ភាពជ្រុលនិយម​គឺជា​ការគិត ឬ​សកម្មភាព ដោយយោង​ទៅលើ​គុណ​តម្លៃ​ដែល​ត្រូវ​បាន​គិត​ថា​ល្អ​ក្រៃលែង ដែល​មិន​អាច​នឹង​តតាំង​បាន។ ការ​ប្រកាន់​ភាព​ជ្រុល​និយម​នឹង​ធ្វើ​ឲ្យ​យើង​បដិសេធ​ចោល​នូវ​រាល់​គុណ​តម្លៃ​ផ្សេង​ទៀត ដោយ​ពុំមាន​ការ​វិនិច្ឆ័យ​ឬ​វិភាគ។ ភាព​ជ្រុល​និយម​គឺជា​ការ​បិទ​ផ្នត់​គំនិត។

ពេលខ្លះ​និន្នាការ​សង្គម​គឺជា​អ្នកជំរុញ​ផ្នត់គំនិត​បែបនេះ ដោយ​ម្នាក់ៗ​គិត​ថា “ឡូយ” នៅ​ពេល​ដែល​គេ​ប្រកាន់​យក​គុណ​តម្លៃ​ណាមួយ​ដល់​កម្រិត​ស៊ប់ និង​ជ្រុល​ហួស​ហេតុ ព្រោះ​វា​ងាយ​នឹង​អាច​សង្គម​មើល​ឃើញ វា​ងាយ​នឹង​លេច​ធ្លោ។

មិន​ថា ស្តាំនិយម​ឬ​ឆ្វេងនិយម ឲ្យ​តែ​ជ្រុល​គឺ​សុទ្ធ​តែមាន​គ្រោះថ្នាក់​ដល់​ភាព​សុខដុម​នៃ​សង្គម។ ការ​ឲ្យ​តម្លៃ​ខ្ពស់​ហួស​ហេតុ​លើ​ការ​ផ្លាស់ប្តូរ​និង​ភាព​ជា​សកម្មជន ដែល​គ្មាន​ការ​ពិចារណា​លើ​ភាព​ជា​ក់ស្តែង​នៃ​ការវិវត្ត​នៃ​សង្គម និង​ដំណាក់​កាល​អភិវឌ្ឍ​ទៅ​តាម​បរិបទ​ដោយ​ឡែក​នៃ​ប្រទេស​មួយៗ គឺ​ពុំមាន​ផល​វិជ្ជមាន​ចំពោះ​សង្គម​នោះ​ទេ​ហើយ​ថែម​ទាំង​មាន​គ្រោះ​ថ្នាក់​ទៀត​ផង។

ភាពជ្រុលនិយម និង​ប្រជាកល​និយម (populism) ដែល​កំពុង​កើត​មាន​នៅ​អឺរ៉ុប គឺជា​មេរៀន​ដែល​កម្ពុជា​ត្រូវ​ចៀស​វាង។ វា​រឹត​តែ​គ្រោះ​ថ្នាក់​ថែម​ទៀត​សម្រាប់​សង្គម​មួយ​ដែល​ផុយ​ស្រួយ​ងាយ​បែក​បាក់​ដូច​កម្ពុជា ហើយ​ងាយ​នឹង​ត្រូវ​បាន​គេ​បញ្ឆេះ​ហិង្សា។ សង្គម​យើង​គួរ​ជំរុញ​ការ​អនុវត្ត​ភាព​និយម​កណ្តាល​ដោយ​លើក​ទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ប្រកាន់​យក​ភាព​កណ្តាល​រវាង​គុណ​តម្លៃ​ផ្សេងៗ ជា​ជាង​ការ​ប្រកាន់​នូវ​គុណ​តម្លៃ ឬ​ជំនឿ​អ្វីមួយ​ស៊ប់​ហួស​ហេតុ។

អ្នកដឹកនាំ​សាធារណមតិ អ្នកជំនាញ និង​អ្នកវិភាគ​គឺជា​ជន​គំរូ​ដែល​ត្រូវ​ដើរ​នាំមុខ​ក្នុង​កិច្ចការ​នេះ។ អ្នក​ជំនាញ និង​អ្នក​វិភាគ គឺ​សំដៅ​លើ​បុគ្គល​ទាំង​ឡាយ ដែល​បាន​ធ្វើការ​ស្រាវជ្រាវ​ជ្រៅ​ជ្រះ សរសេរ​អត្ថបទ​សិក្សា​ច្រើន ឬ​បាន​ធ្វើ​ការងារ និង​មាន​បទពិសោធ​ច្រើន ក្នុង​វិស័យ​ណាមួយ។

តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​ធ្វើ​ឲ្យ​អ្នកជំនាញ និង​អ្នកវិភាគ តែងតែ​ប្រកាន់​ភាព​និយម​កណ្តាល ព្រោះ​ពួកគេ​តែង​តែ​ពិចារណា និង​វិភាគ​ពី​មុំ និង​ទស្សនៈ​ជាច្រើន​មុន​នឹង​គេ​អាច​អះអាង​លើ​សេចក្តី​សន្និដ្ឋាន​ណាមួយ ដោយ​មាន​ការ​ថ្លឹង​ថ្លែង​រវាង​ទស្សនៈ​ផ្ទុយ​ផ្សេងៗ។

