បាត់ដំបងៈ មន្ត្រីនគរបាលម្នាក់បានប្រាប់ឲ្យដឹងកាលពីម្សិលមិញថា មានក្មេងស្រីសិស្សសាលាពីរនាក់បានលង់ទឹកស្លាប់ដោយបាននាំគ្នាជិះកង់ទៅងូតទឹកលេងជាមួយមិត្តភក្តិប្រាំនាក់ផ្សេងទៀតកាលពីរសៀលថ្ងៃសៅរ៍ បន្ទាប់ពីពួកគេបានចេញពីរៀនគួក្រៅម៉ោង ដែលស្ថិតនៅក្នុងឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
លោក ហ៊ាង រ៉ាស៊ីញ អធិការងស្រុកថ្មគោល ខេត្តបាត់ដំបង បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា យ៉ាងហោចណាស់មានក្មេងស្រីពីរនាក់ក្នុងចំណោម៧នាក់ដែលជាសិស្សរៀននៅសាលាអនុវិទ្យាល័យតាម៉ឺន បានលង់ទឹកស្លាប់នៅក្នុងស្រះមួយកាលពីរសៀលថ្ងៃសៅរ៍ បន្ទាប់ពីពួកគេបានចេញពីរៀនគួរនិងញ៉ាំបុកល្ហុងរួចនាំគ្នាទៅងូតទឹកស្រះ។
លោកបានបន្តឲ្យដឹងទៀតថា ក្មេងស្រីរងគ្រោះទាំងពីរមានឈ្មោះហាវ ហានិកា អាយុ១៣ឆ្នាំ និងម្នាក់ទៀតឈ្មោះ ទី គឹមយាន អាយុ១២ឆ្នាំ។ ស្រះទឹកដែលក្មេងស្រីទាំងពីរបានលង់ស្លាប់នោះគឺជារណ្ដៅដី ដែលគេជីកយកអាចម៍ដីលក់ស្ថិតក្នុងភូមិប៉ោយយង់ ឃុំតាពូងស្រុកថ្មគោល មានជម្រៅជាងបួនម៉ែត្រ និង ទំហំជាងពីររ៉ៃ (ជាងមួយហិកតា)។
លោកបានថ្លែងថា៖ «បច្ចុប្បន្នសពក្មេងស្រីទាំងពីរកំពុងត្រូវបានឪពុកម្ដាយរបស់ពួកគេរៀបចំធ្វើពិធីបុណ្យសពតាមប្រពៃណីនិងសាសនា»។
ទោះជាបែបណាក្ដី ឪពុកម្ដាយ និងអាណាព្យាបាលក្មេងស្រីរងគ្រោះទាំងពីរ មិនអាចទាក់ទងបានទេ កាលពីម្សិលមិញ។
លោក រិទ្ធ អ៊ាង នាយរងប៉ុស្តិ៍នគរបាលឃុំតាពូង បានប្រាប់ឲ្យដឹងកាលពីម្សិលមិញថា តាមការអះអាងពីអ្នកភូមិបានបញ្ជាក់ថា ក្រោយពីហេតុការណ៍បានកើតឡើងកុមារីផ្សេងទៀតបានរត់ទៅហៅអ្នកភូមិឲ្យមកជួយ តែទម្រាំជួយស្រង់បាន ដឹកយកទៅមន្ទីរពេទ្យស្រុក ពួកគេបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ប្រជាពលរដ្ឋនៅភូមិប៉ោយយង់ ឃុំតាពូង អ្នក ស្រី វ៉ាត ស្រីមុំ អាយុ៥៤ឆ្នាំ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា រណ្ដៅដីនោះមានមនុស្សលង់ស្លាប់ជាច្រើននាក់មកហើយចាប់តាំងពីវាបានក្លាយទៅជាស្រះទឹកដ៏ធំមួយនៅក្បែរសាលារៀននោះ តែពុំត្រូវបានគេធ្វើរបងព័ទ្ធជុំវិញឬដាក់បម្រាមចំពោះក្មេងៗចូលលេងនៅទីនោះទេ។
អ្នកស្រីបានថ្លែងថា៖«ស្រះនោះមានចំណោតនិងរអិលខ្លាំងណាស់ ហើយមានមនុស្សច្រើននាក់ហើយទាំងក្មេងទាំងចាស់បានលង់ស្លាប់នៅទីកន្លែងនោះ»៕