ឧត្តរមានជ័យ៖ យ៉ាងហោចណាស់មានមនុស្សប្រុស ស្រីចំនួន ១៦ នាក់បានស្លាប់និង ២៣ នាក់បានរងរបួសធ្ងន់ស្រាលនៅក្នុងគ្រោះថ្នាក់ចរាចណ៍ ដោយសាររថយន្តក្រឡាប់ធ្លាក់ពីលើភ្នំដងរែក នៅពេលធ្វើដំណើរចុះពីលើភ្នំ ស្ថិតនៅក្នុងភូមិជើងភ្នំ ឃុំត្រពំាងប្រិយ៍ ស្រុក អន្លង់វែង។
លោក ហ៊ឺង ថឹង នាយនគរបាលប៉ុស្តិ៍ត្រពាំងប្រិយ៍បានឲ្យដឹងថា នៅវេលាម៉ោង ១១:២០ នាទី ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៥ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយសាររថយន្តទេសចរណ៍ ៣៥ កៅអី មួយគ្រឿង ដឹកអ្នកដំណើរ ៣៩ នាក់ បានក្រឡាប់ធ្លាក់ពីលើភ្នំដងរែក នៅលើកំណាត់ផ្លូវជាតិលេខ ៦៧ ចំណុចចំរាក់ទី ១ ផ្លូវឡើងភ្នំ សិ្ថតនៅច្រកជាំស្រងុំា ក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង។ អ្នកស្លាប់នៅកន្លែងកើតហេតុមានចំនួន ១២ នាក់ ហើយស្លាប់ ៤ នាក់បន្ថែមទៀតនៅមន្ទីរពេទ្យ អ្នកស្លាប់ប្រុសម្នាក់។ ហើយអ្នកដែលរងរបួសចំនួន ២៣ នាក់ ក្នុងនោះប្រុសម្នាក់។
លោកបានថ្លែងឲ្យដឹងទៀតថា៖ «មូលហេតុដែលបណ្តាលឲ្យក្រឡាប់នោះគឺដោយសារតែរថយន្តចុះពីលើភ្នំដាក់លេខមិនចូល ហើយហ្វ្រាំងមិនស៊ី ស្ថិតក្នុងល្បឿនលឿនក៏បណ្តាលឲ្យក្រឡាប់តែម្តង»។
លោកបានថ្លែងឲ្យដឹងទៀតថា រថយន្តទេសចរណ៍ខាងលើ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ ៣C.៤៦១៣ បានដឹកអ្នកដំណើរមកពីសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បំណងហែទៀនវស្សា ទៅកាន់វត្តប្រាសាទតាមាន់ នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៥។
លោកបានថ្លែងថា ៖ «ពួកគាត់ទៅលេងនៅច្រកជាំ-ស្រងុំា គឺទៅទិញទំនិញនៅផ្សារថៃ ហើយពេលធ្វើដំណើរត្រឡប់មកវិញក្នុងបំណងហែរទៀនវស្សាទៅកាន់វត្តនៅប្រាសាទតាមាន់ ក៏បានក្រឡាប់ធ្លាក់ពីលើភ្នំតែម្ដង»។
យោងតាមរបាយការណ៍របស់នាយកដ្ឋានសណ្តាប់ធ្នាប់នៃក្រសួងមហាផ្ទៃបានឲ្យដឹងថា ក្នុងឆមាសទី ១ ឆ្នាំ ២០១៥ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២៥១៤ ករណីដែលក្នុងនោះមានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ចំនួន ១២២៩ នាក់ ខណៈពេលដែលមានអ្នករងរបួសចំនួន ៤០៩០ នាក់ក្នុងនោះមាន ២៣៥៩ នាក់បានរងរបួសធ្ងន់ និង ១៧៣១ នាក់រងរបួសស្រាល៕