សៀមរាបៈ ស្រ្តីម្នាក់ដែលខឹងប្តីមិនព្រមឈប់ផឹកស៊ី ហើយបានយកសាំងទៅជះក្នុងវង់ផឹកស៊ីបណ្តាលឲ្យឆាបឆេះរលាករបួសធ្ងន់ស្រាលមនុស្ស៣នាក់ កាលពីថ្ងៃអង្គារ នៅក្នុងក្រុងសៀមរាប ត្រូវសមត្ថកិច្ចនគរបាលកំពុងតែស្វែងរកចាប់ខ្លួន។
លោកជឹង ម៉ារ៉ាមន្ត្រីនគរបាលព្រហ្មទណ្ឌក្រុងសៀមរាបបានឲ្យដឹងថា សមត្ថកិច្ចកំពុងតែស្វែងរកចាប់ខ្លួនស្រ្តីបង្កហេតុដើម្បីនាំមកសួរនាំពីការជះសាំងធ្វើឲ្យឆាបឆេះរលាកមនុស្ស។
លោកថ្លែងថា៖ «ស្រ្តីនោះខឹងនឹងប្តី ខណៈប្តីរួមនឹងមិត្តភក្តិនាំគ្នាផឹកស៊ីតាំងពីព្រលប់ដល់អ្រធាត្រហើយមិនព្រមឈប់ ក៏យកសាំង១ដបទៅជះបណ្តាលវង់ធ្វើឲ្យឆាបឆេះរបួសប្តីនិងគូកន២នាក់ហើយបានរត់គេចខ្លួនបាត់»។
នាយផ្នែកព្រហ្មទណ្ឌរូបនេះបាន រំឭកតាមសាក្សីថា អំពើហិង្សានេះកើតឡើងកាលពីទៀបភ្លឺថ្ងៃទី៤ ធ្នូនិងបង្កដោយស្រ្តី ខ្នរ ឃឹម អាយុ២៥ឆ្នាំ និងមានប្តីឈ្មោះ ឈួន ធី អាយុ៣៤ឆ្នាំ នៅភូមិព្រែកពោធិ ឃុំក្របីរៀល ស្រុកពួក ខេត្តសៀមរាប ដែលបានមកស្នាក់នៅភូមិកសិកម្ម សង្កាត់ស្រងែ ក្រុងសៀមរាបប្រកបរបរដាំត្រសក់លក់ រងរបួសធ្ងន់។ រីឯគូកន២នាក់មានឈ្មោះ ប៉ុច ប៉ុន អាយុ៣៤ឆ្នាំនិង ប៉ុច ប៉យ អាយុ ២៦ ឆ្នាំដែលជាបងប្អូនបង្កើតរងរបួសស្រាល។
លោកឲ្យដឹងថា មុនកើតហេតុប្តីនឹងមិត្តភក្តិប្រមាណជា៨នាក់បាននាំគ្នាផឹកស្រា តាំងពីក្បាលព្រលប់រហូតដល់រំលងអ្រធាត្រ ខ្នរ ឃឹម បានព្យាយាមឃាត់ប្តីឲ្យឈប់ផឹក ព្រោះដល់ម៉ោងដឹកត្រសក់យកទៅឲ្យម៉ូយនៅផ្សារ តែប្តីមិនឈប់ក៏មានជម្លោះកើតឡើង។
លោកថា ដោយសារតែឃាត់មិនស្តាប់ ស្រ្តីនោះក៏ផ្ទុះកំហឹងឡើងហើយកាន់សាំង១ដបដែលទិញបម្រុងទុកចាក់ម៉ូតូដើម្បីដឹកត្រសក់យកទៅលក់នៅផ្សារ ទៅចាក់ជះលើវង់ផឹកស៊ីដែលមានដុតចង្កៀងប្រេងកាតផងនោះឲ្យឆាបឆេះថ្គោលឡើង ជាហេតុបណ្ដាលឲ្យអ្នកនៅក្នុងវង់ផឹកស៊ីទាំងប៉ុន្មានប្រាសយកអាយុរៀងខ្លួន និងបណ្តាលឲ្យឆេះរបួសធ្ងន់ស្រាល៣នាក់ ក្នុងនោះប្តីស្រីដៃដល់ដែលបញ្ជូនទៅមន្ទីរពេទ្យមិនទាន់ចេញនៅឡើយទេ។
លោកប្រាប់ថា ករណីនេះខាងជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងទេ ប៉ុន្តែដោយយោងលើបទល្មើសជាក់ស្តែងសមត្ថកិច្ចនឹងធ្វើការឃាត់ខ្លួនស្រ្តីនោះមកសាកសួរសិន។តែស្ត្រីបង្កហេតុបានគេចខ្លួនបាត់ហើយ ហើយសមត្ថកិច្ចកំពុងតែតាមចាប់ដើម្បីចាត់វិធានការតាមច្បាប់។
ជនរងគ្រោះរលាកភ្លើង និងបុរសជាប្តីជនដៃដល់មិនអាចទាក់ទងសុំបំភ្លឺករណីនេះបានទេកាលពីម្សិលមិញ៕