ភ្នំពេញៈ ក្មេងស្រីអាយុ ២ឆ្នាំ ជនជាតិប្រេស៊ីល កាលពីព្រឹកថ្ងៃពុធម្សិលមិញនេះ បានធ្លាក់ពីជាន់ ទី១២ នៃអគារខុនដូ ISL Modern Apartment ចូលក្នុងបរិវេណភូមិគ្រឹះ កំពុងសាងសង់ក្បែរនោះ បណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗ។
នាយប៉ុស្តិ៍នគរបាល សង្កាត់បឹងកក់២ លោក ខាន់ ខុនទិត្យ បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងជិត ១១ ថ្ងៃត្រង់ ក្នុងភូមិគ្រឹះលេខ ៧៩ ក្បែរអគារខុនដូខាងលើ ស្ថិតនៅបណ្តោយផ្លូវលេខ ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។ ក្មេងស្រីរងគ្រោះនោះ ឈ្មោះ Bulk Souza Aliesrachel អាយុ ២ឆ្នាំ ជនជាតិប្រេស៊ីល ឪពុកជាថៅកែរោងចក្រក្រណាត់ ឯម្តាយជាគ្រូបង្រៀន។
លោកបន្តថា សមត្ថកិច្ចបានបើកការស៊ើបអង្កេតភ្លាមពេញមួយថ្ងៃ ដោយរកឃើញថា គ្រោះថ្នាក់នេះគឺកើតឡើងដោយការមិនបានប្រុងប្រយ័ត្នរបស់ក្មេងស្រីនោះពេលអង្គុយលេងក្បែរទ្វារបង្អួច និងជាការធ្វេសប្រហែសរបស់ម្តាយផងដែរ៕