មក​ទល់​ពេល​នេះ​អ្នកស្លាប់​ដោយសារ​ពុល​ទឹកព្រែក នៅ​ភូមិ​ស្រែនន ឃុំ​កន្ទួត ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ​បាន​កើនឡើង​ដល់ ១៣ នាក់​ហើយ និង​ជនរងគ្រោះ​ចំនួន ១៥០ នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក និង​ខេត្ត​។

នៅ​ទីតាំង​កើតហេតុ​នេះ​ត្រូវ​បាន​គេ​សង្ស័យ​ថា​អាច​បណ្តាល​មកពី​ការប្រើប្រាស់​ថ្នាំ​គីមី សម្លាប់​ស្មៅ​រួច​ហើយ​មាន​ភ្លៀង​ធា្លក់​ទឹក​ក៏​ហូរ​ចូល​ទៅ​ក្នុង​ព្រែក​នោះ បន្ទាប់មក​អ្នកភូមិ​បាន​ហូប​ទឹក​ព្រែក​នោះ​ដូច​ធម្មតា​បណ្តាល​ឲ្យ​ពុល​តែ​ម្តង​។ នេះ​បើ​តាម​សារព័ត៌មាន​ក្នុង​ស្រុក​បាន​ផ្សព្វផ្សាយ​។

ក្រសួង​សុខាភិបាល គឺជា​ស្ថាប័ន​មួយ​ទទួល​រងគ្រោះ ២ ​ករណី​ធំៗ គឺ ទី​ ១) ការ​នាំ​ចូល​អាហារ​មាន​សារជាតិ​គីមី ដូចជា​ការ​នាំ​ចូល​ស្រាស សាច់សត្វ និង​បន្លែ​គីមី​ជាដើម និង​ទី​ ២) ​ការបំពុល​បរិស្ថាន​ដែល​នៅ​ជុំវិញ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ សត្វ និង​រុក្ខជាតិ ហើយ​ការបំពុល​បរិស្ថាន​ដោយ​កាកសំណល់​រឹង​នេះ​ក្រសួង​បរិស្ថាន​បាន​ធ្វើ​វិមជ្ឈការ ផ្ទេរ​មុខងារ​គ្រប់គ្រង​សំរាម និង​សំណល់​រឹង​មក​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ រាជធានី និង​ខេត្ត​ឲ្យ​គ្រប់គ្រង ខណ្ឌ ក្រុង និង​ស្រុក ដើម្បី​ធ្វើឲ្យ​ស្អាត​តាំង​ពី​ដើម​ឆ្នាំ​ ២០១៦ មក​ម្ល៉េះ​។ តែ​ដោយឡែក​បញ្ហា​គ្រប់គ្រង​សំណល់​រាវ​នៅ​មិន​ទាន់​បាន​ដោះស្រាយ​ជាក់លាក់​នៅ​ឡើយ​ទេ សូម្បី​តែ​ក្រសួង​បរិស្ថាន​ខ្លួនឯង​ហ្នឹង​ក៏​ត្រូវ​បាន​គេ​រិះគន់​ថា​បាន​បង្ហូរ​ទឹកស្អុយ​ចេញ​ពី​ក្រសួង​ចូល​ទៅ​ក្នុង​ព្រែក​ទៅ​ទន្លេ​នោះ​ដែរ​។

ជាង​នេះ​ទៅ​ទៀត បញ្ហា​សារធាតុគីមី​នៅ​ក្នុង​សំណល់​រាវ​នេះ​ក៏​នៅ​តែ​ជា​ឆ្អឹង​ទទឹងក​នៃ​បរិស្ថាន ធ្វើឲ្យ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ ដូច​ករណី​ពុល​ទឹក​នៅ​ខេត្ត​ក្រចេះ​។ ក្រៅពី​នោះ​មាន​ប្រភព​ទឹក​ដែល​មាន​សារធាតុ​គីមី​ពិបាក​បំបែក ឬ​រំលាយ​នោះ​ដូចជា​ការរែង​រក​ត្បូង​នៅ​ប៉ៃលិន ដោយ​ម៉ាស៊ីន​ធំៗ​កន្លង​មក បង្ហូរ​ទឹក​មាន​ជាតិ​រ៉ែ​ចេញ​ពី​ដីសម្បទាន​សេដ្ឋកិច្ច​ចូល​ទៅ​ក្នុង​ទឹកស្ទឹង​សង្កែ​ហូរ​ឡើង​ល្អក់​ទឹក​មក​ដល់​ខេត្ត​បាត់ដំបង​។

