ភ្នំពេញៈ ជនជាតិចិនតៃវ៉ាន់១៦នាក់ និងចិនដីគោកម្នាក់ដែលត្រូវសមត្ថកិច្ចនៃនាយកដ្ឋានចារកម្មក្រសួងមហាផ្ទៃ ចាប់ខ្លួនក្នុងប្រតិបត្តិការកាលពីថ្ងៃទី៩ វិច្ឆិកា ដោយចោទពីបទជម្រិតទារប្រាក់ឆ្លងដែននោះនឹងត្រូវបញ្ជូនទៅតុលាការនៅថ្ងៃចន្ទនេះ។
លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ កាលពីម្សិលមិញបានប្រាប់ថា ជនជាតិចិនតៃវ៉ាន់និងជនជាតិចិនដីគោកនេះពាក់ព័ន្ធនឹងបទល្មើសឆ្លងដែនលួចលាក់ តាមបណ្តាញអ៊ីនធឺណិត ហើយត្រូវកម្លាំងសមត្ថកិច្ចនគរបាលនៃនាយកដ្ឋានចារកម្មក្រសួងមហាផ្ទៃចាប់ខ្លួន ខណៈពួកគេកំពុងតែរៀបចំបណ្តាញឧក្រិដ្ឋមួយ។
លោកបន្តថា៖ «ជនជាតិចិនតៃវ៉ាន់និងជនជាតិចិនដីគោកទាំង១៧នាក់នេះ សមត្ថកិច្ចជំនាញកំពុងសួរចម្លើយមុននឹងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្ត»។
លោក ទួន សារៀន អនុប្រធាននាយកដ្ឋានចារកម្មនៃក្រសួងមហាផ្ទៃដែលបានចុះបង្រ្កាបក្នុងប្រតិបត្តិការនេះផ្ទាល់បានឲ្យដឹងកាលពីម្សិលមិញថា ក្នុងប្រតិបត្តិការនេះខាង សមត្ថកិច្ចចាប់បានជនជាតិចិនតៃវ៉ាន់ចំនួន១៦នាក់និងជនជាតិចិនដីគោកម្នាក់ នៅភូមិគ្រឹះលេខ២៦៧៩ នៅក្នុងភូមិរោងចក្រសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា។ លោកថា មុនឈានដល់ការឆ្មក់ចាប់ក្រុមនេះសមត្ថកិច្ចបានប្រើកម្លាំងតាមដានជាច្រើនថ្ងៃ រហូតទទួលបានព័ត៌មានសង្ស័យថា ក្រុមជនជាតិចិនទាំងនោះពាក់ព័ន្ធក្នុងរឿងចាប់ជំរិតមនុស្សឆ្លងដែន តាមប្រព័ន្ធអេឡិចត្រូនិក ទើបចុះធ្វើការបង្ក្រាប។
លោកបានបន្តថា ក្រៅពីចាប់ខ្លួនជនសង្ស័យទាំង១៧នាក់ អាយុចាប់ពី២១ដល់ជាង៣០ឆ្នាំ សមត្ថកិច្ចរឹបអូសបានវត្ថុតាង មានទូរស័ព្ទលើតុ ៥៥គ្រឿង កុំព្យូទ័រយួរដៃ ៧គ្រឿង ដែល១គ្រឿងពួកគេបានបោកបំបែកបំបិទភស្ដុតាង ទូរស័ព្ទដៃ ៩គ្រឿង រថយន្តលុចស៊ីស១គ្រឿងពាក់ស្លាកលេខ ខ.21-5031 រួមនឹងឧបករណ៍អេឡិកត្រូនិកមួយចំនួនទៀត។
តាមប្រភពពីសមត្ថកិច្ចថា ភូមិគ្រឹះនោះជារបស់ឈ្មោះ ថាច់ សេម ភេទប្រុស អាយុ៥៦ឆ្នាំមុខរបរជាមន្ត្រីយោធាថ្នាក់ឧត្តមសេនីយ៍ និងមានកូនស្រីជាអ្នកជួលបន្តឲ្យទៅក្រុមជនជាតិចិនតៃវ៉ាន់ជាជនសង្ស័យ។ ម្ចាស់ផ្ទះជួលនេះ មិនអាចទាក់ទងបានទេ ពីម្សិលមិញ៕