កាលពីដើមឆ្នាំនេះ សាលារាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងដោយបានដាក់ឱសានវាទដល់ពលរដ្ឋដែលរស់នៅភ្នំពេញឲ្យបញ្ឈប់សង់រោងការ រោងបុណ្យ រោងកម្មវិធីផ្សេងៗនៅលើផ្លូវសាធារណៈ ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០១៩ តទៅ ។
ការចេញសេចក្តីជូនដំណឹងនេះធ្វើឲ្យប្រជាពលរដ្ឋម្នាក់ៗចេះតែចាំមើលថា តើចំណាត់ការរបស់សាលារាជធានី ចំពោះករណីរំលោភចំណីថ្នល់នេះ មានប្រសិទ្ធភាពប៉ុនណា?
ប៉ុន្តែ ដល់ពេលផុតឱសានវាទរបស់សាលារាជធានី ហាក់បីដូចជាមិនត្រូវបានពលរដ្ឋដែលជាអ្នកមានៗ និងអ្នកធំគោរពទៅនឹងគោលការណ៍នេះឡើយ។ ជាក់ស្តែងកាលពីថ្ងៃចន្ទកន្លងទៅនេះ នៅបឹងត្របែក ខណ្ឌចំការមន មានរោងការ ១ សង់បិទផ្លូវលេខ ៩៩ ជិតឈឹងតែម្តង មិនខ្វល់ពីអ្នកធ្វើដំណើរឆ្លងកាត់ ហើយបិទសាលាឯកជនដែលមានទីតាំងនៅទល់មុខនោះ ១ ថ្ងៃពេញ គឺសង់ទៅបានយ៉ាងស្រួល មានប៉ូលិសចរាចរណ៍ជួយធ្វើចរាចរណ៍ឲ្យទៀត។ នៅថ្ងៃអង្គារសប្តាហ៍មុន មានរោងបុណ្យ ១ នៅផ្លូវច្រមុះជ្រូក ទល់មុខផ្សារស្ទឹងមានជ័យ គឺសង់យ៉ាងវែងប៉ះចំណីផ្លូវអស់ផ្លូវដើរ និងម៉ូតូអស់ តែគ្មានសមត្ថកិច្ចណាមករករឿងទេ តែបើមកយកលុយពីម្ចាស់កម្មវិធីទៅវិញអាចកើតមាន។
ប៉ុន្តែផ្ទុយទៅវិញ កាលពីសប្តាហ៍មុនដែរ អាជ្ញាធរខណ្ឌឫស្សីកែវ ខំប្រឹងប្រែងចាប់ផ្តើមដុតដៃ ដុតជើង កាត់ស្លាកយីហោ ដែលសង់លយចូលចំណីផ្លូវសាធារណៈបានមួយចំនួនដើម្បីបង្ហាញស្នាដៃផងដែរ ។ រីឯខណ្ឌច្បារអំពៅ ក៏ដូចគ្នាដែរ មិនអនុញ្ញាតឲ្យលក់ដូរលយចូលផ្លូវដើរឬក៏ចំណីផ្លូវជាតិលេខ ១ នោះទេ តែនៅផ្លូវអតីតប្រឡាយបារាំងវិញ គឺនៅតែមានអ្នកសាងសង់រោងបិទផ្លូវម្តង ១ ចំហៀងតែដដែល។ ការអនុវត្តចំណាត់ការរបស់សាលារាជធានីភ្នំពេញចំពោះការសង់រោងការនៅលើផ្លូវសាធារណៈនេះ គឺអនុវត្តទៅតាមខណ្ឌណាដែលចង់ធ្វើ ពោលគឺមានលក្ខណៈរកេតរកូតណាស់ ខណ្ឌណាអនុវត្តក៏អនុវត្តទៅខណ្ឌណាអត់ក៏អត់ទៅ អ៊ីចឹងពលរដ្ឋស្អប់តែអ្នកអនុវត្ត។
ខណ្ឌណាអត់អនុវត្តធ្វើមិនដឹងមិនឮយករួចខ្លួនហើយគេមិនស្អប់ទៀត។ បើនិយាយពីផ្លូវធំៗ ១១ ខ្សែដែលលោក ឃួង ស្រេង អភិបាលសាលារាជធានីភ្នំពេញ បានហាម ការចត លក់ដូរ និងសង់រោងនៅលើដងផ្លូវតាំងពីដើមឆ្នាំនេះវិញ គឺមកទល់ពេលនេះក៏ស្ងាត់ផងដែរ។
