ឥរិយាបថ​របស់​អ្នកបើកបរ​បែប​សម្ភារ​និយម​សម័យថ្មី​នេះ​កាន់តែ​ព្រហើន​ទៅៗ​គួរ​ឲ្យ​ខ្លាច បើ​បើកបរ​មិន​បង្ក​ឲ្យ​ស្លាប់ ឬ​ក៏​រងរបួស​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ខ្លួនឯង​ទេ ក៏​បើក​ទៅ​ប្រមាថ​អាយុជីវិត​គេ​ផ្សេងៗ បុក​គេ​ស្លាប់​ ឬ​ក៏​ធ្វើឲ្យ​គេ​រងរបួស​កម្ទេច​ឡាន​ខ្លួនឯង​ចោល​ទៀត​។

ចំណែកឯ​អ្នកបើកបរ​ម៉ូតូ​វិញ បើ​ទោះបី​ជា​ពាក់មួក​សុវត្ថិភាព​នៅពេល​បើកបរ​ហើយ​ក៏ដោយ ក៏​អ្នកបើករថយន្ត​ជិះ​ល្បឿន​ហួសកំណត់​បំបុក​ប៉ើង​ហោះ​ដូច​ស្លឹកកណ្តប ប៉ើង​ទាំង​មនុស្ស ប៉ើង​ទាំង​ម៉ូតូ របើក​មួកសុវត្ថិភាព​ចេញ​ពី​ក្បាល​ទៀត បោក​ស្លាប់​ភ្លាមៗ​ដែរ​។ រីឯ​អ្នកប្រព្រឹត្ត​បទល្មើស​បើក​បុក​នោះ​គឺ​តែងតែ​នៅក្រៅ​ឃុំឃាំង ហើយ​យក​លេស​មិន​ចេះ​ចប់ ម្តង​ថា​មាន​ជំងឺ ម្តង​ថា សរសៃប្រសាទ និង​ម្តង​ថា មិន​គ្រប់ទឹក បើ​ពេល​យប់​វិញ​ឲ្យ​តែ​ករណី​បុក គឺ​សុទ្ធតែ​ស្រវឹង​ជោក​តែម្តង ។

ឥឡូវនេះ​ចូល​ដល់​រឿង​ថ្មី​ហើយ ពេញនិយម​ទៀត​គឺ​ករណី​គ្រោះថ្នាក់​បុក​គ្នា តែ​ម្ចាស់​បែរជា​ទៅ​វាយតប់​គ្នា ជេរ​បញ្ចោរ​គ្នា​ទៅវិញ ឬក៏​វាយតប់​ជាមួយ​មន្ត្រីប៉ូលិស​ ឬ​ក៏​អ្នកកាសែត​ដែល​តាម​ថត​ពេល​រាត្រី​។ ហេតុអ្វី​បាន​ជា​ឥរិយាបថ​របស់​អ្នកបើកបរ បែរ​ទៅ​ជា​ដូច្នេះ​ទៅវិញ​? តើ​មកពី​អាងខ្នង​ ឬ​ក៏​អាង​ឲ្យ​លុយ​សង​ជំងឺចិត្ត​ទៅរួច​គ្នា​?

មិន​ថា​បរទេស មិន​ថា​ខ្មែរ​ទេ សព្វថ្ងៃ​នេះ​គឺ​ការបើកបរ​នៅ​តែ​មិន​សូវ​គោរព​ច្បាប់​ចរាចរណ៍​។ គ្រាន់តែ​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​មាន​គ្រប់​រឿង​ប្លែកៗ មាន​ករណី​បុក​គ្នា តែ​អ្នក​បើកបរ​វ៉ៃ​គ្នា វ៉ៃ​អ្នកកាសែត​ថត​ផ្សាយ​បន្ត​ផ្ទាល់​ក៏មាន ដូចជា នៅ​ចំការដូង​មាន​រថយន្ត​ម៉ាក Prius បើក​បុក​គេ​ហើយ បោះ​សោ​ឡាន​ច្រងេងច្រងាង ហើយ​វ៉ៃ​គេឯង​មុន​ទៀត​ដូច​អត់​មាន​ជំពាក់​នរណា​មួយ​រៀល​។

មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្កដោយ​បុរស​ពាក់​វ៉ែនតា បើក​រថយន្ត Range Rover ពេល​ប៉ូលិស​ឃាត់​យក​មក​ការិយាល័យ​ខណ្ឌ​ចំការមន​រួចហើយ បែរជា​បុរស​នោះ​ហែក​ក្រដាស​កិច្ចសន្យា​ចោល ហើយ​វ៉ៃ​ប៉ូលិស​ទាំង​ខ្លួន​ស្រវឹង​ជោក​ឡើង​យោល​ខ្លួន ចុងក្រោយ​គ្រាន់តែ​បង់ថ្លៃ​សំណង​ទៅរួច​ខ្លួន​បាត់​។ ករណីនេះ​បុរស​នោះ​បើកបរ​ស្រវឹង បុក​គេ​ខុស​ទាំង​ច្បាប់​ចរាចរណ៍ វ៉ៃ​គេ​ខុស​ទាំង​ក្រម​ព្រហ្មទណ្ឌ​ទាំងស្រុង តែ​រួច​ខ្លួន​ទៅផ្ទះ​វិញ​ធ្វើ​មិនដឹង​ហើយ​គាត់​បោះសម្តី​ថា ប្តឹង​ម៉េច​ក៏​មិន​ឈ្នះ​គាត់​ដែរ​។

ករណី​មួយ​ទៀត​រថយន្ត Range Rover បើក​ឡើង​សួនច្បារ បុក​បង្គោល​ភ្លើង​បើក​រត់​បែក​កង់ ឈប់​នៅ​លើ​ស្ពាន​ច្បារអំពៅ មាន​ប៉ូលិស​អធិការរង​ខណ្ឌ​ច្បារអំពៅ​មក​ជួយ​ធ្វើ​អន្តរាគមន៍​កាន់​អាយកូម​ និង​ទូរស័ព្ទ​ច្រងេងច្រងាង​ហាម​អ្នកកាសែត​កំពុង​តែ​ថត​ផ្សាយ​បន្ត​ផ្ទាល់ តែ​ហាម​មិន​បាន​ក៏​ទះកំផ្លៀង​​អ្នកកាសែត ហើយ​ជេរប្រមាថ​ទៀត រួច​ក៏​ជិះ​ចេញ​បាត់​ទៅ​ស្អែក​ឡើង​ត្រឹម​តែ​សុំទោស​ទៅ​ចប់​។

បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់ និង​របួស​ពិការ គឺជា​បញ្ហា​អាយុជីវិត និង​ជា​បញ្ហា​សុខភាព​សាធារណៈ​ដែល​កំពុងតែ​ញាំញី​សង្គម​ខ្មែរ​ខ្លាំង​ជាង​ជំងឺអេដស៍ ខ្លាំង​ជាង​គ្រោះថ្នាក់​ដោយសារ​មីន សូម្បី​តែ​ការផ្ទុះ​ជំងឺ​គ្រុនឈាម​ដែល​កំពុងតែ​កើនឡើង​ខ្លាំង​ឆ្នាំនេះ​មាន​អ្នក​ជំងឺ​គ្រុនឈាម​ក្នុង​រយៈពេល​ពី​ខែ​មករា ដល់​ខែមិថុនា​ (២១ ​សប្តាហ៍​) ​ដំបូង​នៃ​ឆ្នាំ ២០១៩ សរុប ​១៣៨៤៣ ​ករណី​មាន​អ្នកស្លាប់ ២៤ នាក់​កើនឡើង ៥ ​ដង​ធៀប​ឆ្នាំ ២០១៨ តាមរយៈ​របាយការណ៍​របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ជំងឺ​គ្រុនឈាម​។

បើ​ប្រៀបធៀប​រវាង​អ្នកជំងឺ​ស្លាប់​ដោយសារ​ជំងឺ​គ្រុនឈាម​នេះ​ និង​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​គឺ​ខុសគ្នា​យ៉ាង​ខ្លាំង​គ្រាន់តែ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ ១ ​ថ្ងៃ​ខ្លះ​កើនឡើង​ដល់​ទៅ​ ១០ ​នាក់​ទៅ​ហើយ​យ៉ាង​ហោច​ណាស់​ក៏មាន​ ៣ ​អ្នកស្លាប់​ដែរ ហើយ​បើ​ធ្វើ​ជា​អត្រា​ប្រចាំ​ថ្ងៃ​ជា​មធ្យម​វិញ គឺ​ ៦ ​នាក់​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ ១ ​ថ្ងៃ​។ នេះ​បើ​តាម​របាយការណ៍​ប្រចាំថ្ងៃ​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​​ផ្លូវគោក​នៅលើ​ហ្វេសប៊ុក​របស់​គណៈកម្មាធិការ​នោះ​។

