទ្ធផល​ទាំងនេះ​ខ្ញុំ​លើក​ទឹកចិត្ត​ដល់​ប្រទេស​កម្ពុជា​បន្ត​ការអភិវឌ្ឍ​យុទ្ធសាស្ត្រ​អាកាសធាតុ​រយៈពេល​វែង​ជាមួយ​នឹង​គោលដៅ​ឆ្ពោះ​ទៅ​រក​ការបញ្ឈប់​ការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។ ដូច្នេះ​ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រទេស​ទាំងអស់​ឱ្យ​នាំយក​មហិច្ឆតា​អាកាសធាតុ​ដ៏ខ្ពស់​បំផុត​របស់ខ្លួន​មក​ដាក់​លើ​តុ​ដើម្បី​ពិភាក្សា ដែល​ខ្ញុំ​សង្ឃឹម​ថា វា​នឹង​ក្លាយជា​ពេលវេលា​ដ៏សំខាន់​សម្រាប់​ភពផែនដី​របស់​យើង​៕

ដោយ Alok Sharma, COP26 President