The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រឡាប់​ឡាន​ដឹក​កម្មករ​រោងចក្រ​នៅ​បាវិត​របួស ៥៧ នាក់

ក្រឡាប់​ឡាន​ដឹក​កម្មករ​រោងចក្រ​នៅ​បាវិត​របួស ៥៧ នាក់

ក្រឡាប់​ឡាន​ដឹក​កម្មករ​រោងចក្រ​នៅ​បាវិត​របួស ៥៧ នាក់

ស្វាយរៀងៈ​យ៉ាង​ហោច​មាន​កម្មករ​រោងចក្រ ៥៧​នាក់ ក្នុង​ចំណោម​៨០​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​ចំណុះ​២តោន​កន្លះ កាល​ពី​ព្រឹក​ថ្ងៃទី​២១ វិច្ឆិកា នៅ​ក្នុង​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង នឹង​ត្រូវ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ជីភូ។

កម្មការិនី គង់ ធូរេន អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ដូនណយ ឃុំ​គគីរ ស្រុក​ចន្ទ្រា ធ្វើ​ការ​នៅ​រោងចក្រ​ផលិត​ស្បែក​ជើង ឡស៊ីកូ​មាន​ទីតាំង​ក្នុង​បរិវេណ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត ដែល​កំពុង​ព្យាបាល​របួស​ថ្លោះ​ចង្កេះ​នៅ​មន្ទីរពេទ្យ​បង្អែក​ជីភូ ប្រាប់​ថា ហេតុការណ៍​កើត​ឡើង​បន្ទាប់​ពី​រថយន្ត​បើក​ចេញ​ប្រមាណ​១០​នាទី ដោយ​រេ​ចុះ​រេ​ឡើង​រួច​ក៏​ធ្លាក់​ផ្លូវ​ក្រឡាប់​តែ​ម្តង។ នាង​ប្រាប់​ដែរ​ថា៖ «ខ្ញុំ​ត្រូវ​បោក​នឹង​ជញ្ចាំង​ឡាន​ទ្រម​ខ្លួន ព្រោះ​តែ​ទ្រ​នឹង​ចំនួន​មនុស្ស​រាប់សិប​នាក់​សង្កត់​ពី​លើ ឥឡូវ​ថ្លោះ​ចង្កេះ​មិន​អាច​កម្រើក​បាន​ទេ » ។

កម្មការិនី គង់ ចាន់ទ្រា អាយុ​២០​ឆ្នាំ ធ្វើការ​នៅ​រោងចក្រ ឡស៊ីកូ​នេះដែរ បាន​រងរបួស​គ្រេច​ជើង​បាន​ប្រាប់​ពី​មន្ទីរពេទ្យ​ជី​ភូម​កថា រថយន្ត​ដែល​ក្រឡាប់​នោះ​មក​ពី​ដឹក​ក្រុម​កម្មករ​ចេញ​ពី​ភូមិ​ឈរ​បញ្ច្រៀត​គ្នា​ខ្លាំង​ពេក ដល់​តែ​រថយន្ត​រេ​ចង្កូត​ចុះ​ឡើង នាំ​ឲ្យ​កម្មករ​ជិះ​លើ​ឡាន​ជ្រួល​ឡើង ឡាន​ក៏​ក្រឡាប់​ធ្លាក់​ផ្លូវ​តែ​ម្តង។ នាង​ចាន់​ទ្រា ប្រាប់​ថា៖ «នេះ​សំណាង​ល្អ បើ​រថយន្ត​ក្រឡាប់​លើ​ផ្លូវ​វិញ នឹង​ត្រូវ​រថយន្ត​កិន​ស្លាប់​មិន​ដឹង​ជា​ប៉ុន្មាន​នាក់​ទេ ព្រោះ​មាន​រថយន្ត​ឆ្លង​កាត់​ទៅ​មក​ច្រើន »។