ទឹក​សម្អុយ​ខ្លះ​ទៀត​ត្រូវ​បាន​គេ​បង្ហូរ​ចេញ​ពី​កន្លែង​ក្រុមហ៊ុន​ជីក​រក​រ៉ែ រីឯ​ទឹក​សម្អុយ​ខ្លះ​ទៀត​ត្រូវ​បាន​គេ​បង្ហូរ​ចេញ​ពី​រោងចក្រ​បង្ហូរ​ចូល​សមុទ្រ ទន្លេ ឬក៏​ស្ទឹង​ផ្ទាល់​តែ​ម្តង ម្យ៉ាង​វិញ​ទៀត​សារធាតុ​គីមី​ដែល​បម្រើ​សម្រាប់​វិស័យ​កសិកម្ម​ក៏​ត្រូវ​បាន​បង្ហូរ​ចូល​ទឹកស្ទឹង ទន្លេ បឹងបួ​ ឬ​ក៏​ព្រែក​ផង​ដែរ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​។

បើ​នៅ​ភ្នំពេញ បញ្ហា​ទឹក​សម្អុយ ចូល​ទន្លេ​គឺ​ដោយសារ​ការ​ចាក់ដី​លុប​បឹង​ដែល​ជា​កន្លែង​ស្តុក​ទឹក ហើយ​នៅ​ពេល​បឹងបាយ៉ាប និង​បឹងទំពុន​ទប់​លែង​បាន មាន​តែ​ហូរ​ចូល​ទន្លេ និង​ស្ទឹង​វិញ​ដដែល​។

ផលប៉ះពាល់​ពី​ទឹក​សម្អុយ​ដែល​មាន​សារធាតុ​គីមី​នេះ​ហើយ​ដែល​បំពុល​បរិស្ថាន និង​សុខភាព​ប្រជាពលរដ្ឋ​ជាង​គេ​ហើយ​ក៏​ជា​របស់​មើល​មិន​ឃើញ​ថា មាន​សារធាតុគីមី​កម្រិត​ណា​នោះ​ដែរ​។ សំណួរ​សួរ​ថា តើ​ត្រូវ​ដោះស្រាយ​របៀប​ណា​បញ្ហា​ទឹក​សម្អុយ​មាន​ជាតិ​គីមី​នេះ​?

ដំណោះស្រាយ​គឺ​ទៅ​តាម​បញ្ហា​មូលហេតុ​ទៅ​តាម​ករណី​រៀងៗ​ខ្លួន​ឧទាហរណ៍​ដូច​ករណី​ក្រុមហ៊ុន BP របស់​អង់គ្លេស​បាន​ជួបប្រទះ​ការ​ហូរហៀរ​ប្រេង​ចេញ​ពី​រោងចក្រ​បូម​ប្រេង​របស់​ខ្លួន​នៅ​ក្នុង​ឈូង​សមុទ្រ​ម៉ិចស៊ិក​កាលពី​ឆ្នាំ​ ២០១០ ធ្វើ​ឲ្យ​ប៉ះពាល់​បរិដ្ឋាន​យ៉ាង​ធ្ងន់ធ្ងរ​រួម​ទាំង​ទឹកសមុទ្រ ប្រជាពលរដ្ឋ រុក្ខជាតិ និង​សត្វ​ដែល​រស់នៅ​ទី​នោះ​។

