នៅ​ពា​ក់​កណ្តាល​ខែ​មីនា​ខាង​មុខ​​ គណៈ​កម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា​នឹង​​រៀប​ចំ​មិត្ត​ហ្វូន​ខេម​បូឌា​លីក ​(MC​L) រដូវ​កាល​ថ្មី​ឆ្នាំ ​២០១៩​ បាន​វិល​ត្រឡប់​មក​វិញ​ហើយ​។

រីឯ​ក្លិប​ខ្លះ​បាន​រៀបចំ​កម្ម​វិធី​បង្ហា​ញ​​សមាស​ភាព​កីឡា​ករ​របស់​ខ្លួន និង​ឈុត​សម្លៀក​បំពាក់​ដែល​នឹង​លេង​នៅ​រដូវ​កាល​ថ្មី​នេះ ដូច​ជា​ក្លិប​វិសាខា​ និង​ក្លិប​បឹងកេត ជា​ដើម ហើយ​ក្លិប​ ២ នេះ សុទ្ធ​តែ​បង្ហាញ​កី​ឡដ្ឋាន​ថ្មី​របស់​ខ្លួនដែល​ដាំ​ស្មៅ​ធម្មជា​តិ​ល្អ ដើម្បី​ទាក់​ទាញ​អ្នក​គាំទ្រ​ក្លិប​របស់​គេ​រៀងៗ​​ខ្លួន។

តែ​អ្វី​ដែល​សំខាន់​សួរ​ទៅប្រិ​យ​មិត្ត​គាំទ្រ​វិស័យ​កីឡា​បាល់​ទាត់​ថា តើអ្វី​ដែល​ជា​បញ្ហា​ស្រពេច​ស្រពិល​ ក្នុង​ការគាំទ្រ​វិស័យ​បាល់​​ទាត់​នេះ​កាន់​តែ​រីក​ចម្រើ​ន​​ថែម​ទៀត?

បើ​រាល់​ការ​រិះគន់​ ដើម្បី​ស្ថាបនា​ត្រូវ​បាន​កែ​សម្រួល និង​រក​ដំណោះ​ស្រាយ​ធ្វើឲ្យ​កាន់​តែ​ប្រសើរ តាំង​ពី​សហព័ន្ធ​បាល់​ទាត់​កម្ពុជា​បាន​រៀបចំ​អនុវត្ត​ច្បាប់ ពិន័យ​ក្លិប និង​កីឡាករ​ទៅ​តាម​ច្បាប់​របស់​ FIFA​ នៅ​អាស៊ី រីឯអា​ជ្ញា​កណ្តា​ល ​មិនមាន​ចេតនា​ក្នុងការ​​ដាក់​សម្ពា​ធ ឬ​ក៏​លម្អៀង​ទៅ​លើ​ក្លិប​ណា​មួយ​ដែរ ព្រោះ​មាន​វិធាន​ការ​សម្រាប់​អាជ្ញា​កណ្តាល​ផង​។ អ្វីដែល​ជា​កំហុស​របស់​អាជ្ញា​កណ្តាល​ គឺ​ភាគ​ច្រើន​ គឺ​មើល​មិន​ទាន់ឬ​ក៏​មិន​ទាន់​មាន​សម​ត្ថភាព​គ្រប់គ្រាន់​នៅ​ឡើយ​ទេ​ មិន​មែន​មាន​ន័យ​​​ថា​ គាត់​មាន​ចេតនា​នោះ​ទេ។

តើនេះ​​ជា​ការ​ដែល​មាន​ការធ្លាក់​ចុះ ឬក៏​មិន​សូវ​មាន​អ្នកទស្សនា​បាល់​ទាត់​ផ្ទាល់​ ការ​ប្រកួត​ជម្រើ​ស​ជាតិ​ក្តី ឬ​ក៏លី​ក​ក្តី គឺ​បណ្តាល​មក​ពី​ទស្សនិកជន​ខ្លួន​ឯង​ខ្លះ​មិន​សូវ​បាន​តា​ម​ដាន​ស្វែង​យល់​ពីរបៀប​លេង ឬ​ក៏ប្លង់ ឬ​ក៏ការ​កម្សាន្ត​ពេល​សម្រាក​តង់ទី ១ នោះ?

