បាត់ដំបងៈ តូបជាង ២០០ នៅក្នុងផ្សារឯកជនមួយក្នុង ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានរងការបំផ្លាញក្នុងអគ្គិភ័យដែលគេសង្ស័យថា បណ្តាលពីទុស្សេចរន្តអគ្គិសនីកាលពីយប់ថ្ងៃចន្ទ។
អធិការនគរបាល ស្រុកភ្នំព្រឹក លោក ស៊ុង សុភក្តិ បានឲ្យដឹងកាលពីម្សិលមិញថា តូបចំនួន ២៤៤ ត្រូវឆេះខ្ទេចបន្ទាប់ពីឆ្លងអគ្គិសនីឆេះតូបកណ្តាល រួចរាលដល់តូបដទៃទៀត។
លោក សុភក្តិ បានឲ្យដឹងថា គ្មាននរណាម្នាក់រងរបួសទេនៅក្នុងគ្រោះអគ្គិភ័យនេះ ដោយសារតែកើតឡើងពេលយប់។
លោកបន្តថា៖ «វាបានកើតឡើងនៅម៉ោង ១១:៣០ យប់ថ្ងៃចន្ទ។ ប្រជាជនដែលរស់នៅជិតផ្សារបានជួយពន្លត់ដែរ ប៉ុន្តែពួកគេមិនអាចពន្លត់បាន»។
លោក សុភក្តិ បន្តថា៖ «យើងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលខេត្តចំនួន ១៨ គ្រឿងនិងរថយន្តអគ្គិភ័យជាច្រើនទៀតពី ថៃ ពីព្រោះវានៅជិតព្រំដែន ថៃ មកជួយពន្លត់។អគ្គិភ័យនេះបានពន្លត់រលត់ទាំងស្រុងនៅវេលាម៉ោង ៩ ព្រឹក ថ្ងៃអង្គារ»។
លោក សុភក្តិ បញ្ជាក់ថា លោកមិនទាន់ដឹងពីទំហំនៃការខាតបង់ទេ ហើយលោកមិនប្រាកដថា តើនគរបាលនឹងចាត់ការទៅលើម្ចាស់តូបដែលបង្កអគ្គិភ័យដំបូងឬយ៉ាងណាទេ ពីព្រោះនគរបាលមិនទាន់រកឃើញតូបណាមួយច្បាស់នៅឡើយ។
លោកបន្តថា អាជ្ញាធរនិងមន្រ្តីកាកបាទក្រហមបានចែក «អំណោយមួយចំនួន» ដល់អាជីវកររងគ្រោះ ហើយនគរបាលមិនជឿថា អគ្គិភ័យនេះជាទង្វើនៃការលួចដុតទេ៕