ភ្នំពេញៈ អ្នកស្រី អ៊ុក សាវេង បានទៅ ប្រទេសកូរ៉េ ជាលើកទីមួយ បន្ទាប់ពីគាត់ត្រូវបានគេប្រាប់ថា កូនស្រីនិងចៅគាត់រស់នៅទីនោះជួបសោកនាដកម្មយ៉ាងអាក្រក់មួយបង្កពីគ្រោះថ្នាក់ចរាចរណ៍ដែលបានឆក់យកជីវិតកូនស្រីកំពុងមានផ្ទៃពោះ ៧ខែ របស់គាត់។
ប៉ុន្តែបួនខែក្រោយមកអ្នកស្រី អ៊ុក សាវេង បានទទួលទូរស័ព្ទពីនគរបាលកម្ពុជានិងកូរ៉េ ប្រាប់ថា ប្តីរបស់កូនស្រីគាត់បានរៀបចំផែនការគ្រោះថ្នាក់ចរាចរណ៍នេះ ដើម្បីចង់បានប្រាក់ធានារ៉ាប់រងដែលមានទឹកប្រាក់សរុបជិត ៩ លានដុល្លារ។
អ្នកស្រី សាវេង កម្រជួបកូនប្រសាគាត់ណាស់ គឺជួបតែម្តងគត់មុនពេលបុណ្យសព។
អ្នកស្រីនិយាយថា៖ «ថ្ងៃមួយក្នុង ឆ្នាំ២០០៨ កូនស្រីរបស់ខ្ញុំបានប្រាប់ខ្ញុំថា បុរសជនជាតិកូរ៉េម្នាក់ចង់រៀបការជាមួយនាង ហើយថា គេនឹងមករៀបការ»។
គាត់ថា កាលនោះនាងមានអាយុ ១៩ឆ្នាំ ភ្លាមនោះបានរៀបការជាមួយលោក លី ដែលមានអាយុបងនាង ២០ឆ្នាំ ហើយចេញទៅ ប្រទេសកូរ៉េ បាត់ទៅដោយ ក្រុមគ្រួសារកម្របានដំណឹងពីនាងណាស់ លើកលែងតែទទួលប្រាក់បញ្ញើ ៥០០ ឬ ១០០០ ដុល្លារបួនដងក្នុងមួយឆ្នាំ។
អ្នកនាង អ៊ី ស៊ីឡែន បានត្រឡប់មកលេងស្រុកកំណើតក្នុង ខេត្តត្បូងឃ្មុំ តែពីរដងចាប់តាំងពីរៀបការរួច។
កូនស្រីអ្នកស្រី សាវេង មិនដែលប្រាប់អំពីមូលហេតុនៃការស្គាល់បុរសកូរ៉េរូបនេះទេ ប៉ុន្តែដោយសារតែកូនស្រីអ្នកជិតខាងមួយចំនួនរៀបការជាមួយបុរសកូរ៉េដែរ អ្នកស្រីសង្ស័យថា នាងស្គាល់បុរសកូរ៉េនេះតាមរយៈមេអណ្តើក។
ចាប់ពី ឆ្នាំ២០០០ មកកូនក្រមុំបរទេស ២៣៦ ០០០ នាក់បានទៅ ប្រទេសកូរ៉េខាងត្បូង។ នេះបើតាមស្ថិតិរបស់រដ្ឋាភិបាល។ ១០ ភាគរយនៃកូនក្រមុំបរទេសក្នុង ឆ្នាំ២០០៩ គឺជាជនជាតិកម្ពុជា។
ប៉ុន្តែដោយសារតែបញ្ហាជួញដូរមនុស្ស ការរំលោភបំពាន និងអំពើឃាតកម្ម រដ្ឋាភិបាលភ្លាមៗ បានដាក់បម្រាមមិនឲ្យស្រ្តីកម្ពុជារៀបការជាមួយបុរសកូរ៉េទៀតទេ ក្នុង ឆ្នាំ២០១០។
អ្នកស្រី អ៊ុក សាវេង និយាយថា៖ «កាលពីមុន ខ្ញុំមិនគិតថា ប្តីកូនស្រីរបស់ខ្ញុំសាហាវបែបនេះទេ។ ខ្ញុំគិតថា នាងមានសុភមង្គលដោយសារការសម្រេចចិត្តរបស់នាង ដែលជាការសម្រេចចិត្តត្រឹមត្រូវ»។
ស្ថានទូតកម្ពុជា នៅប្រទេសកូរ៉េខាងត្បូង មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេកាលពីម្សិលមិញ៕