The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - គុណសម្បត្តិ ipad នាំ​ឲ្យ​ចាប់​បាន​ចោរ​លួច​លុយ​បុណ្យ​កឋិន

គុណសម្បត្តិ ipad នាំ​ឲ្យ​ចាប់​បាន​ចោរ​លួច​លុយ​បុណ្យ​កឋិន

គុណសម្បត្តិ ipad នាំ​ឲ្យ​ចាប់​បាន​ចោរ​លួច​លុយ​បុណ្យ​កឋិន

ភ្នំពេញៈ ស្ត្រី​២នាក់់​សង្ស័យ​បន្លំ​លូក​កាបូប​ម្ចាស់​ដើម​កឋិន​យក​ប្រាក់​១ម៉ឺន​ដុល្លារ ត្រូវ​នគរបាល​ខណ្ឌ​ឫស្សីកែវ​បញ្ជូន​ទៅ​សាលា​ដំបូង​ភ្នំពេញ​នៅ​ថ្ងៃ​អង្គារ​នេះ​បន្ទាប់ពី​បាន​បង្ហាញ​មុខ​ក្នុង​សន្និសីទ​កាសែត​កាលពី​ម្សិលមិញ។

លោក ទៀង ចន្ទសា អធិការ​នគរបាល​ខណ្ឌ​ឫស្សីកែវ បាន​ប្រាប់​ឲ្យ​ដឹង​ថា ស្ត្រី​ជាប់​សង្ស័យ​ឈ្មោះ នី ស្រីពៅ ហៅ ចាន់ ភេទ​ស្រី​អាយុ ៣២​ឆ្នាំ មុខ​របរ​មិន​ពិតប្រាកដ ស្នាក់​ផ្ទះ​ជួល​ភូមិ.សង្កាត់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ និង​ឈ្មោះ អ៊ួង ស្រីល័ក្ខ ភេទ​ស្រី​អាយុ​២២​ឆ្នាំ មុខ​របរ​មិន​ពិតប្រាកដ​រស់នៅ​ភូមិ.ឃុំ​ជាមួយ​គ្នា​ត្រូវ​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​អង្គារ​ហើយ។

លោក​បញ្ជាក់​ថា ជន​សង្ស័យ​ទាំង​២​សង្ស័យ​លូក​កាបូប​ឈ្មោះ ទិត្យ វីន ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជា​ម្ចាស់​ដើម​កឋិន​ខ្វេះ​យក​លុយ។

លោក​បាន​ថ្លែង​ថា នៅ​ថ្ងៃទី​២៥ ខែ​វិច្ឆិកា ជន​សង្ស័យ​បាន​បន្លំ​ចូល​ហែ​បុណ្យ​កឋិនទាន​រួច​លួច​យក​កាបូប​លុយ​ពី​ម្ចាស់​ដើម​បុណ្យ​ក្នុង​ពេល​ដង្ហែ​អង្គ​កឋិន​ចូល​វត្ត​មង្គល​សុត្ថាវ័ន ហៅ​វត្ត​ព្រែក​តាគង់ នៅ​ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ឫស្សីកែវ។

លោក​ថ្លែង​បន្ត​ថា ពេល​កំពុង​ដង្ហែ​ប្រទាក់​សិណ​ជុំវិញ​វិហារ​ជនរងគ្រោះ​ស្ពាយ​កាបូប​នៅ​ស្មា​ខាង​ស្ដាំ ដៃ​ទាំង​២​កាន់​សាដក ពេល​ក្រឡេក​មើល​កាបូប​ក៏​ឃើញ​ចំហ​រូត ក៏​ឲ្យ​ប្អូន​មើល​កាបូប​តូច​នៅ​ខាង​ក្នុង​ស្រាប់​តែ​បាត់ ពេល​នោះ​ក៏​ស្រែក​ឆោឡោ​ឡើង ហើយ​ឲ្យ​ប៉ូលិស​ការពារ​ក្នុង​ពិធី​បុណ្យ​នោះ​ជិះ​ម៉ូតូ​ដេញ​តាម​ជនសង្ស័យ​២នាក់​ដែល​ទើប​ជិះ​ម៉ូតូ​ឌុប​ចេញ។ ប៉ូលិស​ទៅ​ទាន់​និង​ឃាត់​ខ្លួន​ជនសង្ស័យ​ទាំង​២នាក់​បាន​នៅ​មុខ​ផ្សារ​ព្រែកលៀប នាំ​មក​ប៉ុស្ដិ៍​ឲ្យ​ជន​រងគ្រោះ​ពិនិត្យ​មើល​និង​ធ្វើ​ការ​សាកសួរ ពេល​នោះ​ជន​រងគ្រោះ​មិន​ចាប់អារម្មណ៍​មុខ​ជនសង្ស័យ​ទេ តែ​ពេល​យក​រូបថត​ដែល​គាត់​ឲ្យ​ប្អូន​គាត់​ថត​ជាប់​នៅ​ក្នុង​ipad មើល ឃើញ​ជនសង្ស័យ​ម្នាក់​ដើរ​ពីមុខ​និង​ម្នាក់​ដើរ​ពីក្រោយ​ដើម្បី​បន្លំ​បង្អាក់​ដំណើរ​ជន​រងគ្រោះ​កុំ​ឲ្យ​ដើរ​លឿន ជា​ប្រយោជន៍​ស្រួល​ឲ្យ​ក្មេង​ស្រី​អាយុ​១០​ឆ្នាំ ជា​អ្នក​ធ្វើ​សកម្មភាព​លួច​កូន​កាបូប​លុយ​នៅ​ក្នុង​កាបូប​ធំ​នោះ។

លោក​អធិការ​បញ្ជាក់​ថា លុយ​ដែល​បាត់ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រកឃើញ​ហើយ​ប្រគល់​ឲ្យ​ម្ចាស់​វិញ​អស់​ហើយ រីឯ​ក្មេង​ស្រី​នោះ​សមត្ថកិច្ច​នឹង​បន្ត​ស្រាវជ្រាវ​ស្វែងរក​ជា​បន្ត​ទៀត៕

អត្ថបទគួរចាប់អារម្មណ៍