ទោះបី​ជា​មានការ​ស្លាប់​ច្រើន​ដូចនេះ​ក៏ដោយ ក៏​អ្នក​បើកបរ​មួយ​ចំនួន​ហាក់បី​ដូចជា​នៅតែ​គិតថា ខ្លួន​មិន​អីៗ​ដដែល ដោយសារ​តែមាន​ឡាន​ទំនើប មាន​ពោង​ជាប់​នឹង​ឡាន អ៊ីចឹង​​ហើយ​បាន​ចេះតែ​ព្រហើន​រៀងៗ​ខ្លួន​។ តែ​ដល់​តែមាន​ការ​អី​បុក​គេ​គឺ​ដឹង​តែ បើកទ្វារ​ឡាន​រត់​ប្រូច​ ឬ​ក៏​បើកឡាន​រត់​តែម្តង​ទុក​ឲ្យ​ជនរងគ្រោះ​នៅ​របួស​សន្លប់ ឬ​ក៏​ស្លាប់​យ៉ាង​អាណោចអាធ័ម​។ ពេលខ្លះ​ស្រវឹង​ជោក​បើក​ល្បឿន​លឿន បើ​មិន​បុក​អ្នកដំណើរ​បំផ្លាញ​ធនធាន​មនុស្ស​ទេ ក៏​បុក​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ ដូចជា​សួនច្បារ​នៅលើ​ទ្រូងផ្លូវ ឬ​ក៏​បុក​ទ្រូង​ថ្នល់​តែម្តង​ក្រឡាប់​ឡាន​ស្លាប់​ដោយ​ខ្លួនឯង​ក៏មាន ដូច​ករណី​ថ្មីៗ​នេះ​មាន​រថយន្ត Range Rover បុក​ទ្រូង​ថ្នល់​ក្រឡាប់​កណ្តាលផ្លូវ​ឡើង​ខ្ទេចខ្ទី​ឡាន​មើល​លែង​យល់​នៅ​លើ​ផ្លូវ​ ២៧១ ក្បែរ​មន្ទីរពេទ្យ​លោកសង្ឃ​​រាជធានី​ភ្នំពេញ​។

ហេតុដូចនេះ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សហការ​ជាមួយ​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ដែល​នឹង​រៀបចំ​សន្និសីទ​ប្រចាំឆ្នាំ​លើក​ទី ២ ​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា​នៅ​ថ្ងៃទី ៤-៥ ខែ​កញ្ញា ឆ្នាំ​ ២០១៩ ​នេះ​នៅ​សណ្ឋាគារ Himawari ក៏​គួរតែ​លើក​យក​បញ្ហា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ម្ចាស់​យានយន្ត​ប្រើ​ហិង្សា​វាយតប់​គ្នា និង​ការ​រឹតបន្តឹង​ទាំង​ច្បាប់​ចរាចរណ៍​ថ្មី ទាំង​ក្រមព្រហ្មទណ្ឌ​យក​ទៅ​ពិភាក្សា​ផង​​ដែរ​។ ជាពិសេស​អ្នកបើកបរ​លើស​ល្បឿន​កំណត់ ត្រូវ​តែ​ឃាត់​រថយន្ត​ទុក​ដោយ​ប្រើ​កាមេរ៉ា​តាមផ្លូវ​យក​អ្នកបើកបរ​មក​ធ្វើតេស្ត​រក​ជាតិ​អាល់កុល ហើយ​ផាក និង​ដាក់​ពន្ធនាគារ​ទៅ​តាម​ច្បាប់​ថ្មី​មិន​ថា​ជនបរទេស​មិន​ថា​ខ្មែរ​ទេ ជា​ជាង​ចាំ​ដល់ពេល​បុក​គេ​ស្លាប់ គ្រោះថ្នាក់​ហើយ​បាន​នាំគ្នា​ដេញ​តាម​ចាប់​ជា​ក្រោយ​នោះ​៕

ចូលរួម​ផ្តល់យោបល់​តាមរយៈ​soprach.tong@phnompenhpost.com