The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ៥ ​ចំណុច​អាច​ធ្វើឲ្យ​បាល់ទាត់​ប្រសើរ​ឡើង​វិញ

៥ ​ចំណុច​អាច​ធ្វើឲ្យ​បាល់ទាត់​ប្រសើរ​ឡើង​វិញ

Content image - Phnom Penh Post
ការប្រកួត​កីឡា​បាល់ទាត់​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​កាលពី​ពេល​កន្លង​មក​។ រូបថត ភ្នំពេញ​ប៉ុស្តិ៍

៥ ​ចំណុច​អាច​ធ្វើឲ្យ​បាល់ទាត់​ប្រសើរ​ឡើង​វិញ

បើ​ទោះបី​ជា​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​ឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​ឡាវ​នៃ​ការប្រកួត AFF SUZUKI CUP 2018 ជាមួយ​លទ្ធផល ៣ ទល់​នឹង​ ១ ក្នុង​ទឹកដី​ខ្លួនឯង​នៅ​ស្តាតអូឡាំពិក​កាលពី​ថ្ងៃទី ២០ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ​ក៏ដោយ ក៏​ចំនួន​ទស្សនិកជន​ដែល​ចូល​មក​ទស្សនា​មាន​ចំនួន​តែ ២៥ ០០០ នាក់​ទេ​។ ចំនួន​ទស្សនិកជន​នេះ​មាន​ការធ្លាក់ចុះ​ជិត​ពាក់កណ្តាល​បើ​ប្រៀបធៀប​កាលពី​ឆ្នាំ​ ២០១៥ ដែល​អ្នក​ទស្សនា​ភ្លូកទឹក​ភ្លូកដី​ដល់​ចំនួន​ ៤៤០០០ ​នាក់​លំដាប់​លេខ ២ ​ប្រចាំ​អាស៊ី​បន្ទាប់ពី​ប្រទេស​ជប៉ុន​ (the-afc.com)​។

បើ​តាម​បទពិសោធ​របស់​ខ្ញុំ​ដែល​ចូលចិត្ត​ទស្សនា​ផ្ទាល់ និង​វិភាគ​បាល់ទាត់​កម្រិត​ជាតិ និង​អន្តរជាតិ​ជិត​ ៣០ ​ឆ្នាំ​មក​ហើយ​គឺ​មាន​ហេតុផល​ ៥ ចម្បងៗ បណ្តាល​ឲ្យ​ទស្សនិកជន​ធ្លាក់​ចុះ​ដែល​តម្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រសើរ​ឡើង​វិញ​៖

១- សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ​បាន​ធ្វើ​កំណែទម្រង់​បាន​ល្អ​ចំណុច​មួយ​ចំនួន​ដូចជា ការបង្កើត​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា សណ្តាប់ធ្នាប់ សន្តិសុខ គណៈកម្មការ​វិន័យ ការរៀបចំ​អាជ្ញាកណ្តាល ការអនុវត្ត​ច្បាប់​ឆ្លើយតប​នឹង AFC-FIFA និង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ AFC-FIFA ជាដើម​។

ប៉ុន្តែ​នៅ​មាន​ចំណុច​ខ្លះ​ដោះស្រាយ​ចំពោះ​បណ្តឹង ឬ​ក៏​ដាក់​បន្ទុក​មកលើ​ក្លិប គ្រូបង្វឹក និង​កីឡាករ​ហាក់បី​ដូចជា​នៅ​មាន​ការយឺតយ៉ាវ ការពិន័យ ការឆ្លើយតប និង​ការផ្សព្វផ្សាយ​អំពី​ច្បាប់​នានា​របស់ FIFA​។ ពេល​ខ្លះ​មើល​ទៅ​សហព័ន្ធ​ហាក់​ដូចជា​មិន​មាន​មន្ត្រី​ធ្វើការ​គ្រប់គ្រាន់​អ៊ីចឹង​។

ជួនកាល​ដោយសារ​មាន​គំនិត​ទោរទន់​ទៅ​ចំពោះ​អ្នក​គាំទ្រ​ខ្លះ​ដែល​មិន​សូវ​ចេះ​មើល​បាល់​ទេ តែ​ធ្វើការ​រិះគន់​បញ្ហា​នេះ​ដោយ​មិន​សម​ហេតុ​សមផល​ដូចជា​ការរិះគន់​ឲ្យ​បញ្ឈប់​កិច្ចសន្យា​លោកគ្រូ Leonardo Vitorino ដែល​ជា​ជនជាតិ​ប្រេស៊ីល​បង្ហាត់​ជម្រើសជាតិ ដោយសារ​ចាញ់​ច្រើន​គ្រាប់​នៅ​វៀតណាម​។