កន្លង​មក​ទស្សនិកជន​ ដែល​និយម​មើល​បាល់​ទាត់​ផ្ទាល់​ភ្នែក​នៅ​កីឡដ្ឋាន​ មាន​ការ​ចាប់​អារម្មណ៍​​ឡើង​ចុះៗ​តាម​គ្នា ជា​ពិសេស​ការ​ប្រកួត​លក្ខ​ណៈ​អន្តរជាតិ។

រីឯ​លីក​កំពូល​វិញ​ ពុំសូវ​មាន​ការ​ចូល​ជា​លក្ខណៈ​គាំទ្រ​ (Fans)​ ក្លិប​ណា​មួយ​ពេញ​ទំហឹង​នោះ​ទេ បើ​ទោះបី​ជា​ម្ចាស់​ក្លិប​នីមួយៗ​ខំ​ចំណា​យ​​ថវិកា​ផ្ទាល់​ក្តី ឬ​ក៏ក្រុម​ហ៊ុន​ក្តី​ ដើម្បី​ឲ្យ​វិស័យ​កីឡា​បាល់​ទាត់​លីក​កំពូល​មាន​​ដំណើរ​ការ​ប្រសើ​រ​​ឡើងសម្រាប់​ជ្រើស​រើស​កីឡា​ក​រ​​ចេញ​ពី​ក្លិប​មួយៗ​ យក​មក​ផ្គុំ​គ្នា​សម្រាប់​​ជម្រើស​ជាតិ។

ហេតុ​ដូច្នេះ​ហើយ​ យុវ​ជន និង​ប្រិយ​មិត្ត​ដែល​និយម​ចូល​ចិត្ត​បាល់​ទាត់តែមិន​មាន​លក្ខ​ណៈ​ជាប់​លាប់​ដូច​នៅ​ប្រទេស​រីក​ចម្រើ​ន ដូច​នៅ​ប្រទេស​អង់​គ្លេស​ពួក​គេ​​​បាន​លើក​ឡើង​ថា៖ «បន់​ឲ្យតែ​ដល់​ថ្ងៃសៅរ៍​ទេ ដើម្បី​មើល​បាល់​ទាត់! When Saturday Comes!» ហើយបើ​នៅ​ប្រទេស​ហូឡង់​វិញ​ គេ​ហៅ​ថា​ «មើល​ការ​ប្រកួត​បាល់​ទាត់​ និ​ង​​ការ​ពេញ​ចិត្ត​ក្លិប ប្រៀប​ដូច​ទៅ​នឹង​សរសៃ​ឈាម​ពួក​គេ បើ​អត់​បាន​មើល​ទេ​ គឺ​អាច​ស្លាប់!»។

ទិស​ស្លោក​ទាំង​នេះ​គឺ​សុទ្ធ​តែ​​ចូល​ចិត្ត​បាល់​ទាត់​ងប់​ងុល នេះ​ក៏ដោយ​សារ​តែ​ពួក​គេមើ​ល​​យល់​ពី​របៀប​លេង ក៏​ដូច​ជា​ប្លង់​លេង​ផង​ដែរ ​ដោយ​មិន​គិត​ពី​ចាំតែ​ឈ្នះ​បាន​ទៅ​មើល​នោះ​ទេ។ ​អ៊ីចឹង​​ហើយ​ បាន​ជា​ខ្ញុំ​ចង់​ចែក​រំលែក​ពី​របៀប​មើល​បាល់ទាត់ ដែល​ខ្ញុំ​មើល​ជាង​ ៣០​ ឆ្នាំ​ហើយ នៅ​តែមិន​ជិន​ណាយ​ មិន​ថា ​ការ​ប្រកួត​ក្លិប​អន្តរ​ជាតិ និង​ក្លិប​នៅ​ក្នុង​ស្រុក​នោះ​ទេ។

