ភ្នំពេញៈ កម្មករកម្មការិនីរោងចក្រ SL ប្រមាណជាង ១០ នាក់បានរងរបួសស្រាលនៅក្នុងការបង្រ្កាបពីកម្លាំងកងរាជអាវុធហត្ថ នាព្រឹកថ្ងៃ ទី២១ ខែ តុលា នៅមុខគេហដ្ឋានលោកនាយករដ្ឋមន្រ្តី ក្បែរវិមានឯករាជ្យ។
អ្នកស្រី នាង អ៊ិត វ័យ ៥២ ឆ្នាំ ដែលត្រូវសមត្ថកិច្ចវាយចំក្បាលពីក្រោយបានប្រាប់ថា កម្មករបានចាកចេញពីផ្ទះតាំងពីម៉ោង ៥ ព្រឹកតាមមធ្យោបាយផ្សេងៗគ្នា ក្នុងគោលបំណងបង្វែងដានពីភ្នែកអាជ្ញាធរ។
អ្នកស្រី អ៊ិត ថា៖ «យើងបានមកជួបជុំគ្នានៅមុខផ្ទះលោកឪ (លោក ហ៊ុន សែន) ដែលយើងចាត់ដូចជាឪពុកម្តាយដើម្បីឲ្យគាត់ជួយ តែបែរជាកម្លាំងកងរាជអាវុធហត្ថដែលមានគ្នាជាច្រើនបានមកដេញវាយពួកយើងឲ្យចេញពីកន្លែងនោះ ដោយមិនបានប្រាប់មុនសោះ»។
កម្មករ ជាច្រើនបានរត់គេចពីការដេញវាយរបស់សមត្ថកិច្ចតែមានអ្នកខ្លះបានរងការវាយត្រូវចំដៃ ជើង និងក្បាល ប៉ុន្តែមិនរបួសធ្ងន់ធ្ងរទេ។ ក្នុងនោះមានកម្មករខ្លះរត់ចោលស្បែកជើង ជ្រុះបាត់ទូរស័ព្ទ និងមានខូចម៉ូតូ ២ គ្រឿងផងដែរ។
កម្មករ យី ស៊ីណាត អាយុ ២៥ ឆ្នាំ ដែលរងការវាយចំស្មានិយាយដែរថា ពួកគេចុះពីលើឡានមកដេញវាយកម្មករដូចជាសត្វធាតុ ដោយមិនសាកសួរជាមុននោះទេ។
លោក ស៊ីណាត បន្តថា៖ «យើងត្រូវការតែ ៥ ចំណុចពីថៅកែរោងចក្រ បន្ទាប់ពីរោងចក្របញ្ឈប់យើងពីការងារ។ ពួកយើងតវ៉ាជិត ៣ ខែហើយ ខ្ញុំគ្មានលុយសម្រាប់ផ្គត់ផ្គង់គ្រួសារទេ។ បន្តិចទៀតពួកយើងនឹងត្រូវគេដេញពីផ្ទះជួលហើយព្រោះគ្មានលុយឲ្យគេ»។កម្មករប្រមាណ ៤០០ នាក់ដែលបានមកជួបជុំគ្នានៅសួនច្បារ សម្តេច ហ៊ុន សែន និងមានខ្លះនៅមុខវត្ត បទុមវតី បាននិយាយថា បើគ្មានដំណោះស្រាយទេពួកគេនឹងដេកនៅទីនោះ។
បន្ទាប់ពីមានអំពើហិង្សាទៅលើកម្មករមួយសន្ទុះក្រោយមកគេឃើញលោកអភិបាលរាជធានី ភ្នំពេញ ប៉ា សុជាតិវង្ស ចុះមកសម្របសម្រួល សូមឲ្យកម្មករចាកចេញពីទីលានសួនច្បារ ប៉ុន្តែកម្មករមិនធ្វើតាមនោះទេ ថែមទាំងគំរាមថា បន្តនឹងនៅទីនោះរហូតមានដំណោះស្រាយ។
លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឲ្យដឹងថា លោកមិនទាន់ទទួលព័ត៌មាន ថាតើមានមន្ត្រីអាវុធហត្ថរងរបួសនោះទេ ក្នុងការរារាំងការផ្តុំគ្នារបស់កម្មករ។
លោកថ្លែងថា៖ «យើងមិនបានបង្ក្រាបពួកគេទេ តែជាការរារាំងពួកគេក្នុងហេតុផលតែមួយគឺដើម្បីរក្សាសន្តិសុខប៉ុណ្ណោះ»។
សូមបញ្ជាក់ថា កម្មកររោងចក្រ SL1 និង SL2 បានតវ៉ាជិត ៣ ខែហើយ ទាមទារឲ្យដកលោក មាស សុត្ថា ជាម្ចាស់ភាគហ៊ុននៅរោងចក្រនោះចេញ និងបានទាមទារលក្ខខណ្ឌមួយចំនួនទៀត ហើយពួកគេបានធ្វើការដង្ហែក្បួនជាច្រើនដងមករកអន្តរាគមន៍ ប៉ុន្តែស្ថាប័នពាក់ព័ន្ធ ជាពិសេសមន្ត្រីដែលធ្វើការលើផ្នែកនេះមិនទទួលដោះស្រាយជូនពួកគេឡើយ។
តំណាងកម្មករដែលមានមន្ត្រីសហជីព ស៊ីខៅឌូ នឹងធ្វើការចរចារកដំណោះស្រាយជូនកម្មករជាថ្មីម្តងទៀតនៅថ្ងៃអង្គារនេះ នៅក្រសួង ការងារ បន្ទាប់ពីការចរចាជាមួយលោកអភិបាលរាជធានីកាលពីម្សិលមិញ ត្រូវបរាជ័យ៕