សម្រាប់​ខ្ញុំ​វិញ ខ្ញុំ​គិត​ថា​លោកគ្រូ Leonardo មាន​សមត្ថភាព​គ្រប់គ្រាន់ ហើយ​ប្លង់​ និង​ទម្រង់​លេង​នៅ​លើ​ទីលាន​ប្រកួត​ស្មើ​ខាង​លើ​ស្មើ​ខាងក្រោម​ល្អ​ដោយ​គាត់​ហ៊ាន​លេង​សាកល្បង​ផ្លាស់ប្តូរ​គំនិត​កីឡាករ​ឲ្យ​ចេះ​បង្កើត​ឱកាស​ប្រយុទ្ធ​រក​គ្រាប់​បាល់​ឲ្យ​បាន​ច្រើន​ពោល​គឺ​មិន​ឲ្យ​លេង​ទប់ ហើយ​ចាំ​តែ​វាយបក​លើ​គូ​ប្រកួត​វិញ​ដូច​លោកគ្រូ​មុនៗ​នោះ​ទេ​។ អ្នក​ដែល​ទស្សនា​បាល់ទាត់​ជា​ប្រចាំ​បាន​យល់ ហើយ​ក៏​គាំទ្រ​ទម្រង់​លេង​លោកគ្រូ Leonardo ផង​ដែរ​។ ចំណុច​នេះ​គឺ​សហព័ន្ធ​គួរ​មាន​ជំហរ​រឹងប៉ឹង​ខ្លួនឯង​ផង​។

២- គណៈកម្មការ​ប្រកួត​បាល់ទាត់​កម្ពុជា (CNCC) ​ការធ្លាក់​ចុះ​នៃ​អ្នក​ទស្សនា​កម្រិត​ថ្នាក់​ជាតិ​នេះ​ក៏​មកពី​ការមិន​ចាប់អារម្មណ៍ ការលេង​ក្នុង​លីក​ក្នុង​ស្រុក (Cambodian Metphone Leagues) ដែល​រៀបចំ​ដោយ​គណៈកម្មការ​មាន​ការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​ប្រកួត​ញឹកញាប់​ពេក ម្តង​លេង​យក​ពិន្ទុ​ខ្ពស់​ជាង​គេ​ពេល​ចប់​ចំនួន​ប្រកួត​យកពាន​ម្តង​លេង Play-Off​។ អ៊ីចឹង​ហើយ​គួរ​តែ​កំណត់​យក​ប្រព័ន្ធ​ណាមួយ​ដែល​និយម​ជាង​គេ ហើយ​ប្រើ​រយៈពេល​វែង​ប្រសើរ​ជាង​។

៣- អាជ្ញាកណ្តាល ​កន្លង​មក​សឹង​តែ​រាល់​ការប្រកួត​ម្តងៗ ក្លិប​ដែល​ចាញ់​តែងតែ​បន្ទោស​ទៅ​លើ​អាជ្ញាកណ្តាល​ថា​ពិន័យ​ខុស​នេះ ខុស​នោះ​អ៊ីចឹង​ហើយ ការគ្រប់គ្រង​អាជ្ញាកណ្តាល គណៈកម្មការ CNCC គួរតែ​ចាក់​មើល​ការអនុវត្ត​របស់​អាជ្ញាកណ្តាល នៅពេល​ចាប់​មិន​ច្បាស់ ធ្វើឲ្យ​មាន​បញ្ហា​ម្តងៗ​កុំ​ឲ្យ​កើត​មាន​លើក​ក្រោយ​ទៀត ឬ​ក៏​កុំ​ឲ្យ​មាន​ភាពលម្អៀង​។

ចំណុច​ដាច់​ខាត​របស់​អាជ្ញាកណ្តាល​នោះ​គឺ​ការគ្រប់គ្រង និង​អន្តរាគមន៍​ឲ្យ​ទាន់​ពេលវេលា​កុំ​ឲ្យ​កើត​មាន​កីឡាករ​ដេញ​វ៉ៃ​គ្នា​រត់​ពេញ​តារាង​បាល់ទាត់​ដូច​ការប្រកួត​រវាង​ក្លិប​ខេត្ត​ស្វាយរៀង និង​កងទ័ព​កាលពី​រដូវកាល​មុន​គឺ​មើល​ទៅ​អាក្រក់​ណាស់​។

៤- ​ប្រធាន​ក្លិប ​អ្នក​ចាត់ការ និង​គ្រូបង្វឹក​ខ្លះ ​មិន​មាន​ការយល់ដឹង​អំពី​ច្បាប់​ទម្លាប់​ឲ្យ​បាន​គ្រប់គ្រាន់​ពេល​ខ្លះ​ការប្រើ​ភាសា​មិន​សមរម្យ ឬ​ក៏​ញុះញង់​កីឡាករ​ឲ្យ​មាន​ហិង្សា​នៅ​លើ​ទីលាន​ក៏​មាន បើ​មិន​ដូច្នេះ​ទេ​គឺ​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​វាយប្រហារ​មក​លើ​សហព័ន្ធ ឬ​ក៏​សរសេរ​ដៀមដាម​ឲ្យ អាជ្ញាកណ្តាល ឬ​ក៏​ក្លិប​ផ្សេងៗ​ដែល​ជា​គូប្រជែង​របស់​ខ្លួន​នៅ​ក្នង Leagues​។

