ព្រះសីហនុៈ កូនប្រុសមេឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានកងរាជអាវុធហត្ថខេត្ត និងស្រុកចាប់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដោយជាប់ចោទពីបទជួញដូរគ្រឿងញៀន។ ជនសង្ស័យនេះ មានឈ្មោះ គង់ អាង អាយុ ២៨ឆ្នាំ។
មេបញ្ជាការកងរាជអាវុធហត្ថស្រុកព្រៃនប់ លោក ញ៉ែម ចំរើន បានឲ្យដឹងថា ប្រតិបត្តិការចាប់ខ្លួននេះ ធ្វើឡើងនៅម៉ោងជាង៩ព្រឹកម្សិលមិញនេះ ដោយសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត តាមរយៈដីការបស់តុលាការ ខណៈពេលដែលជនសង្ស័យកំពុងសម្រាកនៅក្នុងបន្ទប់ និងត្រូវបានបញ្ជូនទៅស្នាក់ការកងរាជអាវុធហត្ថខេត្តភ្លាមៗ។ សមត្ថកិច្ច បានរកឃើញគ្រឿងញៀន ជាប្រភេទម៉ាទឹកកក ៦កញ្ចប់ និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។
បើតាមលោក ញ៉ែម ចំរើន ម៉ាទឹកកកនោះ មួយកញ្ចប់ មានតម្លៃពី ៣០ ទៅ៤០ដុល្លារ។
តបនឹងរឿងនេះ លោក វុតិ គង់ មេឃុំវាលវេញ ដែលជាឪពុករបស់ជនសង្ស័យ បានបង្ហាញការសោកស្តាយចំពោះករណីនេះ។ លោក បានទទួលស្គាល់កូនរបស់លោកពិតជាប្រើប្រាស់ថ្នាំញៀន និងមានការជួញដូរខ្លះ ព្រោះជឿលើមិត្តភក្តិ ប៉ុន្តែលោកក៏បានណែនាំជាច្រើនផងដែរ។
លោក វុតិ គង់ ថា៖ «ស្តាយចេះតែស្តាយហើយ មិនដឹងធ្វើម៉េច បើកូនហ្នឹងវាធ្វើខុសមែនចឹងនោះ»៕