The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ឃុំ​ខ្លួន​យុវជន​២​នាក់​សង្ស័យ​រឿង​ឃាតកម្ម​គូកន​ក្នុង​ជ្រោះ

ឃុំ​ខ្លួន​យុវជន​២​នាក់​សង្ស័យ​រឿង​ឃាតកម្ម​គូកន​ក្នុង​ជ្រោះ

ឃុំ​ខ្លួន​យុវជន​២​នាក់​សង្ស័យ​រឿង​ឃាតកម្ម​គូកន​ក្នុង​ជ្រោះ

រតនគិរីៈ ជន​សង្ស័យ​២​នាក់​ពាក់​ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​លើ​យុវជន​ម្នាក់ បន្ទាប់​ពី​គេ​ប្រទះ​ឃើញ​សាក​សព​អណ្តែត​ទឹក​ជ្រោះ​កាល​ពី​ថ្ងៃ​ទី​៤ធ្នូ ដែល​មាន​បែក​មុខ​និង​បាក់ក នោះ​ត្រូវ​នគរបាល​ក្រុង​បាន​លុង​បន្ត​ឃុំ​ខ្លួន​នៅ​ឡើយ។

លោក តេង សាវុធ អធិការ​រង​នគរបាល​ក្រុង​បាន​លុង​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​ក្រុង​បន្ត​ឃុំ​ខ្លួន​យុវជន​២​នាក់​នៅ​ឡើយ​ពាក់​ព័ន្ធ​នឹង​ឃាតកម្ម​លើ​យុវជន​ម្នាក់​ក្រោយ​ពី​ពួកគេ​នាំ​គ្នា​ទៅ​ងូត​ទឹក​ជ្រោះ​កាល​ពី​ថ្ងៃ​ទី២ ខែធ្នូ។

លោកបន្ត​ឲ្យ​ដឹង​ថា៖​«មន្រ្តី​ជំនាញ​ធ្វើ​កោសល្យ​វិច័យ​ឃើញ​ថា សាក​សព​មាន​សភាព​បែក​មុខ​និង​បាក់ក ប៉ុន្តែ​ករណី​នេះ​សមត្ថកិច្ច​មិន​ទាន់​សន្និដ្ឋាន​ថា ជន​រងគ្រោះ​ត្រូវ​វាយ​ដំ​ដោយ​សារ​អ្វី​ទេ គ្រាន់​តែ​ឃាត់​អ្នក​ទាំង​២​ទុក​សិន។ ពួកគេ​មិន​អាច​បញ្ជាក់​ឈ្មោះ​បាន​ទេ ព្រោះ​នៅ​ក្នុង​ដំណាក់​កាល​ស៊ើប​អង្កេត​និង​បញ្ជូន​សំណុំ​រឿង​បន្ត​ទៅ​តុលាការ​អស់​ហើយ»។

លោក​អធិការ​រង​រំឭក​ថា ជន​រងគ្រោះ លូន ឡៃ អាយុ​១៩​ឆ្នាំ នៅ​ភូមិ២ សង្កាត់​កាចាញ​ក្រុង​បា​លុង ខេត្ត​រតនគិរី ជា​កម្មករ​នៅ​រោង​ចក្រ​កៅស៊ូ​ក្រែប​និង​កែច្នៃ​ដើម​កៅស៊ូ ហើយ​មុន​ពេល​កើត​ហេតុ ជន​រង​គ្រោះ​និង​យុវជន​ជា​កម្មករ​ដូច​គ្នា​២​នាក់​ទៀត បាន​បបួល​គ្នា​ទៅ​ផឹក​ស្រា​ថ្នាំ អស់​១លីត្រ។

លោក​បន្ត​ដោយ​ស្រង់​តាម​សម្តី​ជន​សង្ស័យ​ទាំង​២ថា បន្ទាប់​ពី​ផឹក​រួច​ពួកគេ​បាន​នាំ​គ្នា​ទៅ​ងូត​ទឹក​ជ្រោះ​អូរ​កាចាញ​នៅ​ប្រមាណ​៧០០​ម៉ែត្រ​ពី​រោង​ចក្រ ដែល​ពេល​ងូត​នោះ​ពួកគេ​ងូត​ហែល​និង​លោត​ទឹក​លេង​ធម្មតា។

លោក បន្តថា បន្ទាប់​ពី​ជន​សង្ស័យ​ងូត​ទឹក​ហើយ​ក៏​ឡើង​មក​លើ​គោក​អង្គុយ​ចាំ​ជន​រង​គ្រោះ ព្រោះ​ខោអាវ​គេ​នៅ​ក្បែរ​នោះ​ដែរ តែ​ដោយ​ចាំ​មិន​ឃើញ​ក៏​នាំ​គ្នា​ចូល​ធ្វើ​ការ​ទៅ​រីឯ​ដំណឹង​បាត់​មិត្ត​ភក្តិ​ក៏​ពួកគេ​មិន​បាន​ប្រាប់​ទៅ​ក្រុម​គ្រួសារ​ឲ្យ​ដឹង​ដែរ ពេល​ល្ងាច​ទើប​ប្រាប់​ហើយ​ក៏​ឆោឡោ​នាំ​គ្នា​ដើរ​រក។ លោក​ថា សព​ជន​រង​គ្រោះ ត្រូវ​ក្រុម​គ្រួសារ​ប្រទះ​ឃើញ​អណ្តែត​ក្នុង​ទឹក​ជ្រោះ​នៅ​ម៉ោង​៩ព្រឹក​ថ្ងៃ​ទី​៤ធ្នូ ឡើង​ហើម​មើល​លែង​ស្គាល់​ទៅ​ហើយ។

លោកថា ៖ «ស្នាម​បាក់​ឆ្អឹង​ក​នោះ​មិន​ដឹង​ថា ថា​លោត​ទឹក​ត្រូវ​នឹង​ផ្ទាំង​ថ្ម​បាក់ក​ឬ​មក​ពី​មូល​ហេតុ​ណា​មួយ​ច្បាស់​លាស់​នៅ​ឡើយ»៕

អត្ថបទគួរចាប់អារម្មណ៍