ចំណុច​នេះ​សហព័ន្ធ​គួរ​តែ​ស៊ើបអង្កេត​ហើយ​កំណត់​អត្តសញ្ញា​ជាក់ស្តែង ហើយ​ពិន័យ​ឲ្យ​កាន់តែ​ធ្ងន់ធ្ងរ​ចំពោះ​ក្លិប​ណា​ដែល​មិន​អនុវត្ត​តាម​។ ព័ត៌មាន​ថ្មីៗ​មាន​ក្លិប ២ កំពុង​តែ​វិវាទ​គ្នា​រឿង​ទិញ​កីឡាករ​ ៥ រូប រវាង​ក្លិប​វិសាខា និង​ក្លិប​ភ្នំពេញ​ក្រោន ហើយ​ក្លិប​ទាំង​ ២ ​នេះ​កំពុង​តែ​មាន​អំណេះអំណាង​រៀងៗ​ខ្លួន តែ​សហព័ន្ធ​មិន​ទាន់​ចេញ​ដំណោះស្រាយ​នៅ​ឡើយ​ទេ​។

បើ​តាម​ក្លិប​វិសាខា​ប្រារព្ធ​ពិធី​ប្រកាស​តែងតាំង​ប្រធាន​ថ្មី និង​កីឡាករ​របស់​ខ្លួន កាលពី​សប្តាហ៍​មុន​នេះ​ក្នុង​នោះ​មាន ៥ នាក់​ដែល​ចេញ​ពី​ក្លិប​ភ្នំពេញ​ក្រោន ហើយ​អ្នក​ចាត់ការ​ក្លិប​អះអាង​ថា​កុងត្រា​របស់​អ្នក​ទាំង ៥ នាក់​នោះ​គឺ​ចប់​ហើយ​។

រីឯ​ក្លិប​ភ្នំពេញក្រោន​វិញ​ក៏​ចេញ​សេចក្តី​ថ្លែងការណ៍​ថា​នឹង​ដក​ខ្លួន​ចេញ​ពី​លីក​កំពូល បើ​គ្មាន​សំណង​សមរម្យ​ដោយ​ក្លិប​អះអាង​ថា បាន​ខិតខំ​បណ្តុះ​យុវជន​ថ្នាល និង​ការចំណាយ​ផ្សេងៗ​ទៅលើ​កីឡាករ ស៊ិន កក្កដា​, អ៊ិន សុដាវីត, អ៊ុក សុវណ្ណ​, គឹម ឆៃយ៉ា និង កែន ចាន់សុភកិ្ដ ដែល​ទើប​ទៅ​រួមរស់​ជាមួយ​ក្លិប​វិសាខា​គឺ​ក្នុង​រយៈពេល​បណ្តុះបណ្តាល​ជាង​ ៥ ​ឆ្នាំ​នេះ ភ្នំពេញ​ក្រោន បាន​ចំណាយ​ទៅ​លើ​ពួកគេ​ទាំង​ការបង់ថ្លៃ​សាលារៀន ការ​ស្នាក់នៅ ការហូបចុក ការហ្វឹកហាត់ សំបុត្រ​យន្តហោះ​ធ្វើ​ដំណើរ​ក្នុង​ពេល​បោះជំរំ​ហ្វឹកហាត់​នានា​ក៏​ដូចជា​ការប្រកួត​អន្តរជាតិ​ផ្សេងៗ​រួម​ទាំង​សេវា​សុខភាព​ផងដែរ​។

បើ​តាម​ច្បាប់​របស់ FIFA សម្រាប់​ក្លិប​អាជីព​បាល់ទាត់​នៅ​លើ​ពិភពលោក​ក្នុង​ការ​ដោះដូរ​កីឡាករ​ (Regulations on the Status and Transfer of Players) ដែល​មាន​ចែង​ច្បាស់​ដូចជា​មាន​មាត្រា​អ្នក​ទី ៣ ចូល​ចែចូវ និង​ការ​ចេញ​ថ្លៃ​សំណង​។ ប្រសិន​ដូច​ភ្នំពេញ​ក្រោន​លើកឡើង​សម្រាប់​កីឡាករ ៥ នាក់​ដែល​មាន​អាយុ​ក្រោម ២៣ ​ឆ្នាំ​នោះ​គឺ​ឆ្លើយតប​ទៅ​នឹង​ច្បាប់​របស់ FIFA នេះ ទាំង​ស្រុង​សម្រាប់​ការបណ្តុះបណ្តាល​ថ្នាល​អាយុ​ក្រោម​ពី ១២ ទៅ ២៣ ​ឆ្នាំ​។

