ការកើនឡើងនូវហានិភ័យ និងភាពមិនប្រាកដប្រជា ធ្វើឱ្យការសិក្សា ការស្វែងយល់ និងការអនុវត្តសកម្មភាពរួមគ្នា កាន់តែមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ចំពោះការបង្កើនភាពធន់ក្នុងតំបន់ទន្លេមេគង្គ ដើម្បីអនាគតរបស់យើងទាំងអស់គ្នា។
បច្ចុប្បន្ននេះ យើងទាំងអស់គ្នាដែលរស់នៅក្នុងតំបន់អាងទន្លេមេគង្គ កំពុងជួបប្រទះនឹងហានិភ័យ និងបញ្ហាប្រឈមនានាដែលពុំធ្លាប់មានកន្លងមក។ អាកាសធាតុកាន់តែអាក្រក់ជាងមុន ដូចជាគ្រោះទឹកជំនន់ ខ្យល់ព្យុះ និងគ្រោះរាំងស្ងួត កំពុងធ្វើឱ្យតំបន់អាងទន្លេដែលយើងធ្លាប់ស្គាល់ពីមុន មានការប្រែប្រួល។
តំបន់របស់យើងត្រូវបានចាត់ទុកថាជាតំបន់មួយដែលងាយរងគ្រោះជាងគេ ក្នុងពិភពលោក ព្រោះតែផលប៉ះពាល់ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។ យើងនៅតែមិនទាន់ដឹងពីកម្រិតនៃផលប៉ះពាល់នេះ មកលើតំបន់អាងទន្លេ និងប្រព័ន្ធទន្លេមេគង្គនៅឡើយ។
ទន្ទឹមនឹងនេះដែរ យើងក៏ប្រឈមនឹងភាពទ្វេគ្រោះរវាងកំណើននៃការអភិវឌ្ឍក្នុងវិស័យថាមពល ដឹកជញ្ជូន និងកសិកម្ម និងផលប៉ះពាល់អវិជ្ជមានដែលបង្កឡើងលើបរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ផលចាប់ត្រីកំពុងមានការប្រែប្រួល ហើយគេរំពឹងថា វានឹងមានការថយចុះ។ ចរាចរណ៍ដីល្បាប់ទៅតំបន់ខ្សែទឹកខាងក្រោម ក៏មានការថយចុះ និងបង្កការគំរាមកំហែងដល់ទិន្នផលកសិកម្ម។ ជីវចម្រុះ ក៏កំពុងទទទួលរងសម្ពាធ។ ឆ្នាំមុននេះ តំបន់មេគង្គបានជួបប្រទះនឹងគ្រោះមហន្តរាយដែលមិនធ្លាប់កើតមាន នៅពេលដែលទំនប់ធំមួយនៅក្នុងប្រទេសឡាវ បានបាក់។
យើងមិនដែលជួបប្រទះនឹងស្ថានភាពដ៏សែនស្មុគស្មាញនិងមិនប្រាកដប្រជាបែបនេះឡើយ ហើយភាពចាំបាច់ដើម្បីធ្វើការរួមគ្នារិះរកវិធីកាត់បន្ថយហានិភ័យចែករំលែកផលប្រយោជន៍ និងបង្កើនភាពធន់ ក៏មិនដែលធំធេងនិងចាំបាច់ដូចពេលនេះដែរ។
ដូច្នេះហើយ បានជាក្នុងអំឡុងនៃការកាន់តំណែងរបស់ខ្ញុំ ក្នុងលេខាធិការដ្ឋាននៃគណៈកម្មការទន្លេមេគង្គ (ហៅកាត់ថា MRC Secretariat) ខ្ញុំនឹងខិតខំប្រឹងប្រែងបំពេញការងារ ដើម្បីពង្រឹងមូលដ្ឋានគ្រឹះនៃស្ថាប័ននេះ បន្តផ្តល់ចំណេះដឹង ដែលមានមូលដ្ឋានលើវិទ្យាសាស្រ្តឱ្យបានទាន់ពេលវេលានិងលើកស្នើនូវដំណោះ ស្រាយប្រកបដោយនិរន្តរភាព ដែលយកចិត្តទុកដាក់ចំពោះទស្សនៈនិងគុណតម្លៃផ្សេងៗគ្នា។
តាមរយៈការធ្វើបែបនេះ MRC នឹងនៅតែបន្តជាវេទិកាការទូតផ្នែកទឹកតែមួយគត់ សម្រាប់តំបន់អាងទន្លេមេគង្គ និងជាវេទិកាសម្រាប់ធ្វើការពិភាក្សាសម្របសម្រួល ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនៅក្នុងតំបន់នេះ។