ការថ្លឹងថ្លែង​រវាង​គុណ​តម្លៃ និង​ផលប្រយោជន៍​ផ្ទុយផ្សេងៗ នឹង​ធានា​ឲ្យ​មាន​ភាព​និយម​កណ្តាល​នៅ​ក្នុង​ការ​គិត និង​សកម្មភាព។ គុណ​តម្លៃ​តែង​តែ​យោង​ទៅ​លើ​ការ​វិនិច្ឆ័យ​ជា​អត្តនោ​ម័ត ដូច្នេះ​ពេល​ខ្លះ​យើ ង​ពិបាក​នឹង​កំណត់​ឲ្យ​ដាច់​ណាត់​រវាង​ត្រូវ និង​ខុស។ ឥឡូវ​ខ្ញុំ​សូម​លើក​នូវ​សំណួរ​មួយ​ចំនួន​ដើម្បី​ប្រជែង​នឹង​ផ្នត់​គំនិត​របស់​យើង។

អ្វី​ទៅ​ដែល​ហៅថា​យុត្តិធម៌? បើ​មាន​នរណាម្នាក់​សម្លាប់​ក្រុមគ្រួសារ​អ្នក​តើ​អ្នក​នឹង​សម្លាប់​គេ វិញ​ដើម្បី​យុត្តិធម៌​ឬ? តើ​យុត្តិធម៌​មាន​អត្ថន័យ​ដូចម្តេច ចំពោះ​ជន​រង​គ្រោះ ចំពោះ​ច្បាប់ ចំពោះ​សង្គម និង​ចំពោះ​សន្តិភាព?

នៅពេលដែល​សាធារណមតិ​គិតថា ស្ពាន​ឫស្សី​ដ៏​ល្បីល្បាញ គួរតែ​ត្រូវបាន​អភិរក្ស ប៉ុន្តែ​ម្ចាស់​អ្នក​សាង​ស្ពាន​ត្រូវ​ខាត​រៀង​រាល់​ឆ្នាំ អ៊ីចឹង​តើ​យើង​គួរ​ជំរុញ​ឲ្យ​រក្សា “ផល​ប្រយោជន៍​សាធា​រណៈ” ដែរ​ឬទេ?

នៅពេលដែល​យើង​គិតថា មតិ​ភាគច្រើន​គឺ​សំខាន់ អ៊ីចឹង​ចុះបើ​យើង​ទាំង​អស់​ចង់​ធ្វើការ​តិច ចង់​បាន​លុយ​ច្រើន ហើយ​មិន​ចង់​បង់ពន្ធ តើ​យើង​ត្រូវ​ធ្វើ​ដូចម្តេច? អ្វី​ទៅ​ដែល​កំណត់​ថា ជា​មតិ​ភាគ​ច្រើន​នោះ?

នៅពេលដែល​យើង​គិតថា ការរក្សា​អត្តសញ្ញាណ​វប្បធម៌​មាន​សារៈ​សំខាន់ អ៊ីចឹង​តើ​យើង​គួរ​តែ​បង្កើត “សារមន្ទីរ​តាំង​មនុស្ស” ដើម្បី​បង្ហាញ​ភ្ញៀវទេសចរ​ឬ?

នៅពេលដែល​យើង​ជំរុញ​សមភាព​យេនឌ័រ តើ​មានន័យថា យើង​ត្រូវ​បំបាត់​ចោល “ច្បាប់​ស្រី” ឬ​រំលាយ​ក្រសួង​កិច្ច​ការនារី​ឬ​ដើម្បី​បង្ហាញ​ថា​យើង​បាន​សម្រេច​សមភាព​យេនឌ័រ​ហើយ​ឬ​នៅ? ប្រសិន​បើ​ប្រព័ន្ធ​ប៉ុស្តិ៍​ប៉ូលិស “កូបាំង” របស់​ជប៉ុន​មាន​ជោគ​ជ័យ ហើយ​កីឡា​បេសបល​ពេញ​និយម អ៊ីចឹង​តើ​វា​ត្រូវ​តែ​ជោគ​ជ័យ​នៅ​កម្ពុជា​ដែរ​មែន​ទេ? ប្រសិន​បើ​បាល់​ទាត់​ពេញ​និយម​ពេញ​ពិភពលោក អ៊ីចឹង​តើ​វា​ត្រូវ​តែ​ពេញ​និយម​នៅ​អាមេរិក​ដែរ​មែន​ទេ?