អ្នក​គាំទ្រ​បាល់​ទាត់​គួរ​តែ ៖

ទី១​ កីឡាករ​៖ ការ​ទាត់បា​ល់​បញ្ជូល​ទី​របស់​កីឡាករ​ ដើម្បី​ស្រែក​ហ៊ោ​កញ្ជ្រៀវ​ជា​រឿង​មួយ​ តែ​របៀប​មើល​ការលេង​ជា​ក្រុម និង​ការ​លេង​បចេ្ចក​ទេស​ជា​លក្ខណៈ​បុគ្គល​ផ្ទាល់​ខ្លួនក្នុង​ការ​អូស​ទាញ ឬ​ក៏បោះ​បាល់​ឆ្លង​ពី​មួយ​ទៅ​មួយ និង​ការ​ប្រើ​ល្បឿន​ដើម្បី​បំបែក​កម្លាំង​ភាគី​ម្ខាង​ទៀត​។ រីឯ​ការ​លេង​មាន​ចលនា​របស់​កីឡាករ​ឡើង​ចុះ ទាន់​ពេល​នឹង​ឡើង​ទៅ​ប្រយុទ្ធ និង​ចុះជួយ​ដល់​ក្រោម​វិញដើ​ម្បី​ឲ្យ​ចង្វាក់​កាន់​តែ​ទាក់​ទាញ​។

ម្យ៉ាង​ទៀត​កីឡាករ​សំខាន់ ​(Ke​y player)​ ដែល​លេង​ទាក់​ទាញ​ដូច​ជា កីឡាករ​ចាន់ វឌ្ឍនា​កា ប្រាក់ មន្នី​ឧត្តម គួច សុកុម្ភៈ និង​ស៊ូ យ៉ាទី ជាដើម​ គឺលេង​ទាក់​ទាញ​ទស្សនិក​ជន​ផង។

ទី២ ប្លង់​លេង៖ តែការ​មើល​ប្លង់​លេង​របស់​ក្លិប​ ឬ​ក៏ប្រទេស​នីមួយៗ​លេង​ខុស​​គ្នាខ្លះ​ហើ​យ​​មាន​ការ​ផ្លាស់​ប្តូរ​។ ទម្រង់​ដើម​លេង​របស់​ប្រទេស​ហូឡង់​ចូ​ល​​ចិត្ត​លេង​ ៤-៤-២ រីឯ​អាល្លឺម៉ង់​ ចូល​ចិត្ត​លេង​ ៣-៥-២ រីឯ​បារាំង​ចូល​ចិត្ត​លេង​ ៤-៥-១ និង​អ៊ីតា​លី ​ចូល​ចិត្ត​ប្លង់ ​៤-៣​-​៣។ រីឯ​ក្លិប​​វិញ​គឺក្លិប​មែន​ឆេ​ស្ទ័រយូ​ណាយ​ធីត​ និយម​លេង ៤-៤-២ រី​ឯ​ក្លិប​អាសេណ​ល​វិញ​ទម្លាប់​លេង ៤-៥-១​។

ប្លង់​លេង​នេះ ​គឺ​អាស្រ័យ​ទៅ​ក្លិប​ចូល​ចិត្ត និង​គ្រូ​បង្វឹក​ផង​ដែរ​ ចំពោះ​ការ​លេង​មើល​ទៅ​តាម​សមត្ថ​ភាព​កីឡាករ​របស់​ខ្លួន ហើយ​ប្លង់​មួយ​ណា​ក៏ល្អដែរ​ អាស្រ័យ​ការ​លេង​ជាក់​​ស្តែង ជួន​កាល​ប្លង់​ហ្នឹង​​​គេអាច​រុះរើ​បាន​ជាពិសេស​ចូលត​ង់​ទី​ ២ ឬ​ក៏បាល់​គេ​ឈ្នះ ឬ​ក៏​ចាញ់​​គ្រាប់​ហើយ។