បង្កើនចំណេះដឹងអំពីតំបន់អាងទន្លេមេគង្គរបស់យើងដែលបន្តមានការប្រែប្រួលមានតែតាមរយៈការស្វែងយល់ពីស្ថានភាពបច្ចុប្បន្ននៅតំបន់អាងទន្លេមេគង្គ បម្រែបម្រួលរបស់វាដែលបានកើតមានឡើង និងកត្តាដែលជំរុញឱ្យមានការផ្លាស់ប្តូរទាំងនេះតែប៉ុណ្ណោះ ទើបធ្វើឱ្យយើងអាចឆ្លើយតបចំពោះបញ្ហាប្រឈម ដែលយើងកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
របាយការណ៍របស់ MRC ស្តីពីស្ថានភាពតំបន់អាងទន្លេ ដែលយើងនឹងចេញផ្សាយនៅក្នុងឆ្នាំនេះ នឹងបង្ហាញប្រាប់យើងលម្អិតបំផុតពីស្ថានភាពចុងក្រោយ អំពីនិន្នាការសេដ្ឋកិច្ចសង្គម បរិស្ថាន ការប្រែប្រួលអាកាសធាតុ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាងទន្លេមេគង្គនាពេលបច្ចុប្បន្ននេះ។
ការចេញផ្សាយរបាយការណ៍នេះ ធ្វើឡើងក្រោយពេលការសិក្សារបស់ក្រុមប្រឹក្សារបស់យើងដែលទើបតែបញ្ចប់កាលពីពេលថ្មីៗនេះ។ ការសិក្សានេះបង្ហាញឱ្យឃើញពីផលប៉ះពាល់ដែលអាចកើតចេញពីការអភិវឌ្ឍវិស័យធនធានទឹកនិងវិស័យដែលពាក់ព័ន្ធនានា និងបង្ហាញពីឱកាស ដើម្បីវិនិយោគឱ្យកាន់តែឆ្លាតវៃ ក្នុងតំបន់អាងទន្លេមេគង្គនាពេលបច្ចុប្បន្ន និងឆ្នាំខាងមុខៗទៀត។
ដើម្បីឱ្យយើងអាចបន្តពិនិត្យតាមដាន និងចែករំលែកព័ត៌មានអំពីហានិភ័យ និងការផ្លាស់ប្តូរថ្មីៗ MRC ក៏បានចាត់វិធានការដើម្បីពង្រឹងបណ្តាញពិនិត្យតាមដាន និងប្រព័ន្ធព្យាករណ៍ទឹកជំនន់ និងគ្រោះរាំងស្ងួតសម្រាប់តំបន់អាងទន្លេទាំងមូលផងដែរ។
ក្នុងរយៈពេលពីរបីឆ្នាំខាងមុខនេះ ខ្ញុំសង្ឃឹមថា នឹងអាចលើកស្ទួយឱ្យកាន់តែប្រសើរជាងមុន ដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជាសមាជិកក្នុងការគ្រប់គ្រងធនធានទឹកក្នុងតំបន់អាងទន្លេ ជាផ្នែកមួយ នៃកិច្ចព្រមព្រៀងមេគង្គក្នុងឆ្នាំ ១៩៩៥ និងនីតិវិធីទាំង ៥ នៃកិច្ចព្រមព្រៀងនេះ។
សកម្មភាពនេះ ក៏នឹងត្រូវពង្រឹងបន្ថែម តាមរយៈកម្មវិធីពិនិត្យតាមដានបរិស្ថានរួមគ្នា ដែលកំពុងឋិតនៅក្នុងដំណាក់កាលរៀបចំផែនការ ដោយកម្មវិធីនេះនឹងជួយឱ្យប្រទេសជាសមាជិក MRC អាចពិនិត្យតាមដាននិងរាយការណ៍ផលប៉ះពាល់បរិស្ថានឆ្លងដែន ដែលបង្កឡើងដោយសារគម្រោងទំបន់វារីអគ្គិសនីដែលឋិតនៅតាមដងទន្លេមេនៃទន្លេមេគង្គ។
កម្មវិធីនេះ នឹងត្រូវអនុវត្តសាកល្បងជាមួយនឹងការអភិវឌ្ឍតំបន់ដែលមានស្រាប់ដូចជា ទំនប់សាយ៉ាប៊ូរី និងដនសាហុងជាដើម ដើម្បីជួយឱ្យប្រទេសជាសមាជិក អាចធ្វើការឆ្លើយតបនៅពេលដែលផលប៉ះពាល់អវិជ្ជមានត្រូវបានរកឃើញ។
