The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ឃាតករ​សម្លាប់​ស្រ្តី​នៅ​ទន្លេ​បាទី​ត្រូវ​សមត្ថកិច្ច​​ចាប់​ខ្លួន




ឃាតករ​សម្លាប់​ស្រ្តី​នៅ​ទន្លេ​បាទី​ត្រូវ​សមត្ថកិច្ច​​ចាប់​ខ្លួន

Content image - Phnom Penh Post
ស្រ្តី​សង្ស័យ​ឈ្មោះ សាត មករា ហៅ ស្រី នី អាយុ ២៥ ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន។ រូបថត ប៉ូលិស

ឃាតករ​សម្លាប់​ស្រ្តី​នៅ​ទន្លេ​បាទី​ត្រូវ​សមត្ថកិច្ច​​ចាប់​ខ្លួន

កំពត៖ ស្រ្តី​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​កាល​ពី​ល្ងាច​ម្សិលមិញ ពី​បទ​ជាប់​សង្ស័យ​ថា បាន​សម្លាប់​ស្រ្តី​ម្នាក់​ទៀត​ជា​មិត្តភក្តិ​របស់​ខ្លួន នៅ​រមណីយដ្ឋាន​ទេសចរណ៍​ទន្លេ​បាទី​ក្នុង​ខេត្ត​តាកែវ​កាល​ពី​សប្តាហ៍​មុន។

សាកសព​របស់​ស្រ្តី​ឈ្មោះ ជា សុជាតិ អាយុ ២៣ ឆ្នាំ ដែល​កាល​នៅ​រស់ គឺ​ជា​បុគ្គលិក​ជាប់​កិច្ច​សន្យា​មួយ​រូប​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​​ត្រូវ​បាន​គេ​រក​ឃើញ​អណ្តែត​នៅ​លើ​ទឹក​ទន្លេ​បាទី ជាមួយ​នឹង​ស្នាម​ដាច់​រលាត់​ជា​ច្រើន​នៅ​លើ​បំពងក។

ស្រ្តី​សង្ស័យ​ឈ្មោះ សាត មករា ហៅ ស្រី នី អាយុ ២៥ ឆ្នាំ គឺ​ជា​មនុស្ស​ចុងក្រោយ​ដែល​ប្រជាជន​បាន​ឃើញ​នៅ​ជាមួយ​នឹង​ជន​រងគ្រោះ ក៏​ប៉ុន្តែ​កាល​ពី​ដំបូង នគរបាល​មិន​អាច​រក​​ស្រ្តី​ដែល​មាន​ស្រុក​កំណើត​នៅ​ឃុំចំបក់ ស្រុក​បាទី​នេះ​ឃើញ​ឡើយ។

ទោះ​ជា​យ៉ាង​ណា ស្នងការ​ប៉ូលិស​ស្រុក បាទី លោក ង៉ាន សារី បាន​ឲ្យ​ដឹង​ថា ស្ត្រី​សង្ស័យ​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​តាម​រយៈការ​វិភាគ​ទិន្នន័យ​ដែល​កត់ត្រា​លើ​ទូរស័ព្ទ​ដៃ​របស់​ជន​រងគ្រោះ ដែល​បាន​ជួយ​ឲ្យ​សមត្ថកិច្ច​ស្វែង​រក​រូប​នាង​ឃើញ​នៅ​ខេត្ត​កំពត ដោយ​នាង​បាន​រត់​ពី​ខេត្ត​តាកែវ​ទៅនៅ​ជាមួយ​ឪពុក​នៅ​ទីនោះ។

លោក ង៉ាន សារី និយាយ​ថា៖​ «បណ្តា​សាក្សី​បាន​ផ្តល់​ព័ត៌មាន​មក​យើង​ថា នៅ​ថ្ងៃ​កើត​ហេតុ ស្រ្តី​សង្ស័យ​បាន​ចេញ​ពី​ទន្លេបាទី​ដោយ​មាន​ឈាម​ប្រឡាក់​អាវ ក៏​ប៉ុន្តែ​បាន​ចូល​ទៅ​ផ្សារ​ដើម្បី​ទិញ​អាវ​ថ្មី​យក​ទៅ​ផ្លាស់» ព្រម​ទាំង​បាន​បន្ថែម​ទៀត​ថា នាង​ត្រូវ​បានឃាត់​ខ្លួន​នៅ​ស្រុក​អង្គរជ័យ ខេត្ត​កំពត ដោយ​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​នឹង​នគរបាល​ខេត្ត​កំពត។ ។

លោក​​បន្ត​ថា៖ «នេះគឺ​ជា​ករណី​ប្លន់​សម្លាប់។ ខ្សែរក កង​ដៃ ទូរស័ព្ទ iPhone 5 និង​ម៉ូតូ​របស់​ជន​រងគ្រោះ​ត្រូវ​បាត់​ទាំង​អស់»។

លោក ង៉ាន សារី បាន​ឲ្យ​ដឹង​ថា ក្រុម​នគរបាល​នៅកំពុង​តែ​ធ្វើការ​សួរ​ចម្លើយ​ជនសង្ស័យ​នៅ​ស្នងការ​នគរបាល​ស្រុកបាទី​នៅល្ងាច​​​ម្សិលមិញ៕ TN

អត្ថបទគួរចាប់អារម្មណ៍