ភ្នំពេញៈ កម្មករម្នាក់ស្លាប់ និងមួយចំនួនទៀតបានរងរបួសស្រាល និងធ្ងន់នៅក្នុងគ្រោះថ្នាក់ក្រឡាប់រថយន្តដឹកកម្មករចេញពីរោងចក្រទៅផ្ទះ ហើយសមត្ថកិច្ចសង្ស័យថា ដោយសារអ្នកបើករថយន្តស្រវឹងស្រា។
លោក ផាន់ ភឿន មេប៉ុស្តិ៍នគរបាលសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា មានកម្មករជិត ៣០ នាក់កំពុងនៅលើរថយន្ត ដែលធ្វើដំណើរពីតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងខណ្ឌពោធិ៍សែនជ័យទៅផ្ទះ ប៉ុន្តែរថយន្តបានក្រឡាប់កាលពីល្ងាចថ្ងៃសៅរ៍។
លោកបន្តថា ៖ «មានកម្មករម្នាក់បានស្លាប់នៅកន្លែងកើតហេតុ ហើយកម្មករដទៃទៀតបានរងរបួស ក្នុងនោះ ម្នាក់រងរបួសធ្ងន់។ យើងបញ្ជូនកម្មកររងរបួសទៅមន្ទីរពេទ្យក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល»។
លោក ផាន់ ភឿន បន្តថា អ្នកបើករថយន្តត្រូវបានចាប់ខ្លួន ហើយគាត់ហាក់ដូចជាស្រវឹងស្រា ដែលជាហេតុបណ្តាលឲ្យមានគ្រោះថ្នាក់កើតឡើង។
លោកប្រាប់ថា ៖ «យើងមិនដឹងថា រថយន្តនោះមានបញ្ហាអ្វីទេ ប៉ុន្តែយើងសង្ស័យបណ្តាលមកពីអ្នកបើកបរគាត់ស្រវឹង ស្រា។ យើងបានចាប់ខ្លួនអ្នកបើករថយន្តបន្ទាប់ពីគ្រោះថ្នាក់នេះ ហើយយើងបានបញ្ជូនគាត់ទៅស្នងការដ្ឋាននគរបាលរាជធានី ដើម្បីសាកសួរនិងកសាងសណុំរឿងបញ្ជូនទៅតុលាការ»។
លោក ផាន់ ភឿន បានថ្លែងថា លោកមិនបានដឹងទេថា តើកម្មករទាំងនោះ មកពីរោងចក្រណាទេ ពីព្រោះមានរោងចក្រច្រើននៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។
មន្ត្រីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ ប៉ុន្តែបើតាមរបាយការណ៍ ប.ស.ស ដែលចេញកាលខែកុម្ភៈ បានឲ្យដឹងថា មានកម្មករកាត់ដេរសម្លៀកបំពាក់និងស្បែកជើង ៦៧ នាក់បានស្លាប់ និង៧២៩នាក់ បានរងរបួសធ្ងន់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងការធ្វើដំណើរទៅផ្ទះ ក្នុងឆ្នាំ ២០១៣ ដែលចំនួននេះ កើនឡើងពី ៤៩ នាក់ក្នុងឆ្នាំ២០១២៕ PS