ក្រោយពេលដែល MRC ផ្តល់ជាអនុសាសន៍ក្នុងអំឡុងដំណើរការពិគ្រោះយោបល់ជាមុន គម្រោងសាយ៉ាប៊ូរីនិងដនសាហុង បានខិតខំធ្វើការកែលម្អជាច្រើនក្នុងការសាងសង់គម្រោង ដើម្បីឆ្លើយតបចំពោះការព្រួយបារម្ភរបស់តួអង្គពាក់ព័ន្ធជុំវិញបញ្ហាធនធានជលផល និងដីល្បាប់។
ប៉ុន្តែដោយសារតែភាពមិនប្រាកដប្រជាជាច្រើន ជុំវិញប្រសិទ្ធភាពនៃវិធានការកាត់បន្ថយហានិភ័យ នាំឱ្យការពិនិត្យតាមដានរួមគ្នា និងការគ្រប់គ្រងតាមបែបសម្របតាមស្ថានភាពជាក់ស្តែងមានសារៈសំខាន់យ៉ាងខ្លាំង។
កិច្ចសហការដើម្បីពង្រឹងភាពធន់ទោះជាយ៉ាងណា ការស្វែងរកចំណេះដឹងអំពីបញ្ហាប្រឈមដែលកំពុងកើតមាននៅពេលបច្ចុប្បន្ន និងនាពេលអនាគតគឺនៅមិនទាន់គ្រប់គ្រាន់ឡើយ។ រាល់តួអង្គពាក់ព័ន្ធទាំងអស់ក្នុងតំបន់អាងទន្លេមេគង្គ ត្រូវសហការគ្នា និងធ្វើការសម្រេចចិត្តផ្អែកតាមព័ត៌មានត្រឹមត្រូវ ទើបអាចបង្កើនប្រយោជន៍ឱ្យបានច្រើនបំផុត និងទទួលបានជោគជ័យ ក្នុងការគ្រប់គ្រងហានិភ័យដែលបង្កឡើងពីការអភិវឌ្ឍ។
ជាជំហានដំបូង MRC នឹងបន្តខិតខំកែលម្អការគ្រប់គ្រងទិន្នន័យ និងព័ត៌មានរបស់ខ្លួន ដើម្បីផ្ទៀងផ្ទាត់ និងចែករំលែកព័ត៌មាន និងចំណេះដឹងនានាឱ្យបានកាន់តែទូលំទូលាយនិងឆាប់រហ័សបន្ថែមទៀត។
យើងក៏កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីឱ្យតំណាងរដ្ឋាភិបាលតួអង្គក្នុងវិស័យឯកជន ដៃគូអភិវឌ្ឍន៍ អ្នកសិក្សាស្រាវជ្រាវ អង្គការមិនមែនរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល អាចជួបប្រជុំគ្នាជាប្រចាំ ដើម្បីធ្វើការពិភាក្សាដោយចំហ ក្នុងលក្ខណៈស្ថាបនា អំពីការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។
ដូចដែលត្រូវបានបង្ហាញក្នុងវេទិកាជាមួយតួអង្គពាក់ព័ន្ធនៅថ្នាក់តំបន់ដែលយើងរៀបចំចុងក្រោយបង្អស់ ស្តីពីសំណើគម្រោងវារីអគ្គិសនីបាក់ឡាយគំនិតយោបល់ដែលផ្តល់ដោយតួអង្គពាក់ព័ន្ធនានាមានសារៈសំខាន់បំផុត ហើយត្រូវបានយកទៅបញ្ចូលក្នុងដំណើរការពិគ្រោះយោបល់ និងដំណើរការធ្វើសេចក្តីសម្រេចចិត្ត។
ចុងក្រោយការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះការផ្លាស់ប្តូរ និងហានិភ័យនានាក្នុងតំបន់អាងទន្លេ ទាមទារឱ្យមានការពង្រីកកិច្ចសហការគ្នារវាងប្រទេសជាសមាជិករបស់ MRC និងបណ្តាប្រទេសដទៃទៀត ជាពិសេសជាមួយនឹងប្រទេសចិនដែលជាប្រទេសជិតខាងនៅខ្សែទឹកខាងលើរបស់យើង។