ក្រុមហ៊ុន BP បាន​ធ្វើការ​សិក្សា​វាយតម្លៃ​ទៅ​លើ​ផលប៉ះពាល់​ដោយសារ​តែ​បញ្ហា​ហៀរ​ប្រេង​នេះ ហើយ​បាន​ធានា​ចេញ​សង​រាប់រយ​លាន​ដុល្លារ​រួម​ទាំង​ការ​ខាត​ប្រេង​ដែល​ហៀរ​ចេញ​មក​ក្រៅ សម្អាត​ប្រេង​ដែល​នៅ​លើ​ទឹក​ទាំងអស់ សង​ទាំង​ការខូចខាត​របស់​ជនជាតិ​ដើម​ភាគតិច​រស់នៅ​តាម​តំបន់ឆ្នេរ និង​សត្វ​ដែល​រងគ្រោះ ពិបាក​រស់នៅ​ដែល​មើល​ទៅ​ប្រឡាក់ប្រឡូស​សុទ្ធ​តែ​ប្រេង និង​ការខូចខាត​រុក្ខជាតិ​ផង​ដែរ​។ ករណី​សំណង​ហៀរ​ប្រេង​នេះ​ត្រូវ​បាន​គេ​យក​មក​ធ្វើជា​ករណី​សិក្សា​នៅក្នុង​មេរៀន​ក្រម​សីលធម៌​នៃ​ការរកស៊ី​របស់​ក្រុមហ៊ុន មិន​ត្រូវ​គិតតែ​ពី​ចំណេញ​នោះ​ទេ​គឺ​ត្រូវ​គិត​ពី​ផលប៉ះពាល់​អ្នកដទៃ​ផង​ដែរ​។

ម្យ៉ាង​វិញ​ទៀត​គឺ​ដំណោះស្រាយ​តាមរយៈ​ការទទួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន (CSR) គឺ​ក្រុមហ៊ុន​ត្រូវ​មាន​កាតព្វកិច្ច​ចំពោះ​សង្គម​ក្នុង​ករណី​ណា​មួយ​កើតឡើង ឬ​ក៏​ជា​ការ​ផ្តល់​ជា​ជំនួយ​សប្បុរសធម៌​។ គឺ​ក្រុមហ៊ុន​ត្រូវ​តែ​ព្យាបាល​ទឹក​ (treat) សម្អុយ​ទាំង​នោះ​ឲ្យ​លែង​មាន​សារធាតុគីមី និង​រម្ងាប់​មេរោគ​ឲ្យ​អស់ មុន​នឹង​បង្ហូរ​ចេញ​ពី​រោងចក្រ​។

ឧទាហរណ៍​ដូច​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ខេត្ត​ព្រះសីហនុ​គឺ​អ្នក​នាំពាក្យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅ​ទី​នោះ​គឺ​មាន​ការប្រុងប្រយ័ត្ន​ចំពោះ​ការ​បង្ហូរទឹក​សំណល់​រាវ​ចេញ​ពី​រោងចក្រ​។ ក្រុមហ៊ុន​ធ្វើ​អាង​ស្តុក​ទឹក​ដើម្បី​ព្យាបាល​ទឹក​មុន​នឹង​បង្ហូរ​ចេញ​ធ្វើឲ្យ​ប៉ះពាល់​ការរស់នៅ​របស់​អ្នកភូមិ​នៅ​ក្បែរ​តំបន់​នោះ​។

យ៉ាង​ណា​មិញ​សម្រាប់​សារធាតុគីមី បម្រើ​ក្នុង​វិស័យ​កសិកម្ម អ្នក​បច្ចេកទេស កសិកម្ម​ត្រូវ​តែ​ផ្តល់​ដំបូន្មាន និង​ពន្យល់​​ឲ្យ​បាន​ច្បាស់​ពី​ការប្រើប្រាស់​កំហាប់​ជាតិគីមី​មុន​នឹង​យក​មក​ប្រើប្រាស់ និង​រយៈពេល​ប្រើប្រាស់​ព្រម​ទាំង​ផលប៉ះពាល់​ពី​សារធាតុគីមី​នោះ​។ ចំពោះ​ការចាក់ដី​លុប​បឹង​ធ្វើ​ជា​តំបន់​អភិវឌ្ឍន៍​ល្មម​បញ្ឈប់​ទៅ ហើយ​ងាក​មក​ព្យាបាល​ទឹក​សម្អុយ និង​ស្តារ​ចេញ​ឲ្យ​បាន​ស្អាត​ផង​។

ដូច​នៅ​ប្រទេស​ថៃ​គេ​ច្នៃ​ទឹក​សម្អុយ​ចេញ​ពី​លូ​ដែល​គេ​ព្យាបាល​រួច​ហើយ បង្ហូរ​ចេញ​ពី​ទីក្រុង​បាងកក​ក្លាយ​ទៅ​ជា​តំបន់​ភ្ញៀវទេសចរ​មួយ​ទៅ​វិញ កន្លែង​នោះ​ហៅថា​ «Floating market»៕

ចូលរួម​ផ្តល់យោបល់​តាមរយៈ soprach.tong@phnompenhpost.com