ជាមួយគ្នានេះដែរ ថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យសាលារាជធានី រកកន្លែងសង់ចំណតរថយន្តផងដែរដើម្បីកាត់បន្ថយការស្ទះចរាចរណ៍ផង និងរក្សាសណ្តាប់ធ្នាប់នៅរាជធានីផងដែរ។ តែសាលារាជធានី នៅតែមិនទាន់ចេញផែនការមេឬក៏ផែនការកូននៅឡើយទេ ក្នុងការរកកន្លែងចំណតរថយន្តសាធារណៈ និងឯកជន។ តើនេះ មកពីការធ្វើមិនដឹងមិនឮឬក៏ខ្វះសមត្ថភាពរបស់រដ្ឋបាលរាជធានីភ្នំពេញ? តែបើនិយាយពីសួនច្បារ និងការរៀបការ៉ូ នៅតាមមាត់ទន្លេវិញ គឺដូររហូត ឲ្យតែមានអភិបាលសាលារាជធានីមកថ្មីចូលកាន់តំណែងគឺគិតតែសង់សួនច្បារ និងចិញ្ចើមផ្លូវដែលអត់ខូចសោះនោះ។
ម្យ៉ាងវិញទៀត លូ និងផ្លូវវិញ គ្មានផែនការច្បាស់លាស់ទេ ទាំងក្រសួងសាធារណការ ទាំងសាលារាជធានី ធ្វើដដែលៗចំណោយថវិការាប់លាន ធ្វើលូ ខូចថ្នល់ ធ្វើថ្នល់ ខូចលូ ធ្វើយូរៗទៅខូចទាំងថ្នល់ ខូចទាំងលូ។ ដូចផ្លូវព្រះនរោត្តម ផ្លូវទើបតែចាក់កៅស៊ូអ៊ុតសោះ ឥឡូវចោះដាក់លូនៅមុខក្រសួងមហាផ្ទៃដដែលទៀត រីឯសេចក្តីព្រាងច្បាប់គ្រប់គ្រងសណ្តាប់ធ្នាប់នៅគាំងបានត្រឹមតែគ្រោងនឹងរៀបចំតាក់តែង។
សកម្មភាពនេះហើយ មិនឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងដែលទីក្រុងភ្នំពេញកំពុងតែជួបប្រទះការកកស្ទះចរាចរណ៍ បើនៅប្រទេសថៃ គឺគ្មានទេរោងការ និងរោងបុណ្យ តាមចិញ្ចើមថ្នល់នោះ រោងការ និងកម្មវិធីជប់លៀង គឺទៅធ្វើនៅហាង រីឯរោងបុណ្យទាន គឺនៅវត្ត។ ប៉ុណ្ណឹងហើយ ទីក្រុងបាងកក នៅតែណែនស្ទះពេលព្រឹក និងពេលល្ងាចដដែល នេះមកពីប្រជាជនជាង ១០ លាននាក់ ទៅហើយនៅទីក្រុងបាងកក។
សរុបមកវិញ ការដាក់ឱសានវាទ សង់រោងការ រោងបុណ្យនេះ មិនគួរចេះតែដាក់ឲ្យតែល្អមើលនោះទេ គឺត្រូវបង្ហាញប្លង់មេឲ្យបានច្បាស់លាស់ថា ឲ្យម្ចាស់កម្មវិធីទៅរៀបចំនៅទីណាពោលគឺមិនឆ្លើយតបទៅនឹងកំណើនប្រជាពលរដ្ឋ និងរថយន្តផងនៅរាជធានីភ្នំពេញ។
អ៊ីចឹងសាលារាជធានី គួរតែបន្ថែមផែនការឲ្យបានជាក់លាក់ និងដាក់ពិន័យឲ្យបានចំពោះអ្នករំលោភ លើសេចក្តីជូនដំណឹង ឬក៏ផ្តល់យោបល់ ទៅប្រជាពលរដ្ឋ បើផ្ទះមានកម្មវិធី គួរតែធ្វើនៅហាងធំៗ សម្រាប់កម្មវិធីរៀបមង្គលការ ទាំងព្រឹកហែជំនូន និងពិធីជប់លៀង ដែលមានកន្លែងចតស្រាប់ ហើយបើបុណ្យទានទៅវត្ត ឬបុណ្យសាមគ្គី បុណ្យកឋិនទាន អាចធ្វើនៅសាលារៀនបាន ដែលអាចជួយដោះស្រាយចំណត។
តែរាល់ថ្ងៃនេះ គឺយកទីធ្លាសាលារៀន និងមន្ទីរពេទ្យមួយចំនួនធំ គឺចតទាំងព្រឹក ទាំងល្ងាចឡើងអស់ទីធ្លាសម្រាប់កុមាររត់លេង។ ម្យ៉ាងវិញទៀត ចំពោះដំណោះស្រាយរឿងចំណតនៅដីបឹងកក់ ក្រុមហ៊ុនក៏អាចធ្វើវិនិយោគសាងសង់ ១ ផ្នែកសម្រាប់ចំណតឯកជនទាំងក្រោមដី និងលើដីបានផងដែរ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com