ប្រសិនបើ​ចំណូល​របស់​ម្ចាស់​អូ​តែ​ល​អេកូ​ទេសចរណ៍ មិនអាច​ទាំង​ដើរ​លេង​បាន​មួយ​អាទិត្យ​នៅ​អឺរ៉ុប​ផង ហើយ​ប្រាក់​ខែ​អ្នក​ធ្វើការ​រោងចក្រ I-phone អាច​ដើរ​លេង​បាន ១ ខែ​នៅ​តំបន់​អេកូ​ទេសចរណ៍ តើ​ប្រជាជន​គួរ​ជ្រើស​យក​មួយ​ណា? ប្រសិន​បើ​ធ្វើ​ស្រែ ១ ឆ្នាំ ទិញ I-phone បាន ១ គ្រឿង ហើយ​បើ​ធ្វើ I-phone ១ គ្រឿង​ក្នុង ១ ថ្ងៃ ហើយ​អាច​ទិញ​អង្ករ​ញ៉ាំ​បាន ១ ឆ្នាំ តើ​យើង​គួរ​ជ្រើស​យក​មួយ​ណា?

តើ​ការការពារ​ពូជ​អណ្តើក​ដ៏​កម្រ​ប្រហែល ១០០ ក្បាល ពិត​ជាមាន​សារៈ​សំខាន់​ជាង​ការ​សាង​សង់​ស្ពាន​អ្នក​លឿង​ដែល​ប្រជាជន​រាប់​លាន​នាក់​ពឹង​អាស្រ័យ​ឬ?

ប្រសិនបើ​គេ​ប្រាប់​យើង​ថា កុំ​ឲ្យ​អភិវឌ្ឍ​វា​រី​អគ្គិសនី ហើយ​បុគ្គល​នោះ​មកពី​ប្រទេស​ដែល​មាន​ទំនប់​វា​រី​អគ្គិសនី មាន​រោងចក្រ​អគ្គិសនី​ប្រើ​ធ្យូង​ថ្ម និង​ថាមពល​នុយក្លេអែរ​រាប់​ទសវត្សរ៍ ឬ​សតវត្សរ៍​មក​ហើយ តើ​យើង​ត្រូវ​បម្រើ​ផល​ប្រយោជន៍​ឲ្យ​នរណា? បើ​យើង​ប្រាប់​ឲ្យ​ប្រទេស​ទាំង​នោះ​បិទ​វា​រី​អគ្គិសនី​របស់​ខ្លួន តើ​ពួកគេ​នឹង​យំ​ដើម្បី​បរិស្ថាន ឬក៏​គេ​សើច​ចំអក​ឲ្យ​យើង? នៅ​ពេល​ដែល​យើង​ត្អូញត្អែរ​រាល់​ថ្ងៃ​អំពី​អ​សមត្ថភាព​នៃ​អាជ្ញាធរ​មូលដ្ឋាន តើ​យើង​ដែល​ជា​អ្នក​មាន​សមត្ថភាព និង​អ្នក​ដែល​រៀន​ចប់​បរិញ្ញាបត្រ​ប៉ុន្មាន​នាក់​ដែល​មាន​ចិត្ត​ចង់​ទៅ​ចូលរួម​អភិវឌ្ឍ​សង្គម​នៅ​ថ្នាក់​រដ្ឋបាល​មូលដ្ឋាន?

ទាំងនេះ​គឺជា​សំណួរ​ដែល​អាច​ខ្ទាស់​នឹង​ការគិត​របស់​យើង​ម្នាក់ៗ​ដែល​ពិបាក​នឹង​មាន​ចម្លើយ​ថា ត្រូវ ឬ​ខុស ល្អ​ឬ​អាក្រក់។ នៅ​ពេល​ដែល​យើង​ធ្វើការ​កាន់​តែ​ច្រើន យើង​នឹង​រឹតតែ​ឃើញ​បញ្ហា​ប្រឈម​កាន់​តែ​ច្រើន និង​តថភាព​ជាក់ស្តែង​ដែល​ផ្ទុយ​នឹង​ការ​គិត​របស់​យើង​កាន់​តែ​ច្រើន។ សម្រាប់​ប្រទេស​មួយ​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​កម្រិត​អភិវឌ្ឍ​បែប​យ៉ាង​កម្ពុជា គឺជា​ការ​ធម្មតា​ដែល​ប្រជាជន​តែង​តែ​មាន​ការ​ធុញ​ទ្រាន់ និង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​សង្គម។ សួរថា​តើ​ប្រទេស​អភិវឌ្ឍ​មួយ​ណា​ដែល​គ្មាន​បញ្ហា​សង្គម​នោះ? វា​ជាការ​ងាយ​ស្រួល​បំផុត ក្នុងការ​កេង​ចំណេញ និង​បញ្ឆេះ​ភាព​ជ្រុល​និយម​របស់​ប្រជា​ពលរដ្ឋ​ដោយ​យោង​លើ​កង្វះ​ខាត​រាប់​មិន​អស់​របស់​សង្គម។ ប៉ុន្តែ ភាព​ជ្រុល​និយម​មិន​អាច​ក្លាយជា​កម្លាំង​ចលករ​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​ជា​វិជ្ជមាន​របស់​សង្គម​បាន​ឡើយ ព្រោះ​ថា ភាព​ជ្រុល​និយម​មិន​បាន​ព្យាយាម​ស្វែងរក​ភាព​សុខដុម​រមនា​របស់​សង្គម​នោះ​ទេ៕

ដោយ ស៊ឹម វីរៈ, ភ្នំពេញ