ខ្ញុំគ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេស ចិន ក្នុងខែ មិថុនា ឆ្នាំនេះ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការដែលកំពុងមាននាពេលបច្ចុប្បន្នរបស់យើងបន្ថែមទៀត។ ខ្ញុំគ្រោងនឹងធ្វើការពិភាក្សាពីឱកាសសហការជាមួយនឹងកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង ការរៀបចំដំណើរទស្សនកិច្ចកម្រិតខ្ពស់របស់ក្រុមប្រឹក្សា MRC ដែលមានសមាសភាពជារដ្ឋមន្ត្រី និងគ្រោងជំរុញឱ្យមានការចែករំលែកព័ត៌មានឱ្យបានរឹតតែប្រសើរបន្ថែមទៀត។
ការត្រៀមខ្លួនសម្រាប់ភាពមិនប្រាកដប្រជានាពេលអនាគតខណៈពេលដែល MRC គឺជាស្ថាប័នដែលរឹងមាំ និងត្រូវបានទទួលស្គាល់ថាជាអង្គការអាងទន្លេដែលត្រូវបានបង្កើតឡើង ដោយសន្ធិសញ្ញាអន្តរជាតិ និងជាវេទិកាការទូតផ្នែកទឹកដ៏ចម្បងមួយ ក្នុងតំបន់អាងទន្លេមេគង្គ យើងនៅតែមានឱកាសជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់អាងទន្លេទាំងមូល ឱ្យរឹតតែប្រសើរបន្ថែមទៀត។
អាទិភាពរបស់ខ្ញុំ គឺត្រូវបន្តផ្តល់ឱ្យលេខាធិការដ្ឋានរបស់ MRC នូវជំនាញសម្របសម្រួលដែលចាំបាច់ ដើម្បីស្វែងរកដំណោះស្រាយជាមួយនឹងបណ្តាប្រទេសជាសមាជិកវិស័យពាក់ព័ន្ធនិងក្រុមនានា ដែលមានទស្សនៈយល់ឃើញ និងផលប្រយោជន៍ ដែលមានលក្ខណៈប្រទាំងប្រទើសគ្នា។
ជាមួយនឹងការសុំអភ័យទោសចំពោះលោក John Allen Paulos ដែលជាសាស្រ្តាចារ្យគណិតវិទ្យាជនជាតិអាមេរិក ប្រសិនបើភាពមិនប្រាកដប្រជាគឺជាភាពប្រាកដប្រជាតែមួយគត់នោះ នោះសន្តិសុខរបស់យើង គឺពឹងអាស្រ័យយ៉ាងខ្លាំងលើភាពត្រៀមខ្លួនឱ្យបានល្អរបស់យើង ដើម្បីធ្វើការសម្របខ្លួន។
MRC នៅតែបន្តប្តេជ្ញាជួយឱ្យប្រជាពលរដ្ឋក្នុងតំបន់អាងទន្លេមេគង្គនេះ មានជីវភាពរស់នៅប្រកបដោយសមធម៌ និងភាពធន់ ខណៈដែលយើងនៅតែខិតខំលើកកម្ពស់ និងរក្សាឱ្យបាននូវភាគផលនៃការអភិវឌ្ឍ។
ខ្ញុំប្តេជ្ញាយ៉ាងពេញលេញ គោរពទៅតាមបាវចនារបស់ MRC នោះគឺ “បំពេញទៅតាមតម្រូវការ រក្សាឱ្យបាននូវតុល្យភាព” ដើម្បីសម្រេចឱ្យបាននូវសន្តិសុខសង្គមការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ដើម្បីសម្រេចគោលដៅនេះ ខ្ញុំសូមឱ្យមានការបន្តចូលរួម ពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ និងស្នើឱ្យមានការបន្តកិច្ចសហប្រតិបត្តិការរវាងតួអង្គពាក់ព័ន្ធទាំងនេះ។ មានតែធ្វើដូចច្នេះទេ ទើបយើងទាំងអស់គ្នា អាចធានានូវអនាគតប្រកបដោយភាពធន់សម្រាប់តំបន់អាងទន្លេមេគង្គ និងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អាងទន្លេនេះ៕
ដោយ អាន ពេជ្រហត្ថដានាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ។ លោក គឺជានាយកប្រតិបត្តិជនជាតិកម្ពុជាដំបូង ក៏ដូចជានាយកប្រតិបត្តិទី២ មកពីប្រទេសជាប់ទន្លេមេគង្គ។