លោក សូ ស៊ីថន អធិការ​នគរបាល​ស្រុក​ចន្ទ្រា​បាន​ប្រាប់​ដែរ​ថា រថយន្ត​បង្ក​ហេតុ​ពាក់​ស្លាក​លេខ ភ្នំពេញ 3A-0119 បើកបរ​ដោយ​ឈ្មោះ អ៊ុង យាន​ជួប អាយុ​២៣​ឆ្នាំ​នៅ​ភូមិ​ដូនណយ ឃុំ​ព្រៃ​គគីរ ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង បាន​ផ្ទុក​កម្មករ​រោងចក្រ​ធ្វើ​ស្បែក​ជើង​ទាំង​អស់​៨០​នាក់ ហើយ​បើក​មិន​ទាន់​ចេញ​ផុត​ពី​ភូមិ​ផង ក៏​ស្រាប់​តែ​ដាច់​ចង្កូត​ធ្លាក់​ផ្លូវ ទាញ​ក្រឡាប់​តែ​ម្តង ។

លោក​បន្ត​ឲ្យ​ដឹង​ថា៖ «គ្រោះ​ថ្នាក់​នេះ​ដោយ​សារ​តែ​ម្ចាស់​ឡាន​ធ្វេស​ប្រហែស​បាន​យក​ខ្សែ​គោ​ទៅ​ចង​នឹង​រ៉ូទីល(ដែក​ទប់​កង់​ខាង​ក្រោម)ចង្កូត ហើយ​ខ្សែ​នោះ​ដាច់​ចង្កូត​បញ្ជា​លែង​បាន​ក៏​ក្រឡាប់​តែ​ម្តង»។

លោក​បន្ត​ទៀត​ថា កម្មករ​១៥​នាក់​របួស​ធ្ងន់ មាន​បាក់​ឆ្អឹង​ដង​កាំបិត​ម្នាក់ ក្រៅ​ពី​នោះ​ថ្លោះ​គ្រេច​និង​ជាង​៤០​នាក់​ទៀត​រលាត់​ដៃ​ជើង​ព្រោះ​សង្កត់​ជាន់​លើ​គ្នា ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជីភូ​ទាំង​អស់។ រីឯ​ម្ចាស់​ឡាន​រត់​គេច​ខ្លួន​បាត់​ភ្លាមៗ​នោះ។

លោក ប្រាក់ សម្បត្តិ ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​ជី​ភូ​បាន​ប្រាប់​ឲ្យ​ដឹង​ថា កម្មករ​ទាំង​នោះ​ភាគ​ច្រើន​រង​របួស​ស្រាលៗទេ ប៉ុន្តែ មាន​ជាង​១០​នាក់​ដែរ ខ្លះ​បោក​ក្បាល​និង​សង្កត់​ជាន់​លើ​គ្នា បណ្តាល​ឲ្យ​ចុក​ទ្រូង ឈឺក្បាល វិលមុខ​ត្រូវ​នៅ​សម្រាក​ព្យាបាល ប៉ុន្តែ​ថ្ងៃ​ព្រហស្បតិ៍​នេះ ពួកគេ​ចេញ​ទៅ​វិញ​អស់​ហើយ។

លោក​បន្ត​ថា៖ «ចំពោះ​ថ្លៃ​ព្យាបាល គឺ​ខាង​បេឡា​ជាតិ​ធានា​រ៉ាប់រង​សន្តិសុខ​សង្គម​ជា​អ្នក​រ៉ាប់រង​ទាំងអស់»។ លោក​ប្រាប់​ដែរ​ថា បុគ្គលិក​រដ្ឋបាល​រោងចក្រ​ដែល​ចុះ​ទៅ​មើល​កម្មករ​ប្រាប់​ថា ពួក​គេ​ធ្វើ​ការ​នៅ​ក្នុង ៧​រោងចក្រ រួមមាន ឃីងម៉ាឃើ ឌីឃីអ៊ីង ស៊ីកូ កៅវ៉េ ស្មាធិច ស៊ី​ខេន និង​រោងចក្រ​អង្គរ​ព្រីន។

លោក ស ម៉ូរ៉ា ប្រធាន​សហជីព​កម្មករ​ចំណី​អាហារ​និង​សេវាកម្ម កម្ពុជា​កត់​សម្គាល់​ឃើញ​ថា កម្មករ​រងគ្រោះ​នឹង ត្រូវ​តែ​ខាង​ថៅកែ​ជា​អ្នក​ទទួល​ខុស​ត្រូវ ក្នុង​ការ​ចេញ​ថ្លៃ​ព្យាបាល ព្រោះ​ពួក​គេ​បាន​រងគ្រោះ​ពេល​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ៕

អត្ថបទគួរចាប់អារម្មណ៍