ករណី​នេះ​សហព័ន្ធ​គួរ​តែ​ហ៊ាន​ចេញ​មុខ​អារកាត់​ផ្អែក​ទៅ​លើ​ច្បាប់ ដើម្បី​ដោះស្រាយ​មន្ទិលសង្ស័យ​ពី​ទស្សនិកជន បើ​មិន​ដូច​ច្នេះ​ទេ​មាន​អ្នក​គាំទ្រ​បាល់ទាត់​មួយ​ចំនួន​ប្រកាស​តាម​គណនី​ហ្វេសប៊ុក​នឹង​មិន​មើល​បាល់ទាត់​លីក​ក្នុង​ស្រុក​តែ​ម្តង​។

ចំណុច​ ១ ​ទៀត​ក្លិប​នីមួយៗ​មាន​លុយ​ទិញ​កីឡាករ​ហើយ​​ក៏ដោយ តែ​គួរ​តែ​មាន​ក្រមសីលធម៌ ដោយ​មាន​ការគោរព​គ្នា​ខ្លះ​ផង​ប្រសិន​បើ​ទិញ​កីឡាករ​ក្លិប​មួយ​ម្តង កីឡាករ​ជម្រើស ១១ ​នាក់​ដំបូង កន្លះ​តារាង​ហើយ​តើ​ឲ្យ​ក្លិប​ហ្នឹង​មាន​កីឡាករ​មកពី​ណា​លេង​ទៀត​? បើ​ក្លិប​នៅ​អន្តរជាតិ​ក៏​គេ​មិន​ទិញ​ម្តង​ ៥ ​នាក់​អ៊ីចឹង​ដែរ​យ៉ាងច្រើន ២ នាក់​ហើយ​មាន​កិច្ចព្រមព្រៀង​រវាង​ក្លិប និង​ក្លិប​ផង​ដែរ​។

បញ្ហា​នេះ​សហព័ន្ធ​គួរ​តែ​លើក​ទឹកចិត្ត​ដល់​ក្លិប​ទាំង​សងខាង​ឲ្យ​អង្គុយ​ចុះហត្ថលេខា​ជាមួយ​គ្នា​ក្នុង​ការ​ដោះដូរ​កីឡាករ​ជា​ជាង​លួច​ទិញ​គ្នា​ដោយ​លួចលាក់ ឬ​ក៏​លួច​ចែចូវ​មុន​ចប់​កុងត្រា ដូចជា​ការ​ឲ្យ​លុយ​ចាយ​ខ្លះ​មុន​ដូច​ពាក្យ​ចចាមអារ៉ាម ជាដើម​។

៥- ​រឿង​កីឡាករ​ខ្មែរ​យើង​ឥឡូវ​ឲ្យ​តែ​រាង​ឡើង​ជើង​ល្បី​តែ​បន្តិច​ចាប់ផ្តើម​ចេញ​ចរិត​តួឯក​ហើយ​គឺ​កាច់រាង ទារ​ឡើង​ថ្លៃ តម្លៃ​ខ្លួន ប្រាក់​ខែ ដើរលេង ផឹកស៊ី​តាម​ក្លិប​រាត្រី ពួកម៉ាក​គូកន​មិន​ចេះ​ខ្វះ និង​លេង​ហ្វេសប៊ុក​ខាន​ដេក​ខាន​ពួន​អស់​ហើយ​។ ចំណុច​នេះ​គឺ​ពេល​ខ្លះ​ពួកគាត់​ភ្លេច​ខ្លួន​ថា ពួកគាត់​ប្រើ​ថាមពល​ខ្លាំង​ក្នុង​ការ​សម្តែង បើ​គិត​តែ​ផឹក ចុះ​ផឹក​ឡើង​ដុះ​ក្បាល​ពោះ​រត់​លែង​រួច​ល្មម​។

ក្លិប​គួរ​តែ​បន្ថែម​ការគ្រប់គ្រង​ចំពោះ​ឥរិយាបថ​ពួកគេ ជាង​នេះ​ទៅ​ទៀត​គឺ​ក្លិប​គួរ​តែ​បញ្ឈប់​អនុញ្ញាត​ឲ្យ​កីឡាករ​ទៅ​ថតកុន ដើម្បី​លុយ​នោះ​ទៅ​ព្រោះ​ពួកគេ​មិន​មាន​ពេល​គ្រប់គ្រាន់​ក្នុងការ​ហ្វឹកហាត់​ជា​ក្រុម​បាន​នោះ​ទេ​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com

អត្ថបទគួរចាប់អារម្មណ៍