ទី៣ មើល​របៀប​ដឹក​នាំ​របស់​គ្រូ ឬ​ក៏គ្រប់​គ្រង៖ គ្រូ​ដើរ​តួនាទី​សំខាន់​ណាស់ ​ក្នុង​ដោះ​ដូរ​ប្លង់ ឬ​ក៏ដោះ​ដូរ​កីឡាករ ពេល​អនុវត្ត​ជាក់​ស្តែង ហើយ​បើមាន​ប្លង់​ ដែល​រៀប​ពីដំបូង​លេង​មិន​បាន​ទេ​អ៊ីចឹង​ដូរ​យុទ្ធ​សាស្រ្ត​ គឺ​អា​ច​ដូរតួនាទី​ ឬ​ក៏ទីតាំង​ឈរ​ជើង​។ ឧទាហរណ៍​ ដូរ​ពីលេង​ពីខាង​ឆ្វេង ឲ្យ​ទៅ​លេង​ខាង​ស្តាំ ឬ​ក៏​ពីតំបន់​ប្រយុទ្ធ​ខាង​លើ ឲ្យ​មក​លេង​បម្រើក​ណ្តាល​គឺធ្វើយ៉ា​ង​ណា ​ឲ្យ​មាន​តុល្យភាព​មក​ដើម​វិញ ឬ​ក៏អាច​ប្ដូរ​លែង​ចុះ​ទប់ នាំ​គ្នា​វ៉ៃបក​ឡើង​ប្រយុទ្ធ​ច្រើន​ជាង​របៀប​លឿន​ៗ​ (Counter attack) ដើម្បី​ដាក់​សម្ពាធ​គូ​ប្រកួ​ត​​ទៅវិញ​។

រីឯ​កន្លែង​ណា​រាង​ទន់​វិញ ​គឺ​យក​​កីឡាក​រ​​ដែល​មាំទាំយក​មក​ដាក់​ផង ​ពោ​ល​គឺ​ដោះ​ដូរ​ភ្លាមៗ​ នៅ​ពេល​​ចាំបា​ច់​ ជាពិសេស​នៅ​ពេល​ដាក់​កីឡាករ​សំខាន់។

ទី៤​ ស្រឡាញ់​ក្លិប​ណាមួយ​ឲ្យ​ប្រាក​ដ៖ ការ​ប្រកួត​តែង​តែចង់​ឈ្នះ​រៀង​ៗ​ខ្លួន តែមាន​ក្រុម​របស់​ខ្លួន​ដែល​ពេញ​ចិត្ត​លេង​គឺ​ពេញ​ចិត្ត​ចង់​ឲ្យ​ក្រុម​ខ្លួន​ឈ្នះ​ ហើយ​ឲ្យក្រុម​ដទៃ​ដែល​ជា​គូ​ប្រជែង​ គឺបន់​ឲ្យតែ​ចាញ់​ទេ​។

ការ​ដែល​ស្រឡាញ់​ក្លិប​របស់​ខ្លួន​នេះ បើមិន​បាន​ទៅ​មើល​ក្លិប​ទាំង​អស់​ទេ យ៉ាង​ហោច​ណាស់​ក៏​បាន​ទៅ​មើល​ក្លិប​របស់​ខ្លួនហើយ​ទិញ​អាវ និង​កន្សែង​បង់​ករប​ស់​ក្លិប​គឺ​បង្ហាញ​សេចក្តី​ស្មោះ​ត្រង់​ជាមួយ​ក្លិប។

ទី៥ បរិយា​កាស​កម្សាន្ត ៖ ក្រៅ​ពីការ​ប្រកួត​បាល់​ទាត់​ នៅ​ទីលាន​នៅ​បញ្ចប់​តង់ទី​១ ​គឺមាន​ល្បែង​កម្សាន្ត​ដូច​ជា​ការ​ចាប់​ឆ្នោត​យក​រង្វាន់ ការ​ទាត់បាល់​បញ្ចូល​ទីពី​ចម្ងាយ ការ​ទាត់​បាល់​បណ្តាក់​គ្នា ការ​ឱប​បាល់​រត់​បណ្តាក់​គ្នា និង​ការប្រគំតន្ត្រី​មាន​អ្នក​ចម្រៀង​ល្បីៗ​មក​កម្សាន្ត​៕​

ចូល​រួ​ម​ផ្តល់​យោ​បល់​តាមរយៈ​ soprach.ton​g@phnompenhpost.com