ក្រចេះ: គ្រោះថ្នាក់ក្រឡាប់គោយន្តច្នៃមួយគ្រឿង បានបណ្តាលឲ្យពលរដ្ឋ ជាកម្មករស៊ីឈ្នួលកាប់ឈើ ៨ នាក់ស្លាប់នៅនឹងកន្លែង ចំណែក ១២ នាក់ទៀតបានរងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។
នាយនគរបាលផ្នែកសណ្តាប់ធ្នាប់ស្រុកស្នួល លោក ឈួន តុង ដែលបានចុះអន្តរាគមន៍នៅទីតាំងកើតហេតុបានឲ្យដឹងថា ឧបទ្ទវហេតុក្រឡាប់គោយន្ត ដែលជាប្រភេទឡាន Mazda កែច្នៃផ្ទុកមនុស្សប្រមាណ ៣០ នាក់កាលពីម្សិលមិញនេះ បានកើតឡើងនៅម៉ោង ៨ និង ៤០ នាទីព្រឹកនៅចំណុចភ្នំព្រិច ភូមិស្រែរនាម ឃុំឃ្សឹម ខណៈរថយន្តនេះធ្វើដំណើរឆ្ពោះទៅខេត្តមណ្ឌលគិរី។
លោកបន្តថា៖ «គ្រោះថ្នាក់កើតឡើងនៅពេលដែលឡានបរក្នុងល្បឿនលឿនត្រង់ចំណុចផ្លូវកោង ដល់ពេលចុះចំណោត ស្រាប់តែចាប់ហ្វ្រាំងមិនស៊ី រួចក៏ជ្រុលទៅបុកនឹងម៉ូតូនាំផ្លូវមួយគ្រឿង ហើយហួសធ្លាក់ចូលក្នុងប្រឡាយក្រឡាប់តែម្តង»។
លោក ឈួន តុង បានឲ្យដឹងថា ហេតុការណ៍នេះបានធ្វើឲ្យមនុស្សស្លាប់ ៨ នាក់ មានប្រុស ៧ នាក់ និងស្រីម្នាក់ ក្នុងនោះមានអ្នកបើកបរម៉ូតូនាំផ្លូវម្នាក់ផង ចំណែកអ្នករងរបួសធ្ងន់ស្រាលមាន ១២ នាក់ ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តក្រចេះភ្លាមៗមានប្រុស ១១ នាក់ និងស្រីម្នាក់ ក្នុងនោះមានតៃកុងឡាន និងមេការគ្រប់គ្រងកម្មកររបស់ក្រុមហ៊ុនផងដែរ។
លោកថា៖ «សាកសពត្រូវសមត្ថកិច្ច បញ្ជូនទៅឲ្យក្រុមគ្រួសារ ខណៈពួកគេមកពីឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ដើម្បីធ្វើបុណ្យ រីឯគោយន្តត្រូវបានសមត្ថកិច្ច ស្ទួចយកទៅរក្សាទុកដើម្បីដោះស្រាយតាមផ្លូវច្បាប់»។
ប្រធានមន្ទីរពេទ្យបង្អែកខេត្តក្រចេះលោកវេជ្ជបណ្ឌិត គាង ហុង បានឲ្យដឹងកាលពីរសៀលម្សិលមិញនេះថា ក្នុងចំណោមអ្នករងរបួសទាំង ១២ នាក់ ដែលបានបញ្ជូនមកសង្គ្រោះ បន្ទាប់ពីកើតហេតុនោះមានបុរសម្នាក់ បាក់ជើង មួយចំនួនទៀតសន្លប់មិនទាន់ដឹងខ្លួន ហើយខ្លះទៀតរងរបួសបន្តិចបន្តួចប៉ុណ្ណោះ។
លោកប្រាប់ថា៖ «ពួកគាត់ បានធូរស្រាលខ្លះហើយ ចំណែកគ្រួសារ ក៏ត្រូវបានទាក់ទងមកមើលថែដែរ ហើយការចំណាយទំនងជាគ្រួសារត្រូវរ៉ាប់រងដោយខ្លួនឯង»។
ទាក់ទិនករណីគ្រោះថ្នាក់នេះ លោក មឿន តុលា ប្រធានកម្មវិធីការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានពន្យល់ថា ក្នុងលក្ខខណ្ឌនៃកិច្ចសន្យាការងារ កម្មករនិយោជិត និងនិយោជកដែលគ្រោះថ្នាក់ក្នុងពេលធ្វើដំណើរទៅបំពេញការងារនេះ គឺជាការទទួលខុសត្រូវទាំងស្រុងរបស់ក្រុមហ៊ុន ប៉ុន្តែប្រសិនបើការងារនោះ ស្ថិតក្រោមកិច្ចសន្យាម៉ៅការវិញនោះ គ្រោះថ្នាក់ដែលកើតឡើង គឺជាការទទួលខុសត្រូវផ្ទាល់ខ្លួន។
លោកបញ្ជាក់ថា៖ «កិច្ចសន្យាពីរប្រភេទនេះ មានតែកិច្ចសន្យាការងារដែលកំណត់ពីការផ្តល់ការងារ ការគ្រប់គ្រង និងប្រាក់ខែប៉ុណ្ណោះ ដែលក្រុមហ៊ុនត្រូវទទួលលើគ្រោះថ្នាក់នេះ»។
ប៉ុន្តែទោះយ៉ាងណា បើតាមលោក ង៉ាន សាវយ៉ុន មេរងផ្នែកសេនាធិការនៃអធិការដ្ឋាននគរបាលស្រុកស្នួលបានឲ្យដឹងពីការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចថា ជនរងគ្រោះទាំងនោះ ជាកម្មករស៊ីឈ្នួលរបស់ក្រុមហ៊ុនខ្មែរអង្គរ តែមិនទាន់អាចទាក់ទងបានដើម្បីធ្វើការដោះស្រាយនៅឡើយទេ៕